សង្គមស៊ីវិល​ស្នើ​រដ្ឋាភិបាល​បណ្ដុះបណ្ដាល​ភ្នាក់ងារ​សន្តិសុខ​ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កូដករ​ដែល​ទាមទារ​លក្ខខណ្ឌ​ការងារ

កូដករណាហ្គាវើលដ៍ ប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ក្រុមអង្គការសង្គមស៊ីវិល និង​សហជីព​ជិត​២០​ស្ថាប័ន អំពាវ​នាវ​ទៅ​រដ្ឋាភិបាល​បណ្ដុះបណ្ដាល​ភ្នាក់ងារ​សន្តិសុខទាំងអស់ដែល​គាំទ្រ​ដោយ​រដ្ឋ ឬ​រដ្ឋបាល​រាជ​ធានីខេ​ត្ត រួម​ទាំង​អ្នក​គ្រប់​គ្រង ឱ្យមានទំនាក់ទំនងល្អជាមួយ​សាធារណជន ជាពិសេសក្រុមកូដករ​ណាហ្គាវើលដ៍​តាម​បែប​អហិង្សា និង​មាន​សម​ភាព​យេន​ឌ័រ ហើយ​​បុគ្គល​ដែល​ប្រើ​អំពើ​ហិង្សា និងបៀត​បៀន ត្រូវ​​ទទួល​ខុសត្រូវចំពោះមុខ​ច្បាប់។

ក្រុមអង្គការទាំងនោះរួមមាន សមាគមអ្នកបម្រើការងារតា​មផ្ទះ, សមាគមគាំពារស្ត្រីងាយរងគ្រោះ, មជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា, សហជីព​កម្មករ​ចំណី​អាហារ ​និងសេវាកម្មកម្ពុជា, សហភាពការងារកម្ពុជា, អង្គការសម្ព័ន្ធខ្មែរជំរឿន​ និងការពារសិទ្ធិមនុស្ស (លីកាដូ), អង្គ​ការ​យេន​ឌ័រ ​និងអភិវឌ្ឍន៍ដើម្បីកម្ពុជា, សមាគម​អ្នកប្រជាធិបតេយ្យ​ឯករាជ្យ​នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ, សមាគម​ការពារសិទ្ធិ​មនុស្សអាដហុក, ​មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់), មជ្ឈ​មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា ព្រមទាំងអង្គការ-សមា​គម សហជីពមួយចំនួនទៀត។    ​

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ចំនួន១៧ស្ថាប័ន បានឱ្យដឹងកាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះថា ក្នុងឱកាសយុទ្ធនាការ ១៦ថ្ងៃ និងទិវាសិទ្ធិមនុស្សអន្តរជាតិ ឆ្នាំ២០២២ ក្រុមអង្គការសង្គមស៊ីវិលមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ សមាគម សហជីព ស្នើទៅរដ្ឋាភិបាលដាក់ចេញជំហានចាំបាច់ ដើម្បីអនុវត្តអនុសាសន៍ដែលបានចែងក្នុងសេចក្តីអង្កេតសន្និដ្ឋានចុងក្រោយរបស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ី-ដ ដើម្បីលើកកម្ពស់សិទ្ធិមនុស្សរបស់ស្ត្រីនៅកម្ពុជា។

ករណីនេះ ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព ស្នើ​ដល់​​រដ្ឋាភិបាលបណ្តុះបណ្តាលដល់ភ្នាក់ងារសន្តិសុខទាំងអស់ដែលគាំទ្រដោយរដ្ឋ ឬរដ្ឋបាលរាជធានី-ខេត្ត រួមមាន អ្នកគ្រប់គ្រង និងអ្នកចាត់ចែងផ្ទាល់របស់ពួកគេ អំពីរបៀបនៃការប្រាស្រ័យទាក់ទងជាមួយសាធារណជន និងជាពិសេសស្ត្រីក្រុមអ្នកតវ៉ា និងសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ តាមបែបអហិង្សា និងប្រកបដោយឥរិយាបថ​គិត​គូរ​អំពី​យេន​ឌ័រ និង​ឱ្យបុគ្គលរងការចោទប្រកាន់ពីបទ ប្រព្រឹត្ត​អំពើហិង្សា និង​បៀតបៀន ត្រូវទទួលខុសត្រូវចំពោះ​មុខ​ច្បាប់។

បន្ថែម​ពី​នេះ ក្នុងសេចក្តីថ្លែងការណ៍រួមដដែល​ អង្គការសមាគមទាំងនោះបាន​ទទូចទៅ​រដ្ឋាភិបាលផ្តល់សញ្ចាប័នលើអនុសញ្ញារបស់​អង្គការពលកម្មអន្តរជាតិខាងផ្នែកការងារ លេខ១៩០ ស្តីពី «ការលុបបំបាត់អំពើហិង្សា និងបៀតបៀនក្នុងពិភពការងារ» និងផ្ដល់និយមន័យច្បាស់លាស់ គ្រប់ជ្រុងជ្រោយ និងផ្តល់ការដោះស្រាយសម្ងាត់នូវគ្រប់ទម្រង់នៃការបៀតបៀន។

អគ្គលេខាធិការគណៈកម្មការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បី​អនុសញ្ញាលុបបំបាត់ស៊ី-ដ អ្នកស្រី ជឹម ចាន់នាង មានប្រសាសន៍នៅថ្ងៃចន្ទនេះ​ថា អនុសាសន៍​ដែលក្រុមអង្គការសង្គមស៊ីវិលស្នើ​ទៅរដ្ឋាភិបាលនេះ គឺជាអនុសាសន៍ដែលលើកឡើងរបស់គណៈកម្មាធិការនៃអង្គការសហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ី-ដ ដាក់ជូន​រដ្ឋាភិបាល​តាំង​ពី​ឆ្នាំ​២០១៩។ ​ប៉ុន្តែរហូតមកដល់ឆ្នាំ២០២១ អ្នកស្រីថា នៅ​មិន​ទាន់​ឃើញ​រដ្ឋាភិបាល​អនុ​វ​ត្តតាមអនុសាសន៍ទាំង​​នោះ​​នៅ​ឡើយ ហើយ​ជាក់ស្តែងអំពើហិង្សាលើស្ត្រី ជាពិសេសស្ត្រីកូដករណាហ្គាវើលដ៍ នៅតែប​ន្ត​កើត​មាន​ជា​ហូរហែ។

ករណីនេះ អ្នកស្រីថា បើរដ្ឋាភិបាលមិនអនុវត្តតាមអនុសាសន៍នោះទេ នឹងធ្វើឱ្យបញ្ហាប្រឈមបន្តកើតមានជាបន្តបន្ទាប់ ហើយរងការរិះគន់ពីមជ្ឈដ្ឋានជាតិ និងអន្តរជាតិថែមទៀតផង។

អ្នកស្រីមានប្រសាសន៍ថា៖ «រដ្ឋាភិបាលមិនអាចសម្រេចបានទៅតាមការតាំងចិត្តរបស់គាត់ នៅក្នុងការលុបបំ​បាត់អំពើហិង្សាលើស្ត្រីនៅក្នុងប្រទេសយើង។ ហើយ​មួយទៀត​ វាធ្វើឱ្យករណីអំពើហិង្សា វានៅតែបន្តអ៊ីចឹង​រហូត។ អ៊ីចឹង​វាបង្ហាញទៅដល់សាធារណជន ក៏ដូចជា​នៅកម្រិតជាតិ ក៏ដូចអន្តរជាតិដែរ ឱ្យមើលឃើញច្បាស់ថា រដ្ឋាភិបាលយើងអត់បានយកចិត្តទុកដាក់ទៅលើការដោះស្រាយ ការរើសអើង ឬមួយការប្រើអំពើហិង្សាលើស្ត្រីពិតប្រាកដ ទៅតាមគោលនយោបាយច្បាប់ដែលយើងមានសព្វថ្ងៃទេ»។

បន្ថែមពីនេះ អ្នកស្រី ជឹម ចាន់នាង បញ្ជាក់​ថា ក្រុមអង្គការសង្គមស៊ីវិល សមាគម និងសហជីព សំណូមពរទៅរដ្ឋាភិបាលអនុវត្តអនុសាសន៍របស់គណៈកម្មាធិការនៃអង្គការ​សហប្រជាជាតិទទួលបន្ទុកអនុសញ្ញាស៊ី-ដ ដើម្បីការពារប្រយោជន៍ដល់ជនរងគ្រោះ ជាពិសេសស្ត្រីដែលរងការរំលោភបំពានសិទ្ធិ ជាដើម។

កូដករណាហ្គាវើលដ៍ កញ្ញា ចាន់ ស្រីរ័ត្ន គាំទ្រចំពោះការស្នើរបស់​​ក្រុម​អង្គកា​រ​សង្គម​ស៊ីវិល ដោយថា កន្លងមក ពួកគាត់​ជាកូដករ​​ធ្វើ​កូដ​កម្ម​​ដោយ​​អហិង្សា និង​ស្រប​តាម​នីតិវិធីច្បាប់ ប៉ុន្តែត្រូវបានអាជ្ញាធរ និងកងកម្លាំងសន្តិសុខ ទំនោរ​ទៅ​ក្រុម​ហ៊ុន​បរទេស ហើយ​ប្រើ​អំពើហិង្សា និងបៀតបៀនទៅ​លើពួកគាត់ដោយអយុតិ្តធម៌ទៅវិញ។

កញ្ញាលើក​ឡើង​ដូច្នេះថា៖ «អាជ្ញាធរគាត់គួរតែមានតួនាទី ហើយគាត់អត់ត្រូវមករឹតត្បិតមកលើពួកខ្ញុំជាកូដករអ៊ីចឹង​ទេ គាត់​ត្រូវមាន​តួនាទី​ទទួល​ខុស​ត្រូវ​ទៅ​លើ​កម្មករ​ខ្មែរ មិនមែនគាត់មកការពារឱ្យថៅកែក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ទេ ដោយសារថៅកែ​ណាហ្គាវើលដ៍ជាជនជាតិបរទេស គាត់អត់ត្រូវកាងឱ្យថៅកែណា​ហ្គាវើលដ៍​ទេ គាត់ត្រូវជាអ្នកសម្របសម្រួល ជាអាជ្ញាកណ្តាល គាត់អត់ត្រូវធ្វើអ៊ីចឹងទេ»។

បន្ថែមពីនេះ កញ្ញា ចាន់ ស្រីរ័ត្ន ស្នើទៅរដ្ឋាភិបាល​ជួយអន្តរាគមន៍ទៅតុលាការឱ្យទម្លាក់ចោលការចោទប្រកាន់ទៅ​លើ​តំណាង និង​សមាជិក​សហជីព ជាពិសេសកញ្ញា ឈឹម ស៊ីថរ និងដោះលែងគាត់ឱ្យមានសេរីភាពវិញដោយគ្មានលក្ខខណ្ឌ ពីព្រោះពួកគេគ្រាន់តែធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារតែប៉ុណ្ណោះ មិនបានធ្វើខុសដូចការចោទប្រកាន់នោះទេ ។

អ្នក​នាំ​ពាក្យ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា លោក កត្តា អ៊​ន មានប្រសាសន៍ថា ទាក់ទងនឹង​អនុសាសន៍​របស់​គណៈ​កម្មាធិ​ការនៃអង្គ​ការ​សហប្រជាជាតិទទួល​បន្ទុក​អនុសញ្ញា​ស៊ី-ដ កន្លងមក ក្រសួង​កិច្ច​ការ​នារី​ បាន​ធ្វើ​របាយ​ការ​ណ៍​ឆ្លង​ទៅ​អង្គការ​សិទ្ធិ​ស្ត្រីរបស់អង្គការសហប្រជាជាតិ ហើយបានពិនិត្យនិងស៊ើបអង្កេតដើម្បីអនុវ​ត្តផងដែរ។

ចំណែក ទាក់ទងនឹង​បញ្ហាអសន្តិសុខឯណោះវិញ លោកថា រដ្ឋាភិបាលមិនគាំទ្រឱ្យមានអំពើហិង្សាគ្រប់ទម្រង់នោះទេ ករណីនេះ លោកលើកទឹកចិត្តដល់ជនរងគ្រោះ​ដែលរងនូវអំពីហិង្សា មានសិទ្ធិប្តឹងទៅតុលាការដើម្បីឱ្យជួយរកយុត្តិធម៌។

លោកមានប្រសាសន៍ថា៖ «គោលការណ៍រដ្ឋាភិបាលយើងមិនគាំទ្រទាល់តែសោះនូវរាល់អំពើហិង្សាទាំងឡាយណា ទោះអំពើហិង្សានោះប្រព្រឹត្តដោយសមត្ថកិច្ច ឬអំពើហិង្សានោះប្រព្រឹត្តដោយបាតុករ ឬដោយអ្នកតវ៉ា ដូច្នេះអំពើហិង្សាដែលកើតឡើងក្នុងទម្រង់​ណាក៏ដោយជាអំពើខុសច្បាប់។ អ៊ីចឹងហើយបានយើងលើកទឹកចិត្តដល់ជនរងគ្រោះ មិនថាកម្មករ មិនថាបាតុករដែលរងអំពើ​ហិង្សា អាចប្តឹងទៅតុលាការទាមទារ[រកយុត្តិធម៌]តាមផ្លូវច្បាប់។ ផ្ទុយទៅវិញ ខាងអាជ្ញាធរ​ដែល​រង​អំពើ​ហិង្សា ក៏​មាន​សិទ្ធិតតាំង​តាម​ផ្លូវ​ច្បាប់​ដូច​គ្នា​ដែរ»។

កាលពីថ្ងៃទី២៦ ខែ​តុលា ឆ្នាំ២០២២ អង្គការគម្រោងយុត្តិធម៌ពិភព​លោក (World Justice Project) បានចេញផ្សាយរបាយការណ៍មួយ ដោយបន្តដាក់ចំណាត់​ថ្នាក់​​​ប្រទេស​កម្ពុជា​ថាមាន​ការ​គោរពនីតិរដ្ឋ​ទាប ដោយ​ស្ថិតនៅលេខរៀង១៣៩ ក្នុង​ចំណោមប្រទេស១៤០ លើពិភពលោក។

របាយ​ការណ៍​ដដែល​បន្ត​ថា មូលហេតុចម្បងដែលទាញទម្លាក់នីតិរដ្ឋនៅកម្ពុជាឱ្យធ្លាក់ចុះដល់បាតតារាងនេះ ដោយសារតែអំណាច​នយោបាយជ្រៀតជ្រែកស្ថាប័នសភា និងតុលាការ ដែលជាសសរ​ស្ដម្ភ​កំពូល​របស់​ជាតិ បាន​ធ្វើឱ្យបាត់បង់ប្រព័ន្ធត្រួតពិនិត្យ​​អំណាចតាម​បែប​ប្រជា​ធិបតេយ្យ កម្សោយលើការទប់ស្កាត់អំពើពុករលួយ និង​ការរំលោភសិទ្ធិមនុស្ស រួមទាំងអយុត្តិធម៌សង្គម ជាដើម។

​កាលពីខែកញ្ញា ឆ្នាំ២០២២ អង្គការសម្ព័ន្ធភាពពិភពលោក​សម្រាប់ការចូលរួមរបស់ប្រជាពលរដ្ឋ​ (CIVICUS) ចេញអត្ថបទសង្ខេបមួយដោយបង្ហាញថា អ្នកការពារសិទ្ធិមនុស្ស និងសកម្មជនបក្សប្រឆាំង ព្រមទាំងសកម្មជនផ្សេងទៀត នៅតែបន្តប្រឈមនឹងការគំរាមកំហែង និងគាបសង្កត់ពីអាជ្ញាធរ និងតុលាការកម្ពុជា។

ជាក់ស្តែង​ រយៈពេល១ឆ្នាំកន្លងមក រដ្ឋាភិបាលបានប្រើប្រាស់ប្រព័ន្ធតុលាការ ដើម្បីធ្វើទុក្ខបុកម្នេញ និងយាយីលើសកម្មជនបក្សប្រឆាំង ដោយចាប់ឃុំខ្លួននិងចោទប្រកាន់ពួកគេតាមអំពើចិត្ត ហើយមិនទទួលបានការជំនុំជម្រះដោយយុត្តិធម៌ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ