តុលាការ​យោ​ធា​មី​យ៉ាន់ម៉ា​ ផ្តន្ទាទោស​​អតីត​​សមាជិក​​សភា​​មក​​ពី​​គណបក្ស NLD​ ឱ្យ​ជាប់ពន្ធនាគារ​១៧៣ឆ្នាំ​

Reuters

តុលាការនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលគ្រប់គ្រងដោយយោធា បានផ្តន្ទាទោសអតីតសមា​ជិក​សភាម​កពី​គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) ដាក់ពន្ធនាគាររយៈពេល ១៧៣ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ។

កាលពីថ្ងៃចន្ទ តុលាការនៃរបបយោធាមីយ៉ាន់ម៉ា បានចោទប្រកាន់ លោក វីន យីន ឡាំង (Win Myint Hlaing) ថាមានបទល្មើសចំនួន៨ករណី ពាក់ព័ន្ធនឹងអំពើភេរវកម្ម ហើយ​បានផ្ទន្ទាទោសរូបលោកឱ្យជាប់ពន្ធនាគាររយៈពេល ១៧៣ឆ្នាំ ដោយបូកបញ្ចូលទាំងទោសជាប់ពន្ធនាគាររយៈពេល២៥ឆ្នាំដែលត្រូវបានផ្តន្ទាកាលពីខែមីនា ខែមេសា និងខែមិថុនា ពីបទ ញុះញង់ និងអំពើ​ភេរវកម្ម។

ប្រព័ន្ធ​ផ្សព្វផ្សាយរបស់មីយ៉ាន់ម៉ាឈ្មោះថា Global New Light of Myanmar ដែល​គ្រប់គ្រងដោយ​យោធាបាន​រាយការណ៍​កាលពីឆ្នាំមុនថា លោក Win Myint Hlaing បញ្ជាលើអង្គភាពកងកម្លាំង​ការពារប្រជាជនក្នុងតំបន់ (PDF) និងបានប្រើកាំភ្លើង និងគ្រឿងផ្ទុះក្នុង «អំពើ​​ភេរវកម្ម បំផ្លាញ​សន្តិភាព និង​ស្ថិរភាពរបស់រដ្ឋ»។

អង្គភាព PDF បានវាយប្រហារការិយាល័យអប់រំ ធនាគារ និងប៉ុស្តិ៍នគរបាល ហើយបានបំផ្ទុះគ្រាប់បែក ការបង្កអគ្គិភ័យ និងឃាតកម្ម។ នេះបើយោងតាមសាព័ត៌មាន Global New Light of Myanmar។

លោក Win Myint Hlain ត្រូវបានបោះឆ្នោតជ្រើសរើសជាតំណាងរាស្រ្តក្នុង​តំបន់​ម៉ាក​វ៉េ (Magway) នៃ​ប្រទេសមីយ៉ាន់ម៉ានៅក្នុងឆ្នាំ២០១៥។ លោកមិនបានចូលរួមក្នុងការបោះឆ្នោតឆ្នាំ២០២០ ប៉ុន្តែលោកបានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងយោធា មុនពេលត្រូវបានចាប់ខ្លួននៅទីក្រុង​យ៉ាក់ស (Yaksawk) ក្នុងរដ្ឋសាន (Shan) ភាគខាងកើតប្រទេសមីយ៉ាន់ម៉ា ក្នុងខែ​វិច្ឆិកា ឆ្នាំ​២០២១។

ផ្ទះរបស់លោកនៅក្នុងសង្កាត់តុងវីងយី (Taungdwingyi) ក្នុងតំបន់ Magway ត្រូវបានរឹបអូសដោយ​កងកម្លាំងសន្តិសុខមួយថ្ងៃ បន្ទាប់ពីការចាប់ខ្លួនលោក ដោយធ្វើគ្រួសាររបស់លោកត្រូវភៀសខ្លួន។

ការកាន់កាប់​របស់​យោធានៅក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវបានតវ៉ាដោយសន្តិវិធីនៅទូទាំងប្រទេស តែត្រូវបានបង្រ្កាបដោយហិង្សាពីយោធាមីយ៉ាន់ម៉ា ដែលបង្កឱ្យមានការតស៊ូ​ប្រដាប់អាវុធ ខណៈ​អ្នក​ជំនាញ​របស់អង្គការសហប្រជាជាតិមួយចំនួន បាននិយាយថា ឥលូវនេះ​ស្ថានភាព​នៅក្នុងប្រទេសមីយ៉ាន់ម៉ា គឺស្រដៀងទៅនឹងសង្រ្គាមស៊ីវិល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ