សកម្មជន​​សិទ្ធិ​មនុស្ស​​​និង​បរិស្ថាន​​​ស្លៀក​​ពាក់ជា​​អ្នក​ទោស​ដើម្បី​បង្ហាញ​​ពី​ការ​រួម​តូច​នៃ​សេរីភាព​នៅ​កម្ពុជា​​​​

កូដករណាហ្គាវើលដ៍ យុវជនខ្មែរថាវរៈ យុវជនមាតាធម្មជាតិ បាននាំគ្នាស្លៀកសម្លៀកបំពាក់ជាអ្នកទោស និងទម្រង់ផ្សេងៗទៀត ដើម្បីបង្ហាញពីការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា ក្នុងឱកាសខួបលើកទី៧៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ ឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ (គួយ ឡង់ឌី)

ខួបលើកទី៧៤ នៃទិវា​សិទ្ធិមនុស្ស​​អន្តរជាតិ ១០ធ្នូ ​ឆ្នាំ២០២២នេះ​ កូដ​ករណាហ្គាវើលដ៍ យុវជនខ្មែរថាវរៈ ​​យុវជន​មាតាធម្មជាតិ​ បាននាំគ្នា​​ស្លៀកសម្លៀកបំពាក់ជា​អ្នកទោស​ និងទម្រង់ផ្សេងទៀត​ ដើម្បីបង្ហាញទៅកាន់រាជរដ្ឋាភិបាលថា ​ការគោរពសិទ្ធិមនុស្ស​នៅកម្ពុជាមិនមានលក្ខណៈល្អប្រសើរទេ​។

នៅទីលាន​ប្រជាធិបតេយ្យ​​ រាជធានីភ្នំពេញ នាថ្ងៃ​សោរ៍ទី១០ ធ្នូនេះ​​ ក្រុមអង្គការសង្គមស៊ីវិល​ តំណាងទូតមួយចំនួន​ យុវជន ពលរដ្ឋប្រមាណ ​១ ៥០០នាក់ បាននាំគ្នាចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧៤​។

ក្នុងការប្រារពន្ធសិទ្ធិមនុស្សជាសកលនេះ​​ សកម្មជន​ការពារសិទ្ធិមនុស្ស​​ និងបរិស្ថានមួយចំនួន បាន​​ស្លៀក​ពាក់របៀប​អ្នកទោសឬអ្នកកំពុងជាប់ឃុំ ដើម្បីបង្ហាញ​ពីការរួមតូចនៃការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ លើសពីនេះ ទាមទារឱ្យ​​ដ្ឋាភិបាល​អនុវត្ត​តាមការប្ដេជ្ញា​របស់ខ្លួន​ស្របតាម​រដ្ឋធម្មនុញ្ញ ឬលិខិតតូបករណ៍អន្តរជាតិផ្សេងៗ ស្តីពីការគោរពសិទ្ធិមនុស្ស និងការផ្តល់សេរីភាពពេញលេញដល់ពលរដ្ឋ។​​

ថ្លែងក្នុងពិធីនោះ កូដ​ករណាហ្គាវើលដ៍ កញ្ញា សៀក បញ្ញា​ បានឱ្យដឹងថា ​ក្នុងទិវា​សិទ្ធមនុស្ស​អន្តរជាតិ ១០ ធ្នូនេះ​ ពួកគាត់ចំនួន​ ១០០នាក់ បានស្លៀក​ពាក់បែបអ្នកទោសឬក្នុងខោ​អាវពណ៌ស្លាទុំ ​ព្រមទាំងមាន​កាន់រូបថត​​​ប្រធានសហជីព​កូដករប្រចាំក្រុមហ៊ុនណាហ្គា​វើលដ៍គឺ កញ្ញា ឈឹម ស៊ីថរ ផងដែរ​។

បើតាម កញ្ញា​ សៀក បញ្ញា​ មូលហេតុដែលពួកគាត់ស្លៀក​ពាក់បែបនេះ ​ក្នុងគោលបំណង​ទាមទារឱ្យដោះលែង ​​កញ្ញា ឈឹម ស៊ីថរ ដែលកំពុងជាប់ពន្ធនាគា​ជាលើកទីពីរដោយ​អយុត្តិធម៌​។

កញ្ញាបន្តថា៖«​អ៊ីចឹងហើយថ្ងៃ ពួកខ្ញុំពាក់ខោអាវនេះ[ខោអាវអ្នកទោស]​ដើម្បីបញ្ជាក់ថា ​គុក​មិនមែន​ដាក់កម្មករ ឬពលរដ្ឋខ្មែរដែលគេមកទាមទារសិទ្ធិនោះទេ​។ អ៊ីចឹងសូមដោះលែងគាត់ដោយឥតលក្ខខណ្ឌហើយ​ ហើយឈប់​ធ្វើទុក្ខបុកម្នេញ​មក​លើ​ពួកខ្ញុំដែលជាកម្មករដោយគ្រាន់តែមកទាមទារសិទ្ធិ​»។​​​

កូដកររូបនេះបន្ថែមថា ​​តាមបទពិសោធ​ន៍​នៃការបំពេញការងារជាសហជីព​នៅក្នុងក្រុមហ៊ុន​បនល្បែង​​ណាហ្គា​វើលដ៍ ជាពិសេស​អំឡុងពេល​នៃការធ្វើកូដកម្ម​ក្នុងរយៈ​ពេល​១ ឆ្នាំ​ មកនេះ​ត្រូវ​បានអាជ្ញាធរ​ប្រើអំពើហិង្សា និងព្យាយាមបំបិទសិទ្ធិ​​សេរីភាព​ពួកគេ​​​។

ក្នុងនាមជាកូដករណាហ្គា​វើលដ៍ កញ្ញា សៀក បញ្ញា​ ស្នើ​ជាថ្មីដល់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ជួយស្វែងរកដំណោះស្រាយ និងទម្លាក់រាល់បទចោទប្រកាន់ទាំងអស់មកលើថ្នាក់ដឹកនាំនិងសមាជិកសហជីព ដោយថា ​ក្រសួង​ពាក់ព័ន្ធកន្លងទៅ​មិនបានរកដំណោះស្រាយសមរម្យជូនកូដករនោះឡើយ​។

សមាជិក​យុវជនខ្មែរថាវរៈ​ កញ្ញា ឈឿន ដារ៉ាវី​ និយាយថា ​ក្រុមខ្មែរថាវរៈក៏បានស្លៀកសម្លៀកបំពាក់អ្នកទោសដែរ ​ក្នុងន័យបង្ហាញ​ថា ​តុលាការនៅ​កម្ពុជា​មិនមានភាពឯករាជ្យ ​ដោយសារតែរាល់ពលរដ្ឋខ្មែរ ដែលធ្វើសកម្មភាពតស៊ូមតិ​ទាមទារ​សិទ្ធិបែរជាត្រូវតុលាផ្ដន្ទាទោសដាក់ពន្ធនាគារទាំងអយុត្តិធម៌ទៅវិញ​។​

កញ្ញាបន្ថែមថា​៖«ដែលសំខាន់ហ្នឹងតុលាការមិនឯករាជ្យ​ទើបមានភាពអយុត្តិធម៌យ៉ាងច្រើន​ កើតមានជារៀងរាល់ថ្ងៃ​»។​

​ក្នុង​ទិវាសិទ្ធិមនុស្ស​អន្តរជាតិនេះ​ កញ្ញា ឈឿន ដារ៉ាវី​ ​បានអំពាវនាវឱ្យពលរដ្ឋខ្មែរ​រួមគ្នា​ទាមទារ​សិទ្ធិសេរីភាព​​ ឬទាមទារ​ឱ្យរដ្ឋាភិបាលដោះលែងសកម្មជនការពារសិទ្ធិមនុស្ស បរិស្ថាន ឬ​អ្នកជាប់ឃុំ​ទាំងឡាយណាដែលមិនមានកំហុស​ ឬត្រូវបានជាប់ឃុំដោយគ្រាន់តែអនុវត្តសិទ្ធិ​សេរីភាពរបស់ពួកគេស្របតាមច្បាប់។

ចំណែក​យុវជន​មាតាធម្មជាតិ​ កញ្ញា ឡុង គន្ធា​ បានលើកឡើងថា ​​យុវជន​មាតា​ធម្មជាតិ​ចំនួន​៩នាក់​បានស្លៀក​អាវពណ៌ខ្មៅនិងពាក់អាវពណ៌ ស ព្រមទាំងយកស្កុតបិទមាត់ យកសំឡី​​ញ៉ុកត្រចៀក​ និងពាក់វែនតាខ្មៅ​នេះ​ ដោយចង់បង្ហាញ​ថា ​ពលរដ្ឋខ្មែរដែលកំពុងទាមទារសិទ្ធិ​សេរីភាព ​តែបែរជាត្រូវអាជ្ញាធរ​គំរាមកំហែង​បំបិទសិទ្ធិសេរីភាពទៅវិញ​។

កញ្ញាថា​៖​«វាគឺជារឿងមួយដែលគួរឱ្យសោកស្ដាយ​​ដែល​យើងចង់បង្ហាញ​នូវអត្ថន័យពិត​នៃការតុបតែងខ្លួនបែបហ្នឹង​ថាសិទ្ធិសេរីភាពរបស់ពួកយើងនូវក្នុងប្រទេសកម្ពុជា​កំពុងតែរួមតូចទៅៗ​មិនមែនជាការបើកទូលាយ»។

កញ្ញាបន្ត​ថា​៖​« ​យើងឃើញហើយថា ​អ្នកដែលហ៊ានបញ្ចេញមតិ​ អ្នកដែលហ៊ានការពារសិទ្ធិ អនុវត្តសិទ្ធិខ្លួនឯង​កំពុង​ត្រូវបានគំរាមកំហែងគ្រប់រូបភាព​»។

​ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ផៃ ស៊ីផាន ​ មានប្រសាសន៍កាលពីថ្ងៃទី៩ ខែធ្នូ ដោយបង្ហាញការយល់ឃើញជុំវិញបញ្ហាសិទ្ធិមនុស្សនៅកម្ពុជាថា មកដល់ពេលនេះទៅហើយ បញ្ហាសិទ្ធិ​​មនុ​ស្សនេះមិនគួរបង្កើតវប្បធម៌យកត្រូវរៀងៗខ្លួន ដើម្បីហេតុផលប្រយោជន៍អ្វីមួយទៀតនោះទេ។ លោកបន្តថា ជា​​ជ​​ម្រើ​ស​​ដែលល្អ ដើម្បីឱ្យគ្រប់ភាគីទទួលបានសុខសន្តិភាពពិតប្រាកដ គួរមានការសន្ទនាគ្នា​​ដោយចំហ និង​​ចំពោះមុខ ក្នុងបុព្វហេតុផលប្រយោជន៍រួមក្នុងន័យសិទ្ធិមនុស្សនេះ។

លោកបន្តថា«អ្វីដែលជាការកត់សម្គាល់របស់ខ្ញុំ រឿងបញ្ហាសិទ្ធិមនុស្សនេះគួរតែនាំគ្នាជជែកគ្នា ជាជាង​​​ចង្អុ​​ល​មុខគ្នាទៅវិញទៅមក។ ដ្បិតអីសិទ្ធិមនុស្សត្រូវបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ គឺសិទ្ធិត្រូវបាន​ការពារដោយ​​ច្បាប់​​»។

មិនខុសគ្នាដែរ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានលើកឡើងនៅក្នុងរបាយការណ៍របស់ខ្លួន កាល​​ពី​ថ្ងៃទី៨ ខែធ្នូថា កម្ពុជាសម្រេចបាននូវសមិទ្ធផលជាច្រើនលើវិស័យសិទ្ធិមនុស្សនេះ ដោយធានាបាន​​នូវ​​សិ​​ទ្ធិ​​​​​មនុស្សជាមូលដ្ឋាន។

នាយិកាប្រតិបត្តិមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោកស្រី ចក់ សុភាព ​យល់ឃើញថា​រាល់ការស្លៀកសម្លៀកបំពាក់របស់ក្រុមយុវជននីមួយៗនេះ​ គឺជាទម្រង់​ដែលពួកគេ​ចង់​ការបង្ហា​ញ​ពីលំហ​សេរីភាព​នៅក្នុងប្រទេសកម្ពុជា​។​

លោកស្រីថា​៖«សរុបមកវិញ​ទាំងនេះ​គឺជា​ទម្រង់នេះការបញ្ចេញមតិ​ ទាំងរដ្ឋាភិបាល និងសាធារណជន​ អាចទទួលបានសាររបស់ពួកគាត់​ ហើយគួរតែពិចារណាថាតើពលរដ្ឋគាត់​ចង់បាននូវសង្គមមួយមានលទ្ធិប្រជាធិបតេយ្យ​ជាពិសេសក្នុងថ្ងៃទិវាសិទ្ធិមនុស្សនេះមានន័យបែបណា​»។

លោកស្រី ចក់ សុភាព បន្ថែមថា ​បន្ទាប់ពីតុលាការកំពូលរំលាយ​គណបក្សសង្រ្គោះជាតិកាលពីចុងឆ្នាំ២០១៧​មក​ លំហសិទ្ធិសេរីភាពពលរដ្ឋកាន់តែរួមតូច។  ហេតុដូច្នេះ​ លោកស្រីថា ដើម្បីឱ្យសិទ្ធិសេរីភាព​ និងការគោរពសិទ្ធិមនុស្សមានភាពប្រសើរឡើងវិញ​ និង​រក្សាកេរ្តិ៍ឈ្មោះលើឆាកជាតិ​ និង​អន្តរជាតិ​នោះ​​​ រដ្ឋាភិបាល​ត្រូវតែអនុវត្ត​តាមការប្ដេជ្ញា​របស់ខ្លួនស្របតាម​​រដ្ឋធម្មនុញ្ញ ឬបទដ្ឋានជាអន្តរជាតិដែលកម្ពុជាបានទទួលយក​។

អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុក​សិទ្ធិមនុស្សនៅកម្ពុជា កាលពីដើមខែវិច្ឆិកាឆ្នាំ២០២១ បាន​និយាយ​ថា «តុលាការនៅកម្ពុជាត្រូវបានប្រើប្រាស់ជាមធ្យោបាយជាថ្មីទៀត ក្នុងការបំបិទសំឡេងរិះគន់របស់អ្នកដែលហ៊ាននិយាយរិះគន់»។

ក្នុងសេចក្ដីថ្លែងការណ៍រួមនោះក៏បាននិយាយ​ដែរថា ការធ្លាក់ចុះលំហពលរដ្ឋនិងនយោបាយនៅកម្ពុជា គឺមានការរៀបចំច្បាស់លាស់ និងមានលក្ខណៈជាប្រព័ន្ធ៕  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ