យោងតាមមន្រ្តីជាន់ខ្ពស់មួយរូបរបស់អង់គ្លេស បានឱ្យដឹងថា ប្រទេសអង់គ្លេសមានបំណងដើរតួនាទីកាន់តែសំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាពិសេសជួយតំបន់នេះក្នុងការផ្លាស់ប្តូរថាមពលបៃតងរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ។
ឧត្ដមស្នងការអង់គ្លេសប្រចាំប្រទេសសិង្ហបុរី លោកស្រី ការ៉ា អូវិន (Kara Owen) ក៏បានកត់សម្គាល់ផងដែរថា ទំនាក់ទំនងរវាងអង់គ្លេស និងអាស៊ាន គឺកើតចេញពីទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចជាភាពជាដៃគូក្នុងការអភិវឌ្ឍទីផ្សារមូលធន និងសេវាហិរញ្ញវត្ថុ។
លោកស្រី Owen បានមានប្រសាសន៍ថា៖ «អាស៊ីអាគ្នេយ៍ គឺជាឧទាហរណ៍ដ៏អស្ចារ្យ នៃអ្វីដែលអង់គ្លេសកំពុងព្យាយាមធ្វើនៅក្នុងពិភពលោកនេះ។ យើងមានទំនាក់ទំនងយ៉ាងរឹងមាំជាមួយប្រទេសនីមួយៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាជាមួយអាស៊ានផងដែរ»។
លោកស្រីបន្ថែមថា៖ «យើងក៏មានទំនាក់ទំនងនយោបាយដ៏រឹងមាំជាមួយអាស៊ាន និងកិច្ចសហការផ្នែកការពារជាតិផងដែរ»។
ថ្លែងនៅក្នុងសុន្ទរកថា លោក ចេមស៍ ខ្លេវឺលី (James Cleverly) បានកត់សម្គាល់ថា ក្រោយពីអង់គ្លេសចាកចេញពីសហភាពអឺរ៉ុប អង់គ្លេសត្រូវសហការជាមួយដៃគូមួយចំនួន ដូចជា បណ្ដាប្រទេសនៅអាស៊ី អាមេរិកឡាទីន និងអាហ្វ្រិក។ លោកបន្តថា អង់គ្លេសនឹងបង្ហាញពីការប្តេជ្ញាចិត្តរយៈពេលវែងរបស់ខ្លួនចំពោះឥណ្ឌូ-ប៉ាស៊ីហ្វិក ដូចជា តាមរយៈការចូលរួមក្នុងកិច្ចព្រមព្រៀងទូលំទូលាយ និងវិវឌ្ឍន៍ទៅមុខនៃភាពជាដៃគូឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (CPTPP)៕