CCHR ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ចប់​និទណ្ឌភាព​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​អ្នកសារព័ត៌មាន​និង​អ្នកការពារ​សិទ្ធិមនុស្ស

អាជ្ញាធរខណ្ឌបានរារាំងក្រុមអ្នកសារព័ត៌មាននិងសង្គមស៊ីវិល អំឡុងពេលកូដករណាហ្គាវើលដ៍ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

របាយការណ៍ថ្មីមួយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា (CCHR) បន្ត​រក​ឃើញ​​​ថា ប្រព័ន្ធតុលាការ​ នៅតែជាឧបករណ៍គំរាមកំហែងដល់អ្នកសារព័ត៌មាន និងអ្នកការពារសិទិ្ធមនុស្ស ដែល​បញ្ហា​​នេះតម្រូវ​ឱ្យ​រដ្ឋាភិបាល​កែ​លម្អ​ប្រព័ន្ធ​ច្បាប់ ដើម្បីបញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្ម​ប្រឆាំងអ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស​។

ក្នុងរបាយការណ៍ជិត ៦០​ទំព័រ របស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចេញនៅ​ថ្ងៃ​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ បានលើកឡើងថា​ ចាប់​ពី​ថ្ងៃទី​០១ ខែ​កញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែ​សីហា ឆ្នាំ២០២២ អ្នកសារព័ត៌មានចំនួន២០​នាក់ និងអ្នកការពារសិទ្ធិមនុស្សចំនួន១៣​នាក់ បានរងការគាបសង្កត់ និង​រងគ្រោះ ដោយ​សារ​​រដ្ឋាភិបាល​មិនបានអនុវត្តច្បាប់ឱ្យ​បានពេញ​លេញ និង​មិន​បាន​បើក​លំហសិទ្ធិ​សេរីភាព​បញ្ចេញមតិ និងសិទ្ធិសេរីភាពសារព័ត៌មាន។

ប្រភពដដែល​បន្តថា រដ្ឋាភិបាលកម្ពុជាកំពុងប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីបំភិតបំភ័យ និងយាយី​អ្នក​សារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ដែលធ្វើឱ្យប្រជាពលរដ្ឋប្រឈមឧបសគ្គជាច្រើនក្នុង​ការទទួលបានព័ត៌មាន និងការដាក់កំហិតខ្លួនឯងក្នុងការ​ធ្វើសកម្មភាព ខណៈ​អាជ្ញា​បណ្ណ​​​ប្រ​ព័ន្ធផ្សព្វផ្សាយចំនួន​៤ ក៏ត្រូវបានរដ្ឋាភិបាលកម្ពុជាដកហូត។

របាយការណ៍ CCHR បានគូសបញ្ជាក់ទៀត​ថា៖ «រដ្ឋាភិបាល​បាន​និងកំពុង​ប្រើ​ប្រាស់ ដើម្បី​បង្រ្កាប​លើ​សេរីភាព​ខាង​ការបញ្ចេញ​មតិ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំចុងក្រោយនេះ។ ការបំភិតបំភ័យ ការឃ្លាំមើលអ្នកសារព័ត៌មាន ការ​គំរាមកំហែង​ឬការយាយីតាមប្រព័ន្ធតុលាការ ក៏ត្រូវបានប្រើប្រាស់ជា​ប្រចាំ​ផង​ដែរ ដើម្បីកំណត់មុខសញ្ញាអ្នកសារព័ត៌មា​ន​ អ្នកហ៊ាន​បញ្ចេញមតិជាមួយអ្នកសារព័ត៌មាន និង​អ្នកការពារសិទ្ធិមនុស្ស គឺជាគោលដៅចម្បងរបស់រដ្ឋាភិបាលដែលប្រឆាំងនឹងសំឡេងរិះគន់»។

មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជា បានផ្ដល់អនុសាសន៍ និង​ស្នើទៅរដ្ឋាភិបាល រួមទាំង​អាជ្ញាធរ​ពាក់​ព័ន្ធ​ ​លុប​ចោល និង​ធ្វើវិសោធន​កម្មច្បាប់ដែល​មាន​បញ្ហាមួ​យចំ​នួន ដូចជា អនុក្រឹត្យ​ស្ដី​ពីការ​បង្កើត​ច្រកទ្វារអ៊ីន​ធឺណិត​ជាតិ ​ប​ទ​ប្រមាថអង្គព្រះមហាក្សត្រ ឬច្បាប់ស្ដីពីការគ្រប់គ្រងប្រទេស​ជាតិ​ក្នុង​គ្រាអា​សន្ន ជាដើម​ ដើម្បីធានា​ថា សិទ្ធិសេរីភាពបញ្ចេញមតិ សិទ្ធិសេរីភាពសារព័ត៌​មាន និងទទួលបានព័ត៌មាន ​​ត្រូវបានការពារ។

លើសពីនេះ CCHR បាន​ជំរុញឱ្យ​មានការ​​ដោះលែង ទម្លាក់​ការ​ចោទ​ប្រកាន់ និងបញ្ឈប់រាល់​ការ​យាយីតាម​ប្រព័ន្ធ​តុលាការ លើអ្នកសារព័ត៌មាន និង​អ្នកការពារសិទ្ធិមនុស្ស ដើម្បីឱ្យ​ពួក​​គេអាចអនុវត្តសកម្មភាពស្របច្បាប់ ដោយ​សេរី គ្មានភាពភ័យខ្លាច ឬឧបសគ្គរារាំង។

CCHR ក៏បាន​ជំរុញឱ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ បញ្ចប់និទណ្ឌភាពចំពោះឧក្រិដ្ឋកម្មប្រឆាំង​អ្នក​សារ​ព័ត៌មាន​ និងអ្នកការពារសិទ្ធិមនុស្ស​ ដោយ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់​ចត់ និង​ឯករាជ្យ និង​នាំ​យកជនល្មើសមកដាក់ទោសផងដែរ។

CCHR បន្តថា៖ «ធានា​ថា គ្រប់ស្ថាប័នជាតិ រដ្ឋាភិបាល ស្ថាប័នសាធារណៈ និងស្ថាប័នឯកជន ដែល​បំពេញ​មុខ​ងារ​សាធារណៈ​ទាំង​អស់ ប្រកាន់ខ្ជាប់នូវគោលការណ៍នៃការបង្ហាញ​ព័ត៌​មានជា​អតិបរមា និង​យល់ព្រមរាល់សំណើ​សុំបង្ហាញ​ព័ត៌មាន ជាពិសេសសំណើពីអ្នកសារព័ត៌មានស្នើសុំទិន្នន័យ​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល ដើម្បី​ឱ្យ​ព័ត៌មាន​មាន​សារៈសំខាន់​ចំពោះប្រយោជន៍សាធារណៈ អាចផ្សព្វផ្សាយបាន​ដោយសេរី​នៅក្នុងប្រទេស និងបង្កើនតម្លាភាពនិងគណនេយ្យភាពចំពោះសកម្មភាពរដ្ឋាភិបាល»។

អ្នកសម្របសម្រួលគម្រោងលើក​កម្ពស់ និង​ការ​ពារ​សេរីភាព​ខាង​ការ​បញ្ចេញ​មតិ និង​ប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា លោក ហួន ផន មានប្រសាសន៍នៅថ្ងៃព្រហស្បតិ៍​នេះ​ថា ការយកប្រព័ន្ធតុលាការ​​ទៅ​យាយី​​ទៅលើ​​អ្នក​សារ​ព័ត៌​​មាន និង​អ្នកការពារសិទ្ធិមនុស្ស នឹង​ធ្វើ​​ឱ្យ​រារាំង​​ដល់​​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ និងឆ្លុះបញ្ចាំងថា​រដ្ឋាភិបាលមិនបានបំពេញកាតព្វកិច្ចរបស់ខ្លួន ដែល​មានចែងក្នុងរដ្ឋធម្មនុញ្ញ និង​លិខិតុបករណ៍អន្តរជាតិ។

​​​​​លោកថា៖ «វាធ្វើឱ្យដំណើរការប្រជាធិបតេយ្យមិនបានបរិបូរណ៍ទេ អត់បានរលូន វា​បង្អាក់​ដំណើរ​ការ​ប្រជាធិបតេយ្យ។ យើងនិយាយ​នីតិរដ្ឋ​ នៅពេលនិយាយនីតិរដ្ឋ យើងនិយាយដល់ការគោរពសិទ្ធិមនុស្ស នៅពេលដែលពួក​គាត់​អនុវត្តជាដើម ហើយរងនូវ​ផល​ជះ​អវិជ្ជមាន អ៊ីចឹង​វា​ធ្វើឱ្យការអនុវត្តច្បាប់ ឬអ្នកដែលប្រព្រឹត្ត បន្ទាប់​មិនត្រូវ​បាន​គេយ​ក​មកអនុវត្តទោសជាដើម»។

អ្នកសារព័ត៌មាន​ជាស្ត្រីមួយ​រូប​ អ្នកស្រី ហង្ស សម្ផស្ស មើលឃើញថា សេរីភាពសារព័ត៌​មាននៅ​ក្នុងឆ្នាំ២០២២នេះ នៅ​​មិនទាន់​មានភាពល្អ​ប្រសើរនៅ​ឡើយ​ទេ ដោយ​សារ​​​អ្នក​​សារ​ព័ត៌​​មាន​​នៅ​​​តែ​​រង​ការ​​បំភិត​​បំភ័យ ហើយការ​​ផ្សព្វ​ផ្សាយ​ព័ត៌​មានក៏​នៅ​មិនទាន់បាន​​ទូលំទូលាយដែរ ដែល​ករណី​​នេះបាន​​​ឆ្លុះប​ញ្ចាំង​​ឱ្យ​ឃើញ​ថា សង្គម​កម្ពុជា​នៅ​​មិនទាន់​​មា​ន​​លទ្ធិប្រជាធិបតេយ្យ​ពេញលេញនៅ​ឡើយ។​

អ្នកស្រីបន្តថា បើរដ្ឋាភិបាលនៅបន្ត​យកប្រព័ន្ធតុលាការ​មកយាយីលើអ្នកសារព័ត៌មាន​បន្ត​ទៀត ​នោះនឹងប៉ះពាល់ដល់​មុខមាត់រដ្ឋាភិបាល​នៅ​លើឆាកអន្តរជាតិ។

អ្នកស្រី​ថា៖ «​បើអ្នកកាសែតមិនអាចនិយាយ មិន​អាច​ផ្សព្វផ្សាយការពិតក្នុងស​ង្គម​ គឺ​ត្រូវ​ធ្វើ​ឱ្យ​រឿង​ពិតទាំង​ឡាយ​ត្រូវ​កាត់​ផ្ដាច់​ចេញ​ពី​ប្រជា​ពលរដ្ឋ។ ហើយមួ​យ​ទៀត​ រឿង​ដែល​ឱ្យប្រជាពលរដ្ឋ​ដឹ​ង ​ត្រូវបិទទាំងអស់។ អ៊ីចឹងសិទ្ធិ​បញ្ចេញ​មតិ សេរីភាពសារព័ត៌មាន សិទ្ធិ​ទទួល​ព័ត៌មាន មិនត្រូវបានអនុវត្តឱ្យបានពេញលេញ​នៅ​ក្នុងប្រទេស​យើង​ទេ ធ្វើឱ្យការអភិវឌ្ឍ​មានការយឺតយ៉ាវ ​ធ្វើឱ្យជីវភាព​​ប្រជាពលរដ្ឋមាន​ការ​ប៉ះពាល់ ជាពិសេសធ្វើឱ្យប្រទេសយើងមិន​មានប្រជាធិបតេយ្យពិតប្រាកដ មានន័យ​ថា រឿង​ទាំង​​អស់​ត្រូវបានផ្សព្វផ្សាយតែរឿងណាដែលគេចង់ឱ្យផ្សាយ រឿងណាដែលប្រជាពលរដ្ឋគួរដឹង មិន​ត្រូវបាន​ដឹង! វាប៉ះពាល់ដល់ការរីកចម្រើនរបស់ប្រទេស ទៅ​ជា​សក្ដានុពលរដ្ឋរបស់ប្រទេសត្រូវបានបិទខ្ទប់»។

អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ាលីន លើកឡើងថា រដ្ឋាភិបាលមិន​បាន​រឹត​ត្បិត​លើសេរីភាព​អ្នកសារព័ត៌មានឡើយ ផ្ទុយទៅវិញ អ្នកសារព័ត៌មានខ្លួនឯងទេដែលបានបែងចែកបក្ខពួកទៅតាមនិន្នាការនយោបាយ។

លោកថា៖ «ដូចក្រុមគាត់ជាដើម គាត់​បាន​ចាត់​ទុក​ថា​ជា​ក្រុម​ឯករាជ្យ ដោយ​សារ​​គាត់រិះគន់រដ្ឋាភិបាល គាត់ផ្សាយ​ពី​ចំណុចអវិជ្ជមាន ចំណុចអាក្រក់របស់រដ្ឋាភិបាល ហើយគាត់ឱ្យនិយមន័យថា​ ក្រុម​គាត់​ឯករាជ្យ ហើយគាត់​ឱ្យ​និយម​ន័យ​ទៅក្រុមគេផ្សេង​ដែលផ្សាយខុសពីគាត់ ថាជាក្រុមមិនឯករាជ្យ ដែល​គ្មានវិជ្ជាជីវៈ។ អ៊ីចឹង​វា​មិនមែន​ជា​ការ​រឹតត្បិតទេ​ ប៉ុន្តែមកពីក្រុមគាត់ខ្លួនទេ ដែល​ធ្វើការ​លាបពណ៌គ្នាទៅវិញទៅមក ដើម្បីផលប្រយោជន៍ ឬនិន្នាការនយោបាយរៀងៗខ្លួន អាហ្នឹងជាបញ្ហាអ្នកសារព័ត៌មាន»។

កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២២ អង្គការគម្រោងយុត្តិធម៌ពិភព​លោក (World Justice Project) បានចេញផ្សាយរបាយការណ៍មួយ ដោយបន្តដាក់ចំណាត់​ថ្នាក់​​​ប្រទេស​កម្ពុជា​ថាមាន​ការ​គោរពនីតិរដ្ឋ​ទាប ដោយ​ស្ថិតនៅលេខរៀង១៣៩ ក្នុង​ចំណោមប្រទេស១៤០ លើពិភពលោក។

របាយ​ការណ៍​ដដែល​បន្ត​ថា មូលហេតុចម្បងដែលទាញទម្លាក់នីតិរដ្ឋនៅកម្ពុជាឱ្យធ្លាក់ចុះដល់បាតតារាងនេះ ដោយសារតែអំណាចនយោបាយជ្រៀតជ្រែកស្ថាប័នសភា និងតុលាការ ដែលជាសសរស្ដម្ភកំពូលរបស់ជាតិ បាន​ធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យ​អំណាចតាម​បែប​ប្រជា​ធិបតេយ្យ កម្សោយលើការទប់ស្កាត់អំពើពុករលួយ និង​ការរំលោភសិទ្ធិមនុស្ស រួមទាំងអយុត្តិធម៌សង្គម ជាដើម។

របាយការណ៍របស់អង្គការ​អ្នក​កាសែត​គ្មាន​ព្រំដែន ​ចេញ​ផ្សាយកាលពីថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ បង្ហាញថា សេរីភាពសារព័ត៌មានកម្ពុជា​ ឆ្នាំ២០២២ នៅតែអាក្រក់ដដែល ពោល​គឺស្ថិតនៅលេខរៀងទី១៤២ លើ១៨០​ប្រទេសនិងដែនដី​នៅ​លើពិភព​លោក។ ចំណាត់​ថ្នាក់​នេះបង្ហាញ​ដែរ​ថា ​សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្តធ្លាក់​ចុះជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨មក ពោលគឺនៅមិនទាន់មានភាពប្រសើរឡើងវិញនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ