ប្រធានាធិបតី​តៃវ៉ាន់​លាលែង​ពី​តំណែង​ជា​ប្រធានបក្ស បន្ទាប់​ពី​ចាញ់ឆ្នោត​នៅ​ថ្នាក់មូលដ្ឋាន

ប្រធានាធិបតី​តៃវ៉ាន់ លោកស្រី Tsai Ing-wen បោះឆ្នោត​នៅ​ការិយាល័យ​បោះឆ្នោត​ ក្នុង​ពេល​បោះឆ្នោត​តំបន់ ​ក្នុង​ទីក្រុង Taipei ដែនកោះតៃវ៉ាន់ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២។ (REUTERS/Carlos Garcia Rawlins)

កាលពីថ្ងៃសៅរ៍ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី សៃ អ៊ីងវេន (Tsai Ing-wen) បានលាលែងពីតំណែងជាប្រធានគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាច បន្ទាប់លោកស្រីបានចាញ់ការបោះឆ្នោតនៅថ្នាក់មូលដ្ឋាន។ នេះបើយោងតាមការ​ចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២។

លោកស្រី សៃ អ៊ីងវេន បានលើកឡើងថា ពិភពលោកកំពុងមើលពីរបៀបដែលតៃវ៉ាន់ការពារលទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ចំពេលមានភាពតានតឹងផ្នែកយោធាជាមួយចិន ដែលចិនអះអាងថាដែនកោះមួយនេះជាទឹកដីរបស់ខ្លួន។

គណបក្សប្រឆាំងដ៏ធំ គឺគណបក្សគួមីងតាង (Kuomintang) ឬ KMT ទទួលបាន១៣អាសនៈ​ ក្នុងចំណោម២១អាសនៈ នៃតំណែងជាចៅហ្វាយក្រុង និងចៅហ្វាយស្រុក រួមទាំងរដ្ឋធានីតៃប៉ិ បើប្រៀបធៀបទៅនឹងគណបក្សគណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលទទួលបានតែ៥អាសនៈ។

លោកស្រី សៃ អ៊ីងវេន បានប្រាប់អ្នករាយការណ៍ព័ត៌មាននៅឯទីស្នាក់ការកណ្ដាលគណបក្សថា៖ «លទ្ធផលបានបរាជ័យផ្ទុយពីការរំពឹងទុករបស់យើង។ យើងទទួលយកលទ្ធផលនេះ ដោយបន្ទាបខ្លួន និងទទួលយកការសម្រេចចិត្តរបស់ប្រជាជនតៃវ៉ាន់»។

ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់បានប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ គឺជាការបោះឆ្នោតជ្រើសរើសចៅហ្វាយក្រុង ចៅហ្វាយស្រុក និងក្រុមប្រឹក្សាមូលដ្ឋាន ហើយការបោះឆ្នោតនេះផ្ដោតសំខាន់លើបញ្ហានៅក្នុងស្រុក ដូចជា ជំងឺកូវីដ-១៩ និងឧក្រិដ្ឋកម្ម។

ប្រភពសារព័ត៌មានដដែលបន្តថា ការបោះឆ្នោតថ្នាក់តំបន់នៅតៃវ៉ាន់នេះទៀតសោត កើតមានឡើងតែមួយខែប៉ុណ្ណោះ បន្ទាប់ពីសមាជបក្សកុម្មុយនីស្ដចិន លើកទី២០ ដែលលោក ស៊ី ជីនពីង ត្រូវបានជ្រើសរើសតាំងឱ្យបន្តកាន់តំណែងជាអគ្គលេខាធិការបក្ស និងប្រធានាធិបតិចិនសម្រាប់អាណត្តិទី៣។

គួរបញ្ជាក់ថា ចាប់តាំង​ពី​លោកស្រី សៃ អ៊ីងវេន ឡើង​កាន់​អំណាច​មក​ ចិន​បាន​កាត់​ផ្តាច់​ទំនាក់ទំនង​ផ្លូវការ​ជាមួយ​កោះ​តៃវ៉ាន់ ហើយ​បាន​បង្កើន​សមយុទ្ធយោធារបស់ខ្លួនជាបន្តបន្ទាប់។ ភាពតានតឹងរវាង​តៃ​វ៉ាន់​ និង​ចិន​ កាន់តែខ្លាំងឡើងកាលពី​ខែ​សីហា នៅពេល​ប្រធាន​សភា​អាមេរិក ​លោកស្រី ណានស៊ី ផេឡូស៊ី (Nancy Pelosi) បានទៅធ្វើទស្សនកិច្ចនៅដែនកោះមួយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ