លោក ហ៊ុន សែន ឱ្យតាមដានអ្នកនៅក្នុងប្រទេសដែលមានសាច់ញាតិធ្វើបាតុកម្មប្រឆាំងលោកនៅអឺរ៉ុប

នៅល្ងាចថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែររស់នៅតំបន់អឺរ៉ុប ប្រមាណជាង២ពាន់នាក់។ ជំនួបនេះធ្វើឡើងក្នុងឱកាសដែលលោកនាយករដ្ឋមន្ត្រីធ្វើជាសហប្រធានក្នុងកិច្ចប្រជុំខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប ដែលត្រូវធ្វើឡើងនៅទីក្រុងព្រុចសែល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផ្ញើសារបែបគំរាមទៅអ្នកចេញមុខធ្វើបាតុកម្មប្រឆាំងវត្តមានលោកនៅតំបន់អឺរ៉ុប តាមការអំពាវនាវរបស់លោក សម រង្ស៊ី ដោយថា អ្នកដែលធ្វើបាតុកម្មប្រឆាំងទាំងនោះនឹងត្រូវយករូបថ​ត​ទៅបិទនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីតាមរកសាច់ញាតិក្រុមគ្រួសាររបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

ការថ្លែងរបស់លោក ហ៊ុន សែន នេះ ធ្វើឡើងក្នុងពិធីជួបសំណេះសំណាលជាមួយអ្នកគាំទ្រជិត២ ០០០នាក់ នៅទ្វីបអឺរ៉ុប ​មុនពេលមេដឹកនាំរូបនេះធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូល អាស៊ាន-សហភាពអឺរ៉ុប ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន-សហភាពអឺរ៉ុប នៅទីក្រុងព្រុចសែល ប្រទេសប៊ែលហ្សិក នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោកលើកឡើងថា លោកចង់ឃើញអ្នកអំពាវនាវមានវត្តមាននៅកន្លែងធ្វើបាតុកម្មប្រឆាំងលោក នៅកន្លែងដែលលោកចូលរួមកិច្ចប្រជុំនោះ ដោយមិនត្រូវគេចវេះ ដើម្បីផ្ទៀងផ្ទាត់ថាតើភាគីខាងណាមានអ្នកគាំទ្រច្រើនជាង រវាងអ្នកគាំទ្រលោក និងអ្នកធ្វើបាតុកម្មប្រឆាំងនឹងរូបលោក។

បន្ថែមពីនេះ លោកបញ្ជាផ្ទាល់មាត់ឱ្យអ្នកគាំទ្រផ្តិត​យករូបភាពអ្នកធ្វើបាតុកម្មប្រឆាំងទាំងនោះ ហើយយកមកបិទនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីតាមដានរកក្រុមគ្រួរសាររបស់ពួកគេ។

លោកលើកឡើងថា«ចង់ដឹងមុខអ្នកឯង ហើយក៏ចង់រកគ្រួសារអ្នកឯងនៅស្រុកខ្មែរ តើវាម៉េចទៅហើយ? កុំលេងអាងបានមកនៅស្រុកក្រៅ នៅបារាំង នៅអឺរ៉ុបហ្នឹង សុទ្ធតែក្រុមអ្នកឯង! រហូតដល់ចោទកូនខ្ញុំថា អ្នកទាំងអស់គ្នាហ្នឹងត្រូវកូនខ្ញុំយកលុយ៥លានដុល្លារ[មកឱ្យ] ឥលូវប៉ូលិសបារាំងកំពុងចាប់លុយ៥លានដុល្លាររបស់កូនខ្ញុំ ហើយចេះនិយាយអ៊ីចឹងៗទៅរួច! ហើយប្រើពាក្យអាកូនក្រៅខោ មើលដល់អ៊ីចឹងៗ វាទៅរួច»

ប្រតិកម្មឆ្លើយតបរបស់លោក ហ៊ុន សែន នេះ ២ថ្ងៃក្រោយពីលោក សម រង្ស៊ី សរសេរនៅលើហ្វេសប៊ុករ​បស់​លោក ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរនៅអឺរ៉ុបចូលរួមឱ្យបានច្រើនកុះករ ដើម្បីធ្វើបាតុកម្មប្រឆាំងនឹងលោ​​ក ហ៊ុន សែន នៅទីក្រុងព្រុចសែល (Bruxelles) ប្រទេសប៊ែលហ្សិក (Belgique) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២​០​២២នេះ។

លោកគូសបញ្ជាក់ថា«ទស្សនកិច្ច ហ៊ុន សែន នៅទ្វីបអឺរ៉ុប ឆ្នាំ២០២២នេះ ជាលើកចុងក្រោយហើយ ពីព្រោះចាប់ពីឆ្នាំ២០២៣ទៅ គាត់នឹងចុះចេញពីតំណែងគាត់បច្ចុប្បន្ន ហើយពេលនោះគាត់នឹងបាត់បង់អភ័យឯកសិទ្ធិការទូតរបស់គាត់ ហើយគាត់នឹងត្រូវប៉ូលិសអន្តរជាតិ Interpol តាមចាប់គាត់ ពីបទឧក្រិដ្ឋនិងអំពើឃាតកម្មជាច្រើនដែលគាត់បានប្រព្រឹត្តនៅប្រទេសកម្ពុជា»

អនុប្រធានគណបក្សកែទម្រង់កម្ពុជា លោក អ៊ូ ច័ន្ទរ័ត្ន ចាត់ទុកសាររបស់នាយករដ្ឋមន្ត្រី ជាការគំរាមកំហែងទៅលើសិទ្ធិដែលធានាដោយច្បាប់ ហើយជំរុញឱ្យពលរដ្ឋយកគ្នាជាសត្រូវ ក្រោមដំបូលរដ្ឋធម្មនុញ្ញ រវាងអ្នកមាននិន្នាការផ្ទុយ និងអ្នកគាំទ្រ។

លោកថា«ជាទូទៅ បើសិនជាធ្វើបែបហ្នឹងមែន ធ្វើឱ្យខ្មែរនិងខ្មែរហ្នឹងចងគំនុំគ្នាជាសត្រូវហើយ រវាងអ្នកទៅគាំទ្រលោក និងអ្នកប្រឆាំងលោក»

​នាយកកិច្ចការទូទៅនៅអង្គការលីកាដូ លោក អំ សំអាត ពន្យល់ថា ការតវ៉ាដោយសន្តិវិធីត្រូវបានកា​រ​ពារដោយរដ្ឋធម្មនុញ្ញ ដែលចែងថា ពលរដ្ឋមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ។

លោកថា«យើងមើលទៅលើច្បាប់បាតុកម្មដោយសន្តិវិធី គេបើកសិទ្ធិសេរីភាពនៅក្នុងការជួបជុំ ការប្រមូលផ្តុំដោយសន្តិវិធី ឬក៏បញ្ចេញនូវគំនិតយោបល់អ្វី​ដែលខ្លួនមានបញ្ហា អ្វីដែលខ្លួនមិនពេញចិត្ត នៅគ្រប់ទីកន្លែង ដោយគ្មានការគំរាមកំហែង គ្មានការបំភិតបំភ័យទេ នេះបើតាមច្បាប់»

លោកបារម្ភថា សាររបស់មេដឹកនាំប្រទេសបែបនេះអាចនឹងជះឥទ្ធិពលឱ្យមានជនរងគ្រោះបន្ថែមទៀត ចំពោះអ្នកដែលមាននិន្នាការផ្ទុយនឹងរដ្ឋាភិបាល ដែលការណ៍នេះ លោកថា ក្នុងសង្គមប្រជាធិបតេយ្យមិនគួរឱ្យកើតមាន។

កន្លងទៅ អតីតសកម្មជនបក្សប្រឆាំងរាប់សិបនាក់ត្រូវបានរដ្ឋាភិបាលចាប់ដាក់ពន្ធនាគារ ដែលភាគច្រើនជាប់ចោទពីបទ «ញុះញង់ និងរួមគំនិតក្បត់» ក្រោយពីពួកគេបង្ហោះសារគាំទ្រការអំពាវរបស់លោក សម រង្ស៊ី ពាក់ព័ន្ធគម្រោងវិលត្រលប់ចូលកម្ពុជាវិញមិនបានសម្រេច នាថ្ងៃទី ៩វិច្ឆិកា ឆ្នាំ២០១៩ ចំទិវាបុណ្យឯករាជ្យជាតិ ពេលនោះ។

ដោយឡែក បើតាមមេធាវីការពារក្ដីឱ្យសកម្មជនបក្សប្រឆាំង គឺលោក សំ សុគង់ បានអះអាងថា ចាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយអំឡុងចុងឆ្នាំ២០១៧មក មានសកម្មជនជិត៣០នាក់ត្រូវបានគេលបវាយឱ្យរងរបួសផ្នែកក្បាល ក្នុងនោះមាន១០ករណី ជនរងគ្រោះប្រឈមនឹងពិការអស់មួយជីវិត តែថាមកដល់បច្ចុប្បន្ន គ្មានជនដៃដល់ណាម្នាក់ត្រូវបានសមត្ថកិច្ចនាំខ្លួនមកផ្តន្ទាទោស ដើម្បីផ្តល់យុត្តិធម៌ឱ្យជនរងគ្រោះទេ បើទោះបីបណ្តឹងទាំងនោះដល់ដៃតុលាការ និងភ្ជាប់ទាំងវីដេអូជនល្មើសព្រួតគ្នាប្រើហិង្សាក្តី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ