UPDATED៖ ពលរដ្ឋប្រមាណ៣០០នាក់មកពីខេត្ត៣ ជំរុញរដ្ឋាភិបាលពន្លឿនការដោះស្រាយវិវាទដីធ្លីជូនពួកគេ

សហគមន៍ដែលរងផលប៉ះពាល់ដីធ្លី មកពីស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ប្រមូលផ្ដុំគ្នាដាក់ញត្តិសុំកិច្ចអន្តរាគមន៍នៅក្រសួងមហាផ្ទៃ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ប្រជាពលរដ្ឋ​ប្រមាណ៣០០នាក់ដែល​ឡើង​មក​ពី​ខេត្ត​ចំនួន​៣ ដោយ​ជំរុញ​ឱ្យ​ក្រសួង​៣ និងខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ពន្លឿន​ការ​ដោះ​ស្រាយ​វិវាទ​ដីធ្លី​ជូន​ពួក​គេ ក្រោយជម្លោះ​នេះបាន​អូសប​ន្លាយជាង​១០​ឆ្នាំ​ហើយ។

ប្រជាពលរដ្ឋ​ដែល​ឡើង​មក​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ មក​ពី​សហគមន៍​ស្រែ​ប្រាំង បុស្ស​ស្នោ និង​សហគមន៍​កំប្រើស ស្ថិត​ក្នុង​ស្រុក​តំបែរ ស្រុក​មេមត់ ខេត្តត្បូងឃ្មុំ និងសហគមន៍​សាមគ្គីរមាសហែក ស្រុករមាសហែក ខេត្តស្វាយ​រៀង រួមនឹង​សហគមន៍ដែលរងផលប៉ះពាល់ដី្លធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។

ពលរដ្ឋដែលមកពីឃុំបឹងខ្យាង ស្រុកណ្ដាលស្ទឹង ខេត្តកណ្ដាល លោក ទួន វណ្ណៈ លើក​ឡើង​ថា ការដែល​ពួក​គាត់​​​នាំ​គ្នា​មក​​ដាក់​ញត្តិ​នៅ​ក្រសួង​មហា​ផ្ទៃ ក្រសួង​រៀប​ចំ​ដែន​ដី និង​ខុទ្ទកាល័យ ជាថ្មី​ទៀត ដោយ​សារ​ពួក​គាត់​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ដីធ្លី។ លោក​បន្ត​ថា ជម្លោះនេះ អាជ្ញាធរ​ដោះ​ស្រាយ​មិន​មាន​យុត្តិធម៌​ ដោយផ្តល់សំណងត្រឹម៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ ខណៈដីនៅតំបន់នោះមាន​តម្លៃជិត១០០ដុល្លារក្នុងមួយម៉ែត្រ​ការ៉េ ហើយ​អាជ្ញាធរ​ថែម​ទាំងដាក់កម្លាំង​មក​គំរាម​កំហែង និងបំភិត​បំភ័យ​​​មិន​​​ឱ្យ​ប្រជាពលរដ្ឋចេញតវ៉ាផងដែរ។

លោកបង្ហាញ​ការ​សោក​ស្ដាយ​ចំពោះសកម្មភាព​របស់​អាជ្ញាធរ ដែលបានបន្តគំរាមកំហែងប្រជាពលរដ្ឋដែលនាំគ្នាការពារដីធ្លីរបស់ខ្លួន។

លោកថា៖ «អត់ឱ្យចេញតវ៉ា និង​មិន​ឱ្យ​ទៅ​ធ្វើស្រែហ្នឹង​បាន​ទេ នៅពេល​ដែល​គេឈូស​ឆាយ​អស់ ទើប​គេ​ដកកម្លាំង​ហ្នឹង​អស់។ ​ខ្ញុំ​យល់​ថា អយុត្តិធម៌​ណាស់​សម្រាប់​​ប្រជា​ពលរដ្ឋ ហើយ​ដី​របស់​ពួក​យើង​សុទ្ធ​តែ​​មាន​ប្លង់​រឹងទាំង​អស់។ ខ្ញុំមិន​ដែល​ធ្វើអ្វី​ល្មើស​នឹង​ច្បាប់​ទេ ខ្ញុំធ្វើទៅតាមច្បាប់ ព្រោះ​ខ្ញុំជាប្រជាពលរដ្ឋម្នាក់ដែលកាន់ប្លង់រឹង ជាកម្ម​សិទ្ធិឯកជនស្របច្បាប់»។

លោកស្នើ​ថា៖ «សុំ​មាន​យោបល់​ថា ធ្វើយ៉ាងណាពន្លឿ​នការដោះស្រាយ​ដល់ពលរដ្ឋ​​រង​គ្រោះ ដោយ​សារ​ដីធ្លីនេះ សុំ​រាជរដ្ឋាភិបាល​ជំរុញការដោះស្រាយ ហើយបំបាត់ការរំលោភបំពាន​​ដី​របស់​ប្រជា​ពលរដ្ឋ»។

កាលពីខែកក្កដា ឆ្នាំ២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់ ដោយបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ​ថ្មី អូស៊ីអាយស៊ី (OCIC) របស់លោកឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លានម៉ែត្រការ៉េ។

តែបើតាមលោក​ ទួន វណ្ណៈ គិតមកដល់​បច្ចុប្បន្ន នៅសល់​ពលរដ្ឋ​ចំនួន១០៦គ្រួសារ ដែលមានដីទំហំជាង៤០ហិកតាទៀត ដែលមិនព្រមទទួលយកសំណងក្នុងតម្លៃ៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយថា សំណងនេះមិនអាចឱ្យ​ពួកគាត់រកទីតាំងផ្សេងនៅតំបន់នោះរស់នៅបាន។

ចំណែកតំណាងពលរដ្ឋមកពីខេត្តត្បូងឃ្មុំ លោក ផន សុផល ប្រាប់អ្នកសារព័ត៌មានវីអូឌីថា ពួក​គាត់​ឡើង​មក​ដាក់ញត្តិនៅក្រសួង​ស្ថាប័នទាំង​នេះ ដោយ​​សារ​តែ​បញ្ហាដីធ្លីរបស់ពួកគាត់ពុំទាន់មានដំណោះ​ស្រាយ ទោះបីជាកន្លងមកពួកគាត់ធ្លាប់ឡើងមករកកិច្ចអន្តរាគមន៍ពីស្ថាប័នរដ្ឋជាច្រើនហើយក្ដី។

លោកបញ្ជាក់​ថា ទោះជា​វិវាទ​ដីធ្លី​ខ្លះត្រូវ​បាន​ក្រុម​​ហ៊ុន​​ឯកជន​​​​​កាត់ឆ្វៀលដីឱ្យពលរដ្ឋវិញ ប៉ុន្តែអាជ្ញាធរ​នៅតំបន់​​នោះ បែរជាគប់គិតជាមួយអ្នកមានលុយមានអំណាច​ ចង់រំលោភយកដីរបស់​ពលរដ្ឋទៅវិញ។​

ជុំវិញករណីវិវាទដី​ធ្លីនេះដែរ លោកអះអាងថា មាន​ប្រជាពលរដ្ឋជាង១០០នាក់បាន​រង​បណ្តឹងនៅ​​តុលាការ និងតំណាងពលរដ្ឋ៤នាក់បានជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងបទ «ញុះញង់ ធ្វើឱ្យខូចខាតដោយចេតនា និងកំហែងយក» ជាដើម ក្នុងនោះក៏មានរូបលោក​​ផ្ទាល់ផងដែរ ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​​១ឆ្នាំ ពាក់ព័ន្ធនឹងបទ​ «ញុះញង់នៅលើបណ្ដាញសង្គម» ហើយ​លោកទើប​​​នឹងត្រូវបានតុលាការ​ដោះលែងឱ្យមានសេរីភាពវិញ ក្រោយអនុវត្តទោស​ចប់។

លោកបន្តថា៖ «ក្នុងនាមខ្ញុំជាអ្នកដែលរងគ្រោះដីធ្លី ពេលដែលយើងមានបញ្ហាដីធ្លី យើងមកទាមទារតវ៉ា ស្នើសុំឱ្យមានដំណោះស្រាយ បែរទៅជាចោទប្រកាន់វិញ ខ្ញុំគិតថា វាជាការមួយដែលរំលោភសិទ្ធិក្នុងការបញ្ចេញមតិ ក៏ដូចជាការទាម​ទារ​រក​ដំណោះ​ស្រាយ។ សម្រាប់ខ្ញុំជាប្រជាពលរដ្ឋតំណាងនៅខេត្តត្បូង​ឃ្មុំ ខ្ញុំស្នើសុំរដ្ឋាភិបាល ក៏ដូចជាមន្ត្រីអាជ្ញាធរគ្រប់ជាន់​ថ្នាក់​ធ្វើ​យ៉ាងណា​កុំ​យក​ប្រព័ន្ធ​តុលាការគាប​សង្កត់​ដាក់​បន្ទុកឱ្យអ្នកដែលមានបញ្ហាដីធ្លី ព្រោះ​​នាយក​រដ្ឋមន្ត្រីនិយាយ​រួម​ហើយ មិនឱ្យអ្នកមានបញ្ហាដីធ្លី​ណាមួ​យ​មាន​ទឹកភ្នែក ​ឬជាប់ពន្ធនាគារទេ ប៉ុន្តែ​តុលាការតែងយកបទចោទផ្សេងៗ​យកមកដាក់ទម្លាក់កំហុសឱ្យអ្នកមានបញ្ហាដីធ្លី ដើម្បីចាប់ខ្លួន»។

បើតាមពលរដ្ឋអះអាង បាន​ឱ្យដឹង​​​ថា ដីនៅសហគមន៍ស្រែប្រាំង ចំនួន៧៨៥ហិកតា និងសហគមន៍​បុស្ស​ស្នោ ទំហំ៤៤៥ហិកតា ផ្ដើម​​មាន​​ជម្លោះ​ជា​មួយ​ក្រុម​​ហ៊ុន​​ចិន «ហាម៉ីនី វីន អ៊ិនវេសមេន» និងមាន​​ជម្លោះ​ជាមួយ​ឧកញ៉ា ម៉ែន ចាន់​ធឿន ចាប់តាំងពីឆ្នាំ២០១៤ រហូតមកដល់ពេលបច្ចុប្បន្នមិនទាន់មានដំណោះស្រាយនៅឡើយទេ។

ចំណែកពលរដ្ឋមកពីភូមិច័ន្ទមូល ឃុំច័ន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ អ្នកស្រី គង់ ឡាំ អាយុ៧៦ឆ្នាំ បាន​​រៀប​​រាប់​ថា ដីធ្លីរបស់ពលរដ្ឋទំហំ៨០ហិកតាត្រូវបាន​អាជ្ញាធរព្រំដែន​​ហាម​ឃាត់​​មិនឱ្យពួកគាត់អាស្រ័យផលឡើយ​ បើទោះជាដីនៅតំបន់នោះ​មាន​ការ​​បោះប​ង្គោល​រួច​​ជាមួយ​វៀត​ណាមក៏ដោយ​​។ អ្នកស្រីបន្តថា ការបន្តហាមឃាត់ពលរដ្ឋមិនឱ្យ​បង្កបង្កើនផលលើដីរបស់ខ្លួននេះ បានធ្វើឱ្យពួកគាត់ជួបការលំបាកក្នុងជីវភាពយ៉ាងខ្លាំង។

ករណីនេះ អ្នកស្រីបាន​ស្នើទៅរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ ជួយពន្លឿនការ​ដោះ​ស្រាយវិវាទ​ដីធ្លី ដោយប្រគល់ដីនោះឱ្យពលរដ្ឋវិញ​ ខណៈ​បច្ចុប្បន្ន ពួកគាត់​គ្មាន​ដី​​សម្រាប់​ធ្វើ​ស្រែ​ឡើយ។

អ្នកស្រីនិយាយ​​ថា៖ «ឥលូវហ្នឹង ម៉ែកំពុងពិបាកណាស់ហើយបានជាម៉ែខំពុះពារ ដោយ​សារ​ម៉ែគ្មាអីធ្វើ​សោះ សូម​ឱ្យ​កូន​គ្រប់​លំដាប់​ថ្នាក់​ឱ្យ​ជួយ​ម៉ែផង។ ម៉ែមក​នេះដើម្បី​ឃ្លាន​ មនុស្ស​​សត្វ​ប៉ុ​ន​មេដៃ​ក៏​វា​រស់​ដើម្បី​បាយ រស់ដោយ​សារ​ចំណី ចុះ​បើ​សិន​ជាគ្មានចំណី ឱ្យប្រជាជនរស់នឹងអី?»

វីអូឌី មិន​អាច​សុំការ​អត្ថាធិប្បាយ​ជុំវិញ​ករណីនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់ លោក សេង ឡូត បានទេ នៅថ្ងៃនេះ។

ប៉ុន្តែ​បើតាមក្រុមប្រជាពលរដ្ឋទាំង​៣​ខេត្ត អះ​អាងថា ក្រសួង​​រៀបចំដែន​ដី​ ក្រសួង​មហាផ្ទៃ ខុទ្ទ​កាល័យ​នាយករ​ដ្ឋមន្ត្រី និងក្រសួងកសិកម្ម បាន​ទទួលយក​​ញត្តិរបស់​​ពួក​​គាត់ហើយ​ ប៉ុន្តែ​​មិន​​ទាន់​ឆ្លើយ​​តប​​យ៉ាងណា​នៅឡើយទេ។

អ្នកសម្របសម្រួលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ញិល ភាព សង្កេតឃើញថា កន្លងមក ក្រសួងនិងស្ថាប័ន​ពាក់ព័ន្ធ​ទទួល​យកញត្តិរបស់ក្រុមប្រជាពលរដ្ឋ ប៉ុន្តែមិនបាន​ធ្វើកា​រ​ដោះស្រាយទេ ទើប​វិវាទ​នេះបន្ត​អូស​បន្លាយ​រហូត​ដល់​ពេល​បច្ចុប្បន្ន។ លោកបន្តថា ការមិន​ដោះស្រាយ ហើយ​យក​កម្លាំង​ទៅ​គំរាម​កំហែង​ប្រជាពលរដ្ឋរងគ្រោះ ដើម្បីកុំឱ្យឡើងមកតវ៉ា​នោះ ក៏វាមិនអាចធ្វើឱ្យជម្លោះ និងធ្វើឱ្យប្រជាពលរដ្ឋបញ្ឈប់ការតវ៉ាបានដែរ។ 

លោកថា៖ «ខ្ញុំមានតែសំណូមពរដល់រាជរដ្ឋាភិបាល ជាពិសេសស្ថាប័នពាក់ព័ន្ធ គឺត្រូវតែមានវិធាន​ការ យន្ត​ការ​បែប​ណា ដើម្បី​ដោះស្រាយបញ្ចប់វិវាទដីធ្លីនេះ​ទៅ ហើយ​បើមិន​មាន​ដំណោះស្រាយ​ទេ វិវាទ​ហ្នឹង​ ដូចខ្ញុំនិយាយអ៊ីចឹង​ កុំអាងប្រើប្រាស់កម្លាំង បំបិទសិទ្ធិសេរីភាពឃាត់ឃាំង ហាម​មិនឱ្យប្រជាពលរដ្ឋឡើងមកភ្នំពេញ មកដាក់ញត្តិមក​អី ទោះហាម​យ៉ាង​ណាក៏​ដោយ មនុស្ស​ត្រូវ​ការ​ដី មនុស្សត្រូវការជីវិតរស់នៅ បើអត់ដោះស្រាយទេ ចរន្តនៃការតស៊ូគឺនៅតែតស៊ូរហូត»

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ