លោក ចូ បៃដិន បញ្ជាក់ថាអាមេរិកមិនស្វែងរកជម្លោះជាមួយចិនឡើយ

លោក ចូ បៃឌិន និងលោក ស៊ី ជីនពីង កាលពីអំឡុងឆ្នាំ២០១១។ (mfa.gov.cn)

មន្ត្រីសេតវិមានមួយរូបបាន​ឱ្យដឹង​នៅ​ថ្ងៃអាទិត្យ​ម្សិល​មិញ​ថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹង​ធ្វើការ​បញ្ជាក់​នៅ​ក្នុងកិច្ចប្រជុំទ្វេភាគីរបស់​លោកជាមួយ​ប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅក្នុងប្រទេសឥណ្ឌូនេស៊ី ថាអាមេរិក គឺមិនស្វែងរកជម្លោះជាមួយចិននោះទេ។ នេះបើតាមការចុះផ្សាយដោយ​ទីភ្នាក់ងារសារព័ត៌​មាន Reuters។

ការថ្លែង​បញ្ជាក់របស់ប្រធានាធិបតីអាមេរិករូប​នេះ គ្រោង​នឹង​ធ្វើ​ឡើង​នៅក្នុងជំនួបក្រៅកិច្ចប្រជុំកំពូល G20 ក្នុងកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅ​ក្នុងសប្ដាហ៍នេះ ខណៈនេះ​ក៏ជាការ​ជួបគ្នា​ដោយ​ផ្ទាល់​ជាលើក​ដំបូង​ ចាប់​តាំង​ពី​លោក ចូ បៃដិន ចូល​កាន់​តំណែងផង​ដែរ។ នេះបើតាមការឱ្យដឹងពីទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan។

ថ្លែងប្រាប់អ្នកយកព័ត៌មាន ប្រភពដដែលបន្តថា៖ «លោកប្រធានាធិបតី [ចូ បៃដិន] មើលឃើញថា សហរដ្ឋអាមេរិក និងចិន កំពុងតែស្ថិតនៅក្នុងការប្រកួតប្រជែងដ៏តឹងតែងមួយ ប៉ុន្តែការប្រកួតប្រជែងនោះមិនគួរធ្លាក់ចូលទៅក្នុងជម្លោះ ឬការប្រឈមមុខដាក់គ្នានោះទេ។ សកម្មភាពនេះត្រូវ​ការការ​គ្រប់គ្រងប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ ដោយក្នុងនោះក៏​មាន​ផ្នែកមួយចំនួន​ដែល​យើង​​អាច​ធ្វើ​ការ​ជាមួយ​គ្នា​បានផង​ដែរ»។

លោក Jake Sullivan បន្ថែមថា កិច្ចសន្ទនារបស់លោក ចូ បៃដិន ជាមួយនឹងលោក ស៊ី ជីនពីង នឹងធ្វើឡើងដោយ​ត្រង់​ទៅត្រង់​មក ខណៈវាក៏ជាវិធីសាស្រ្តដែលលោកប្រធានាធិបតីបានអនុវត្តតាំងពីដំបូងផងដែរ។

គួរបញ្ជាក់ថា លោក ចូ បៃដិន បានធ្វើ​ដំណើរដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី កាល​ពី​យប់​ថ្ងៃ​អាទិត្យ ដើម្បី​ចូលរួមក្នុងកិច្ចប្រជុំនៃក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ (G20) ​នៅក្នុងសប្ដាហ៍នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ