មេដឹកនាំ​ប្រទេស​មួយចំនួន​បាន​មកដល់​កម្ពុជា​ជា​បណ្ដើរៗ​សម្រាប់​កិច្ចប្រជុំ​កំពូល​អាស៊ាន

ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយអ៉ីហ្សាឌីន វ៉ាឌូឡាហ៍ ព្រះមហាក្សត្រនៃព្រុយណេដារូស្សាឡាម បានយាងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវរដ្ឋ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២២។ (ក្រសួងការបរទេសកម្ពុជា)

មេដឹកនាំនៃ​ប្រទេសសមាជិកអាស៊ាន និងថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនបាន​មកដល់ប្រទេស​កម្ពុជា​ជា​បណ្តើរៗ​ហើយ គិតត្រឹម​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ខណៈឆ្នាំ២០២២​នេះ កម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ភ្ញៀវ​សំខាន់ៗ​ដែល​បាន​មកដល់កម្ពុជា គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១០ ខែ​វិច្ឆិកានេះ រួមមាន លោក Klaus Schwab ស្ថាបនិក និងជាប្រធានប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក និង​ភរិយា, នាយករដ្ឋមន្ត្រីឡាវ លោក Phankham Viphavanh និងភរិយា, ព្រះមហាក្សត្រ ស៊ុលតង់ និង​ថ្នាក់ដឹកនាំនៃប្រទេសព្រុយណេ, នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា និងភរិយា, ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ (Joko Widodo) និងភរិយា, ប្រធានាធិបតីហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ និងភរិយា, រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងគោលនយោបាយ ចក្រភពអង់គ្លេស លោក ហ្រ្គេគ ហែន។

ចំណែកលោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីចិន បាន​មកដល់កម្ពុជា និង​ជួប​ជាមួយ​លោក​​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន នៅថ្ងៃ​៩ ខែវិច្ឆិកា ម្សិលមិញ ក្នុងនោះ ភាគីទាំង២ បាន​ចូលរួម​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់ជំនួយ​លើគ​ម្រោង​អភិវឌ្ឍន៍​មួយ​ចំនួន​នៅ​កម្ពុជា​ នៅមុន​កាល​បរិច្ឆេទ​សំខាន់​នៃ​កិច្ច​ប្រជុំ​អាស៊ាន​នេះ។

ចំណែកនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ ក៏បានធ្វើដំណើរទស្សនកិច្ចផ្លូវការមកកម្ពុជាដែរ នៅថ្ងៃទី៨-៩ ខែវិច្ឆិកា តបតាម​ការ​អញ្ជើញ​របស់​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

ដំណើរការរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន​លើក​ទី​៤០ និង​៤១ និង​កិច្ច​ប្រជុំពាក់ព័ន្ធដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ចាប់ផ្តើមដំណើរការចាប់ពីថ្ងៃអង្គារ ទី៨ ខែ​វិច្ឆិកានេះ ក្រោមការរឹតបន្តឹងសន្តិសុខសុវត្ថិភាព​ ខណៈអាជ្ញាធររាជធានីភ្នំពេញអះអាងថាបានត្រៀមរួចរាល់អស់ហើយ ក្នុងនោះមានការប្រើកម្លាំងជាង ២ ៣០០នាក់ ដើម្បីការពារសន្តិសុខ និង​សណ្តាប់ធ្នាប់ក្នុងអំឡុងកិច្ចប្រជុំនេះ។

កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ​លើកនេះ ត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ មានរយៈពេល៦ថ្ងៃ ពោលគិតចាប់ពីថ្ងៃទី​៨ ខែវិច្ឆិកា ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ យ៉ាងណា របៀបវារៈសំខាន់ៗមួយចំនួននៅមិនទាន់ចា​ប់ផ្តើមនៅឡើយ គិតត្រឹមរសៀលថ្ងៃទី១០ ខែវិច្ឆិកា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ