លោក​ ​សម​ ​រង្ស៊ី​ ​ប្រាប់​ទៅ​ពលរដ្ឋ​ខ្មែរ​នៅ​​អឺរ៉ុប​ឱ្យ​បាតុកម្ម​ប្រឆាំង​វត្ត​មាន​លោក​ ​ហ៊ុន​ ​សែន​ ​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ​

លោក សម រង្ស៊ី និងលោក ហ៊ុន សែន។

សហស្ថាបនិកគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ លោក សម រង្ស៊ី បានអំពាវនាវទៅប្រជាពលរដ្ឋខ្មែរដែលរស់នៅទ្វីបអឺរ៉ុបឱ្យចូលរួមធ្វើបាតុកម្មឱ្យបានច្រើនកុះករ  ដើម្បីប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នៅពាក់កណ្តាលខែធ្នូនេះ ខណៈមេដឹកនាំ​រូបនេះ និងគណៈប្រតិភូកម្ពុជា នឹងទៅចូលរួមកិច្ចប្រជុំកំពូល​អាស៊ាន-សហភាពអឺរ៉ុប​ ដែលធ្វើឡើងនៅប្រទេសប៊េលហ្សិក។

នៅលើបណ្តាញសង្គមហ្វេសប៊ុក លោក សម រង្ស៊ី បានបង្ហោះសារកាលពីថ្ងៃទី១០ ខែធ្នូ ​ថា​ ទស្សនកិច្ចរបស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទ្វីបអឺរ៉ុប គឺជាទស្សនកិច្ចចុងក្រោយ   នៅក្នុងនាមជានាយករដ្ឋម​ន្ត្រីកម្ពុជា ដោយលោកថា លោក ហ៊ុន សែន នឹងចុះចេញពីតំណែងកំពូលមួយនេះនៅឆ្នាំ២០២៣ខាងមុខ។ លោក សម រង្ស៊ី អះអាងថា នៅក្រោយពេលចុះចេញពីតំណែងនៅឆ្នាំ២០២៣  គឺលោក ហ៊ុន សែន នឹងត្រូវប៉ូលិសអន្តរជាតិចាប់ខ្លួន ពីបទឧក្រិដ្ឋ និងអំពើឃាតកម្មជាច្រើននៅកម្ពុជា។

ករណីនេះ លោក ​សម រង្ស៊ី អំពាវនាវទៅប្រជាពលរដ្ឋខ្មែរនៅអឺរ៉ុប ចូលរួមធ្វើបាតុកម្មប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលនឹងទៅចូលរួមកិច្ចប្រជុំអាស៊ាន-សហភាពអឺរ៉ុប ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នៅទីក្រុងព្រុចស៊ែល (Bruxelles) ប្រទេសប៊េលហ្សិក (Belgique)  ឱ្យបានកុះករ នៅថ្ងៃពុធទី១៤ធ្នូ ឆ្នាំ២០២២ខាងមុខនេះ ។

ឆ្លើយតបការអំពាវនាវនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន  មានប្រសាសន៍ដោយចាត់ទុកការលើកឡើងរបស់លោក សម ​រង្ស៊ី ឱ្យប្រជាពលរដ្ឋខ្មែរចូលរួមធ្វើបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងព្រុចស៊ែល (Bruxelles) ប្រទេសប៊េលហ្សិក (Belgique) នាថ្ងៃទី១៤ ខែធ្នូខាងមុខនេះ នឹងមិនទទួលបានជោគជ័យនោះទេ ពីព្រោះថ្នាក់ដឹកនាំកម្ពុជាធ្វើទស្សនកិច្ចនៅអឺរ៉ុប  ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ។ ករណីនេះ អ្នកធ្វើបាតុកម្មទំនងជាមិនបានជួបមុខថ្នាក់ដឹកនាំកម្ពុជានោះឡើយ។

លោកមានប្រសាសន៍ថា៖ «ការធ្វើបាតុកម្មនៅស្រុកគេ គេឱ្យធ្វើដោយសេរី ប៉ុន្តែអាជ្ញាធរស្រុកគេកំណត់ទីតាំងឱ្យធ្វើ ដោយមិនមានប៉ះពាល់ដល់ការងារស្នួលរបស់គណៈប្រតិភូរបស់កម្ពុជាទេ។ អ៊ីចឹងកុំសង្ឃឹមថា បានឡើងឆាក ឬទៅអ៊ុកឡុក ឬទៅឈរជិតសម្តេច ប្រហែលមើលសម្តេចមិនឃើញផង»។

សាស្រ្តាចារ្យវិទ្យាសាស្ត្រ​នយោបាយ លោក ឯម សុវណ្ណរ៉ា  មានប្រសាសន៍ថា បើប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសចូលរួមបានច្រើនកុះករ តាមការអំពាវនាវរបស់លោក សម ​រង្ស៊ី  ដើម្បីធ្វើបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ​ខាងមុខនេះ  អាចអង្រួនចិត្តប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេស មានទឹកចិត្តបន្តគាំទ្របក្សប្រឆាំងនៅកម្ពុជា។ លោកបន្តថា បញ្ហានេះ អាចធ្វើឱ្យបក្សកាន់អំណាចថយប្រជាប្រិយភាពមួយកម្រិត បើបក្សនេះមិនផ្តល់ប្រយោជណ៍ច្រើនជូនពលរដ្ឋម្ចាស់ឆ្នោត ។

យ៉ាងណា លោក សុវណ្ណរ៉ា ផ្តល់ជាអនុសាសន៍ថា ដំណាក់កាលនេះ អ្នកនយោបាយខ្មែរគួរតែជួយដោះស្រាយបញ្ហាប្រឈមនានាជូនប្រជាពលរដ្ឋម្ចាស់ឆ្នោត ជាជាងប្រើវោហាសាសន៍ឈ្លោះគ្នា ដែលនាំឱ្យខាតប្រយោជន៍ជាតិ ។

លោកផ្តល់ជាអនុសាសន៍ថា៖ «ខ្ញុំគិតថា អ្នកនយោបាយមានសិទ្ធិក្នុងការប្រជែងគ្នា ក៏ប៉ុន្តែការប្រជែងគ្នាទាំងឡាយណា ដែលធ្វើឱ្យខាតបង់នូ​វ​ប្រយោជន៍ជាតិ គួរតែអ្នកយោបាយជៀសវាង គាត់គួរតែវាយប្រហារគ្នាក្នុងក្របខណ្ឌ ប្រកួតប្រជែងគ្នាដោយស្មើភាព ក្នុងគោលការណ៍ច្បាប់ ប៉ុន្តែបើអ្នកនយបោយប្រើច្បាប់ជាលេស ដើម្បីយកអំណាចរិតត្បិតទៅលើអ្នកនយោបាយជាដៃគូប្រជែងទេ ជាការប្រាស់ចាកប្រយោជន៍ជាតិ»។

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាកាលពីថ្ងៃទី៩ ខែធ្នូ បានឱ្យដឹងថា លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន ​ និងជាប្រធានអាស៊ានឆ្នាំ២០២២ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅចូលរួម និងធ្វើជាសហប្រធានកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប។ កិច្ចប្រជុំនេះធ្វើឡើង ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប និងធ្វើជាសហប្រធាននៃកិច្ចប្រជុំជាមួយប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក​ ឆាល មីសែល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ នៅទីក្រុងព្រុចសែល។

ក្រសួងការបរទេសកម្ពុជាបន្តថា កិច្ចប្រជុំពេញអង្គនៃជំនួបកំពូលរម្លឹកខួបនេះ នឹងពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-សហភាពអឺរ៉ុបនាពេលបច្ចុប្បន្ន និងកំណត់ទិសដៅអនាគតសម្រាប់ទំនាក់ទំនងអាស៊ាន-សហភាពអឺរ៉ុប។ បន្ថែមពីនេះ ថ្នាក់ដឹកនាំរំពឹងថា នឹងផ្តោតការពិភាក្សាទៅលើវិធីដើម្បីពង្រឹងសេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ការផ្លាស់ប្តូរឌីជីថល ការតភ្ជាប់ ការធានាបាននូវការផ្លាស់ប្តូរបៃតង ថាមពល និងសន្តិសុខស្បៀង និងការអភិវឌ្ឍប្រកបដោយចីរភាព។ ថ្នាក់ដឹកនាំ ក៏នឹងផ្លាស់ប្តូរទស្សនៈគ្នាលើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាការព្រួយបារម្ភ និងការចាប់អារម្មណ៍រួម ផងដែរ។

សេចក្តីប្រកាសព័ត៌មានបន្តថា នៅមុនពេល​ចូលរួមកិច្ចប្រជុំកំពូលរម្លឹកខួប លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹង​ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋបារាំង ហើយប្រធានាធិបតីនៃសាធារណរដ្ឋបារាំង លោក អេម៉ានូអែល ម៉ាក្រុង នឹងទទួលស្វាគមន៍​នាយករដ្ឋមន្រ្តីកម្ពុជា នៅវិមានអេលីហ្សេ (Élysée Palace) ហើយនឹងរៀបចំអាហារការងារពេលល្ងាចជាកិត្តិយស។   ក្រៅពីនេះ លោក ហ៊ុន សែន ក៏នឹងជួបសំណេះសំណាលជាមួយ​ជនរួមជាតិខ្មែរដែលកំពុងរស់នៅអឺរ៉ុប ព្រមទាំងកម្មវិធីមួយចំនួនទៀតផងដែរ៕

  ​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ