អ្នកដឹកនាំបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រីកម្ពុជាក្នុងទ្វីបអឺរ៉ុបថានឹងមានអ្នកចូលរួមតវ៉ាប្រហែល៣០០នាក់

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើដំណើរមកកាន់តំបន់អឺរ៉ុប នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១១យប់ (ម៉ោងនៅកម្ពុជា)។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

អតីតតំណាងរាស្រ្តគ​​ណ​បក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ហើយអះអាងថាជា​​អ្នក​​រៀប​​​ចំការធ្វើបាតុកម្មផងដែរនោះ បញ្ជាក់ថា តាមការគ្រោ​ង​​ទុក អ្នកចូលរួម​​អាចមានគ្នាប្រហែល៣០០​​នា​ក់ដែ​​លមកពីតំបន់​​នៅជុំ​​​វិញ​​​​ទ្វីប​​អឺរ៉ុប​​ នឹងតវ៉ា​ឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លើយត​​បប្រកប​​ដោ​​យ​​​​​​​​ភាព​​​​វិជ្ជមានចំ​​ពោះ​​​ជោគ​​​​​វាសនា​រប​ស់​ពលរដ្ឋកម្ពុជា ខណៈដែលលោក ហ៊ុន សែន អះអា​​ង​​​ថា​​​​​នឹង​​រង់ចាំមើលអ្នកក្លា​​ហា​​ន​​​ដែលហ៊ានប្រឈមនឹងការចេញតស៊ូមតិប្រឆាំងវត្តមានរបស់លោក ក្នុ​​ង​​​​ដំណើរបំពេញ​​​ទស្ស​​ន​​កិ​ច្ច​​​​លើកនេះ។

លោក ម៉ែន សុថាវរិន្រ្ទ អតីតអ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ នៃគណបក្សប្រឆាំង បានផ្តល់បទ​​សម្ភា​សតាមបណ្តាញសង្គម នៅថ្ងៃពុធ​ ឱ្យវីអូឌីដឹងថា អ្នកចូលរួមធ្វើបាតុកម្មនៅពេលនេះ គឺសុទ្ធ​​តែ​​ជាអ្នកដែល​​ស្ម័គ្រចិត្ត ហើយមកពីប្រទេសផ្សេងៗនៅក្នុងតំបន់ជុំវិញទ្វីបអឺរ៉ុប។ ​​លោកបន្ត​​ថា ការចេញ​​ត​​​វ៉ា​​​​​នៅថ្ងៃនេះ គឺនៅចំថ្ងៃដែលពួកគេបំពេញ​​ការងារថែមទៀតផង ហេតុ​​​នេះទើប​​​មាន​​​ចំ​នួនអ្នកចូលរួមក្នុងទំហំមិនសមាមាត្រទៅនឹងចំនួនអ្នកដែលគាំទ្រលោក ហ៊ុន សែន។

ក្នុងនាមជាអ្នកចាត់ចែងការរៀបចំនៃក្បួនធ្វើបាតុកម្ម លោក ម៉ែន សុថាវរិន្រ្ទ បញ្ជាក់ថា ការតស៊ូ​​មតិ​​នេះគ្មានគោលដៅបំបាក់មុខមាត់លោក ហ៊ុន សែន ទេ ហើយនៅក្នុងប្រទេស​​អនុវត្តរបបប្រ​​ជាធិប​​តេ​​​​យ្យ គឺគេតែងបង្ហាញសកម្មភាពបែបនេះ នៅពេលណាគេយល់ឃើញថាការដឹកនាំរបស់​​រដ្ឋាភិ​​បា​​ល​​មិនល្អ។ មួយវិញទៀត ពួកគេក៏មិនព្រួយបារម្ភការគំរាមរបស់លោកនាយករដ្ឋមន្រ្តី ប្រឆាំង​​សា​ច់​​​​ញាតិរបស់ពួកគេនៅក្នុងប្រទេសកម្ពុជាដែរ។

លោកបន្តថា៖ «៊ីចឹងគេអត់មានខ្លាចញញើតអីទេ ព្រោះគេនៅប្រទេសនេះជាប្រទេសប្រជា​​ធិបតេ​​យ្យ ហើយគេធ្វើនេះចង់គាំទ្រឱ្យប្រជាពល​​រដ្ឋខ្មែរនៅប្រទេសកម្ពុជាឱ្យមានសិទ្ធិសេរីភាពដែរ។​​ គេធ្វើនេះ ​​​​គឺ​​យើងអត់មានទៅតវ៉ាវាយដំច្រំធាក់អីដូចនៅប្រទេសកម្ពុជាទេ។ គេធ្វើបាតុកម្មតវ៉ាប្រឆាំង​​អំពើ​​ដែ​​​​​​​​​គាត់[ហ៊ុន សែន]ធ្វើបាបប្រជាពលរដ្ឋអ៊ីចឹងទៅណា»។

បើទោះបែបណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្ញើសារបែបគំរាម មុនមួយថ្ងៃដែល​​ក្រុម​​បាតុ​​ករធ្វើ​​បា​​តុ​​​​​​កម្មនៅទីក្រុង​​ព្រុច​​សែល ប្រទេសប៊ែលហ្ស៊ិក នៅថ្ងៃទី១៤ ខែធ្នូ នេះ។ នៅចំពោះមុខ អ្នក​​គាំ​ទ្រ​ជិត​​២ ០​​០​​០​​​​នាក់ លោក ហ៊ុន សែន បានបញ្ជាដោយផ្ទាល់មាត់ឱ្យអ្នកគាំទ្ររបស់លោក ផ្តិត​យ​ករូបភាពអ្នកធ្វើបាតុ​​កម្មប្រឆាំងរូបលោកទាំងនោះ ហើយយកទៅបិទនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដើម្បីតាមដានរកក្រុមគ្រួសារ ឬសាច់ញាតិរបស់ពួកគេនៅក្នុងប្រទេសកម្ពុជា។

លោកបន្តថា៖ «ចង់ដឹងមុខអ្នកឯង ហើយក៏ចង់រកគ្រួសារអ្នកឯងនៅស្រុកខ្មែរ [ថា]តើវាម៉េចទៅហើយ! កុំលេងអា​​​​​បានមកនៅស្រុកក្រៅ នៅបារាំង នៅអឺរ៉ុបហ្នឹង សុទ្ធតែក្រុមអ្នកឯង! រហូតដល់ចោទកូនខ្ញុំថា អ្នកទាំងអ​​ស់គ្នា​​ហ្នឹងត្រូវកូនខ្ញុំយកលុយ៥លានដុល្លារ[មកឱ្យ] ឥលូវប៉ូលិស បារាំងកំពុងចាប់លុយ៥លានដុល្លាររប​​ស់​​កូនខ្ញុំ​​ ហើយចេះនិយាយអ៊ីចឹងៗទៅរួច! ហើយប្រើពាក្យអាកូនក្រៅខោ មើលដល់អ៊ីចឹងៗ វាទៅរួច»

នៅមុនពេលក្រុមបាតុករប្រមូលផ្ដុំតវ៉ាប្រឆាំងវត្តមានរបស់លោក ក្នុងឋានៈជាសហប្រធាននៃកិច្ចប្រ​​ជុំ​កំ​​ពូល អាស៊ាន-អឺរ៉ុប ដើម្បីអបអរសាទរខួបលើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនារវាងអាស៊ាន​​-​​សហភាពអឺ​​រ៉ុប នៅថ្ងៃទី១៤ ខែធ្នូនេះ លោក ហ៊ុន សែន ក៏​​បា​​​ន​​ចំអកឱ្យលោក សម រង្ស៊ី ដែល​​ជាអ្នកអំពាវ​​នាវឱ្យធ្វើ​​បាតុ​​កម្ម ចេញមុខដោយផ្ទាល់ដែរ ដើម្បីប្រៀបធៀប​​កម្លាំង​​គាំទ្រ​​ទាំង​សងខាង [ថា]តើ​​ភាគីខាងណាមានប្រៀបជាង។

បើទោះជាមានការអំពាវនាវបែបនេះពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្តី ក៏លោក ម៉ែន សុថាវរិន្រ្ទ អ្នកដែលស្និទ្ធនឹងអតីតសហស្ថាបនិកគណបក្សសង្រ្គោះជាតិ បញ្ជា​ក់ថា ពេលនេះ លោក សម រង្ស៊ី កំ​​ពុងបំពេញបេសកកម្មនៅសហរដ្ឋអាមេរិក។

ប្រតិកម្មរបស់លោក ហ៊ុន សែន នេះ ធ្វើឡើង២ថ្ងៃក្រោយ បន្ទាប់ពីលោក សម រង្ស៊ី សរសេរនៅលើហ្វេ​សប៊ុករ​បស់​លោក ដោយអំពាវនាវឱ្យពលរដ្ឋខ្មែរនៅក្នុងទ្វីបអឺរ៉ុបចូលរួមឱ្យបានច្រើន ដើម្បីធ្វើបា​​តុ​កម្មប្រឆាំងនឹងលោ​​ក ហ៊ុន សែន នៅទីក្រុងព្រុចសែល (Bruxelles) ប្រទេសប៊ែលហ្ស៊ិក (Be​​​lgi​​​que) នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២​០​២២នេះ។

ចំណែកសាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តនយោបាយ លោក ឯម សុវណ្ណរ៉ា យល់ឃើញថា ការដែល​​​លោក​​​​​នា​​យក​រដ្ឋ​​មន្រ្តីបង្ហាញជំហរតាមកម្ទេចអ្នកពាក់ព័ន្ធផ្សេងទៀត ព្រោះតែក្រេវក្រោធនឹងអ្នកធ្វើ​​បាតុ​​កម្ម​ប្រឆាំង​​រូប​​លោ​​កនៅក្នុងទ្វីបអឺរ៉ុបលើកនេះ វាជាហានិភ័យមួយដ៏ធំសម្រាប់ពលរដ្ឋដែល​​គ្មានកំ​ហុស​​​។ មិនតែប៉ុណ្ណោះ កា​រ​​ព្យាយាមទាត់ចោលជញ្ជីងពាណិជ្ជកម្មដ៏ធំជាមួយសហភាពអឺរ៉ុប គឺជា​​ការខាតបង់មួយ​​ដ៏ធំរបស់​​កម្ពុជា​​​។

អ្ន​កជំ​​នាញផ្នែកគោលនយោបាយរូបនេះ ចាត់ទុកថា ភាពប្រេះឆាខាងនយោបាយ​នឹងកាន់​​តែ​​ធ្វើ​​​​​ឱ្យ​​ធ្លា​​ក់​​​​ចុះនូវអត្ថប្រយោជន៍ជាច្រើនទៀតដែលកម្ពុជាធ្លាប់​​មានក្រោមឆ័ត្រអន្តរជាតិ​​។ លើសពី​​នេះ​​​ទៅទៀត វិ​​បត្តិ​នយោបាយនេះ វានឹងរុញឱ្យកម្ពុជាកាន់តែបែកបាក់ផ្ទៃក្នុង ហើយចេះតែ​​បន្ត​​អូ​​ស​បន្លាយរកទីបញ្ចប់គ្មាន ដែ​ល​​​ជាក្តីបារម្ភមួយសម្រាប់ជោគវាសនាសម្រាប់ពលរដ្ឋកម្ពុជានៅថ្ងៃ​​អនា​គត។

លោកបន្តថា៖ «យើងអាចមើលឃើញថា លោកខាងលិច ជាពិសេសសហគមន៍អឺរ៉ុប និងសហរដ្ឋ​​អា​​មេ​​រិ​​​ក ឆ្លើ[តបជាវិធានការ]​​​​​​អត់​​មានអ្វីក្រៅពីរឹតត្បិត ឬក៏គំរាមដកប្រព័ន្ធអនុគ្រោះពន្ធមាន EBA និង GSP ជាដើម ​​ដែល​​​​​យើងអាច​​និយា​​យបានហានិភ័យ វាអាចនឹងបាត់បង់ ឬក៏ថាមិនផ្តល់ឱ្យកម្ពុជា​​តទៅទៀតទេ​​​​ នេះ​​ដែលជាពលរដ្ឋកម្ពុ​​​ជា​​ទូទៅមានក្តីបា​​រម្ភ។ ហើយសារនេះ វាក៏បង្ហាញអំពីគេហៅ​​ថា សិទ្ធិសេរីភាព​​របស់​​​ប្រជាពលរដ្ឋដែល​​​មានចែងនៅ​​​​​​ក្នុងរដ្ឋធម្មនុញ្ញ ហើយនឹងនៅក្នុងកតិកា​​សញ្ញាស្តីពីសេចក្តីប្រ​​កាជា​​សកលស្តីពីសិទ្ធិមនុស្ស ឆ្នាំ១៩៤៨ ហើយកម្ពុជាជាប្រទេសហត្ថ​​លេខីមួយ ដែលប្រ​​ទេស​​កម្ពុ​​ជា​​​​​បានផ្តល់សច្ចាប័ននៅឆ្នាំ១៩៩២ហ្នឹង គឺមិន​​បា​ន​​​ធ្វើតាមពេញលេញ​​ជាប្រទេសម្ចាស់​​ហត្ថលេ​​ខីទេ »។

នៅមុនកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប នៅថ្ងៃទី១៤ ខែធ្នូនេះ សមា​ជិក​ស​​​​ភា​​​អឺរ៉ុប បានដាក់លិខិតកាលពីថ្ងៃទី១៣ ខែធ្នូ ដោយអំពាវនាវឱ្យប្រធានក្រុមប្រឹក្សាអឺរ៉ុប ប្រ​​ធា​ន​​គណៈ​​កម្មការអឺរ៉ុប និងតំណាងជាន់ខ្ពស់នៃសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេស និងគោលន​​​យោ​​​​​បាយសន្តិសុខ ប្រតិកម្មចំពោះការធ្លាក់ចុះនៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា។

តាមរយៈលិខិតរបស់ខ្លួន សមាជិកសភា​អឺរ៉ុបរកឃើញថា នៅមុនការ​បោះឆ្នោត​ជ្រើស​​​រើស​ក្រុមប្រឹ​​ក្សា​​​​ឃុំ-សង្កាត់ កាលពីខែមិថុនា ឆ្នាំ២០២២ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានឈានដល់ចំណុ​ច​នៃវិបត្តិមួយ ដោយសាររដ្ឋាភិបាលបានអនុវត្តការបង្រ្កាបកាន់តែខ្លាំងលើគណបក្សប្រឆាំង អ្នក​​​​សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសង្គមស៊ីវិល ក្រោមហេតុផលនៃការទប់ស្កាត់មេរោគកូវីដ-១៩។ ស្ថិតក្នុង​បរិយាកាស​បែប​នេះហើយ ក្នុងនាមសមាជិកសភាអឺរ៉ុប ពិតជា​មិន​អាចទទួ​​ល​​ស្គាល់ថា ​ការ​បោះឆ្នោតនេះត្រូវបានធ្វើឡើងដោយ​សេរី ឬ​យុត្តិធម៌​នោះទេ។

មិនតែប៉ុណ្ណោះ ក្នុងឋានៈជាសមាជិកអឺរ៉ុប សូម​ក្រើនរម្លឹកសាជាថ្មី​នូវ​ការអំពាវនាវ​ទៅ​ដល់សហភាពអឺរ៉ុប រដ្ឋ​សមាជិក និង​សហគមន៍​អន្តរជាតិ ​ត្រូវដាក់សម្ពាធ និងចាត់វិធានការជាសាធារណៈ ដើម្បីផ្តល់ការការពារដល់សកម្មជន អ្នកការពារសិទ្ធិមនុស្ស និងអ្នកគាំទ្រគណបក្សនយោបាយ ស្របពេលដែលការបោះឆ្នោតជាតិនឹងឈានចូលមកដល់នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ការលើកឡើងដូច្នេះរបស់សមាជិកសភាអឺរ៉ុប វាហាក់ស៊ីគ្នាទៅនឹង​​ជំហររបស់​​លោកនាយក​​​រដ្ឋ​ម​ន្រ្តី ដែលប្រកាសកម្ទេចក្រុមប្រឆាំងជាញឹកញាប់ ក្រោមហេតុផល អ្នកទាំងនោះមានបំណងធ្វើ​​បដិ​វត្តន៍ពណ៌ និងផ្តួលរំលំរដ្ឋាភិបាល។ ដោយឡែក ចំពោះគោលនយោបាយ និងជំហរសម្រាប់សហគ​​មន៍​​អន្តរជាតិវិញ លោកនាយករដ្ឋមន្រ្តីបានបញ្ជាមិនឱ្យសមាជិករបស់លោកទៅរណប និងស្នើសុំ​​កា​រអនុគ្រោះពីសហភាពអឺរ៉ុបលើ​​​​​​ផ្នែកណាមួយ ទាំងលើកនេះ និងបន្តបន្ទាប់ទៀតនោះទេ។

កន្លងទៅ គេសង្កេតឃើញថាមានអតីតសកម្មជនបក្សប្រឆាំងជាច្រើនាក់ត្រូវបានរដ្ឋាភិបាលចា​​ប់​​ខ្លួ​​ន និងដាក់ពន្ធនាគារ។ ពួកគេរងការចោទប្រកាន់ពីបទ «ញុះញង់ និងរួមគំនិតក្បត់» ក្រោយពីបង្ហោះ​​សា​រគាំទ្រការអំពាវនាវរបស់លោក សម រង្ស៊ី ក្នុងគម្រោងវិលត្រលប់មកកម្ពុជាវិញកាលពីខែវិច្ឆិកា ឆ្នាំ២០១៩។

ដោយឡែក លោក សំ សុគង់ មេធាវីការពារក្តីឱ្យគណបក្សប្រឆាំង បានអះអាងថា ចាប់ពីគណបក្សសង្គ្រោះជាតិ ត្រូវបានរំលាយអំឡុងចុងឆ្នាំ២០១៧មក មានសកម្មជនជិត៣០នាក់ហើយត្រូវបានគេលបវាយឱ្យរងរបួស មានបែកក្បាល និងស្លាប់បាត់បង់ជីវិត ជាដើម ក្នុងនោះមាន១០ករណី ជនរង​​គ្រោះប្រឈមនឹងពិការអស់មួយជីវិត។

ជាថ្មីទៀត កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាក់​​ជំ​​ហ​​​​រ​ជាសាធារណៈថា លោកនឹងដាក់ចេញនូវផែនការយុទ្ធសាស្រ្ត ដើម្បីតាមកម្ទេចអ្នក​​ដែលលោ​ក​​ហៅ​​​ថាជាក្រុមប្រឆាំងមានបំណងផ្តួលរំលំរដ្ឋាភិបាលនៅតាមមូលដ្ឋាន ហើយនៅតែបន្តគាំទ្រអង្គការចាត់តាំងដឹកនាំដោយលោក សម រង្ស៊ី

​បើទោះបែបណា គេសង្កេតឃើញថា​ នេះមិនមែនជារឿងថ្មីទេ ដែលលោក ហ៊ុន សែន ព្រ​​មាន​បែ​​បនេះទៅលើក្រុមប្រឆាំង។ កន្លងទៅ នៅពេលលោក សម រង្ស៊ី បានអំពាវនាវឱ្យសហភាព​​អឺរ៉ុប​​​​ផ្តាច់​​ប្រព័ន្ធអនុគ្រោះពន្ធពីកម្ពុជា ស្របពេលលោកនាយករដ្ឋមន្រ្តីក៏បានព្រមានពីវាសនារបស់​​ក្រុមប្រឆាំង​​ដូ​​ច​​​​គ្នា​​នេះ​​ដែរ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ