ពលរដ្ឋ​ជាង​២០០គ្រួសារ​ចោទ​អាជ្ញាធរជាតិអប្សរា​ថា​យក​ដី​ពួកគេ​ឱ្យ​ពលរដ្ឋ​ផ្សេង​ដោយ​មិន​ផ្ដល់​សំណង

ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្ត​សៀម​រាប ដែល​មាន​ដី​អាស្រ័យផល​នៅ​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី មកដាក់ញត្តិនៅសាលាឃុំរុនតាឯក ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋជាង២០០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្ត​សៀម​រាប ដែល​មាន​ដី​អាស្រ័យផល​នៅ​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី ចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង។

ប្រជាពលរដ្ឋជាង១០០នាក់ដែល​អះ​អាង​ថាតំណាងឱ្យពលរដ្ឋចំនួន​២១០គ្រួសារ នៅស្រុកប្រាសាទបាគង ខេត្តសៀម​រាប បាន​ប្រមូល​ផ្ដុំគ្នា​ដាក់​ញត្តិ​នៅអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២៥ ខែតុលានេះ ដើម្បីទាមទារសំណង។

លោក សំ មុំ ជាពលរដ្ឋរស់នៅភូមិស្នាសង្គ្រាម ឃុំ​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ប្រាប់វីអូឌី​ថា អ្នក​ភូមិ​២១០​គ្រួសារ និង​ដីស​រុប១៦០​ហិកតាត្រូវ​បាន​អាជ្ញាធរជាតិអប្សរាហ៊ុមព័ទ្ធយកដីអស់តាំងពីឆ្នាំ២០០៥ ដោយ​សន្យាផ្តល់សំណងពី៥០០ដុល្លារទៅ៧០០ដុល្លារ​ក្នុង​១ហិកតា ប៉ុន្តែ​រហូតមកដល់ឆ្នាំ២០២២ ស្ថាប័ន​​មួយ​នេះនៅ​ពុំទាន់បានផ្តល់សំណងនោះ​ជូ​ន​អ្នក​ភូមិនៅ​ឡើយ​ទេ។

ពលរដ្ឋរូប​នេះអះ​អាង​ថា ដើម​​ឡើយ ​​ដី​​ស្រែរ​បស់​​ពួក​គាត់​ស្ថិត​នៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្គក ស្រុកប្រាសាទបាគង ប៉ុន្តែក្រោយ​ពេល​អាជ្ញាធរជាតិអប្សរា​រឹបអូស​យ​ក គឺ​ដី​នោះ​ត្រូវ​បាន​បញ្ចូល​ទៅ​ក្នុង​តំបន់​អភិវឌ្ឍន៍រុនតាឯក ស្ថិតក្នុងឃុំរុនតាឯក ស្រុកបន្ទាយស្រីវិញ។ លោកបន្តថា បច្ចុប្បន្ន ដីនោះត្រូវបានអាជ្ញាធរអភិវឌ្ឍធ្វើជាដីឡូត៍បែងចែកឱ្យពលរដ្ឋផ្សេងដែលរស់នៅខុសច្បាប់ក្នុងតំបន់រមណីយដ្ឋាន​​អង្គរ។

លោកបន្ថែមថា៖ «ដោយសារតែរឿងនេះឯង បាន​ជា​ប្រជាពលរដ្ឋយើង​គាត់ឈឺចិត្ត ហើយ​ដាក់​បណ្ដឹង​សុំ​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​សំណង​ជូន​ពួក​យើង។ ពីដើម​ឡើយ ​ពេល​ដែល​អាជ្ញាធរ​អប្សរា​​គាត់ហ៊ុមព័ទ្ធហ្នឹង យើងគិត​ថាគាត់យកទុកជាសម្បត្តិរដ្ឋ​ បាន​ជាប្រជាពលរដ្ឋយើងមិនសូវតវ៉ា អត់សូវបាន​ក្ដៅក្រហាយ តែនេះគាត់យកដីយើងទៅឱ្យពលរដ្ឋខុសច្បាប់នៅតំបន់អង្គរ»

ពលរដ្ឋម្នាក់ទៀត​រស់នៅភូមិ​ស្នា​សង្គ្រាម ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង អ្នក​ស្រី ហុន វុន និយាយ​ថា ករណី​អាជ្ញាធរ​ជាតិអប្សរា​យកដី​ស្រែរបស់​ពួក​គាត់​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងនោះ គឺជារឿងអយុត្តិធម៌។ អ្នកស្រីបន្តថា ក្រោយពីបាត់បង់ដីធ្លីរយៈពេលជិត២០ឆ្នាំមកនេះ បានធ្វើឱ្យគ្រួសារអ្នកស្រី និងពលរដ្ឋមួយចំនួនទៀត ជួបបញ្ហាជីវភាព​ ដោយសារតែគ្មានដីធ្លីសម្រាប់បង្កបង្កើនផល។

ពលរដ្ឋរូបនេះឱ្យដឹងថា គ្រួសារអ្នកស្រីមានដីតែ២ហិកតាប៉ុណ្ណោះ បានកាន់កាប់បន្តពីដូនតា ដោយបា​នបង្ក​បង្កើន​ផល​ធ្វើស្រែ​សម្រាប់​ចិញ្ចឹម​ជីវិត។ អ្នកស្រីបន្តថា សំណងដែលអ្នកភូមិភាគច្រើនចង់បាន គឺទាមទារយកដីរបស់ពួកគាត់មកអាស្រ័យផលវិញ។

អ្នកស្រីបន្ថែមថា៖ «គ្រួសារតឹងផ្អឹះ [ជួបការលំបាក] ហើយពួកខ្ញុំដើរសុំតែស្រែគេធ្វើ ជួសដីគេធ្វើចម្ការ​ដំឡូង។ អ៊ីចឹង​ខ្ញុំ​សូមអំពាវនាវដ​ល់រ​ដ្ឋាភិបាលជួយដល់ប្រជាជននៅភូមិស្នាសង្គ្រាម ឃុំបល្ល័ង្ក ដែល​កំពុង​រង​គ្រោះ​នេះ​ផង រ​ង​គ្រោះ​ខ្លាំង​ជាង​គេបំផុត​ មិន​ដែល​មាន​ល្ហែល្ហើយ​ទេ សូម្បី​តែមួយវិនាទីក៏មិនដែលសប្បាយចិត្តដែរ ធ្វើម៉េច​សុំ​ឱ្យសម្តេចគាត់ជួយផង»

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល សុំមិនឆ្លើយបញ្ជាក់ជុំវិញរឿងនេះទេ ដោយលោកអះអាងថាមិនទាន់ទទួល​បាន​ញត្តិ ឬឯកសារពីក្រុមពលរដ្ឋនៅឡើយ។

តែបើតាមការអះអាងរបស់ប្រជា​ពលរដ្ឋ ឈ្មោះ​ សំ មុំ ការ​ដាក់​ញត្តិ​របស់​អ្នកភូមិនៅព្រឹកមិញនេះ គឺមន្ត្រីអាជ្ញាធរជាតិអប្សរាបានទទួលញត្តិ​ពី​ក្រុមពលរដ្ឋ ប៉ុន្តែ​មន្ត្រីអាជ្ញាធរជាតិអប្សរាបានរុញការងារនេះ​ឱ្យអាជ្ញាធរ​ឃុំ​បល្ល័ង្ក និងឃុំរុនតាឯក សម្របសម្រួល​ដោះស្រាយជាមួយ​ប្រជាពលរដ្ឋវិញ។

មេឃុំបល្ល័ង្ក អ្នកស្រី ឡែម ស៊ីណាត មានប្រសាសន៍ថា រឿងនេះហួសពីដែនសមត្ថកិច្ចរបស់អ្នកស្រីក្នុងការដោះស្រាយ។ អ្នកស្រីថា ចំពោះមុខនេះ អ្នកស្រីរាយការណ៍​ ឬផ្ញើរបាយការណ៍​ទៅរដ្ឋបាលស្រុក រដ្ឋបាល​ខេត្ត និងអាជ្ញាធរជាតិអប្សរា ជាអ្នកដោះ​ស្រាយ​វិញ។

មេឃុំរូបនេះអះអា​ង​ថា កាលមាន​ជម្លោះនៅឆ្នាំ២០០៥ គឺ​មានពលរដ្ឋតែ៤៤គ្រួសារប៉ុណ្ណោះ ប៉ុន្តែមកដល់ឆ្នាំ២០២២នេះ ពលរដ្ឋ​បាន​បំបែក​គ្រួសារឡើងដល់២១០គ្រួសារ។

អ្នកស្រីបន្ថែមថា៖ «រឿងនេះជារឿងចាស់តាំងពីយូរមកហើយ។ យើងមិនដឹងដោះស្រាយយ៉ាងម៉េច​ទេ ប៉ុន្តែយើងមិនទុករឿង​នេះ​ចោល​ទេ​ យើងនឹងបញ្ចូលទៅឱ្យស្រុក ខេត្ត និងអាជ្ញាធរជាតិអប្សរា គេជួយអន្តរាគមន៍ដោះស្រាយ។ មានតែធ្វើអ៊ីចឹងទេ ព្រោះយើងគ្មានលទ្ធភាពដោះស្រាយទេ»

កាលពីថ្ងៃទី​២៤ ខែតុលា ម្សិលមិញនេះ ប្រជាពលរដ្ឋទាំងនោះក៏បាន​នាំគ្នាទៅ​​ប្រមូ​ល​ផ្តុំ និង​​ដា​ក់​ញត្តិ​នៅ​រដ្ឋបាលខេត្តសៀមរាបផង​ដែរ ប៉ុន្តែមន្ត្រីរដ្ឋបាលខេត្តបដិសេធទទួលសំណើរបស់ប្រជាពលរដ្ឋ ក្រោមហេតុផលថា ប្រជាពលរដ្ឋគ្មានលិខិត​បញ្ជាក់កម្មសិទ្ធិដីធ្លីច្បាស់លាស់។

ចំណែកអភិបាលស្រុកប្រាសាទបាគង លោក សូរ ប្លាតុង ប្រាប់វីអូឌីកាលពីថ្ងៃ​ម្សិលមិញ​ថា ករណី​នេះ​គឺជារឿងថ្មីសម្រាប់លោក ខណៈលោកទើប​តែ​កាន់​តំណែង​​បាន៤​ឆ្នាំ។ ប៉ុន្តែលោកថានឹង​ស្រាវជ្រាវករណីនេះ ដោយស្វែង​រក​ឯកសារ​ពាក់​ព័ន្ធ ដើម្បី​ឈាន​ទៅ​រក​កា​រ​ដោះស្រាយបញ្ចប់ជូនពលរដ្ឋ។

លោកបន្ថែមថា៖ «ចាំមើលខ្ញុំពិនិត្យមើលតើករណីហ្នឹងយ៉ាងម៉េច? ព្រោះ​ករណីហ្នឹង បើតាមខ្ញុំសួរខាងអាជ្ញាធរអប្សរា គេបាន​ដោះស្រា​យ​គោល​នយោបាយជូនបងប្អូនហ្នឹងមួយចំ​នួន​ហើយ។ ​សួរទៅ ថាដីភូមិដីស្រែហ្នឹង​​បានដោះស្រាយ​ជាមួយបង​ប្អូន​ប្រជាពលរដ្ឋរួចហើយ លើកលែងតែដីព្រៃទេ កាល​ហ្នឹង​អ​ត់​បាន​ដោះស្រាយជូន»។ ​

មន្ត្រីសម្របសម្រួល​គម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណីអាជ្ញាធរមិនទទួលសំណើរបស់ប្រជាពលរដ្ឋ ហើយ​រុញដាក់​គ្នា​នោះគឺបង្ហាញពីកម្សោយ និង​ការ​មិន​ទទួលខុស​ត្រូវ​របស់​អាជ្ញាធរ​ទាំ​ង​នោះ​ចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោកថា តាម​​រដ្ឋធម្មនុញ្ញ គឺអាជ្ញាធររដ្ឋ​ទទួល​យកសំណើរ​បស់​ប្រជាពលរដ្ឋទៅពិនិត្យនិងដោះស្រាយយ៉ាងហ្មត់ចត់​ផង​ដែរ។

លោកបន្ថែមថា៖ «សរុបទៅ គឺ​ថា​ស្ថាប័នមានសមត្ថកិច្ចហ្នឹងជា​ស្ថាប័នដែលខ្សោយ មិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ហើយស្ថាប័ននិងអាជ្ញាធរទាំងនោះដោះខ្លួន ​យក​រួច​ខ្លួន​តែ​មួយគ្រាៗ»

មួយទៀតនោះ លោកថា ការដោះស្រាយដោយយកដីពលរដ្ឋទៅបែង​ចែកឱ្យពលរដ្ឋផ្សេងទៀតនោះជាទ​ង្វើ​មិន​ល្អ និង​បានបង្ក​ការ​ឈឺចាប់ដល់ពលរដ្ឋរង​គ្រោះ ហើយ​ពួក​គេ​នឹង​មាន​បញ្ហាជីវភាពគ្រួសារ ដោយសារតែគ្មានដីធ្លីគ្រប់គ្រាន់សម្រាប់បង្កបង្កើនផល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ