សមត្ថកិច្ច​បញ្ជូន​ជនជាតិចិន​៣នាក់​ ដែល​លួច​ប្រាក់​ជនជាតិចិន​ដូចគ្នា​ប្រហែល​៣០ម៉ឺនដុល្លារ​ ទៅ​តុលាការ​​

ទីតាំងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់។ (ហ្វេសប៊ុក៖ ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់)

មន្ត្រីនគរបាលខេត្តពោធិ៍សាត់ បញ្ជូនជនជាតិចិន៣នាក់ទៅតុលាការ ដើម្បីចាត់វិធានការច្បាប់បន្ត ពាក់ព័ន្ធនឹងបទល្មើសលួចប្រាក់​ពីជនជាតិចិនដូចគ្នា ប្រហែល៣០ម៉ឺនដុល្លារអាមេរិក កាលពីចុងសប្តាហ៍មុន ខណៈសមត្ថកិច្ចកំពុងតាមស្វែងរកជនល្មើសម្នាក់ទៀតដែលរត់គេចខ្លួន។

ស្នងការរងនគរបាលខេត្តពោធិ៍សាត់ទទួលផែនព្រហ្មទណ្ឌ លោក ម៉ូ លីដា  ប្រាប់វីអូឌី នៅថ្ងៃចន្ទនេះថា កាលពីថ្ងៃទី២២ ខែតុលា​ នគរបាលខេត្តពោធិ៍សាត់ បាន​បង្ក្រាប និងចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន៣នាក់ រួមមាន ឈ្មោះ  វ៉ូ ប៊ូ (WU BO) , ជៀង ជុនកៃ(JIANG JUNCAI) និងឈ្មោះ ជៀង ចេងកៃ (JIANG CHEGCAI) បន្ទាប់ពីពួកគេលួចប្រាក់​ជនរងគ្រោះដែលជាជនជាតិចិនដូចគ្នា ឈ្មោះ លី ជៀង ប៊ូ(Li JIANG BO) នៅតំបន់ភ្នំ១៥០០ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប្រហែល៣០ម៉ឺនដុល្លារអាមេរិក ។

លោក ម៉ូ លីដា បញ្ជាក់ថា ក្រោយពីឃាត់ខ្លួន និងសួរចម្លើយជនល្មើសទាំងនោះរួចមក សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនពួកគេទាំង៣នាក់ទៅតុលាការ កាលពីរសៀលថ្ងៃអាទិត្យម្សិលមិញ  ដើម្បីចាត់វិធានការច្បាប់បន្ត។

លោកមានប្រសាសន៍ថា៖ «ខ្ញុំបញ្ជូនទៅតុលាការ ម្សិលមិញតាំងពីម៉ោង២  ខាងអយ្យការ គាត់ចោទហើយ គាត់បញ្ជូនទៅចៅក្រមស៊ើបសួរ ហើយឆន្ទានុសិទ្ធិរបស់ចៅក្រមស៊ើបសួរគាត់ឃុំខ្លួនជាបណ្តោះអាសន្ន»។

ចំណែក គូកនម្នាក់ទៀតដែលកំពុងរត់គេចខ្លួននោះ លោកថា សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ ​និងតាមចាប់ ដើម្បីយកទៅអនុវត្តទោសផងដែរ ។

វីអូឌីមិនអាចសុំការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តពោធិ៍សាត់ លោកស្រី ផាន់ សុគន្ធថង បានទេនៅថ្ងៃចន្ទនេះ។

នាយកទទួលបន្ទុកកិច្ចការទូទៅអង្គការលីកាដូ លោក អំ សំអាត  សង្កេតឃើញថា មួយរយៈកាលចុងក្រោយនេះ ជនបរទេស ជាពិសេសជនជាតិចិនបានបង្កជាបទល្មើសច្រើននៅក្នុងទឹកដីកម្ពុជា ដូចជា បទល្មើសគ្រឿងញៀន ទារុណកម្ម ចាប់បង្ខាំង បទល្មើសជំរិតទារប្រាក់ និងលួចឆក់ប្លន់ជាដើម ។ ករណីនេះ លោកជំរុញទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងតុលាការត្រូវ​ស្រាវជ្រាវរកភស្តុតាងបន្ថែម ព្រមទាំងស្វែងរកអ្នកពាក់ព័ន្ធដើម្បីយកទៅផ្តន្ទាទោសតាមច្បាប់ ទើបទប់ស្កាត់កុំឱ្យមានអំពើល្មើសបែបនេះកើតឡើងបន្តទៀត ។

លោកមានប្រសាសន៍ថា៖ «បទល្មើសដែលកើតចេញពីជនជាតិចិន និងជនជាតិចិន គឺផ្តើមចេញខុសពីការចាប់ជំរិតតិច ប៉ុន្តែវាស្មើនឹងលួច មានស្ថានទម្ងន់ទោស និងស្មើនឹងប្លន់។ អ៊ីចឹងសមត្ថកិច្ចត្រូវតែចាត់វិធានការឱ្យបានតឹងរឹងតាមផ្លូវច្បាប់ ហើយរកអ្នកដែលពាក់ព័ន្ធមកអនុវត្តទោសទៅតាមផ្លូវច្បាប់»។

​មាត្រា៣៥៧ នៃក្រមព្រហ្មទណ្ឌបានចែងថា  អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៣ (បី) ឆ្នាំ ទៅ១០ (ដប់) ឆ្នាំ ក្នុងករណីអំពើលួចនេះ ប្រព្រឹត្តទៅមុនពេល ក្នុងពេល ឬ ក្រោយពេលប្រើហិង្សា។

ក្នុងពិធីមួយកាលពីថ្ងៃទី២០ ខែកញ្ញា លោក ស ខេង ធ្លាប់បានបញ្ជាក់ថា ចាប់ពីថ្ងៃទី១៨ ខែសីហា​ ដ​ល់ថ្ងៃទី​១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រ​សួងបានទទួ​​ល​បណ្ដឹងសរុបចំនួន២៨៩ករណី ពាក់ព័ន្ធនឹងការជួញដូ​រ​មនុស្ស​ និងបង្ខាំងមនុស្ស​ខុសច្បាប់​​​ ពីសាម៉ីជន សាច់​ញាតិ ស្ថាន​ទូ​ត​ និង​អ​ង្គការអន្តរជាតិមួយ​ចំនួន ដោយខេ​ត្ត​​​ព្រះសីហ​​នុ នាំមុខគេ មានចំនួន ២​១២​ករ​ណី ក្នុងចំណោមខេត្តចំនួន ៩ផ្សេងទៀត ក្នុងនោះមានខេត្តស្វាយរៀង កណ្ដាល ឧត្ដរមានជ័យ ពោធិ៍សាត់ និងរាជធានីភ្នំពេញ​ ជាដើម។

លោ​​ក​បញ្ជាក់ថា ឆ្ល​ង​​​កាត់ការអ​នុវត្តជាក់ស្ដែង​ និ​ង​​ចុះស្រាវជ្រាវពីមន្ត្រីជំនាញ ៩៥​ភាគរយ ​​​​​​នៃពាក្យ​បណ្ដឹ​​​​​​ងជាកា​រ​ពិត​  ហើយ​សមត្ថកិច្ចបានជួយ​សង្គ្រោះ​​ជនរងគ្រោះចំនួន១៧​៦​នាក់​ ​មាន​​៨សញ្ជាតិ ​ក្នុងនោះ ​ខេ​ត្តព្រះ​សីហ​នុ​មាន​ច្រើនជាង​គេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ