អ្នកឃ្លាំមើល​សង្ឃឹម​តិចតួច​លើ​ការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ក្រោយ​កិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំ​អាមេរិក-អាស៊ាន

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសម្ដែងការស្វាគមន៍ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅសេតវិមាន រដ្ឋធានីវ៉ាស៊ីនតោន ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅសហរដ្ឋអាមេរិក)។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អ្នក​វិភាគ​ និងសាស្ត្រា​​ចារ្យ​​ភូមិសាស្រ្តនយោបាយ បង្ហាញ​ក្ដីសង្ឃឹមតិចតួច​​ថា កម្ពុជានឹង​​ងាកមក​ស្ដារឡើងវិញ​នូវសិទ្ធិមនុស្ស និង​​​លទ្ធិ​ប្រជាធិបតេយ្យ ក្រោយ​កិច្ច​ប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាស៊ាន-អាមេរិក។​

កម្ពុជា ក្នុងនាមជាប្រធាន​អាស៊ាន​ឆ្នាំ២០២២ នឹង​ធ្វើជាម្ចាស់ផ្ទះរៀបចំ​កិច្ចប្រជុំអាស៊ាន លើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ​ ក្នុងនោះក៏មានកិច្ចប្រជុំ​កំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន​ផងដែរ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

សេចក្តីប្រកាសព័ត៌មាន​របស់​ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី២៨ ខែ​តុលា ឆ្នាំ២០២២ ឱ្យ​ដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន (Joe Biden) ក៏នឹង​ធ្វើដំណើរ​​​​មក​ប្រទេស​កម្ពុជា នៅថ្ងៃទី១២ និងទី១៣ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីចូលរួមកិច្ចប្រជុំ​កំពូល​ប្រចាំឆ្នាំអាមេរិក​-អាស៊ាន​ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាផងដែរ។

ប្រភពដដែលបន្តថា នៅក​ម្ពុជា លោក បៃឌិន ក៏នឹងបញ្ជាក់​ជាថ្មី​នូវ​ការ​ប្តេជ្ញា​ចិត្ត​យូរ​អង្វែងរបស់​សហរដ្ឋ​អាមេរិក ចំពោះតំ​បន់​អាស៊ីអាគ្នេយ៌ និងមជ្ឈភាពអាស៊ាន ពង្រឹង​បន្ថែមលើជោគ​ជ័យ​នៃ​កិច្ច​ប្រជុំ​កំពូល​ពិសេស​ជា​ប្រវត្តិសាស្រ្ត អាមេរិក-អាស៊ាន នៅទីក្រុង Washington ហើយ​​​លោកក៏​នឹងបញ្ជាក់ពីសារសំខាន់នៃកិច្ចសហប្រតិបត្តិការ អាមេរិក-អាស៊ាន នៅក្នុងការធានាសន្តិសុខ និងវិបុលភាព នៅក្នុងតំបន់ និងសុខុមាលភាពនៃប្រជាជនផង​ដែរ។

អ្នកស្រាវជ្រាវនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លោក វណ្ណ ប៊ុនណា មាន​ប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា កិច្ចប្រជុំកំពូល​ទាំងនេះ អាចនឹងមិនជជែកពិភាក្សាទៅលើបញ្ហា​សិទ្ធិ​មនុស្ស និង​​លទ្ធិប្រជាធិបតេយ្យនៅកម្ពុជានោះទេ ដោយ​កិច្ចប្រជុំនឹង​ផ្តោតសំខាន់ទៅលើបញ្ហាសន្តិសុខ សេដ្ឋកិច្ច ការស្តារឡើងវិញនូវវិបត្តិ​ជំងឺកូវីដ-១៩ និងសង្គ្រាម​រវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន ព្រមទាំងវិបត្តិនៅមីយ៉ាន់ម៉ា ជា​ដើម ដែលការណ៍នេះ​ លោកយល់​​ថា ក្រោយកិច្ចប្រជុំកំពូលទាំងនោះ នឹងមិនបានធ្វើឱ្យ​ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា​ មាន​ភាព​ប្រសើរឡើងនោះទេ។

លោកថា​៖ «ទោះបីជាមានមេដឹកនាំពិភពលោកចូលរួមមែន​ ក៏មិនមែនមានផលប៉ះពាល់​ឬ​អត់ មានការស្ដារឡើងវិញអំពី​សិទ្ធិ​មនុស្ស និង​ប្រជាធិបតេយ្យនៅកម្ពុជានោះទេ​។ អ៊ីចឹងទេ! វាអត់ពាក់ព័ន្ធនឹងបញ្ហាអស់ហ្នឹងទេ!​ មេដឹកនាំពិភពលោកនឹង​ពិភាក្សា​លើសន្តិសុខ​ បញ្ហាសេដ្ឋកិច្ច និងការស្ដារ​ឡើងវិញនូវវិបត្តិកូវីដ»។

តែយ៉ាងណា លោក វណ្ណ ប៊ុនណា រំពឹងថា ​ប្រធានា​ធិបតីសហរដ្ឋអាមេរិក លោក ចូ បៃ​ឌិន អាច​​នឹង​លើកឡើងអំពីបញ្ហា​សិទ្ធិមនុស្ស​ និងប្រជាធិបតេយ្យនៅកម្ពុជា នៅ​ក្រៅផ្លូវ​ការ ដូចជាតាមរយៈសារព័ត៌មានជាដើម ដែលនៅ​ពេលនោះ​ លោក បៃឌិន អាចនឹង​ស្នើ​ឱ្យមានការដោះ​លែង​អ្នក​ទោសនយោបាយនៅកម្ពុជា​ផង​ដែរ​។

​​សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងស្រដៀងគ្នាដែរ​ថា បញ្ហា​សិទ្ធិ​មនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ ទំនង​​មិន​បាន​លើក​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​ទាំងនោះ​​​ទេ​ តែ​ប្រធានាធិបតីសហរដ្ឋអាមេរិកអាច​នឹង​ជួប​ជជែក​ទ្វេភាគី​​ជាមួយ​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំដាច់ដោយឡែកមួយ​។

តែយ៉ាងណា លោកថា បើទោះបីជាមានជំនួបក្រៅផ្លូវការ​រវាងប្រធានាធិបតីអាមេរិក និង​នាយករដ្ឋមន្ត្រីក​ម្ពុជា ប៉ុន្តែ​ស្ថានភាពសិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា ​ក៏ទំនង​ជា​​​មិន​មាន​​​អ្វី​​ប្រែប្រួលនោះដែរ ព្រោះ​កន្លងមក ​ខាងភាគីសហរដ្ឋអាមេរិក​ក៏បានជំរុញ​ឱ្យ​កម្ពុជា​ស្ដារ​ឡើង​​វិញនូវ​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ​ផង​​ដែរ តែមកទល់ពេលនេះ កម្ពុជាហាក់​នៅ​មិន​ទាន់​​បា​ន​ឆ្លើយ​តប​ជាវិជ្ជមាននៅឡើយទេ​។

លោកថា៖​ «ទោះបីគេលើក​ឡើង ឬ​មិន​លើក​ឡើង​ ខ្ញុំគិតថា​ស្ថានភាព​សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា​ មិន​មាន​ភាព​ប្រសើរ​ទេ។ ទស្សនៈខ្ញុំផ្ទាល់ រហូតដល់​បោះឆ្នោត​ថ្នាក់ជាតិ​ហើយ ឆ្នាំ​២០២៣ ​លុះត្រាតែមានបញ្ហា​ណាផ្សេងអន្តរាគមន៍​​លក្ខណៈ​អន្តរជាតិសំខាន់​ តែស្ថានភាពដូចបច្ចុប្បន្ននេះ ខ្ញុំគិតថានឹងមិនមានអ្វីប្រែប្រួល​ច្រើនទេ»។

តែយ៉ាងណា អ្នកវិភាគនយោបាយ និងជាសាស្ត្រាចារ្យផ្នែកកិច្ចការអន្តរជាតិ នៃសាកលវិទ្យាល័យ Arizona State University សហរដ្ឋអាមេរិក លោក អៀ សុផល មាន​សុទិដ្ឋិនិយមថា ​ក្រោយកិច្ចប្រជុំ​កំពូលនេះ​ បញ្ហា​សិទ្ធិមនុស្ស​នៅកម្ពុជា​នឹងមានភាពប្រសើរឡើង​ ទោះបីរយៈពេលចុងក្រោយនេះ​ បញ្ហាសិទ្ធិមនុស្សបន្តធ្លាក់ចុះក្ដី ហើយ​​លោក​ប្រធានាធិបតីអាមេរិក​ ចូ បៃឌិន​ អាចនឹងស្នើ​ឱ្យមានការស្ដារឡើងវិញ​ ជាពិសេស​ករណី​​ឃុំ​ខ្លួន​មេធាវីខ្មែរ​អាមេរិក កញ្ញា សេង ធារី​។

លោកថា​៖ ​«គាត់ [លោក ចូ បៃឌិន]​ នឹងឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​! ហើយមិនត្រឹមតែប៉ុណ្ណោះ លោកនឹងបញ្ជាក់ជាពិសេសថា ធារី សេង ជាពលរដ្ឋអាមេរិក ហើយ​កញ្ញា​​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ឃុំ​ខ្លួន​ដោយ​ខុស​ច្បាប់ ​ដោយ​ផ្អែក​លើ​បទ​ចោទ​ប្រកាន់»។

លោក អៀ សុផល បន្ថែម​ថា «ម្តងទៀត ខ្ញុំសង្ឃឹមថា ​ពួកគេ [អ្នកទោសនយោបាយ​] គួរតែត្រូវដោះលែង។ ជារៀង​រាល់ថ្ងៃ អ្នកទោសនយោបាយនៅកម្ពុជា​ កើនឡើងជាលំដាប់​។ ហេតុអ្វីបានអ្នកប្រឆាំងនឹងរដ្ឋាភិបាលច្រើនម្ល៉េះ? ពួកគេគឺជាវីរបុរសរបស់ប្រជាជន ដែលហ៊ាន​និយាយពីអ្វីៗទាំងអស់ ពួកគេមិនមែនជាសត្រូវរបស់ប្រជាជនទេ»។

វីអូឌី មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បាន​ទេ នៅថ្ងៃអង្គារនេះ។

សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប តាមរយៈតំណាងរបស់ខ្លួន ក្នុងដំណើរមកកាន់កម្ពុជា នាកិច្ចប្រជុំអាស៊ានថ្មីៗនេះ បានជំរុញជាថ្មីទៀតឱ្យរដ្ឋាភិបាលកម្ពុជាបើកលំហសិទ្ធិធ្វើនយោ​បាយ​របស់​ពលរដ្ឋ រួមទាំងមេដឹ​ក​នាំ​គណបក្សប្រឆាំង មុនការបោះឆ្នោតជាតិ​ឆ្នាំ២​០​២៣មកដល់ ដើម្បីឱ្យការបោះឆ្នោតដំណើរការទៅដោយសេ​រី ត្រឹមត្រូវ និងយុត្តិធម៌ តាមគន្លងប្រជាធិបតេយ្យឡើងវិញ។

ការជំរុញនេះធ្វើឡើង ខណៈប្រទេស​លោកសេរីទាំងនោះសម្តែងការព្រួយបារម្ភ​​ថា ការវិវត្តស្ថានភាពសិទ្ធិមនុស្ស និងលំហនយោបាយនៅក​ម្ពុ​ជា ​កាន់តែរួមតូច​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ