លោក ហ៊ុន សែន បារម្ភ​ពី​សុខភាព​មេដឹកនាំ​បណ្ដា​ប្រទេស​មួយចំនួន ក្រោយ​លោក​ឆ្លង​ជំងឺ​កូវីដ-១៩

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ (Opening Ceremony of the 40th and 41st ASEAN Summits) នៅសណ្ឋាគារសុខាភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បារម្ភពីសុខភាពមេដឹកនាំបណ្ដាប្រទេស​មួយ​ចំនួន រួមទាំង​ប្រធានា​ធិបតីអាមេរិកផងដែរ​ ក្រោយលោកឆ្លងជំងឺកូវីដ-១៩ ដោយលោកថា ក្នុងអំឡុងកិច្ចប្រជុំកំពូល​​អាស៊ានដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ លោកបានចាប់ដៃ ធ្វើដំណើរ និងបរិភោគអាហារ​ ប្រកបដោយភាពស្និទ្ធស្នាលជា​មួយ​មេដឹកនាំបណ្ដាប្រទេសទាំងនោះ។

កាលពីថ្ងៃទី១០-១៣ ខែវិច្ឆិកា ឆ្នាំ២០២២ កម្ពុជាបានធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ​​​កំពូល​អាស៊ាន​លើកទី៤០ ទី៤១ និងកិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ​ផ្សេងទៀត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ​នៃបណ្តា​ប្រទេសតូចធំ រួមទាំងប្រទេស​មហាអំណាចនានាផងដែរ។ ក្រោយកិច្ចប្រជុំកំពូលអាស៊ានមួយថ្ងៃ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដើម្បីចូលរួមកិច្ចប្រជុំ G20 ប៉ុន្តែ​នៅពេល​ទៅដល់​ប្រទេសនោះ ក្រុមគ្រូពេទ្យឥណ្ឌូនេស៊ីបានរកឃើញថាលោកមានវិជ្ជមាន​កូវីដ-១៩ ដែលធ្វើឱ្យ​រូប​លោក និងប្រតិភូកម្ពុជា ​ខកខានចូលរួមកិច្ចប្រជុំនោះ។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហោះសារជាសំឡេង​នៅលើបណ្តាញ​ទំនាក់ទំនងសង្គម នៅ​យប់ថ្ងៃអង្គារ​ម្សិលមិញ​ ដោយ​​បង្ហាញ​​​​ពី​​​​ក្តី​បារម្ភ​របស់​​លោក ចំពោះសុ​ខ​ភាព​ថ្នាក់​ដឹកនាំប្រទេស​មួយចំនួន និងអង្គ​ការអន្តរជាតិនានា ដែលទើបនឹងចាកចេញពីកម្ពុជា ដើម្បីទៅចូលរួមកិច្ចប្រជុំ G20 នៅឥណ្ឌូនេស៊ី និង​ថ្នាក់ដឹកនាំ​នៃបណ្តាប្រទេស​មួយចំនួនទៀតបានធ្វើដំណើរទៅប្រទេសរៀងខ្លួន ខណៈលោកទើបនឹងដឹងថាឆ្លងជំងឺកូវីដ-១៩ នាពេល​ថ្មីៗនេះ។

លោកថ្លែង​ថា៖ «បញ្ហាកូវីដដែលទាក់ទងនឹងខ្ញុំព្រះករុណា ជាបញ្ហាតូចតាចទេ។ តែអ្វីដែលខ្ញុំកង្វល់ធំជាង​គេ គឺតើមេដឹកនាំដែលចេញពីកម្ពុជាទៅចូលរួមប្រជុំនៅឥណ្ឌូនេស៊ី និងការវិលត្រលប់ទៅកាន់ប្រទេសរៀងៗខ្លួនវិញ តើមានកើតកូវីដ ឬអត់? នោះទើបជាបញ្ហាកង្វល់ធំរបស់ខ្ញុំ»។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ត​ថា៖ «ព្រោះថាមេដឹកនាំដែលមានការប្រជុំនៅឯកោះបាលី ប្រទេស​ឥណ្ឌូនេស៊ី ដែលហៅថា G20 នេះ គឺត្រូវចេញពីកម្ពុជាទៅស្ទើរតែជាងពាក់កណ្ដាល ក្នុងហ្នឹងប្រធានាធិបតីឥណ្ឌូនេស៊ី គឺជាប្រធានតវេន ភ្ជាប់វេន ដែលនៅជាប់ជាមួយខ្ញុំជានិច្ច។ ក្រៅពីនោះ មានមេដឹកនាំ​មួយ​ចំនួន​ទៀត គឺ​នៅ​ជាប់​កៀក​កិតគ្នា​ ចាប់ដៃគ្នា ហើយធ្វើដំណើរជាមួយគ្នា រាប់ទាំងប្រធានា​ធិបតី​សហរដ្ឋ​អាមេរិក​ផង​ដែរ ដែល​អង្គុយបាយជាមួយគ្នា ធ្វើដំណើរជាមួយគ្នា និងអង្គុយប្រជុំជាមួយគ្នា»។

យ៉ាងណា លោកនាយករដ្ឋមន្ត្រីថា មកទល់ពេលនេះ លោក​នៅ​មិនទាន់ទទួល​បាន​ព័ត៌មាន​ថាមាន​មេដឹក​នាំ​ប្រទេស​ណាមួយឆ្លងកូវីដ-១៩ ពីកម្ពុជានៅឡើយទេ។

បើទោះជាយ៉ាងនេះក្តី លោក​​ក៏បាន​ស្នើឱ្យអ្នកវិភាគមួយចំនួនកុំវិភាគករណីលោកខកខានប្រជុំនេះទៅណាឆ្ងាយពីបញ្ហាកូវីដ-១៩ ខណៈលោកអះអាងថា គ្មានមេដឹកនាំប្រទេសណាមួយមានបំណង​យករឿង​កូវីដ-១៩ ជាលេសដើម្បីឱ្យលោកខកខានចូលរួមប្រជុំឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ