អាស៊ាន​អនុញ្ញាត​ឱ្យ​ប្រទេសទីម័រឡេស្តេ​ចូល​ជា​សមាជិក

មេដឹកនាំអាស៊ានក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អាស៊ានបាន​ឯកភាព​ជា​គោល​ការណ៍​ទទួល​​យក ​​ទីម័រ​​ឡេស្តេ​​ ចូល​​ជា​​សមាជិក​អាស៊ាន​ទី​១១ នាឱកាសកិច្ចប្រជុំកំពូលអាស៊ាន​លើក​ទី៤០ និង​៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

សេចក្ដីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពី «សំណើ​សុំ​ចូល​ជាស​មាជិក​អាស៊ាន​របស់​ទីម័រឡេស្តេ» នៅថ្ងៃទី១១ ខែវិច្ឆិកានេះ បាន​បញ្ជាក់ថា ​ប្រមុខ​ដឹក​នាំ​អាស៊ាន​បាន​ជួប​ប្រជុំ​គ្នា​នៅ​កម្ពុជា នា​ឱកាស​កិច្ចប្រជុំ​កំពូល​អាស៊ាន និង​កិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផលនៃបេសក​កម្មស្វែងរកការពិតរបស់សសរស្ដម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន ក្នុងនោះប្រមុខដឹកនាំអាស៊ានបានឯកភាពគ្នាថា អនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមជាសមាជិកអាស៊ានទី១១។

ប្រមុខដឹកនាំអាស៊ានបន្ត​ថា៖ «ផ្ដល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន»។

ក្រៅពីនេះ ប្រមុខដឹកនាំអាស៊ានថា អាស៊ាន​ក៏ឯកភាពបង្កើតជាផែនទីបង្ហាញផ្លូវ​ផ្អែក​លើ​លក្ខណៈវិ​និច្ឆយ​អព្យាក្រឹត្យ សម្រាប់ការចូលជាសមាជិកពេញសិទ្ធិរបស់ទីម័រឡេស្តេ រួមទាំងផ្អែកលើសមិទ្ធផលសំខាន់នានាដែលកំណត់ដោយរបាយការណ៍នៃបេសកកម្មស្វែងរកការពិតទាំងបីសសរស្តម្ភរបស់អាស៊ាន និងបានប្រគល់ភារកិច្ចជូនក្រុមប្រឹក្សាសម្របសម្រួលអាស៊ាន ក្នុងការបង្កើតផែនទីបង្ហាញផ្លូវនេះ ហើយ​ត្រូវដាក់ជូនថ្នាក់ដឹកនាំអាស៊ានទាំងអស់អនុម័ត ក្នុងឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។

ប្រភពដដែលបន្តថា ក្នុងនោះ អាស៊ានក៏​មានការឯកភាពឱ្យប្រទេសសមាជិកអាស៊ានទាំង​អស់ និង​ដៃគូខាង​ក្រៅ ត្រូវផ្តល់ការគាំទ្រដោយពេញលេញចំពោះទីម័រឡេស្តេ ក្នុងការឈានទៅសម្រេចបាននូវសមិទ្ធផលដែលបានកំណត់ទាំង​នោះ តាមរយៈការកសាងសមត្ថភាព និងផ្តល់ការគាំទ្រចាំបាច់នានាផ្សេងទៀត សម្រាប់ការចូលជាសមាជិកអាស៊ានពេញសិទ្ធិរបស់ទីម័រឡេស្តេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ