អូន រ៉េតត្រា ជាពលរដ្ឋខ្មែរម្នាក់ដែលត្រូវបានរកឃើញថាមានជំងឺមហារីកពោះវៀនធំ នៅឆ្នាំ២០១៧។ នាងបានសម្រេចចិត្តទៅព្យាបាលនៅប្រទេសថៃ ដោយសារតែជម្រើសថ្នាំ និងបច្ចេកទេសព្យាបាលនៅកម្ពុជានៅមានកម្រិត។
រ៉េតត្រា និងគ្រួសាររបស់នាង បានចំណាយប្រាក់ជាង៤០ ០០០ដុល្លារ សម្រាប់ការព្យាបាលដោយប្រើថ្នាំគីមីនៅប្រទេសជិតខាងកម្ពុជាមួយនេះ។ ជាអកុសល ដោយសារការរាតត្បាតនៃជំងឺកូវីដ-១៩ រ៉េតត្រា មិនអាចធ្វើដំណើរឆ្លងប្រទេសបាន ហើយការព្យាបាលរបស់នាងក៏ត្រូវបានបញ្ឈប់។ រ៉េតត្រា បានស្លាប់នៅខែវិច្ឆិកា ឆ្នាំ២០២០។
ទោះបីជាឃើញផលអវិជ្ជមាន និងភាពលំបាកធ្ងន់ធ្ងរទាំងនេះក៏ដោយ ក៏ប្រទេសក្នុងសមាគមអាស៊ាន នៅតែពុំទាន់ផ្ដល់អាទិភាពក្នុងការពិភាក្សាពីជំងឺមហារីក និងរកដំណោះស្រាយជាគោលនយោបាយ ឬសកម្មភាពសម្រាប់ដោះស្រាយបញ្ហានេះនៅឡើយ។ អាស៊ាន ជាសមាគមថ្នាក់តំបន់ គួរប្រើឥទ្ធិពលរួមក្នុងការបង្កើតដំណោះស្រាយ ជាពិសេសដំណោះស្រាយក្នុងការទទួលបានថ្នាំព្យាបាលដែលត្រូវតាមប្រភេទនៃជំងឺមហារីករបស់អ្នកជំងឺ ជាមួយនឹងតម្លៃសមរម្យ។
យោងតាមទិន្នន័យចុងក្រោយបំផុតក្នុងឆ្នាំ២០២០ ពីទីភ្នាក់ងារអន្តរជាតិស្រាវជ្រាវពីជំងឺមហារីក (International Agency for Research on Cancer) អ្នកជំងឺមហារីកថ្មីជាង ១លានករណី កើតឡើងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានមនុស្សប្រហែល៧០០ ០០០នាក់បានស្លាប់។ ជាមួយគ្នានេះ គេរំពឹងថា អ្នកកើតជំងឺមហារីកនឹងកើនឡើងរហូតដល់ ១,៦លានករណី ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។
ក្នុងឆ្នាំ២០១៥ ការសិក្សាតាមដានលើអ្នកជំងឺមហារីក ៩ ៥១៣នាក់ នៅទូទាំងតំបន់អាស៊ាន បានរកឃើញថា ជាង ៧៥% នៃអ្នកជំងឺទាំងនោះ នឹងស្លាប់ ឬជួបប្រទះនឹងវិបត្តិហិរញ្ញវត្ថុក្នុងរយៈពេលមួយឆ្នាំ បន្ទាប់ពីការទទួលរោគវិនិច្ឆយថាពួកគេបានកើតជំងឺមហារីក។ ៤៤% នៃអ្នកជំងឺដែលបានរស់រានមានជីវិតនៅឆ្នាំដំបូងបន្ទាប់ពីការធ្វើរោគវិនិច្ឆយ អះអាងថា ពួកគេបានចំណាយប្រាក់សន្សំពេញមួយជីវិតលើការព្យាបាលជំងឺដ៏កាចសាហាវនេះ។
ការទទួលបានថ្នាំព្យាបាលជំងឺមហារីកនៅតែជាឧបសគ្គចំពោះអ្នកជំងឺនៅទូទាំងអាស៊ាន
ប្រព័ន្ធសុខាភិបាលនៅទូទាំងតំបន់អាស៊ាន កំពុងប្រឈមមុខនឹងបញ្ហាជាច្រើន នៅពេលនិយាយដល់ការព្យាបាលជំងឺមហារីក។ បញ្ហាមួយដែលកំពុងចោទខ្លាំងសម្រាប់ប្រទេសជាសមាជិកអាស៊ាន គឺការខ្វះលទ្ធភាពទទួលបានថ្នាំមហារីក មិនថាដោយសារបញ្ហាកង្វះខាតថ្នាំដែលត្រូវនឹងប្រភេទជាក់លាក់នៃជំងឺមហារីក ឬដោយសារតម្លៃខ្ពស់ពេកនៃថ្នាំទាំងនោះទេ។
ការស្ទង់មតិជាសកលមួយ នៅឆ្នាំ២០១៦ បង្ហាញថា លទ្ធភាពទទួលបានថ្នាំថ្មីៗ ច្រើនតែមានកម្រិតនៅទូទាំងអាស៊ីអាគ្នេយ៍។ កង្វះលទ្ធភាពប្រើប្រាស់ និងលទ្ធភាពទទួលបានថ្នាំថ្មីៗ បានជះឥទ្ធិពលអវិជ្ជមានដល់លទ្ធផលនៃការព្យាបាលជំងឺមហារីក ដែលភាគច្រើនគឺជាមហារីកសុដន់ ពោះវៀនធំ និងសួត។ បញ្ហាកង្វះថ្នាំព្យាបាលនេះធ្វើឱ្យអ្នកជំងឺច្រើនជាងមួយភាគបីនៅក្នុងតំបន់អាស៊ី បានស្លាប់។
នៅប្រទេសថៃ និងម៉ាឡេស៊ី ត្រូវបានគេចាត់ទុកថាមានហេដ្ឋារចនាសម្ពន្ធវេជ្ជសាស្ត្រល្អគួរសម។ តែយ៉ាងណា អ្នកជំងឺមហារីកនៅក្នុងប្រទេសទាំងពីរនេះ នៅតែមានកម្រិតក្នុងការទទួលបានឱសថថ្មីៗដែលជាបច្ចេកវិទ្យាចុងក្រោយ ក្នុងការព្យាបាលជំងឺពួកគេ ហើយការព្យាបាលដោយប្រើឱសថទំនើបទាំងនេះតែងមានតម្លៃថ្លៃខ្លាំង ដែលជាបន្ទុកធ្ងន់សម្រាប់អ្នកជំងឺ និងគ្រួសាររបស់ពួកគេ។ ជាការពិតណាស់ អ្នកស្រាវជ្រាវបានរកឃើញថា ការខ្វះលទ្ធភាពប្រើប្រាស់ថ្នាំ pertuzumab ដែលជាថ្នាំអង់ទីករ ដើម្បីព្យាបាលអ្នកជំងឺមហារីកសុដន់ប្រភេទ HER2 ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ លើលទ្ធផលជោគជ័យនៃការព្យាបាលអ្នកជំងឺនៅក្នុងប្រទេសជាច្រើននៅទូទាំងអាស៊ាន។ បន្ថែមពីលើនេះ អ្នកស្រាវជ្រាវបានបន្តថា ការខ្វះលទ្ធភាពប្រើប្រាស់ថ្នាំនេះ បាននាំឱ្យអ្នកជំងឺបាត់បង់រយៈពេលរស់រានមានជីវិតជាមធ្យម ១៥,៧ខែ។
នៅប្រទេសហ្វីលីពីនវិញ ថ្នាំដែលប្រើដើម្បីព្យាបាលជំងឺមហារីកសុដន់ប្រភេទ HER2 មិនមានភាពខ្វះខាតឡើយ ប៉ុន្តែថ្នាំនេះនៅតែមានតម្លៃថ្លៃ សម្រាប់អ្នកជំងឺភាគច្រើន ដែលធ្វើឱ្យពួកគេមិនមានលទ្ធភាពប្រើប្រាស់ថ្នាំនេះឡើយ។
កង្វះថ្នាំព្យាបាលជំងឺមហារីក ត្រូវបានគេរាយការណ៍ថា មានកម្រិតធ្ងន់ធ្ងរបំផុតក្នុងប្រទេសមីយ៉ាន់ម៉ា និងម៉ាឡេស៊ី។ ឧបសគ្គដែលត្រូវបានរាយការណ៍មកសំខាន់ គឺការខ្វះខាតប្រភពផ្គត់ផ្គង់ថ្នាំដែលអាចទុកចិត្តបាន នេះក៏ដោយសារភាពខ្វះការផ្តល់ផលប្រយោជន៍ពាណិជ្ជកម្មសម្រាប់អ្នកផ្គត់ផ្គង់ក្នុងការនាំចូលថ្នាំ និងបន្តចែកចាយក្នុងទីផ្សារជាតិ។ កត្តាទាំងនេះហើយធ្វើឱ្យថ្នាំសម្រាប់ព្យាបាលជំងឺមហារីកមានតម្លៃថ្លៃហួសពីសមត្ថភាពអ្នកជំងឺ បើទោះជាពួកគេអាចរកថ្នាំទាំងនោះបានក៏ដោយ។
ដូចគ្នានេះដែរ នៅក្នុងប្រទេសកម្ពុជា ការទទួលបានការព្យាបាលដោយប្រើថ្នាំគីមីក្នុងតម្លៃសមរម្យ នៅតែជាបញ្ហាប្រឈមមួយ នេះបើយោងតាមវេជ្ជបណ្ឌិត Katherine Tarlock, MD អ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធី Health Volunteers Overseas (HVO) ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក។
វេជ្ជបណ្ឌិត Ben Watkins, MD ដែលជាអ្នកស្ម័គ្រចិត្តម្នាក់ទៀតនៅក្នុងកម្មវិធី HVO បានបន្ថែមថា ដោយសារតែការចំណាយទាក់ទងនឹងថ្នាំមហារីកទាំងនេះ គ្រូពេទ្យជារឿយៗត្រូវថ្លឹងថ្លែងការប្រើថ្នាំព្យាបាល និងបន្ទុកហិរញ្ញវត្ថុរបស់អ្នកជំងឺមហារីកនៅកម្ពុជា ហើយវិធីដែលល្អបំផុតសម្រាប់ការព្យាបាលអ្នកជំងឺនៅកម្ពុជា គឺការប្រើប្រាស់ប្រភេទថ្នាំដែលរកឃើញថាមានប្រសិទ្ធភាពចំពោះអ្នកជំងឺនៅសហរដ្ឋអាមេរិក។ លោកថា ការធ្វើបែបនេះ គឺកាត់បន្ថយការចំណាយលើការសាកល្បងព្យាបាលដោយប្រើប្រភេទថ្មី ឬថ្នាំប្រភេទថ្មី ដែលអាចមានប្រសិទ្ធភាពល្អប្រសើរជាងអ្វីដែលធ្លាប់មាន ប៉ុន្ដែក៏ត្រូវការការចំណាយខ្ពស់ផងដែរ។
ទន្ទឹមនឹងនេះ នៅប្រទេសវៀតណាមវិញ ភាពខុសគ្នានៃភូមិសាស្ត្រដែលកើតចេញពីតំបន់ភ្នំរបស់ប្រទេសនេះ បានបង្កឱ្យមានបញ្ហាប្រឈម ដែលនាំឱ្យមានការពិបាកក្នុងការចែកចាយថ្នាំ និងសេវាព្យាបាលដោយប្រើថ្នាំគីមី ដល់មន្ទីរពេទ្យនៅតាមខេត្ត។ ជាងនេះទៅទៀត ភាពមានកម្រិតនៃការផ្គត់ផ្គង់ថ្នាំដែលជាបច្ចេកវិទ្យាថ្មី ក៏ជាកង្វល់ផងដែរនៅប្រទេសវៀតណាម។ ថ្នាំ ដែលជាបច្ចេកវិទ្យាថ្មី សម្រាប់ព្យាបាលប្រភេទជាក់លាក់នៃជំងឺមហារីក មាននៅមន្ទីរពេទ្យជាតិជំនាញជំងឺមហារីក ក្នុងទីក្រុងហាណូយ ប៉ុន្ដែថ្នាំប្រភេទនេះនៅតែមានតម្លៃថ្លៃសម្រាប់អ្នកជំងឺវៀតណាម បើទោះបីជាមានការឧបត្ថម្ភខ្លះលើការចំណាយថ្លៃថ្នាំពីរដ្ឋាភិបាលក៏ដោយ។
តម្រូវការខ្ពស់ និងការផ្គត់ផ្គង់ថ្នាំមហារីកនៅមានកម្រិត ក៏អាចបណ្តាលឱ្យមានការនាំចូលថ្នាំក្លែងក្លាយ ដែលបង្កជាបញ្ហាប្រឈមពិតប្រាកដចំពោះទីផ្សារអាស៊ីអាគ្នេយ៍ផងដែរ។ ជាឧទាហរណ៍ កាលពីខែឧសភា ឆ្នាំ២០២២ អតីតអនុរដ្ឋមន្ត្រីសុខាភិបាលវៀតណាមម្នាក់ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៤ឆ្នាំ ជុំវិញការជាប់ពាក់ព័ន្ធរបស់គាត់ ក្នុងការអនុញ្ញាតឱ្យក្រុមហ៊ុនថ្នាំពេទ្យនាំចូលថ្នាំមហារីកក្លែងក្លាយចូលទៅក្នុងប្រទេសវៀតណាម។
ទោះបីជាអាចមានឆន្ទៈក្នុងការបង្កើតយន្តការ ដែលអាចធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានឱសថដែលជាបច្ចេកវិទ្យាថ្មី ត្រូវជាមួយប្រភេទជំងឺ ដែលមានតម្លៃសមរម្យក៏ដោយ ក៏គេសង្កេតឃើញថា ប្រទេសសមាជិកអាស៊ាននៅពុំទាន់មានភស្តុតាងជាទិន្នន័យច្បាស់លាស់ និងគ្រប់គ្រាន់ពីជំងឺមហារីក ក្នុងប្រទេសរបស់ខ្លួននៅឡើយទេ។ ទិន្នន័យទាំងនោះ រួមមាន បន្ទុកថវិការដ្ឋដែលត្រូវចំណាយលើករណីជំងឺមហារីក និងបញ្ជីថ្នាំមហារីកថ្នាក់ជាតិ។ ជាការពិតណាស់ អវត្តមាននៃទិន្នន័យទាំងនេះជាឧបសគ្គក្នុងការបង្កើតគោលនយោបាយអាទិភាពសម្រាប់ដោះស្រាយបញ្ហាដែលបានលើកឡើង។
ដោយមើលឃើញពីស្ថានភាពនេះ អាស៊ានគួរតែពិចារណាឱ្យបានហ្មត់ចត់អំពីការបង្កើតមជ្ឈមណ្ឌលជំងឺមហារីកក្នុងតំបន់ ដែលនឹងអនុញ្ញាតឱ្យរដ្ឋជាសមាជិកសិក្សា ពិភាក្សា ប្រមូលទិន្នន័យ និងផ្តោតលើការសហការជាតំបន់ ក្នុងការនាំយកថ្នាំដែលជាបច្ចេកវិទ្យាថ្មី ជាមួយនឹងតម្លៃសមរម្យ មកព្យាបាលអ្នកជំងឺមហារីកនៅអាស៊ីអាគ្នេយ៍។
តើមជ្ឈមណ្ឌលជំងឺមហារីកអាស៊ានអាចធ្វើអ្វីខ្លះ?
ទោះបីជាមានការព្យាករអំពីការកើនឡើងនៃករណីជំងឺមហារីកក៏ដោយ ក៏មិនទាន់មានកិច្ចខិតខំប្រឹងប្រែងរួមគ្នានៅទូទាំងតំបន់ ដើម្បីដោះស្រាយបញ្ហាប្រឈមនេះនៅឡើយ។ មជ្ឈមណ្ឌលជំងឺមហារីកអាស៊ាន នឹងក្លាយជាកន្លែងចាំបាច់ ដើម្បីឆ្លើយតបទៅនឹងការខ្វះខាតលទ្ធភាពប្រើប្រាស់ថ្នាំមហារីក មិនថាដោយសារកង្វះថ្នាំ ឬថ្នាំមានតម្លៃខ្ពស់ឡើយ។
តួនាទីចម្បងមួយដែលមជ្ឈមណ្ឌលជំងឺមហារីកអាស៊ានអាចដើរតួបាន គឺជាកន្លែងប្រមូលផ្តុំទិន្នន័យពាក់ព័ន្ធជំងឺមហារីកពីប្រទេសជាសមាជិក។ ភស្តុតាងដោយផ្អែកលើទិន្នន័យ នឹងជួយអ្នកបង្កើតគោលនយោបាយនៅតាមប្រទេសនីមួយៗនិងក្នុងតំបន់ ក្នុងការរៀបចំផែនការថ្នាក់ជាតិប្រកបដោយប្រសិទ្ធភាព។ នាពេលបច្ចុប្បន្ន ទិន្នន័យស្តីពី អត្រាជំងឺមហារីក អត្រាប្រភេទជំងឺមហារីកនីមួយៗ និងតម្រូវការថ្នាំសំខាន់ៗ នៅមានកម្រិត និងខ្វះខាតនៅក្នុងប្រទេសសមាជិកអាស៊ាន។ ប្រសិនបើថ្នាក់តំបន់ មានសិទ្ធិចូលប្រើទិន្នន័យដែលអាចទុកចិត្តបានជុំវិញជំងឺមហារីក អ្នកបង្កើតគោលនយោបាយតាមប្រទេស អាចរៀបចំផែនការឆ្លើយតបកាន់តែមានប្រសិទ្ធភាព ចំពោះតម្រូវការរបស់អ្នកជំងឺ។
ឧទាហរណ៍ ប្រសិនបើមានទិន្នន័យច្បាស់លាស់ អ្នកបង្កើតគោលនយោបាយអាចពិចារណាដាក់ថ្នាំដែលមានតម្រូវការខ្ពស់ក្នុងបញ្ជីឱសថជាតិរបស់ប្រទេសពួកគេ ដូច្នេះ អ្នកជំងឺនឹងចំណាយតិចសម្រាប់ថ្នាំដែលពួកគេត្រូវការបំផុត។ ទិន្នន័យច្បាស់លាស់អំពីតម្រូវការថ្នាំ ក៏នឹងជួយឱ្យប្រទេសនីមួយៗចៀសផុតពីការខ្វះខាតថ្នាំ ដែលអាចនាំទៅរកបញ្ហានៃការកើនឡើងតម្លៃថ្នាំផងដែរ។
យោងតាមការសិក្សាឆ្នាំ២០១៩ ស្តីពី ការកែលម្អលទ្ធភាពទទួលបានឱសថ ពីចន្លោះឆ្នាំ២០០០ ទៅឆ្នាំ២០១០ រដ្ឋសមាជិកអាស៊ានភាគច្រើនបានរាយការណ៍ពីការកើនឡើងនៃការចំណាយលើការនាំចូលឱសថ ដែលករណីនេះ មជ្ឈមណ្ឌលមហារីកអាស៊ាន ក៏អាចដើរតួជាសំខាន់ដោយប្រើអំណាចសមូហភាព ដើម្បីចរចាតម្លៃថ្នាំទូទាំងតំបន់ ជាជាងប្រទេសនីមួយៗចរចាដោយខ្លួនឯង។
លើសពីនេះ បញ្ហាមួយទៀត គឺគម្លាតដ៏ធំខុសគ្នានៃតម្លៃថ្នាំព្យាបាលជំងឺមហារីក រវាងបណ្តាប្រទេសនៅអាស៊ាន។ ជាឧទាហរណ៍ គិតត្រឹមឆ្នាំ២០១៧ ថ្នាំព្យាបាលជំងឺមហារីកខួរឆ្អឹង និងជំងឺមហារីកកូនកណ្តុរ មានតម្លៃ ៣ ៦២២,២២ដុល្លារ ក្នុងប្រទេសម៉ាឡេស៊ី និង ៤ ៦៣០,១២ដុល្លារ ក្នុងប្រទេសថៃ។ ចំណែកឯថ្នាំដែលប្រើសម្រាប់ព្យាបាលជំងឺមហារីកពោះវៀន មានតម្លៃ ១៥៩,៤៧ដុល្លារ ក្នុងប្រទេសម៉ាឡេស៊ី និង ៨៩,២ដុល្លារ នៅក្នុងប្រទេសថៃ។ ការពិតនេះ បញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការឆ្លងព្រំដែនរបស់អាស៊ាន ជាពិសេសទាក់ទងនឹងរបៀបដែលស្ថាប័នថ្នាក់តំបន់អាចមានឥទ្ធិពលលើតម្លាភាពនៃតម្លៃឱសថ និងការចរចាតម្លៃនៅទូទាំងតំបន់។
អាស៊ាន អាចរៀនសូត្រពីការសហការក្នុងតំបន់អន្តររដ្ឋាភិបាល ដែលធ្លាប់កើតមានរវាងប្រទេសបែលហ្ស៊ិក ហូឡង់ លុចសំបួ និងអូទ្រីស (BeNeLuxA) ក្នុងឆ្នាំ២០១៥ ដែលការសហការនេះបានបង្កើតឡើងដើម្បីចរចារួមគ្នាលើតម្លៃឱសថ និងចែករំលែកព័ត៌មានឆ្លងព្រំដែន ដើម្បីចៀសវាងភាពមិនស៊ីចង្វាក់គ្នានៃព័ត៌មានរវាងអ្នកទិញ និងក្រុមហ៊ុនឱសថ។ ដោយដើរតាមគន្លងរបស់ BeNeLuxA នៅក្នុងឆ្នាំ២០១៧ សម្ពន្ធមិត្តនៃរដ្ឋសមាជិកសហភាពអឺរ៉ុបភាគខាងត្បូង មានដូចជា ប្រទេសម៉ាល់តា (Malta), ស៊ីប (Cyprus), ក្រិក អ៊ីតាលី អេស្ប៉ាញ និងព័រទុយហ្គាល់ បានចុះហត្ថលេខាលើសេចក្តីប្រកាស Valletta ដើម្បីស្វែងរកយុទ្ធសាស្រ្តរួមគ្នាក្នុងការចរចាលើតម្លៃឱសថថ្មីៗជាមួយឧស្សាហកម្មឱសថសាស្រ្ត។
ជំងឺមហារីក គឺជាបញ្ហាធំសម្រាប់រដ្ឋាភិបាលនីមួយៗក្នុងការដោះស្រាយ ដូច្នេះអាស៊ានគួរតែរួមគ្នាដោះស្រាយបញ្ហានេះជាថ្នាក់តំបន់។ ការបង្កើតមជ្ឈមណ្ឌលជំងឺមហារីកអាស៊ាន មានសក្តានុពលក្នុងការពង្រឹងសមត្ថភាពក្នុងតំបន់ ក្នុងការការពារអ្នកជំងឺ និងក្រុមគ្រួសាររបស់ពួកគេ និងផ្តល់នូវលទ្ធផលល្អប្រសើរសម្រាប់អ្នកដែលកំពុងប្រឈមមុខនឹងជំងឺនេះ៕
ហេង ម៉ូលីកា អ្នកស្រាវជ្រាវនៃអង្គការវេទិកាអនាគត | ខ្លឹមសារអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត
អត្ថបទភាសាអង់គ្លេស៖ Why Southeast Asia Needs to Establish an ASEAN Cancer Center