លោក ពូទីន ទទួល​ស្គាល់​ថា​សង្គ្រាម​នៅ​អ៊ុយក្រែន​អាច​នឹង​អូស​បន្លាយ​ពេលយូរ

លោក វ្ល៉ាឌីមៀ ពូទីន ស្បថពេលចូលធ្វើជាប្រធានាធិបតីរុស្ស៊ី អំឡុងពេលពិធីសម្ពោធនៅវិមានក្រឹមឡាំង ក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៨។ (REUTERS)

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន បានទទួលស្គាល់ថា កងទ័ពរបស់លោកអាចនឹងប្រយុទ្ធគ្នាក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលយូរទៅមុខទៀត ប៉ុន្តែសម្រាប់ពេលបច្ចុប្បន្ននេះ លោកមិនមានគម្រោងក្នុងការកេណ្ឌទ័ពបន្ថែមទៀតនោះទេ។នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters

ថ្លែងក្នុងកិច្ចប្រជុំមួយតាមរយៈទូរទស្សន៍កាលពីថ្ងៃពុធម្សិលមិញ ប្រធានាធិបតីរុស្ស៊ីបានឱ្យដឹងថា៖ «[សង្គ្រាម]​នេះអាច​ជា​ដំណើរការ​ដ៏​យូរទៅមុខទៀត»​។

លោកបន្តថា ហានិភ័យនៃសង្គ្រាមនុយក្លេអ៊ែរកំពុងតែកើនឡើង ប៉ុន្តែរុស្ស៊ីនឹងមិនយកសកម្មភាពនេះមកធ្វើជាការគំរាមកំហែងក្នុងការប្រើប្រាស់អាវុធបែបនេះឡើយ។

លោក ពូទីន ថ្លែង​ថា៖ «យើងមិនទាន់ឈានដល់ដំណាក់កាលចុងក្រោយនោះទេ ខណៈយើងដឹងយ៉ាងច្បាស់ថាអាវុធនុយក្លេអ៊ែរជាអ្វី! ជាក់ស្ដែង យើងមានមធ្យោបាយទាំងនេះ ដែលមានលក្ខណៈទំនើបជាងបណ្ដាប្រទេសដែលមាននុយក្លេអ៊ែរដទៃទៀត។ ទោះជាយ៉ាងណា យើងមិនដាក់ពិភពលោកឱ្យស្ថិតនៅក្នុងហានិភ័យខ្ពស់ឡើយ»។

គួរបញ្ជាក់ថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គិតរហូតមកដល់ពេលនេះ បានឈានចូលមកដល់ខែទី៩ហើយ ដែលបានបង្កឱ្យជនស៊ីវិលរាប់ពាន់នាក់បានស្លាប់ និងតំបន់ទីក្រុងជាច្រើនប្រែក្លាយទៅជាគំនរបាក់បែក។

ករណីនេះក៏បានបង្កឱ្យមានជាការព្រួយបារម្ភពីបណ្ដាប្រទេសនានា ដែលថា​ ការប៉ះទង្គិចរវាងប្រទេសទាំង២នេះអាចនឹងវិវត្តទៅជាសង្គ្រាមដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរផងដែរ ខណៈប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ក៏ធ្លាប់ឱ្យដឹងកាលពីពេលកន្លងទៅថា ការត្រៀមខ្លួនដើម្បីប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីការពារប្រទេសរុស្ស៊ី ដែលលើកឡើងដោយលោក ពូទីន មិនមែនជាករណីលេងសើចនោះទេ។

ទោះជាយ៉ាងណា អ្នកនាំពាក្យវិមានក្រឹមឡាំងមួយរូបធ្លាប់បានបញ្ជាក់ឱ្យដឹងកាលពីពេលកន្លងទៅថា គោលនយោបាយសន្តិសុខរបស់រុស្ស៊ី គឺកំណត់ថា ប្រទេសរបស់ខ្លួននឹងប្រើប្រាស់អាវុធនុយក្លេអ៊ែរ​សម្រាប់​តែករណីដែលអត្ថិភាពរបស់ខ្លួនត្រូវបានគំរាមកំហែងប៉ុណ្ណោះ ខណៈប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន ក៏ធ្លាប់បានអះអាងថា លោក ពូទីន នឹងមិនប្រើប្រាស់អាវុធនុយក្លេអ៊ែរក្នុងសង្គ្រាមជាមួយអ៊ុយក្រែននោះទេ បើទោះបីជាប្រធានាធិបតីរូបនេះធ្លាប់បានព្រមានពីហានិភ័យខ្ពស់នៃសង្គ្រាមនុយក្លេអ៊ែរយ៉ាងណាក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ