សមាជិកសភាអឺរ៉ុប ៤រូប ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ ក្នុងនោះមានអនុប្រធានសភាម្នាក់ផងដែរ

រូបថតឯកសារ៖ សមាជិកសភា Eva Kaili ត្រូវបានគេមើលឃើញនៅក្នុងសភា ក្នុងទីក្រុង Athens ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១១។ (REUTERS/Yiorgos Karahalis)

សមាជិក​សភា​អឺរ៉ុប​ចំនួន ៤រូប ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ «ទទួលសំណូកពីប្រទេសកាតា» ដែលក្នុង​នោះមា​ន​អនុប្រធានសភាអឺរ៉ុប ​លោកស្រី អេវ៉ា កាយលី (Eva Kaili) ស្ថិតក្នុងចំណោមបុគ្គលដែលត្រូវបានចាប់ខ្លួនក្នុងករណីនេះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

ប្រភពដដែលបន្តថា ​រដ្ឋអាជ្ញាសង្ស័យថា ប្រទេសកាតា បាន​ព្យាយាម​មាន​ឥទ្ធិពល​លើការសម្រេច​ចិត្ត​របស់​សភា​អឺរ៉ុប ​ដោយ​ផ្ដល់​ជា​ប្រាក់ ឬអំណោយ។

ទោះយ៉ាងណា រដ្ឋាភិបាល​កាតាបាន​បដិសេធចំពោះការចោទប្រកាន់នេះ។

ក្រុមឃ្លាំមើល និងសមាជិក​សភា​មកពីគណបក្សប្រឆាំង បានលើកឡើង​ថា វាអា​ច​ជារឿ​ងអាស្រូវ​ពុក​រលួយដ៏ធំបំផុតមួយ ដែលមិនធ្លាប់មាននៅក្នុងសភាអឺរ៉ុប។

លោកស្រី Kaili ត្រូវ​បាន​ព្យួរ​ពី​តួនាទី​ជា​អនុប្រធានសភា ​​ក្នុង​ចំណោម​អនុប្រធានសភាចំនួន១៤​រូបផ្សេង​ទៀត និង​ព្យួរតួនាទីពី​ក្រុម​សង្គមនិយម និង​អ្នក​ប្រជាធិបតេយ្យ​របស់​សភា។ លោកស្រី​ក៏​ត្រូវ​បាន​បណ្តេញ​ចេញ​ពី​គណបក្សឆ្វេងនិយម Pasok របស់​ក្រិក។

ប្រធានសភាអឺរ៉ុប លោកស្រី រ៉ូបឺតា មេតសូឡា (Roberta Metsola) បានធ្វើដំណើរពីប្រទេសម៉ាល់តា (Malta) ដែលជាស្រុកកំណើតរបស់លោកស្ រីទៅកាន់ទីក្រុងព្រុចសែល (Brussels) កាលពីល្ងាចថ្ងៃសៅរ៍ ដើម្បីទៅមើលការឆែកឆេរគេហដ្ឋានរបស់​សមាជិកសភា​ដែលត្រូវបានចោទប្រកាន់ ដែលតម្រូវដោយរដ្ឋធម្មនុញ្ញប្រទេសបែលហ្ស៊ិក។

អ្នកនាំពាក្យរបស់លោកស្រី Metsola បាននិយាយថា លោកស្រីបានសម្រេចចិត្តព្យួរភ្លាមៗនូវអំណាច តួនាទី និងភារកិច្ចទាំងអស់ដែលត្រូវបានផ្ទេរទៅឱ្យលោកស្រី អេវ៉ា កាយលី (Eva Kaili)។ អ្នកនាំពាក្យរូបនេះបានបន្ថែមថា សភាអឺរ៉ុប «ឈរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអំពើពុករលួយ» និងកំពុង «សហការទាំងស្រុង​» ជាមួយអ្នកស៊ើបអង្កេត។

ចំនួនទឹកប្រាក់ប្រមាណ ៦០០ ០០០អឺរ៉ូ (ឬស្មើប្រមាណ ៦៣២ ០០០ដុល្លារ) ត្រូវបាននគរបាលបែលហ្ស៊ិក រឹបអូសក្នុងការឆែកឆេរចំនួន១៦ករណី ក្នុងទីក្រុងព្រុចសែល កាលពីថ្ងៃសុក្រ រួមទាំងកុំព្យូទ័រ និង​ទូរសព្ទ​ដៃ​ផងដែរ។

មនុស្ស​សរុបចំនួន​ ៦​នាក់ ​ត្រូវ​បាន​ឃាត់ខ្លួន​ដើម្បី​សាកសួរ​ ក្នុង​នោះ​មាន​២​នាក់​ត្រូវ​បាន​ដោះលែង​។

ការិយាល័យរដ្ឋអាជ្ញាសហព័ន្ធរបស់ប្រទេសបែលហ្ស៊ិក បានលើក​ឡើង​នៅក្នុងសេចក្តីថ្លែងការណ៍​មួយ​ថា៖ «បុគ្គលចំនួន៤នាក់ត្រូវបានចាប់ខ្លួន​ដោយចៅក្រមស៊ើបអង្កេតរបស់ទីក្រុងព្រុច​សែល ដែល​កំពុងដឹក​នាំ​ការ​ស៊ើប​អង្កេត»។

ការិយាល័យនេះបន្ថែមថា៖ «ពួកគេត្រូវបានចោទប្រកាន់ពីបទចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ និង​អំពើពុករលួយ។ មនុស្ស២នាក់ត្រូវបានដោះលែងដោយចៅក្រមស៊ើបអង្កេត»។

រដ្ឋអាជ្ញាបាននិយាយថា ក្រុមអ្នកស៊ើបអង្កេតបានសង្ស័យថា ប្រទេសកាតាមានឥទ្ធិពលលើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច និងនយោបាយរបស់សភាអឺរ៉ុបអស់រយៈពេលជាច្រើនខែ ជាពិសេសតាមរយៈការកំណត់គោលដៅជំនួយ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យរដ្ឋាភិបាលកាតា បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា៖ «យើងមិនបានដឹងព័ត៌មានអំពីការស៊ើបអង្កេតនោះទេ។ ការអះអាងណាមួយអំពីការប្រព្រឹត្តខុសដោយរដ្ឋកាតា គឺត្រូវបាន​រាយការណ៍ខុសយ៉ាងធ្ងន់ធ្ងរ»។

លោក​បាន​បន្ថែម​ថា ប្រទេស​នេះ [កាតា] «ធ្វើ​ប្រតិបត្តិការ​ដោយ​អនុលោម​តាម​ច្បាប់ និង​បទប្បញ្ញត្តិ​អន្តរជាតិ»៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ