ប្រធាន​អាស៊ាន​ជំរុញ​ឱ្យ​បញ្ឈប់​អំពើ​ហិង្សា​នៅ​មីយ៉ាន់ម៉ា ក្រោយ​មាន​ការ​វាយប្រហារ​បណ្ដាល​ឱ្យ​មនុស្ស​ស្លាប់​និង​របួស​ច្រើន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពេលជួបពិភាក្សាជាមួយ​លោកនាយ​ឧត្តម​សេនីយ៍​ជាន់ខ្ពស់ មីន អ៊ុងឡាំង​ មេដឹកនាំរដ្ឋប្រហារយោធាមីយ៉ាន់ម៉ា អំពី​បញ្ហា​ទ្វេភាគី​ និង​បញ្ហា​តំបន់​មួយ​ចំនួន​ដែល​ជា​ផលប្រយោជន៍​និង​ជា​ក្តី​កង្វល់​រួម កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២។ (រូបភាព ហ្វេសប៊ុកនាយករដ្ឋមន្ត្រី ហ៊ុន សែន)

កម្ពុជាក្នុងនាមប្រធានអាស៊ាន ជំរុញឱ្យបញ្ឈប់អំពើហិង្សានៅមីយ៉ាន់ម៉ាជាបន្ទាន់ ខណៈខ្លួន​មាន​ការព្រួយ​បារម្ភ​ជា​ខ្លាំង​ចំពោះកា​រ​កើន​ឡើង​នូវអំពើហិង្សា​ក្នុងប្រទេសនេះ ជាពិសេស​ការវាយប្រហារ​តាមអាកាស​នា​ពេលថ្មីៗនេះ ដែលបណ្ដាលឱ្យ​មនុស្ស​ស្លាប់ និងរងរបួស​ជាច្រើននាក់។

ការជំរុញនេះធ្វើឡើងតាមរយៈសេចក្ដីថ្លែងការណ៍របស់ប្រធានអាស៊ានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ម្សិលមិញ។

សេចក្ដីថ្លែងការណ៍របស់កម្ពុជា ក្នុងនាមប្រធានអាស៊ាន បានលើកឡើងថា អាស៊ាន​មាន​ការ​ព្រួយ​បារម្ភយ៉ាង​ខ្លាំង​ចំពោះ​ការ​កើនឡើងនៃអំពើហិង្សាក្នុងប្រទេសមីយ៉ាន់ម៉ានាពេលថ្មីៗនេះ​​ ក្នុង​នោះមាន​ការបំផ្ទុះ​គ្រាប់​បែក​នៅពន្ធនាគារ​អ៊ិន​សេន ការវាយប្រហារគ្នាក្នុងរដ្ឋការ៉ន និងសេចក្តីរាយការណ៍ថ្មីៗបំផុត ស្ដីពី​ការវាយប្រហារតាមអាកាសនៅរដ្ឋកាជីន ចំលើទីប្រជុំជនស៊ីវិល ដែល​បណ្ដាល​ឱ្យ​មាន​អ្នក​រង​របួសនិង​ស្លាប់​ជាច្រើន​នាក់។

ប្រធានអាស៊ានបន្តថា ខ្លួន​មាន​ក្ដីសង្វេគ​ជា​ពន់​ពេក​ចំពោះ​កំណើន​អ្នក​ស្លាប់និងរបួសកាន់តែច្រើនឡើង និង​ការរងទុក្ខវេទនាដ៏ធំធេង​របស់ប្រជាជនសាមញ្ញនៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រធានអាស៊ានបញ្ជាក់ថា៖ «យើងកត់សម្គាល់ឃើញដោយភ័យព្រួយនូវការប្រយុទ្ធដ៏ខ្លាំងក្លាក្នុងរយៈពេលថ្មីៗនេះ ដែលមិនត្រឹមតែធ្វើឱ្យស្ថានភាពមនុស្សធម៌នៅទូទាំងប្រទេសមីយ៉ាន់ម៉ាកាន់តែយ៉ាប់យ៉ឺនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្ទុយនឹងស្មារតីនៃកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចរបស់​អាស៊ាន និង​ធ្វើឱ្យ​ប៉ះ​ពាល់​ផង​ដែរដល់​កិច្ច​ប្រឹងប្រែងរបស់បេសកជនពិសេសនៃប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ក្នុងការនាំមកនូវវឌ្ឍនភាពសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ៥ចំណុចនេះ»។

ជាមួយគ្នានេះដែរ ​ប្រធានអាស៊ានបាន​ជំរុញឱ្យមានការអត់ធ្មត់ជាអតិបរមា និងបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សានៅមីយ៉ាន់ម៉ា និង​​អំពាវនាវ​ដល់​គ្រប់​ភាគី​ពាក់ព័ន្ធ ជាពិសេសភាគីដែលមានកម្លាំងខ្លាំងក្លាលើមូ​លដ្ឋាន​ជាក់​ស្ដែង ​ឱ្យ​ចាត់​វិធាន​ការ​ជាក់​លាក់ ដើម្បីបង្កលទ្ធភាពឱ្យមានកិច្ចសន្ទនាប្រកបដោយបរិយា​បន្ន និង​ស្ថាបនា ក្នុងការ​ស្វែងរកដំណោះស្រាយដោយសន្តិវិធី និងការបង្រួបបង្រួមជាតិនៅមីយ៉ាន់ម៉ា និងដើម្បីសន្តិភាព សន្តិសុខ និងស្ថិរភាពក្នុងតំបន់។

កាលពីល្ងាចថ្ងៃអាទិត្យ [ទី២៣ ខែ​តុលា ឆ្នាំ២០២២] មាន​ករណីវាយប្រហារតាមអាកាសដោយ​យន្តហោះ​ចំនួន​៣គ្រឿង ​បាន​កើតឡើង​​នៅរដ្ឋភាគខាងជើងនៃកាជីន (Kachin) នៃប្រទេសមីយ៉ាន់ម៉ា ដោយ​​បានសម្លាប់​ជន​ស៊ីវិល អ្នក​ចម្រៀង​ក្នុងស្រុក និងមន្ត្រីនៃកងទ័ពឯករាជ្យកាជីន (KIA) យ៉ាងហោចណាស់៥០នាក់ និង​រងរបួស​ប្រមាណ៧០នាក់។ នេះ​បើ​យោង​តាម​ការ​ចេញ​ផ្សាយ​របស់​ទីភ្នាក់​ងារ​​​សារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។ 

ក្រុមប្រឆាំង និង​ប្រព័ន្ធផ្សព្វផ្សាយ បានឱ្យ​ដឹងកាលពីថ្ងៃចន្ទថា​ ការ​វាយ​ប្រហារ​តាម​អាកាសនេះកើតឡើងនៅ​ក​ន្លែង​ប្រគុំតន្ត្រីមួយ​​ក្នុង​​ប្រទេស​មីយ៉ា​ន់​ម៉ា ដែល​រៀបចំឡើងដោយក្រុមជនជាតិភាគតិច​ដែលមានជម្លោះជាមួយយោធា​ដែល​កំពុង​កា​ន់អំណាច។ អង្គការសហប្រជាជាតិ និងស្ថានទូតលោកខាងលិច បានថ្កោលទោសការវាយប្រហារ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ