អតីតមេឃុំត្រែងត្រយឹងមកពីបក្សសង្គ្រោះជាតិ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនពាក់ព័ន្ធសំណុំរឿងញុះញង់

ពលរដ្ឋធ្វើដំណើរនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២។ (គួយ ឡង់ឌី)

សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ ចាប់ខ្លួនអតីតមេឃុំត្រែង​ត្រយឹង កូតាមកពីគណបក្សសង្គ្រោះជាតិ អ្នកស្រី កឹម តុលា ​បន្ទាប់ពីតុលាការរាជធានីភ្នំពេញ ចេញសាលក្រមកំបាំងមុខ ដាក់ពន្ធនាគារ១៨ខែ និងចេញដីកាចាប់ខ្លួន ទាំងសាម៉ីខ្លួនមិនបានដឹងរឿងនោះឡើយ។

ការចាប់ខ្លួនជា​ថ្មីទៀតនេះកើតឡើងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី៣០ ខែតុលា ខណៈអតីតសកម្មជន​​បក្សប្រឆាំងរូបនេះត្រៀមខ្លួនធ្វើដំណើរចេញទៅប្រទេសអាល្លឺម៉ង់។

លោក កែត ឃី មេធាវីការពារក្តីឱ្យអ្នកស្រី កឹម តុលា ថ្លែងថា កូនក្តីរបស់លោកត្រូវបានមន្ត្រីអគ្គស្នងការនគរបាលជាតិ ​ចាប់ខ្លួននៅព្រលានយន្តហោះ កាលពីម្សិលមិញ ខណៈអ្នកស្រីត្រូវធ្វើដំណើរទៅជួបស្វាមីនៅប្រទេសអាល្លឺម៉ង់។

មេធាវីរូបនេះបន្ថែមថា កូនក្តីលោកមិនបានដឹងថានឹងត្រូវសមត្ថកិច្ចចាប់ខ្លួនឡើយ ប៉ុន្តែពេលចូលដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ មន្ត្រីបានពិនិត្យលិខិតឆ្លងដែន រកឃើញថា ស្ថិតក្នុងបញ្ជីខ្មៅ «Blacklist» ក្រោយមកមន្ត្រីអន្តោប្រវេសន៍បានរាយការណ៍ទៅអគ្គស្នងការនគរបាលជាតិ និងចាប់ខ្លួនអ្នកស្រីនៅព្រលានយន្តហោះតែម្តង។

លោកបញ្ជាក់ថា អាជ្ញាធរបានសម្អាងថា ការចាប់ខ្លួននេះគឺដោយសារមានសាលក្រមរបស់តុលាការរាជធានីភ្នំពេញ បានផ្តន្ទាទោសអ្នកស្រីដាក់ពន្ធនាគាររយៈពេល​១៨ខែ និងចេញដីកាចាប់ខ្លួនអ្នកស្រី កឹម តុលា តែម្តង។

លោកបន្តថា៖ «គាត់ [អ្នកស្រី កឹម តុលា] ចូលមកនេះ គាត់នឹងតវ៉ានៅចំពោះមុខព្រះរាជអាជ្ញាថា ទី១ រឿងដែលគេចោទគាត់ហ្នឹង គឺជារឿងដដែល ដែលគាត់ធ្លាប់ជាប់គុកម្តងហើយនៅខេត្តកំពង់ស្ពឺ ហើយគេចោទក្នុងអំឡុងពេលដែលគាត់កំពុងតែជាប់គុក។ អ៊ីចឹងគាត់អត់បានធ្វើសកម្មភាពអី អត់បានប្រព្រឹត្តអីខុសដូចការចោទប្រកាន់ទេ ដូច្នេះគាត់សុំឱ្យមានការដោះលែងគាត់។ អ៊ីចឹងចាំមើលការសម្រេចយ៉ាងណាៗ ទាល់តែជួបព្រះរាជអាជ្ញាសិន»។

បើតាមមេធាវីរូបនេះ ការផ្តន្ទាទោសកូនក្តីដោយកំបាំងមុខ ឬមិនមានវត្តមានកូនក្តីលោកក្នុងសវនាការ បានធ្វើឱ្យអ្នកពាក់ព័ន្ធមានការភ្ញាក់ផ្អើល។

ក្នុងនោះ លោកក៏មិនបានដឹងថានីតិវិធីនៃការកោះហៅរបស់តុលាការប្រព្រឹត្តទៅយ៉ាងណាដែរ ដោយសារតែលោកទើបនឹងទទួលបានការពឹងពាក់ពីកូនក្តី និងធ្វើកិច្ចការនេះបន្តពីមេធាវីផ្សេងទៀត។

មកទល់ពេលនេះ តុលាការបានបញ្ជូនកូនក្តីរបស់លោកមកសាលាដំបូងរាជធានីភ្នំពេញហើយកាលពីម្សិលមិញ និងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស នៅទី៣១ ខែតុលា។ ​

មេធាវីការពារក្តីឱ្យអតីតមេឃុំកូតាមកពីបក្សសង្គ្រោះជាតិរូបនេះ លើកឡើងថា តាមនីតិវិធី បើកូនក្តីលោកបានដឹងថាតុលាការសម្រេចយ៉ាងណា នោះអ្នកស្រីអាចនឹងប្តឹងជំទាស់ តែករណីនេះ កូនក្តីគាត់មិនបានដឹងខ្លួន ទើបឈានដល់ការចាប់ខ្លួនបែបនេះ។

វីអូឌី មិនអាចទាក់ទងសុំការបញ្ជាក់ពីអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានទេ នៅថ្ងៃចន្ទ​។

អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បដិសេធធ្វើអត្ថាធិប្បាយ ដោយប្រាប់ឱ្យអ្នកសារព័ត៌មានសួរទៅកាន់អ្នកនាំពាក្យសាលាដំបូង លោក អ៊ី រិន្ទ វិញ។

ចំណែកអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ សុំមិនឆ្លើយឡើយ ដោយរុញឱ្យ ​សាកសួរលោក ប្លង់ សុផល វិញ។

លោក អ៊ី រិន្ទ លើកឡើងថា៖ «ទំនាក់ទំនងជាមួយនឹងអ្នកនាំពាក្យខាងអយ្យការ ដោយសារការចាប់ខ្លួនហ្នឹងប៉ះអំណាចសាលក្រម អ៊ីចឹងបានន័យថាគេបញ្ជូនទៅអយ្យការហើយ»។

ក្នុងលិខិតជូនដំណឹងស្តីពីការប្រកាសសាលក្រមកំបាំងមុខ ដែលចេញដោយក្រឡាបញ្ជីសាលាដំបូងរាជធានីភ្នំពេញ ឈ្មោះ សឺន សឿ ដែលបានជម្រាបជូនទៅអ្នកស្រី កឹម តុលា ថា អ្នកស្រីត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ពីបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម

សំណុំរឿងនេះក៏បានផ្តន្ទាទោសកំបាំងមុខទៅលើជនជាប់ចោទចំនួន៥រូបទៀត រួមមាន ឈ្មោះ ឡាញ់ ថាវរី, ម៉ន ផល្លា, ម៉ែន សុថាវរិន្ទ្រ, ឡុង រី  និងលោក ម៉ោញ សារ៉ាត់ ហើយពួកគេទាំង៥នាក់ត្រូវបានតុលាការចេញដីកាបង្គាប់ឱ្យចាប់ខ្លួន លើកលែងឈ្មោះ ឡាញ់ ថាវរី។ ដោយឡែក ក្នុងលិខិតដដែលនេះ ឈ្មោះ ម៉ិច ហ៊ាង ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ៣ឆ្នាំ ពីបទប្រមាថព្រះមហាក្សត្រ និងញុះញង់ផងដែរ។  

អ្នកស្រី កឹម សេដ្ឋា ដែលអះអាងថាជាបង​បង្កើតរបស់អ្នកស្រី កឹម តុលា ប្រាប់ VOD ថា ប្អូនស្រីរបស់គាត់ពិតជាត្រូវបានគេចាប់ខ្លួនប្រាកដមែន ហើយគាត់បានទទួលដំណឹងនេះកាលពីល្ងាចថ្ងៃទី៣០ ខែតុលា ប៉ុន្តែគាត់មិនដឹងមូលហេតុដែលឈានដល់ការចាប់ខ្លួនប្អូនរបស់គាត់ឡើយ។

យ៉ាងណា អ្នកស្រីចាត់ទុកការចាប់ប្អូនស្រីរបស់គាត់ជាលើកទី៣នេះ ថានៅតែស្ថិតក្រោមហេតុផលនយោបាយដដែល បើទោះប្អូនស្រីគាត់បានឈប់ធ្វើសកម្មភាពនយោបាយទៅហើយក្តី។

អ្នកស្រីថា៖ «បញ្ហារឿងនយោបាយហ្នឹងហើយ! វាអត់មានអីផង បើគាត់អត់មានធ្វើអី។ អ៊ីចឹងគ្រាន់តែថាកន្លងមកហ្នឹង ក្រោយគេចាប់គាត់មុនហ្នឹង គឺគាត់លាលែងអស់ហើយ គាត់ឈប់ធ្វើអីទាំងអស់។ ហើយដល់ក្រោយនេះ ខ្ញុំមិនដឹងរឿងអីទេ វាមានតែរឿងហ្នឹងទេ ព្រោះប្អូនខ្ញុំអត់មានបានធ្វើអីទេ ហើយរឿងនយោបាយពេលក្រោយនេះ គឺអត់ដែរ។ បើចាប់សាមុន ក្រែងគាត់មានពាក់ព័ន្ធពីមុនមក តែពេលក្រោយនេះ គឺអត់ទេ»។

អ្នកស្រីស្នើ​​ដោះលែងប្អូនស្រីគាត់ឱ្យមានសេរីភាពវិញ ដោយថា ប្អូនគាត់មិនបានប្រព្រឹត្តកំហុសអ្វីឡើយ ខណៈការ​ចោទប្រកាន់ថាញុះញង់នោះ គឺប្អូនគាត់កំពុងស្ថិតនៅក្នុងពន្ធនាគារនៅឡើយ និងមិនបានធ្វើសកម្មភាពនយោបាយណាមួយនោះដែរ។

អ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា ចាត់ទុកករណីចាប់ខ្លួនអ្នកស្រី កឹម តុលា ជាថ្មីទៀតនេះ ថាមិនមែនជាការអនុវត្តច្បាប់ឱ្យមុតមាំទេ តែគ្រាន់តែជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយលើក្រុមបក្សប្រឆាំង ដើម្បីមិនឱ្យអ្នកស្រីមានឱកាសចេញទៅក្រៅប្រទេសប៉ុណ្ណោះ។

លោកថា អ្នកស្រី កឹម តុលា ជាសកម្មជននយោបាយដែលរងការគំរាមកំហែង និងរងទុក្ខក្នុងពន្ធនាគារផងដែរ ហើយការផ្តល់សេរីភាពដើរហើរដល់អ្នកស្រី ទើបជារឿងត្រឹមត្រូវ។

លោក ករុណា ថា៖ «គាត់ដែលជាសកម្មជននយោបាយ ដែលធ្លាប់រងទុក្ខទោសអីនេះ អាចឱ្យសេរីភាពពេញលេញក្នុងការដើរហើរ អាហ្នឹងគឺជាការសម្រួលមួយដ៏ល្អ តែអ្វីដែលខ្ញុំលើកឡើងនេះ មិនមានទេនៅក្នុងសង្គមខ្មែរ! ឱ្យតែមានការប្រកាន់និន្នាការនយោបាយផ្ទុយ ហើយមានការមិនធ្វើសកម្មភាព មិនគាំទ្រគណបក្សកាន់អំណាចអីជាដើមហ្នឹង តែងតែរងការរឹតត្បិតអ៊ិចឹងហើយ។ ប៉ុន្តែអ្វីដែលខ្ញុំចង់ឃើញ គឺរូបភាពនៃការសម្របសម្រួលទៅដល់សកម្មជននយោបាយទាំងអស់ និងផ្តល់ឱកាសដល់ពួកគេក្នុងការចូលរួមសកម្មភាពនយោបាយដោយសេរី ដោយពុំមានការភ័យខ្លាច សមស្របជាប្រទេសមួយដែលប្រកាន់នូវរបបលទ្ធិប្រជាធិបតេយ្យ»។

មន្ត្រីសង្គមស៊ីវិលរូបនេះថា បើរដ្ឋាភិបាលនៅតែបន្តដាក់សម្ពាធ រឹតត្បិតផ្នែកនយោបាយ និងសិទ្ធិមនុស្ស នោះកម្ពុជាទាំងមូលនឹងខាតប្រយោជន៍ ដូចជា ប្រព័ន្ធអនុគ្រោះពន្ធរបស់អឺរ៉ុប បាត់បង់ឱកាសជួយជ្រោមជ្រែងពីសំណាក់ប្រទេសប្រជាធិបតេយ្យ និងប៉ះពាល់មុខមាត់កម្ពុជាលើឆាកអន្តរជាតិពាក់ព័ន្ធការរំលោភសិទ្ធិមនុស្ស។  ​

អ្នកស្រី កឹម តុលា​ ​ជាអតីតមេឃុំ​ត្រែង​ត្រយឹង ​ជាប់ឆ្នោតមកពីណបក្ស​សង្គ្រោះ​ជាតិដែលត្រូវតុលាការរំលាយ។ អតីតមន្ត្រីមូលដ្ឋានបក្សប្រឆាំងរូបនេះ ធ្លាប់​បាន​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃមួយ​រយៈ ក្រោយពី​តុលាការ​ខេត្ត​កំពង់ស្ពឺ​ចេញ​ដីកា​កោះ​ហៅ​ទៅ​បំភ្លឺ​រឿង​បង្ហោះ​សារ​គាំទ្រ​លោក កឹម សុខា និង​លោក សម រង្ស៊ី ជា​មនុស្ស​តែមួយ​ និង​បង្ហោះ​សារ​គាំទ្រ​ដំណើរ​មាតុ​ភូមិ​និវត្តន៍​របស់​លោក សម រង្ស៊ី កាល​ពី​ចុង​ឆ្នាំ២០១៩។

ក្រោយមក តុលាការ​ខេត្ត​កំពង់ស្ពឺ ក៏​បាន​ចេញ​ដីកា​ចាប់​ខ្លួនស្ត្រីរូបនេះ​ ដោយ​ចោទ​ពី​បទ «រួម​គំនិត​ក្បត់​ និង​ញុះញង់ឱ្យ​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ជា​អាទិ៍» ពាក់ព័ន្ធ​នឹង​ផែនការ​វិល​ចូល​ស្រុក​របស់​លោក សម រង្ស៊ី។ អ្នកស្រី កឹម តុលា បាន​​​វិល​ត្រលប់​មក​កម្ពុជាវិញ ក្រោយពេលលោក ហ៊ុន សែន អំពាវនាវ​ឱ្យ​សកម្មជន​បក្ស​ប្រឆាំងដែល​កំពុង​រត់​គេច​ខ្លួន​ទាំង​អស់ត្រលប់​មក​ផ្ទះ​វិញ ដោយ​សន្យា​បញ្ឈប់​ការចាប់​ខ្លួន និងមិនយកទោសពៃរ៍លើពួកគេទៀតឡើយ ដោយសារពួកគេបានចាញ់បោកលោក សម រង្ស៊ី ប៉ុណ្ណោះ។ ប៉ុន្តែនៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ អ្នកស្រី ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ពាក់ព័ន្ធសំណុំរឿង៩ វិច្ឆិកានេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ