សហរដ្ឋ​អាមេរិក​ថា​​អ្នក​ដែល​រំលោភ​​​​សិទ្ធិ​មនុស្ស​គួរ​តែ​ដាក់​ទោស​ទណ្ឌ​តាម​ច្បាប់ ​

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy ថ្លែងក្នុងឱកាសខួបលើកទី៧៤ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ឆ្នាំ២០២២ នៅទីលានប្រជាធិបតេយ្យ រាជធានីភ្នំពេញ។ (ញឹម សុខន)

មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកប្រចាំកម្ពុជា ​បានថ្លែងក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ​១០ធ្នូ ថា ​អ្នកដែលធ្វើការងារការពារសិទ្ធិមនុស្សគួរតែត្រូវបានគោរព និងលើកទឹកចិត្ត ខណៈជនទាំងឡាយណាដែលរំលោភបំពានសិទ្ធិជាមូលដ្ឋាននៃសិទ្ធិមនុស្សគួរតែត្រូវបានដាក់ទោសទណ្ឌទៅតាមច្បាប់​។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក​ប្រចាំ​នៅប្រទេសកម្ពុជា លោក Patrick Murphy បានឱ្យដឹងតាមរយៈអ្នកបកប្រែថា ភាពចម្រុះគ្នានៃ​ជាតិសាសន៍ និងជំនឿ​ក្នុងប្រទេសកម្ពុជា ​គឺមានភាព​​ល្អប្រសើរ​ ប៉ុន្តែ​សិទ្ធិបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការជួបជុំ​ សិទ្ធិសេរីភាពសមាគម សហជីព ព្រមទាំង​សិទ្ធិធ្វើនយោបាយជាដើមនោះ ​មិនត្រូវបាន​រដ្ឋាភិបាល​កម្ពុជា​ការពារឱ្យបានពេញលេញនោះឡើយ។ ​

ថ្លែងនៅចំពោះ​មុខសង្គមស៊ីវិល យុវជន និងពលរដ្ឋខ្មែរជាង​១ ០០០នាក់ ដែលចូលរួមប្រារព្ធទិវាសិទ្ធិមនុស្សអន្តរជាតិ​១០ធ្នូ លើកទី៧៤ នៅព្រឹកថ្ងៃទី១០ធ្នូ លោកមានប្រសាសន៍ថា​​ ​កម្ពុជាគួរតែ​ខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីធានាដល់​សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដែលរួមមានសិទ្ធិបញ្ចេញមតិ សិទ្ធិសេរីភាពក្នុងការជួបជុំ​ សិទ្ធិសេរីភាពសមាគម សហជីព សេរីភាពសារព័ត៌មានឯករាជ្យ ព្រមទាំង​សិទ្ធិធ្វើនយោបាយជាដើមនោះ ​ត្រូវបានអនុវត្តពេញលេញ និងប្រសើរឡើង។ លោកបន្តថា សិទ្ធិសេរីភាពទាំងនេះ គឺជាធាតុផ្សំដ៏សំខាន់ក្នុងសង្គមប្រជាធិបតេយ្យ ព្រមទាំងដើម្បីឱ្យកម្ពុជាមានស្ថិរភាព និងការរីកចម្រើនជាយូរអង្វែង។

លោកលើកឡើងថា៖«យើងធ្វើការយ៉ាងណា ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលសិទ្ធិសេរីភាពត្រូវបានការពារ ហើយជនទាំងឡាយណាដែលបានធ្វើការការពារសិទ្ធិសេរីភាព និងសិទ្ធិមនុស្សគួរត្រូវបានអបអរសាទរ។ ជនទាំងឡាយណាដែល បានរំលោភពបំពានទៅលើសិទ្ធិទាំងអស់នេះ[សិទ្ធិសេរីភាព…] គួរត្រូវបានដាក់ទោសទណ្ឌតាមច្បាប់»។

​លោក Patrick Murphy បន្តថា ​សិទ្ធិទាំងអស់នេះគឺជាអ្វីដែលពលរដ្ឋត្រូវការ​ ហើយរដ្ឋាភិបាល​ត្រូវតែ​ចូលរួមលើកស្ទួយ​ និងការពារ​​។ ជាមួយគ្នានេះ លោកក៏បានជំរុញទៅរដ្ឋាភិបាលកម្ពុជាឱ្យអនុវត្តនូវកាតព្វកិច្ចជាអន្តរជាតិមួយនេះ ហើយអាមេរិកនឹងឈរជាមួយប្រជាជនកម្ពុជា ព្រមទាំងពលរដ្ឋទាំងឡាយដែលបានតស៊ូដើម្បីធានាថា​សិទ្ធិសេរីភាពរបស់ពួកគេត្រូវបានការពារ។

លោកថា​៖«ដូច្នេះហើយ យើងជំរុញនិងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើយ៉ាងណាដើម្បីឱ្យសម្រេចបាននូវកាតព្វកិច្ចជាអន្តរជាតិទាំងអស់នេះ ក៏ដូចជាការការពារសិទ្ធិទាំងអស់នេះ ដូចដែលបានតម្កល់ទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា​​​»។

​រដ្ឋធម្មនុញ្ញមាត្រា ៣១ បានចែងថា ប្រទេសកម្ពុជាបានទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចដែលមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំងឡាយទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិនារី និងកុមារ។

មាត្រាដដែលចែងថា ពលរដ្ឋមានសិទ្ធិស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិសេរីភាព និងករណីយ​កិច្ចដូចគ្នាទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿ សាសនា និន្នាការនយោបាយ ធនធាន ឬឋានៈជាដើម។

កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ ថ្លែងក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ រ៉េមី អះអាងថា ពាក់ព័ន្ធការងារសិទ្ធិមនុស្សនៅកម្ពុជា គណៈកម្មាធិការមួយនេះបានធ្វើការងារជាច្រើន ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធដើម្បីការពារ និងដោះស្រាយនូវភាពអយុត្តិធម៌ណាមួយ។ បន្ថែមពី​នេះ ត្រូវតាមដាន​ស្ថានភាពសិទ្ធិមនុស្សក្នុងពន្ធនាគារទាំង២៥ រាជធានី-ខេត្ត ព្រមទាំងសកម្មភាពការងារមួយចំនួនទៀត។ ​

លោកថា ជាប្រវត្តិសាស្ត្រហើយ ដែលក្នុងកិច្ចប្រជុំកំពូលអាស៊ានក្តី និង ​កិច្ចប្រជុំ​ពិសេស​លើក​ទី​២ នៃ​គណៈកម្មការ​អន្តររដ្ឋាភិបាល​អាស៊ាន​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស ឬហៅកាត់ថា​អាយឆា​ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកាលពីពេលថ្មីៗនេះ គ្មានឡើយការរិះគន់ពីបញ្ហាប្រឈមអំពីសិទ្ធិមនុស្សនៅកម្ពុជា។

លោកបន្ថែមថា ភាពរីកចម្រើនទាំងនេះជាមុខមាត់ជាប្រវត្តិសាស្ត្រ និងជាគុណសម្បត្តិក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

ទោះបីជាយ៉ាងនេះក្តី ​​អគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជា លោកស្រី​ Carmen Moreno ​បានលើកឡើង​ថា ការប្រារព្ធពិធីទិវាសិទ្ធិមនុស្ស​អន្តរជាតិនេះ គឺមានសារៈសំខាន់ណាស់​សម្រាប់យុត្តិធម៌មនុស្សគ្រប់គ្នា​ដោយ​ថា​មនុស្សជាតិសាសន៍ទាំងអស់សុទ្ធតែមានសិទ្ធិ និងតម្លៃស្មើៗគ្នា​។

លោកស្រី​ Carmen Moreno បន្តថា ​ទាំងសហភាពអឺរុប និងអង្គការអន្តរជាតិក្ដីបានដឹងពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា​ ហើយ​​ពួកគេ​នៅតែបន្តគាំទ្រ​ និងចូលរួមការពារ​ដល់​ពលរដ្ឋខ្មែរ​ក្នុងការទាមទារ​សិទ្ធិសេរីភាពពេញលេញ​។​

លោកស្រីថា៖«ហើយក៏មានការពារពី​អង្គការអន្តរជាតិ​ ក៏ដូចជាសហភាពអឺរ៉ុបផងដែរ​ ដើម្បីការពារនូវសិទ្ធិយើងទាំងអស់គ្នា។​ អ៊ីចឹងយើងធ្វើចាប់ពីឥឡូវទៅ​ យើងអាចការពារដល់កូនចៅជំនាន់ក្រោយយើងបាន​»។

ការប្រារព្ធទិវាសិទ្ធិមនុស្ស​អន្តរជាតិបានធ្វើឡើង​ជារៀងរាល់ឆ្នាំនៅកម្ពុជា ​ហើយរដ្ឋាភិបាល​ក៏បានកំណត់​​ជា​ថ្ងៃ​ឈប់សម្រាកប្រចាំឆ្នាំ​របស់​ជាតិថែមទៀតផង។

តែយ៉ាងណា ​កាលពីខែសីហា ឆ្នាំ២០១៩ រដ្ឋាភិបាលកម្ពុជា​បាន​លុបចោល ទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ ចេញពី​ថ្ងៃឈប់សម្រាកជាតិជាផ្លូវការ ដោយអនុវត្តចាប់ពីឆ្នាំ២០២០រហូតមក។

កម្ពុជា ត្រូវបានរងការរិះគន់ពីសហគមន៍ជាតិ និងអន្តរជាតិមួយចំនួនជុំវិញការរំលោភសិទ្ធិមនុស្ស ព្រមទាំងការធ្វើឱ្យសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋនៅកម្ពុជា​ធ្លាក់ចុះខ្លាំង ពិសេសក្រោយការចាប់ប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ និងរំលាយគណបក្សប្រឆាំងមួយនេះកាលពីចុងឆ្នាំ២០១៧។

សហភាពអឺរ៉ុបកាលពីខែសីហា ឆ្នាំ២០២០ បានដកប្រព័ន្ធអនុគ្រោះពន្ធEBA ២០ភាគរយពីកម្ពុជា ក្រោយពួកគេរកឃើញថា កម្ពុជាមិនបានធ្វើឱ្យប្រសើរឡើង​ចំពោះការគោរពសិទ្ធិមនុស្ស ​សិទ្ធិការងារ និងស្ថានភាពនយោបាយឡើយ ប៉ុន្តែពួកគេបង្ហើបថា អឺរ៉ុបនឹងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះឱ្យវិញ បើសិនស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​ប្រសើរឡើងវិញ​។

ជាមួយគ្នានេះ ចាប់តាំងពីឆ្នាំ២០១៨ មកទល់ចុងឆ្នាំ២០២២នេះ សហរដ្ឋអាមេរិក បានដាក់ទណ្ឌកម្មទៅលើមន្ត្រីជាន់ខ្ពស់ និង​មនុស្សស្និទ្ធជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មួយចំនួន ដូចជា អគ្គមេបញ្ជាការដ្ឋាននៃកងអង្គរក្ស និងមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោក ហ៊ីង ប៊ុនហៀង ដែលអាមេរិកដាក់ទណ្ឌកម្មកាលពីឆ្នាំ២០១៨។ ​ដោយឡែក អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ លោក គន់ គីម និងភរិយា រួមទាំងកូនៗពីរនាក់ អមដោយក្រុមហ៊ុនចំនួន៧ផង ត្រូវបានអាមេរិកដាក់ទណ្ឌកម្មកាលពីចុងឆ្នាំ២០១៩។

នៅក្នុងពេលដាក់ទណ្ឌកម្មលើលោក គន់ គីម និងគ្រួសារនោះ លោកឧកញ៉ា ទ្រី ភាព និងក្រុមហ៊ុនរបស់លោកចំនួន១១  ក៏ត្រូវបានអាមេរិកដាក់ទណ្ឌកម្មដែរ។ ​ការដាក់ទណ្ឌកម្មពេលនោះ ធ្វើឡើង​ក្រោម​ការអនុវត្តច្បាប់ ​Global Magnitsky ដោយអាមេរិក​រកឃើញថា ​មនុស្សស្និទ្ធនឹងលោក ហ៊ុន សែន ទាំងពីរនេះ បានរួមចំណែក​យ៉ាងច្រើន​ក្នុងការប្រព្រឹត្តអំពើពុករលួយ បំផ្លិចបំផ្លាញទ្រព្យសម្បត្តិជាតិ និងរំលោភសិទ្ធិមនុស្ស ។​ ​ ក្រៅពីនេះ សហរដ្ឋអាមេរិកក៏បាន​ដាក់ទណ្ឌកម្ម​លើ​ក្រុមហ៊ុនរដ្ឋចិន UDG នៅខេត្តកោះកុងផងដែរ។

បន្ថែមពីនេះ នៅចុងឆ្នាំ២០២១ អាមេរិកក៏បានដាក់ទណ្ឌកម្មទៅលើមន្ត្រី​យោធា​ជាន់ខ្ពស់​កម្ពុជា​ ២​រូប រួមមាន លោកនាយ​ឧត្ដមសេនីយ៍ ចៅ ភិរុណ ​អគ្គនាយក​នៃ​នាយកដ្ឋាន​សម្ភារបច្ចេកទេស​នៃ​ក្រសួង​ការពារ​ជាតិ និងលោក​នាយ​ឧត្ដមនាវី ទៀ វិញ ​អគ្គ​មេបញ្ជាការ​រង​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក។

ការដាក់ទណ្ឌកម្មរបស់អាមេរិកនោះ ក្រោយរកឃើញថា ពួកគេ​​បានប្រើប្រាស់តួនាទីរបស់ខ្លួនប្រព្រឹត្ត​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​គម្រោង​សាងសង់ និង​កែ​លម្អ​កំពង់ផែ​កងទ័ព​ជើង​ទឹក​រាម​ នៅ​ក្រុង​ព្រះសីហនុ។

ទណ្ឌកម្មរបស់អាមេរិកដែលដាក់ទៅលើមន្ត្រីជាន់ខ្ពស់កម្ពុជា និងមនុស្សស្និទ្ធលោក ហ៊ុន សែន ផងនោះ រួមមានការបង្កកទ្រព្យសម្បត្តិ និងហាមមិនឱ្យក្រុមហ៊ុនរបស់ខ្លួនទាំងអស់រកស៊ី ឬ​ធ្វើ​ប្រតិបត្តិការ​សាច់ប្រាក់​ជាមួយ​ ព្រមទាំងហាមមិនឱ្យអ្នកដែលរងទណ្ឌកម្ម និងសមាជិកគ្រួសារពួកគេជាន់ដីសហរដ្ឋអាមេរិកជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ