គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) សម្រេចបើកផ្លូវឱ្យមានជំនួបទ្វេភាគីរវាងគណបក្សខ្មែររួបរួមជាតិ បន្ទាប់ពីបក្សនៅក្រៅរដ្ឋាភិបាលមួយនេះបានដាក់សំណើសុំជួបពិគ្រោះយោបល់ទៅលើបទបញ្ជានិងនីតិវិធី សម្រាប់ការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយនេះ។
វីអូឌី ទទួលបានដំណឹងនៅថ្ងៃសុក្រនេះ ពីគណបក្សខ្មែររួបរួមជាតិ ថា គ.ជ.ប. បានសម្រេចជាផ្លូវការហើយថានឹងមានជំនួបជាលក្ខណៈទ្វេភាគី ជាមួយគណបក្សដែលធ្លាប់មានប្រវត្តិចេញពីអ្នករាជានិយម។ តាមរយៈសេចក្ដីជូនដំណឹងនេះ គ.ជ.ប. បានកំណត់យកថ្ងៃទី១៣ ខែធ្នូ ពេលព្រឹកខាងមុខនេះ ជាការណាត់ជួបជាមួយគណបក្សខ្មែររួបរួមជាតិ។
បន្ថែមពីលើនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក៏បានភ្ជាប់មកជាមួយនូវឈ្មោះមន្ត្រីចំនួន ៧រូប ដែលនឹងត្រូវចូលរួមពិគ្រោះយោបល់នេះ ដែលមានលោក ហង្ស ពុទ្ធា អ្នកនាំពាក្យរបស់ គ.ជ.ប. ជាប្រធានដឹកនាំនៃកិច្ចប្រជុំ។ ដោយឡែក គណបក្សខ្មែររួបរួមជាតិ បានបញ្ជាក់ដែរថា លោក ញឹក ប៊ុនឆៃ ដែលជាប្រធានគណបក្ស និងលោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្ស រួមទំាងអ្នកនយោបាយមួយចំនួនទៀត នឹងត្រូវចូលរួមនៅក្នុងកិច្ចប្រជុំនេះ។
ការឆ្លើយរបស់ គ.ជ.ប. នៅពេលនេះ នៅបន្ទាប់ពីគណបក្សខ្មែររួបរួមជាតិ បានដាក់សំណើទៅស្ថាប័នជាតិរៀបចំការបោះឆ្នោត កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២២។ គម្រោងដែលគណបក្សក្រៅរដ្ឋាភិបាលស្នើសុំជួបនេះ គឺទាមទារឱ្យមានការកែសម្រួលទៅលើខ្លឹមសារមួយចំនួននៃបទបញ្ជា និងនីតិវិធី បម្រើឱ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត ឆ្នាំ២០២៣៕












