សង្គមស៊ីវិល​ថា​ការ​ហ៊ាន​បង្ហាញ​នូវ​កង្វល់​និង​ចូលរួម​ជា​មតិ​របស់​ពលរដ្ឋ នឹង​ជួយ​រក្សា​លំហ​សង្គម​មិន​ឱ្យ​បិទ

សិន្និសី​ទ​សង្គម​ស៊ីវិល​អាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាន ២០២២ ស្តីពី «ការ​ពារ និង​​ធានា​​លំហ​ពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ ដើម្បី​សមធម៌ និងយុត្តិធម៌សង្គម» នៅថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ។ (គួយ ឡង់ឌី)

សង្គមស៊ីវិលលើកឡើងថា ការចូលរួមមតិរបស់ពលរដ្ឋក្នុងតំបន់ ពាក់ព័ន្ធបញ្ហាសិទ្ធិមនុស្សនិងកង្វល់នានា បើទោះបានជំរុញនូវភាពជោគជ័យឬអត់ក្ដី ក៏បានបង្ហាញនូវការយកចិត្តទុកដាក់ ជួយរក្សាលំហសង្គមមិនឱ្យបិទ និងរំឭករដ្ឋាភិបាលឱ្យគោរពមតិពលរដ្ឋដែលធានាដោយច្បាប់។

ការលើកឡើងនេះធ្វើឡើង​ក្នុង​សិន្និសី​ទ​សង្គម​ស៊ីវិល​អាស៊ាន ឬវេទិកាប្រជាពលរដ្ឋអាស៊ាន ២០២២ ស្តីពី «ការ​ពារ និង​​ធានា​​លំហ​ពលរដ្ឋ ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋអាស៊ីអាគ្នេយ៍ ដើម្បី​សមធម៌ និងយុត្តិធម៌សង្គម» នៅថ្ងៃទី​៣ ខែវិច្ឆិកា ឆ្នាំ២០២២ នារាជធានីភ្នំពេញ។

នាយិកា​​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ លោក​ស្រី ចក់ សុភាព មាន​ប្រសាសន៍ថា​​ ប្រទេស​កាន់​លទ្ធិប្រជា​ធិប​តេយ្យ គឺចាំបាច់ត្រូវមានការចូលរួមពីពលរដ្ឋ ខណៈសូម្បីប្រទេសមិនកាន់លទ្ធិប្រជាធិបតេយ្យក៏មាន​និយាយពីអភិបាលកិច្ច ឬការចូលរួមពីពលរដ្ឋដែរ។ លោកស្រីបន្តថា លំហពលរដ្ឋ អនុញ្ញាតឱ្យមហាជនបានលើកឡើង​នូវ​ក្តី​បារម្ភ ជំរុញការកែលម្អ ការ​អភិវឌ្ឍ និង​ស្នើនូវ​ដំណោះស្រាយលើចំណុចចម្រូងចម្រាសនានា។

មន្ត្រីសង្គមស៊ីវិល​រូបនេះបន្តថា៖ «ធាតុផ្សំសំខាន់នៃអភិបាលកិច្ច គឺការចូលរួមពីពលរដ្ឋហ្នឹងហើយ! ហើយ​បើសិនជាគ្មានការចូលរួមពីពលរដ្ឋទេ អ៊ីចឹងថ្នាក់ដឹកនាំ អ្នកមានអំណាចទាំងឡាយហ្នឹង នឹងធ្វើការសម្រេចចិត្តដោយឯកឯង ហើយការសម្រេចចិត្តមួយចំនួនអាចប៉ះពាល់ដល់ផលប្រយោជន៍ជាសាធារណៈ ហើយចង់មិនចង់ វាប៉ះពាល់ដល់ពលរដ្ឋហ្នឹងហើយ។ អ៊ីចឹងការចូលរួមពីពលរដ្ឋ គឺសំខាន់ណាស់ក្នុងការទាញឱ្យមានគណនេយ្យភាពនៅក្នុងសង្គម គណនេយ្យភាពពីរដ្ឋាភិបាល»។

ជាមួយគ្នានេះដែរ លោកស្រី ចក់ សុភាព មើលឃើញថា បើទោះរដ្ឋាភិបាលកម្ពុជា​អះអាងថាកំពុងប្រកាន់​នូវ​របបលទ្ធិប្រជាធិបតេយ្យ តែស្ថានភាពលំហសង្គម​នៅតែមានការប្រឈម​ ដោយសារ​គេ​សង្កេត​ឃើញ​នៅមានការ​រឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិ ការគំរាមកំហែង​ និង​​ការ​ចាប់ខ្លួនសកម្មជនបក្សនយោបាយ សកម្មជនបរិស្ថាន​ និងសកម្មជនដីធ្លី ជាដើម។

យ៉ាងណា លោកស្រី​ចង់ឃើញរដ្ឋាភិបាលកម្ពុជាធានានូវលំហសង្គមស៊ីវិល ស្ថានភាពនយោបាយ និងស្ថានភាព​សិទ្ធិមនុស្ស ស្របតាមរដ្ឋធម្មនុញ្ញ និងកិច្ចព្រមព្រៀងសន្តិ​ភាព​ទីក្រុងប៉ារីស។

ពលរដ្ឋខ្មែរក្រោម​មួយរូបដែលចូលរួមក្នុងវេទិកានោះដែរ លោក ថើស ចន្ទ្រា លើកឡើងថា ការ​បើក​លំហ​ពលរដ្ឋ​មាន​​សារៈ​​សំខាន់ ព្រោះជាការ​ផ្តល់ឱកាសឱ្យពលរដ្ឋបានលើកឡើងនូវបញ្ហា កង្វល់ និងសំណូមពររបស់ពួកគេ។ លោកថា បើលំហពលរដ្ឋត្រូវបានរឹតត្បិត នោះសង្គមនឹងច្របូកច្របល់ ព្រោះមាន​តែ​​​ជនមានអំណាចប៉ុណ្ណោះដែលត្រូវបានគេស្តាប់យោបល់ ខណៈ​ជនតូចតាចត្រូវគេមើលរំលង។

លោក ថើស ចន្ទ្រា ​បានថ្លែង​ថា៖ «ហើយបើសិនណាជាវាអត់មានអាហ្នឹង វាមានវិបត្តិផ្សេងៗ ឧទាហរណ៍​ថា ជនជាតិដើមភាគតិច ក៏គាត់មានវិបត្តិ។ អ្នកដែលរងគ្រោះ វាកាន់តែរងគ្រោះទៀត! ភាពក្រីក្រ វា​កាន់តែក្រីក្រ​ទៅ! ហើយការរំលោភបំពានពីសំណាក់អ្នកដឹកនាំ មន្ត្រីរាជការអីផ្សេងៗ វាកាន់តែមានទៅៗ អ៊ីចឹង​វាធ្វើឱ្យសង្គមហ្នឹងជារួមគឺច្របូកច្របល់ ហើយវាវិវត្តទៅរកផ្តាច់ការ»។

ពលរដ្ឋមួយរូបទៀតជាជនជាតិដើមភាគតិចចារ៉ាយ មកពីខេត្តរតនគិរី កញ្ញា ក្លាន សារិត បានលើកឡើង​​ដែរ​ថា ការរឹតត្បិតនៅតែបន្តកើតមាននៅកម្ពុជា ពោលនៅពេលដែលពលរដ្ឋលើកឡើងពីបញ្ហាណា​មួយ ពួកគេអាចរងនូវការវាយប្រហារថាផ្សព្វផ្សាយព័ត៌មានមិនពិត ខណៈពលរដ្ឋជាជន​គ្មានឥទ្ធិពល។

កញ្ញាថា៖ «រាល់ថ្ងៃនេះ យើងឃើញថាការផ្សព្វផ្សាយចេញ យើងឃើញថានៅមានសេរីភាព ប៉ុន្តែបើយើង​គិតពីគុណភាពនៃការផ្សព្វផ្សាយចេញ វាអត់ទាន់មានភាពទូលំទូលាយ។ ពេលខ្លះ យើងអាចនិយាយ​បាន ប៉ុន្តែខ្លះទៀតនៅតែមានការរឹតត្បិត ឬក៏នៅពេលដែលយើងយកព័ត៌មានហ្នឹងចេញ គេមានការ​ចោទប្រកាន់ថាជារឿងមិនពិតអ៊ីចឹង។ នៅតែមាន [ការរឹតត្បិត] យើងមិនអាចនិយាយថាវាទូលំទូលាយ​ទាំង​ស្រុង​ទេ»។

អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាលកម្ពុជា លោក កត្តា អន យល់ថា អ្វីដែលសង្គមស៊ីវិលលើក​ឡើង គឺគ្រាន់តែជាការសម្លឹងមើលតែមួយជ្រុងតូច បំពុលបរិយាកាសសង្គម និងបំផ្លាញកិត្តិ​យសកម្ពុជាតែ​ប៉ុណ្ណោះ។

លោកថ្លែង​​ថា៖ «លំហពលរដ្ឋ លំហប្រជាធិបតេយ្យនៅកម្ពុជាយើងប្រព្រឹត្តទៅល្អ យើងមានការអនុ​លោម​ទៅកាន់ច្បាប់ត្រឹមត្រូវណាស់។ ប៉ុន្តែជាការគួរឱ្យសោកស្តាយ មានពលរដ្ឋមួយចំនួន ជាពិសេសយើងសម្គាល់ឃើញថា មួយចំនួននោះច្រើនតែជាអ្នកដែលជាសកម្មជនបក្សប្រឆាំង ឬមួយក៏ជាសកម្មជនបរិស្ថាន ឬក៏សកម្មជនអង្គការសង្គមស៊ីវិលមួយចំនួនតូច ដែលពួកគាត់ប្រើប្រាស់សេរីភាពនិងសិទ្ធិរបស់ខ្លួនហួសព្រំដែនកំណត់នៃច្បាប់»។

គួរបញ្ជាក់ថា វេទិកាពលរដ្ឋអាស៊ាន២០២២នេះ មានគោលបំណងពង្រឹងភាពប្រសព្វនៃសាមគ្គីភាព និង​ចលនាពាក់ព័ន្ធនានា ក្នុងចំណោមសង្គមស៊ីវិលអាស៊ាន តាមរយៈការបន្លឺសំឡេងរបស់ពលរដ្ឋលើបញ្ហាសិទ្ធិមនុស្ស និងការវាយប្រហារលើអង្គការសង្គមស៊ីវិល ក្រុមងាយរងគ្រោះ និងអ្នកការពារសិទ្ធិមនុស្សនៅអាស៊ីអាគ្នេយ៍។

វេទិកានេះក៏ផ្តល់នូវលំហសុវត្ថិភាពក្នុងការបញ្ចេញសំឡេង​ពលរដ្ឋមូលដ្ឋាន និងក្រុមងាយរងគ្រោះ នូវការ​ចែករំលែក ការ​សិក្សារៀនសូត្រពីបណ្តាប្រទេសដែលត​ស៊ូ​ព្យាយាម និង​ការ​កសាង​សាមគ្គី​ភាព ខណៈរបប​អាជ្ញាធរ​និយម​ និងការថមថយនូវលទ្ធិប្រជាធិបតេយ្យកើនឡើង។

ក្រៅពីនោះ វេទិកានេះក៏ជាការជំរុញឱ្យអាស៊ាន និងរដ្ឋសមាជិកអាស៊ាន ដោះស្រាយបញ្ហាសិទ្ធិមនុស្សឱ្យកាន់តែប្រសើរឡើង ដែលកើតចេញពីការរីករាលដាលនៃកូវីដ-១៩ វិបត្តិ​មីយ៉ាន់ម៉ា និងការគំរាមកំហែងផ្សេងៗទៀតចំពោះសិទ្ធិមនុស្ស និងស្ថិរភាពក្នុងតំបន់ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ