ដែនជម្រកសត្វព្រៃភ្នំត្នោត ប្រទេសកម្ពុជា៖ ចុងឈើបានធ្លាក់ចូលទៅក្នុងជ្រលងលេណដ្ឋានដែលព័ទ្ធជុំវិញតំបន់ការពារសត្វព្រៃនៃប្រទេសកម្ពុជា។
ជីកព័ទ្ធជុំវិញចំណុចស្នូលនៃតំបន់ការពារ លេណដ្ឋានការពារសត្វព្រៃពីអ្នកប្រមាញ់ មានជម្រៅ ២ម៉ែត្រកន្លះ និងមានប្រវែង ១៧គីឡូម៉ែត្រ មិនទាន់សាងសង់រួចរាល់ទាំងស្រុងនោះទេ។ គម្រោងជីកលេណដ្ឋានដែលជាខែលការពារសត្វព្រៃនេះ នៅសេសសល់ប្រមាណ ១៥គីឡូម៉ែត្រទៀត ហើយវាមានភាពប្រកៀកប្រកិតគ្នារវាង «ផលប៉ះពាល់បរិស្ថាន និងគុណសម្បត្តិ» ផងដែរ។
ប៉ុន្តែក្រុមអ្នកការពារបរិស្ថានទទួលបន្ទុកលើការជីកនេះ បាននិយាយថា៖ «អ្នកឯងធ្វើក៏ខុស អ្នកឯងមិនធ្វើក៏ខុស» ។
អន្ទាក់រាប់លាន ត្រូវបានគេប៉ានស្មានថាមាននៅក្នុងតំបន់ការពារនៅប្រទេសកម្ពុជា ឡាវ និងវៀតណាម។ ខណៈដែលការល្បាតអាចកាត់បន្ថយការគំរាមកំហែង។ មានការសិក្សាស្រាវជ្រាវជាច្រើនបានចោទជាសំណួរអំពីប្រសិទ្ធិភាពនៃការល្បាតនេះ។ នៅ២ទសវត្សរ៍មុន ក្រុមអ្នកអភិរក្សបាននិយាយថា ភ្នំត្នោតបានបាត់បង់សត្វចំនួន ៦ប្រភេទ ដោយសារការដាក់អន្ទាក់ ដែលជាហេតុធ្វើឱ្យពួកគេគិតដល់លេណដ្ឋានថាជា «ខ្សែបន្ទាត់ការពារចុងក្រោយ» ដើម្បីបញ្ចៀសវិនាសកម្មសត្វព្រៃក្នុងតំបន់នាពេលអនាគត។
ការជីកលេណដ្ឋានជាការបង្ហាញអំពីវិបត្តិអន្ទាក់ដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ការរស់រានមានជីវិតនៃប្រភេទសត្វមួយចំនួន ដែលមានដោយកន្លែងនៅតំបន់អាស៊ីអាគ្នេយ៍។
លោក ប៊េន ដេវីស សកម្មជនបរិស្ថាន និងជាអ្នកដឹកនាំការជីកលេណដ្ឋានមានប្រវែងលើសពី ៣០គីឡូម៉ែត្រ បាននិយាយថា៖ «គ្មានជម្រើសណាមួយដែលល្អឥតខ្ចោះនោះទេ។ ប៉ុន្តែពេលខ្លះ យើងត្រូវធ្វើសកម្មភាពអ្វីមួយ មុនពេលវាហួសពេល»។
លោកបានបន្ថែមថា៖ «រណ្តៅនេះប៉ះពាល់ដល់បរិស្ថានពិតមែន ប៉ុន្តែវាជាមធ្យោបាយក្នុងការជួយសង្គ្រោះ និងកំណត់ដែនរស់នៅរបស់សត្វព្រៃ ដែលមានលក្ខណៈប្រសើរ ជាជាងការបណ្ដោយឱ្យពួកគេមានសេរីភាព និងហានិភ័យ»។
សង្គ្រោះពួកគេថ្ងៃនេះ មិនមែនថ្ងៃស្អែក
គំនរស្លឹកឈើត្រូវបានគេយកមកដាក់លើខ្សែអន្ទាក់ ខណៈអន្ទាក់រូតត្រូវបានបិទបាំងដោយរុក្ខជាតិដុះក្នុងព្រៃ ដើម្បីបន្លំមិនឱ្យសត្វព្រៃមើលដឹង។ ដោយនៅជុំវិញតំបន់នោះ ប្រមាណ១០០ម៉ែត្រ មានអន្ទាក់រហូតដល់ទៅ ៦។
ប៉ុន្តែជាជាងការដោះអន្ទាក់រូតចេញ ប្រជាសហគមន៍ការពារព្រៃឈើ មិនបានប៉ះពាល់អន្ទាក់រូតនោះទេ ដើម្បីទុកវាជានុយឱ្យពួកគេត្រលប់មកជាថ្មី ហើយធ្វើការឃាត់ខ្លួន។

លោក ឈួន ភិរម្យ ជាប្រជាសហគមន៍ការពារព្រៃនៅតំបន់ភ្នំត្នោត បាននិយាយថា៖ «ខ្ញុំអាចរកឃើញអន្ទាក់រូតបានភ្លាមៗ ព្រោះខ្ញុំធ្លាប់ដាក់វាពីមុនមក»។
លោកបន្តថា អ្នកដាក់អន្ទាក់ បានព្យាយាមលើកស្មៅដែលដួលឱ្យបញ្ឈរឡើងវិញ ដើម្បីកុំឱ្យប្រជាសហគមន៍ការពារព្រៃឈើឃើញដានជើងរបស់ពួកគេ ប៉ុន្តែលោកនៅតែដឹងអំពីល្បិចរបស់ពួកគេ។
លោក ដេវីស បានប៉ាន់ស្មានថា ក្នុងចំណោមអ្នកដាក់អន្ទាក់សត្វចំនួន២០នាក់ ប្រហែលជាមានម្នាក់ប៉ុណ្ណោះដែលត្រូវបានឃាត់ខ្លួន ហើយគាត់បានលើកឡើងថា៖ «បញ្ហាគឺនៅត្រង់ថា យើងពិបាកចាប់ពួកគេណាស់។ ម្សិលមិញ ពួកយើងព្យាយាមចាប់អ្នកដាក់អន្ទាក់ម្នាក់ដែលកំពុងដាក់អន្ទាក់។ គាត់ឃើញក្រុមល្បាតរបស់ខ្ញុំ ហើយគាត់រត់ទៅបាត់។ នេះជារឿងធម្មតាទៅហើយ»។
លោក ភិរម្យ បានរៀបរាប់ថា៖ «ពេលខ្ញុំត្រូវបានគេឃាត់ខ្លួន ខ្ញុំត្រូវបង់ប្រាក់ពិន័យ ហើយក៏បានសម្រេចចិត្តប្រឈមមុខនឹងផ្លូវច្បាប់។ ខ្ញុំដឹងថាទង្វើរបស់ខ្ញុំផ្ទុយនឹងច្បាប់ ហើយខ្ញុំក៏សម្រេចចិត្តក្លាយខ្លួនទៅជាអ្នកល្បាតម្នាក់ដើម្បីការពារព្រៃវិញម្តង»។
លោក សុខ ឡូឡូ ជាប្រជាសហគមន៍ការពារព្រៃឈើ នៅដែនជម្រកសត្វព្រៃភ្នំត្នោត ក្នុងប្រទេសកម្ពុជា កំពុងល្បាតរកអន្ទាក់រូតនៅចំណុចស្នូល។ ២ម៉ោងដំបូងនៃការល្បាតនាខែកក្កដាកន្លងទៅ គាត់បានរកឃើញអន្ទាក់រូតចំនួន៧។ ថតដោយ៖ Anton L. Delgado សម្រាប់ Southeast Asia Globe
អន្ទាក់រូត គឺជាប្រភេទអន្ទាក់ដ៏សាមញ្ញមួយ ដែលគេយកខ្សែមកចងឱ្យមានមុខជារង្វង់សម្រាប់ទាក់ក ខ្លួន ឬជើងរបស់សត្វ។ ជាង២ទសវត្សរ៍មកហើយ ដែលលោក ដេវីស សកម្មជនបរិស្ថានជនជាតិអាមេរិក បានមករស់នៅខេត្តព្រះវិហារ ប្រទេសកម្ពុជា ហើយគាត់មើលឃើញថា ការធ្វើអន្ទាក់ចំណាយកាន់តែថោក កាន់តែងាយ និងកាន់តែមានច្រើនជាងមុនទៅទៀត។
ថ្វីបើមានការល្បាតជាប្រចាំ លោក ដេវីស បាននិយាយថា ប្រជាការពារព្រៃសហគមន៍ទំនងជារកឃើញអន្ទាក់តិចជាងពាក់កណ្ដាលនៃចំនួនអន្ទាក់សរុបនៅភ្នំត្នោត ដែលស្ថិតក្នុងខេត្តព្រះវិហារ ភាគខាងជើងនៃព្រះរាជាណាចក្រកម្ពុជា។ នៅឆ្នាំ២០១៨ ការសិក្សាស្វែងរកអន្ទាក់ ត្រូវបានធ្វើឡើងនៅភាគខាងកើតប្រទេសកម្ពុជា ដោយរកឃើញថា ការដើរល្បាតដោយប្រជាសហគមន៍ការពារព្រៃឈើ បានរកឃើញអន្ទាក់ដែលគេបានដាក់ ក្នុងចំនួនមួយដែលតិចជាងពាក់កណ្តាលនៃចំនួនអន្ទាក់សរុប ដែលមានន័យថា អន្ទាក់ទាំងនោះនៅមានវត្តមានច្រើនទៀតដែលគេរកមិនទាន់ឃើញ។
លោក ដេវីស និយាយថា៖ «ពួកយើងដើរដោះអន្ទាក់ គេវិញដាក់អន្ទាក់ថែម […] ការដាក់អន្ទាក់ គឺជារឿងងាយបំផុត ត្រឹមតែ៥នាទី សូម្បីតែក្មេងតូចៗក៏អាចរៀនពីការធ្វើវាដែរ។ អ្នកណាក៏ចេះដាក់អន្ទាក់ដែរ»។

យោងតាមរបាយការណ៍ក្នុងឆ្នាំ២០២០ របស់អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (WWF) រកឃើញថា មានអន្ទាក់ចំនួន ១១០អន្ទាក់ ក្នុង១គីឡូម៉ែត្រការ៉េ នៅតាមតំបន់ការពារនៅកម្ពុជា ឡាវ និងវៀតណាម ដែលត្រូវបានគេប៉ាន់ស្មានសរុបថាមានច្រើនជាង ១២លានអន្ទាក់។
«ពួកយើងកំពុងធ្វើការទាំងងងឹតងងល់ ព្រោះពួកយើងគ្មានមធ្យោបាយក្នុងការវាយតម្លៃពីប្រសិទ្ធភាពនៃការដោះអន្ទាក់សត្វទេ» នេះបើយោងតាមការលើកឡើងរបស់លោក មីញ ង្វៀន ជាអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យរដ្ឋកូឡូរ៉ាដូ នៃសហរដ្ឋអាមេរិក ដែលកំពុងសិក្សាអំពីប្រភេទសត្វដែលរងគ្រោះដោយអន្ទាក់ និងកំពុងព្យាយាមប៉ាន់ស្មានពីចំនួនអន្ទាក់ដែលត្រូវការដោះចេញ ដើម្បីឱ្យសត្វផ្សេងទៀតរស់រានមានជីវិត។
លោកបានបន្ថែមថា៖ «ប៉ុន្តែទោះបីជាយើងធ្វើការសស្រាក់សស្រាំក៏ដោយ ពួកយើងមិនអាចបង្ក្រាបការដាក់អន្ទាក់ឱ្យចុះដល់សូន្យនោះទេ»។
កាលពីខែមីនា ក្រសួងបរិស្ថាន បានចាប់ផ្តើមយុទ្ធនាការ «អន្ទាក់សូន្យ» ជាកិច្ចប្រឹងប្រែងផ្លាស់ប្តូរចិត្តគំនិតរបស់អ្នកបរបាញ់ និងអ្នកទាក់សត្វ។ អំឡុងពេលចាប់ផ្តើមយុទ្ធនាការនេះ លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន បានប្រាប់ថា មានអន្ទាក់ច្រើនជាង ៦១ ០០០អន្ទាក់ ត្រូវបានគេបោសសម្អាតចេញពីតំបន់ព្រៃការពារកាលពីឆ្នាំ២០២១។
ដោយមិនគិតអំពីហេតុផលថាតើព្រៃនេះទុកសម្រាប់ឱ្យអ្នកស្រុកប្រមាញ់សត្វយកមកធ្វើជាអាហារ ឬសម្រាប់ធ្វើអាជីវកម្ម លោក ដេវីស បាននិយាយថា ចំនួនអន្ទាក់នៅភ្នំត្នោត ពិតជាបង្កហានិភ័យដល់ប្រភេទសត្វជិតផុតពូជ ដូចជា ទន្សោង ជាដើម។
ដីចម្ការអ្នកស្រុក មានព្រំប្រទល់ជាប់នឹងតំបន់ភ្នំត្នោត និងចំណុចស្នូល ស្ថិតក្នុងដែនជម្រកសត្វព្រៃដែលជាទីជ្រកកោនរបស់សត្វព្រៃក្នុងឧទ្យាន។ ដីចម្ការដែលស្ថិតនៅចំណុចស្នូលនេះ មានតាំងតែពីមុនពេលដែលតំបន់នេះត្រូវបានគេដាក់ជាដែនជម្រកសត្វព្រៃក្នុងឆ្នាំ២០១៧ ហើយត្រូវបានគេអនុញ្ញាតឱ្យបន្តមានវត្តមាន។ ប៉ុន្តែដោយគ្មាននូវបន្ទាត់ខណ្ឌចែករវាងដីចម្ការ និងដីព្រៃ បានធ្វើឱ្យការអភិរក្សមានផលវិបាក និងជំរុញឱ្យមានជម្លោះរវាងមនុស្ស និងសត្វព្រៃ។ នេះបើយោងតាមលោក ដេវីស ដែលជឿថា ការសង្គ្រោះសត្វព្រៃពីអន្ទាក់ និងពីការបរបាញ់ គឺចាំបាច់មានការជីកលេណដ្ឋានសម្រាប់ញែកពួកគេចេញពីគ្នា។
៦ខែកន្លងទៅ គ្រឿងចក្របានជីកលេណដ្ឋានបានប្រវែង ១៧គីឡូម៉ែត្រ នៃបរិវេណចំណុចស្នូល។ ផលប៉ះពាល់នៃការជីកលេណដ្ឋាន និងការផ្លាស់ទីរបស់សត្វ គឺពិតជាមិនអាចប្រកែកបាន។ ប្រមាណជាមួយភាគបួននៃលេណដ្ឋានបានឈានទៅដល់ចំណុចព្រៃឈើក្រាស់ ដែលលោក ដេវីស បានហៅថា «ការបាត់បង់ដែលចៀសមិនរួច»។ កន្លែងដែលគ្រឿងចក្របានជីករួចរាល់ ក្រុមអ្នកអភិរក្សបាននិងកំពុងដាំដើមឫស្សីតាមបណ្តោយជ្រលងនេះ ដោយសង្ឃឹមថា នៅទីបំផុត រនាំងធម្មជាតិនឹងដុះឡើង។
លោក មាស ញឹម អនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារ បានបញ្ជាក់ថា នេះគឺជាលើកដំបូងដែលការជីកលេណដ្ឋានបែបនេះត្រូវបានអនុវត្ត។
លោកថា៖ «រណ្តៅនេះនឹងក្លាយជាខ្សែបន្ទាត់ការពារទី១របស់យើង ក្នុងការបញ្ឈប់ការកាប់ព្រៃ និងបរបាញ់សត្វព្រៃខុសច្បាប់ […] គុណប្រយោជន៍របស់វា គឺការពារមនុស្សកុំឱ្យឆ្លងកាត់តំបន់ស្នូលដោយគ្មានការអនុញ្ញាត ព្រមទាំងដើម្បីធានាសុវត្ថិភាពសត្វព្រៃ»។
លោក ញឹម បាននិយាយថា រណ្តៅនៃលេណដ្ឋានត្រូវបានគេ «វាយតម្លៃតាមបែបបច្ចេកទេស» និងមានការជួយជ្រោមជ្រែងពីក្រសួង។ ក្រៅពីនេះ លោកមិនបានធ្វើការពន្យល់បន្ថែមទៀតឡើយ។
លេណដ្ឋានមានប្រវែង១៧គីឡូម៉ែត្រ ត្រូវបានគេជីកជុំវិញចំណុចស្នូលរនៃដែនជម្រកសត្វព្រៃភ្នំត្នោត ដើម្បីរក្សាចំនួនសត្វ និងការពារសត្វព្រៃនៅក្នុងតំបន់។ ចុងឆ្នាំនេះ ក្រុមអ្នកអភិរក្សសង្ឃឹមថានឹងបង្ហើយ១៥គីឡូម៉ែត្រចុងក្រោយ។ រូបថត៖ Anton L. Delgado សម្រាប់ Southeast Asia Globe និង The Straits Times
ការហ៊ុមព័ទ្ធសត្វឱ្យនៅក្នុងតំបន់ស្នូលនៃដែនជម្រកដែលមានទំហំ៧ ០០០ហិកតា ក៏បានធ្វើឱ្យមានការព្រួយបារម្ភអំពីសិទ្ធិដើរហើររបស់សត្វ និងការបម្លាស់ទីនៃប្រភេទសត្វនីមួយៗផងដែរ។
លោក ដេវីស លើកឡើងថា តំបន់ស្នូល ត្រូវបានហ៊ុមព័ទ្ធទៅដោយដីអ្នកស្រុក និងតំបន់ដែលមិនត្រូវបានគេល្បាត ដែលទំនងជាមានការដាក់អន្ទាក់ច្រើនផង។
លោកថា៖ «អ្វីដែលយើងកំពុងធ្វើនេះ សូម្បីតែមធ្យោបាយដែលពួកយើងកំពុងការពារព្រៃនេះ ខ្ញុំមិនអាចមើលដឹងថានៅថ្ងៃមុខ សត្វព្រៃជាច្រើនរស់នៅក្រៅរណ្តៅឬអត់។ ពួកយើងមិនអាចការពារសត្វបានទាំងអស់ទេ»។
ការបាត់បង់សត្វព្រៃនៅអាស៊ីអាគ្នេយ៌ កំពុងតែបោះជំហានទៅរកអ្វីដែលក្រុមអ្នកអភិរក្សបានឱ្យឈ្មោះថា ស្ថានភាពព្រៃ «ដ៏សោះសូន្យ» ឬ «ដ៏ឥតសូរសព្ទ» ដែលជាការពិពណ៌នាអំពីដែនជម្រកដែលនៅល្អ ប៉ុន្តែគ្មានសូរសព្ទ និងសំឡេងទ្រហឹងអឺងកងរបស់សត្វដែលធ្លាប់បានបន្លឺពីមុនទៀតឡើយ។ ផលប៉ះពាល់ដ៏យូរអង្វែងនៃការបាត់បង់សត្វពហុប្រភេទនៅក្នុងប្រព័ន្ធអេកូឡូស៊ី កំពុងតែស្ថិតនៅក្នុងដំណាក់កាលដែលគ្មាននរណាម្នាក់អាចទាយទុកជាមុនអំពីផលវិបាកបង្កឡើងតាមរយៈការបាត់បង់នេះឡើយ។
ការសិក្សាស្តីពីផលប៉ះពាល់នៃការប្រមាញ់សត្វព្រៃ តាមបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ បានរកឃើញថា មានកត្តាផ្សំជាច្រើន រួមមាន បច្ចេកវិទ្យាទំនើប ការលក់លើទីផ្សារមានការកើនឡើងជាងមុន ដែលធ្វើឱ្យតម្រូវការសាច់សត្វព្រៃ និងការចិញ្ចឹមសត្វកម្រ ក៏មានការកើនឡើង ដែលមានន័យថា «ការប្រមាញ់មិនអាចចាត់ទុកថាមាននិរន្តរភាពគ្រប់ទីកន្លែងនៅអាស៊ីអាគ្នេយ៍នោះទេ»។

ការទាញយកសត្វចេញពីព្រៃ ដើម្បីបំពេញតម្រូវការរបស់មនុស្ស បានបង្កនូវផលប៉ះពាល់ទៅដល់សុខភាពព្រៃឈើ និងមនុស្សជាតិ ជាពិសេសចំពេលដែលតំបន់នេះកំពុងចាប់ផ្តើមស្តារសេដ្ឋកិច្ចឡើងវិញ បន្ទាប់ពីជំងឺកូវីដ-១៩ ដែលត្រូវបានគេជឿថាមានប្រភពមកពីផ្សារលក់សត្វព្រៃ។
ស្របពេលដែលអន្ទាក់បានញាំញីព្រៃអភិរក្សក្នុងតំបន់ វិធានការដ៏តឹងតែងអាចក្លាយទៅវិធានការបង្ក្រាបទូទៅ។
លោក ដេវីស បាននិយាយថា៖ «ពួកយើងអាចគិតពីរឿងនេះពេញមួយថ្ងៃ ទាក់ទងនឹងរបៀបផ្សេងៗដែលមិនល្អដល់សត្វព្រៃក្នុងរយៈពេលវែង។ ប៉ុន្តែយើងត្រូវសង្គ្រោះថ្ងៃនេះ មិនមែនថ្ងៃស្អែកទេ។ នាថ្ងៃអនាគត ប្រហែលជាមានសត្វព្រៃច្រើននៅក្នុងតំបន់ស្នូលនេះ»។
នៅពេលលើកឡើងថា ចុះបើអនាគតតំបន់នេះមានសត្វព្រៃច្រើនលើសលុបឡើងវិញ លោក ដេវីស ដកដង្ហើមធំ ហើយនិយាយថា៖ «អ៊ីចឹងពេលហ្នឹង ពួកយើងអាចផ្ទេរសត្វទាំងនេះទៅដែនជម្រកសត្វព្រៃផ្សេងទៀតដែលជាកន្លែងពួកវាត្រូវបានគេសម្លាប់។ ឬមួយខ្លាចតំបន់នេះមានសត្វព្រៃច្រើនពេក? គេរកតែសត្វព្រៃច្រើនមិនបានផង»៕
រាយការណ៍បន្ថែមនិងបកប្រែដោយ៖ ឡាយ សុផាន់ណា
អត្ថបទនេះត្រូវបានផលិតឡើងដោយមានការសហការជាមួយ The Pulitzer Center’s Rainforest Journalism Fund និង Rainforest Investigations Network ។ អត្ថបទនេះត្រូវបានចេញផ្សាយដំបូងនៅលើ Southeast Asia Globe និង The Straits Times។