សង្គមស៊ីវិល​និង​អ្នកជំនាញ​មិនមាន​ជំនឿ​លើ​រដ្ឋាភិបាល​ក្នុង​ការ​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឱ្យ​បាន ៥០% នៅ​ឆ្នាំ២០៣០

ចរាចរណ៍នៅតាមបណ្ដោយផ្លូវ ស្ពានព្រែកតាមាក់។ រូបភាព៖ ជន ចាន់រ៉ែន

ម​ន្រ្តីសង្គមស៊ីវិល និងអ្នកជំនាញផ្នែកចរាចរណ៍ ​មិនមានជំនឿលើរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០ ដោយសារកម្ពុជាមិនទាន់​បង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹងនៅឡើយ ខណៈគ្រោះថ្នាក់ចរាចរណ៍ជាច្រើន​បង្កឡើងដោយអ្នកបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង។

ការលើកឡើង​នេះ ស្របពេលដែលរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោក កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ថាតាមផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចណ៍ផ្លូវគោកលើកទី២ បានកំណត់ទិសដៅក្នុងការកាត់បន្ថយចំនួនអ្នកស្លាប់ និងចំនួនអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកឱ្យបាន ៥០% នៅឆ្នាំ២០៣០។

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង សង្កេតឃើញថា គ្រោះថ្នាក់ចរាចរណ៍កន្លងមក ភាគច្រើនកើតចេញពីអ្នកប្រើប្រាស់គ្រឿងស្រវឹង ការបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរមិនប្រុងប្រយ័ត្ន ការអនុវត្តច្បាប់មានភាពលម្អៀង ខណៈនៅតាមដងផ្លូវខ្លះមិនបានដាក់ស្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ ហើយបែរជាសម្បូរដោយផ្ទាំងប៉ាណូផ្សព្វផ្សាយគ្រឿងស្រវឹងស្អេកស្កះតាមដងផ្លូវ ជាដើម។

ករណីនេះ លោក យង់ គិមអេង ហាក់មិនមានជំនឿលើរដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន ៥០% នៅឆ្នាំ២០៣០ ខាងមុខនេះនោះទេ ដរាបណាអ្នកបើកបរនៅតែបើកក្រោមឥទ្ធិពលគ្រឿងស្រវឹង និងកង្វះការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង។

លោកមានប្រសាសន៍ថា៖ «ដើម្បីធានាប្រសិទ្ធភាព យើងត្រូវតែគិតគូរអំពីការដាក់ស្លាកសញ្ញាចរាចរណ៍ [តាមដងផ្លូវ] ឱ្យបានច្បាស់លាស់ ហើយកុំឱ្យមានការបើកបរក្រោមជាតិស្រវឹង ត្រូវមានការត្រួតពិនិត្យជាតិអាល់កុលឱ្យបានច្បាស់លាស់។ អាហ្នឹងយើងអាចកាត់បន្ថយបានហើយ បើសិនជាយើង មិនហ៊ាននិយាយ មិនហ៊ានធ្វើ មិនហ៊ានចាត់វិធានការតឹងតែងទៅលើអ្នកបើកបរប្រើគ្រឿងស្រវឹង យើងមិនងាយទៅកាត់បន្ថយបានទេ» ។ ​

អ្នកជំនាញផ្នែកចរាចរណ៍ លោក គង់ រតនៈ បានលើកឡើងប្រហាក់ប្រហែលនឹងលោក យង់ គិមអេង ដែរ។ ​លោកជំរុញទៅរដ្ឋាភិបាលបង្កើតច្បាប់គ្រប់គ្រងគ្រឿងស្រវឹង ដើម្បីដាក់ទោសទណ្ឌលើអ្នកប្រព្រឹត្តខុសឱ្យបានតឹងរ៉ឹង ទើបកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍បានប្រសិទ្ធភាពខ្ពស់។

លោកជំរុញដូច្នេះថា៖ «ការទទួលទានគ្រឿងស្រវឹង វាស្ទើរក្លាយទៅជាទម្លាប់ប្រពៃណីរបស់ប្រជាជន ជាពិសេសក្នុងចំណោមយុវជនយើង ឡើងចាក់ឫសទៅហើយ។ អ៊ីចឹងសម្រាប់ខ្ញុំ ចង់កាត់បន្ថយគ្រឿងស្រវឹង យើងត្រូវការច្បាប់មួយរឹងមាំខ្លាំង យើងត្រូវការតាំងចិត្តខ្ពស់ពីសំណាក់រដ្ឋាភិបាល ក៏ដូចជាពីសំណាក់អ្នកដែលទទួលខុសត្រូវផ្នែកសុខភាពសាធារណៈនេះឯង»។ ​

លោកបន្ថែមថា៖ «អ៊ីចឹងយើងត្រូវការអនុវត្ត និងអ្នកដាក់បម្រាមតឹងរ៉ឹង យើងត្រូវការការអប់រំផ្សព្វផ្សាយឱ្យយល់អំពីផលវិបាកនៃគ្រឿងស្រវឹង។ អាហ្នឹង ​បានយើងអាចកាត់បន្ថយជាបណ្តើរៗទៅបាន ហើយបើចង់ធ្វើម្តងឱ្យសម្រេចតែម្តង យើងធ្វើអត់បានទេ ពីព្រោះវាក្លាយទៅជាទម្លាប់មួយដែលពិបាកនឹងកែ»។

វីអូឌី មិនអាចសុំការបំភ្លឺពីនាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ លោក ចេវ ហាក់ បានទេ នៅថ្ងៃទី២៩ ខែវិច្ឆិកា។

យ៉ាងណា ទំព័រហ្វេសប៊ុករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឱ្យដឹង​ថា ដើម្បីសម្រេចបានក្នុងការកាត់បន្ថយអត្រាអ្នកស្លាប់ និងអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍ឱ្យបាន៥០ភាគរយ នៅឆ្នាំ២០៣០ ផែនការជាតិទសវត្សរ៍សុវត្ថិភាពចរាចណ៍ផ្លូវគោកលើកទី២ បានដាក់គោលដៅសំខាន់២ ដែលត្រូវផ្តោត គឺកាត់បន្ថយចំនួនអ្នកស្លាប់ និងចំនួនអ្នករបួស ដែលបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍ និងបង្កើនប្រសិទ្ធភាពនៃការអនុវត្តការងារសុវត្ថិភាពចរាចរណ៍ ដោយផ្អែកលើសសរស្ដម្ភទាំង៦។ 

សសរស្ដម្ភទាំង៦នោះ រួមមាន ពង្រឹងការគ្រប់គ្រងការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក, ពង្រឹងការអនុវត្តច្បាប់, ពង្រឹងការអប់រំផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍,​ ពង្រឹងការគ្រប់គ្រងវិស្វកម្មសុវត្ថិភាពផ្លូវថ្នល់, ពង្រឹងប្រសិទ្ធភាពនៃសេវាសង្គ្រោះបន្ទាន់ និងពង្រឹងការគ្រប់គ្រងសុវត្ថិភាពយានយន្ត។

យោងតាមរបាយការណ៍បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២១ ដែលបានផ្សព្វផ្សាយ​កាលពី​ដើម​ខែកុម្ភៈ​ បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១ បានកើតឡើង​ចំនួ​ន​២ ៦៧០លើក បណ្ដាលឱ្យស្លាប់ចំនួន១ ៤៩៧នាក់។ ចំនួនអ្នកស្លាប់នេះបានថយចុះ១៦៧នាក់ បើធៀបនឹងឆ្នាំ២០២០ ដែលមានចំនួន១ ៦៦៤នាក់។ ចំណែកអ្នករងរបួសក៏បានធ្លាក់ចុះជិតពាក់កណ្ដាល ពោលគឺពីចំនួន៦ ១៤១នាក់ នៅឆ្នាំ២០២០ មកនៅត្រឹម៣ ៦១៥នាក់ នៅឆ្នាំ២០២១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ