យុវជនដែលរស់នៅជាមួយនឹងពិការភាពមួយចំនួនក្នុងខេត្តសៀមរាប ត្អូញត្អែរថា ពួកគេនៅតែប្រឈមមុខក្នុងការទទួលបានការងារធ្វើ ដូចពលរដ្ឋដទៃទៀត បើទោះជាពួកគេបានបញ្ចប់ការសិក្សាកម្រិតថ្នាក់បរិញ្ញាបត្រ និងមានជំនាញដែលអាចឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារយ៉ាងណាក្តី។
លោក វ៉ានដា អាយុ៣២ឆ្នាំ ជាជនពិការខ្នងពីកំណើត រស់នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប ឱ្យដឹងថា លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកព័ត៌មានវិទ្យា រយៈពេលប្រមាណ៤ឆ្នាំមកហើយ ហើយមានជំនាញផ្នែកតន្ត្រីដែលអាចលេងហ្គីតាចេះស្ទាត់គួរសមដែរ។ បច្ចុប្បន្នយុវជនវ៉ាន់ដា នៅមិនទាន់មានការងារណាមួយជាប់លាប់ នោះទេ គឺមានតែការជួលម្តងម្កាលឱ្យចូលលេងតន្ត្រីជាមួយក្រុមរបស់លោក។
លោកអះអាងថា នៅពេលទៅដាក់ពាក្យស្វែងរកការងារម្ដងៗ តែងតែមានការសម្លឹងមើលមុខមើលក្រោយ ហាក់បង្ហាញកាយវិការរើសអើងលោកជាជនមានពិការភាព ដែលធ្វើឱ្យលោកមិនហ៊ានប្រឈមនៅក្នុងការស្វែងរក ការងារដែលខ្លួនស្រឡាញ់។
លោក វ៉ានដា ថា៖«អត់ផងមូលហេតុដោយសារជនពិការខ្លះ ខាងក្រុមហ៊ុនមួយចំនួនគិតថា ខ្ញុំមិនទាន់ធ្វើការកើត ខ្លាចធ្វើការឱ្យគាត់អត់កើត»។
លោកបន្តថា ធ្លាប់ឃើញមន្ទីរសង្គមកិច្ចខេត្តសៀមរាប ចុះមកជួយជាគ្រឿងជំនួយផ្សេងៗសម្រាប់ជនពិការនៅក្នុងសហគមន៍ប៉ុណ្ណោះ តែលោកមិនបានឃើញចុះមកជួយរឿងស្វែងរកការងារ ដល់យុវជនពិការឡើយ ដោយលោកមិនដឹងពីមូលហេតុនោះទេ។
ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ មាត្រា៣៣ ចែងថា ជនមានពិការភាពដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញនូវមុខងារ តួនាទី និងការទទួលខុសត្រូវក្នុងមុខតំណែង មានសិទ្ធិចូលបម្រើការងារ ដោយគ្មានការរើសអើងរាប់ទាំងការបម្រើការងារជាមន្ត្រីរាជការ កម្មករ និយោជិត កូនជាង ឬកម្មសិក្សាការី។
យុវជន ធី វាសនា អាយុ៣០ឆ្នាំ ដែលពិការជើងឆ្វេងពីកំណើត រស់នៅឃុំនគរភាស ស្រុកអង្គរជុំ ខេត្តសៀមរាប បានប្រាប់ VOD ថា បច្ចុប្បន្នលោកមិនមានការងារណាមួយធ្វើ ឱ្យបានច្បាស់លាស់នោះទេ គឺសព្វថ្ងៃកំពុងចិញ្ចឹមសត្វគោក្របីនៅផ្ទះ បន្ទាប់ពីឈប់បម្រើការងារឱ្យក្រុមហ៊ុនឯកជនមួយកន្លែង បានផ្អាកដោយសារជំងឺកូវីដ-១៩។ លោកថា ពេលនេះក៏កំពុងដាក់ពាក្យស្វែងរកការងារថ្មីធ្វើបន្តទៀតដែរ ប៉ុន្តែលោកហាក់មានភាពខ្លាចរអានឹងការស្វែងរកការងារ ដោយសារឆ្លងកាត់បទពិសោធន៍ លោកធ្លាប់មានការរើសអើងពីសំណាក់មិត្តរួមការងារ និងម្ចាស់អាជីវកម្ម ដោយគេមើលឃើញថា សមត្ថភាពបំពេញការងារមិនដូចមនុស្សធម្មតា និងទទួលបានប្រាក់ខែទាបជាងគេ។
លោកថា៖«សព្វថ្ងៃទើបបង្កើតដែរ ព្រោះរដ្ឋគាត់ឱ្យដាក់១ភាគរយ ដល់អ៊ីចឹងទៅវាគ្រាន់ជាងមុន ប៉ុន្តែពាក្យថារើសអើងជនពិការនៅតែរើស និយាយរួមទៅវាជួបដែរ ព្រោះកាលមុនខ្ញុំធ្វើការនៅផ្នែកដំណាប់ផ្លែឈើ»។
លោក វាសនា បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្មនានា កុំរើសអើងជនមានពិការភាពក្នុងការស្វែងរកការងារធ្វើ និងគួរផ្តល់ប្រាក់ខែឱ្យបានសមរម្យដល់ពួកគាត់។
ទាក់ទិនរឿងនេះ លោក អ៊ឹម ចំរើន អនុប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តសៀមរាប ឱ្យដឹងថា នៅក្នុងខេត្តនេះ មានមជ្ឈមណ្ឌលការងារធ្វើមួយកន្លែង។ លោកបន្តថា មជ្ឈមណ្ឌលនេះ មានការផ្សព្វផ្សាយទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋ នៅក្នុងខេត្តនេះ ទាំងជនមានពិការភាព មិនមានពិការភាព ឬអ្នកគ្មានការងារធ្វើ ទៅចុះឈ្មោះនៅទីនោះ ដោយមានភ្ជាប់នូវអាស័យដ្ឋាន លេខទូរសព្ទ និងមុខជំនាញច្បាស់លាស់។ លោកបញ្ជាក់ទៀតថា មន្ទីរការងារតែងតែលើកទឹកចិត្តដល់ជនដែលមានពិការភាព ឬយុវជនពិការ ទាំងអស់ដែលមានចំណេះដឹង ឬជំនាញណាមួយអាចទៅដាក់ពាក្យស្វែងរកការធ្វើនៅទីនោះបាន។
លោកថ្លែងថា«ជនពិការជំនាញអីខ្លះដែលចេះ ជាអតិភាព គេអាចជួយតាមរយៈអង្គការដៃគូដែលត្រូវការ ឬក៏ក្រុមហ៊ុនមួយចំនួនយើងបានព្យាយាមឱ្យជួយលើជនពិការអត់មានការរើសអើងអីទេ។យើងបានប្រជុំផ្សព្វ ផ្សាយរៀងរាល់ការប្រជុំប្រចាំខែ របស់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ក៏ដូចជាវេទិការផ្សេងៗទៀតដែលមន្ទីរការងារបានចុះផ្សព្វផ្សាយ»។
ដោយឡែក លោក យ៉ាង វោ ប្រធានមន្ត្រីកម្មវិធីនៃអង្គការបុគ្គលសារវន្តកម្ពុជា ភ្នំពេញ (EPC) បានឱ្យដឹងថា បច្ចុប្បន្នជនមានពិការភាពត្រូវបាន គេលើកទឹកចិត្ត និងផ្តល់ឱកាសការងារច្រើន ព្រោះនិយោជកខ្លះគាត់មានទឹកចិត្ត និងបេះដូងចង់ជួយជនមានពិការភាព ក៏ដូចជាគោរពទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។
លោកថា៖ «ជាមតិ យោបល់ ខ្ញុំគិតថា ដើម្បីអោយជនមានពិការភាព ទទួលបានការងារ រាជរដ្ឋាភិបាលគួរ ជំរុញ និង ផ្តល់ការគាំទ្រ ឧបត្ថម្ភ លើក ការអប់រំ និង ជំនាញដល់ជនមានពិការភាព នៅតាមសហគមន៏ដែលនៅជិតគាត់»។
យុវជនមានពិការភាពមួយចំនួនអះអាងថា ការរើងរើសពីសមត្ថភាពការងារ ពីម្ចាស់អាជីវកម្ម និងអ្នករួមការងារក្នុងអាជីព ជាហេតុនាំឱ្យយុវជនពិការបាក់ទឹកចិត្តក្នុងការបន្តស្វែងការងារធ្វើ។
របាយការណ៍អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាសកម្មភាពជនពិការ ឆ្នាំ២០២១ ជនមានពិការភាពនៅកម្ពុជាមានចំនួនជិត៧០ម៉ឺននាក់ ខណៈដែលស្ថានភាពនៃជនមានពិការភាព ត្រូវបានយកចិត្តទុកដាក់ជាបន្តបន្ទាប់ពីរដ្ឋាភិបាល ដើម្បីឱ្យពួកគេទាំងអស់មានលទ្ធភាពចូលរួមក្នុងការអភិវឌ្ឍន៍ប្រទេសបានដូចពលរដ្ឋទូទៅដែរ៕
រៀបរៀងដោយ កញ្ញា យូ រស្មី