អាជ្ញាធរ​ខេត្តសៀមរាប​ពន្យារពេល​រក​ដំណោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​ជាង​២០០​គ្រួសារ​នៅ​ឃុំបល្ល័ង្ក

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

អាជ្ញាធរខេត្តសៀមរាប បានពន្យារពេលជួបជាមួយប្រជាពលរដ្ឋក្នុងការស្វែងរកដំណោះស្រាយដីធ្លីជូនពលរដ្ឋជាង២០០គ្រួសារ នៅ​ភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទបាគង​។

ប្រជាពលរដ្ឋ​២១០គ្រួសារ ​រស់​​នៅ​ភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ដែលមាន​ដី​អាស្រ័យ​ផល​​នៅ​ភូមិ​ធម្មជាតិ​រុនតា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី ចោទអាជ្ញាធរជា​តិអប្សរាថាបាន​ហ៊ុមព័ទ្ធ​យក​ដីរបស់ពួកគេអស់​១៦០ហិកតា តាំង​​ពី​ឆ្នាំ​២០០៥ ដោយ​សន្យាផ្តល់​សំណង​ជូន​ពួក​គាត់​ពី​៥០០​ដុល្លារ ទៅ៧០០​ដុល្លារ​ ក្នុង​១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២ ស្ថាប័នមួយនេះពុំបានផ្តល់សំណងជូនពលរដ្ឋឡើយ។

ចាប់​តាំង​ពី​ពាក់​កណ្តាល​ឆ្នាំ២០២២មក អ្នកភូមិស្នាសង្គ្រាមរាប់សិបនាក់បាននាំគ្នា​ដាក់​ញត្តិ និង​តវ៉ា​ជា​បន្តប​ន្ទាប់​នៅតាម​ស្ថាប័នរដ្ឋមួយចំនួនក្នុងខេត្តសៀមរាប ដើម្បីទាមទាររក​ដំណោះ​ស្រាយ ដោយកាលពីថ្ងៃទី៣ ខែវិច្ឆិកា រដ្ឋបាលស្រុក ខេត្ត និង​អាជ្ញាធរជាតិអប្សរា បានសន្យាជួបជាមួយអ្នកភូមិនៅថ្ងៃទី១០ ខែវិច្ឆិកា​នេះ ដើម្បីស្វែងរកដំណោះស្រាយជូនពលរដ្ឋ ប៉ុន្តែត្រូវបានលើកពេលវិញ។

លោក សំ មុំ ជា​​​ពលរដ្ឋ​​​រស់នៅភូមិស្នាសង្គ្រាម ប្រាប់វីអូឌីនៅថ្ងៃព្រហស្បតិ៍​នេះ​ថា អាជ្ញាធរពាក់ព័ន្ធទាំងនោះមិន​បាន​មក​ជួបប្រជាពលរដ្ឋតាមការសន្យានោះទេ ក្រោយហេតុផលថា​មានធុរៈ​រវល់ ហើយ​សន្យាជួបជាមួយពលរដ្ឋនៅថ្ងៃចន្ទដើម​​សប្តាហ៍ក្រោយ​វិញ។

កន្លងមក អ្នកភូមិបានដាក់ញត្តិ​ និង​តវ៉ា​នៅ​សាលាឃុំ​​បល្ល័ង្ក សាលាឃុំរុន​តាឯក សាលា​ស្រុក​ប្រាសាទបាគង សាលាខេត្តសៀម​រាប និង​អាជ្ញាធរជាតិអប្សរា ប៉ុន្តែរហូតមកដល់ពេលនេះពុំមានដំណោះស្រាយនៅឡើយទេ និងបាន​រុញដាក់គ្នាក្នុងការទទួលខុសត្រូវលើការ​ដោះស្រាយរឿងនេះផងដែរ។

ជុំវិ​ញ​រឿង​នេះ មន្ត្រីសម្របសម្រួល​គម្រោងធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណី​អាជ្ញាធរ​មិនទទួលសំណើរបស់ប្រជាពលរដ្ឋ ហើយ​រុញដាក់​គ្នា​នោះ បាន​បង្ហាញ​ពី​កម្សោយ និង​ការ​​មិន​​ទទួលខុស​ត្រូវ​​របស់​អាជ្ញាធរ​ទាំ​ង​នោះចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោកថា ទង្វើនេះគឺផ្ទុយពីរដ្ឋធម្មនុញ្ញ​របស់​កម្ពុជា ដែលចែងថា អាជ្ញាធររដ្ឋ​​ត្រូវ​ទទួល​​យក​សំណើរបស់​​ប្រជាពលរដ្ឋទៅពិនិត្យ និងដោះស្រាយយ៉ាង​ហ្មត់​ចត់​ផង​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ