អាមេរិក​ចោទប្រកាន់​ជនជាតិ​រុស្ស៊ី​៥នាក់ និង​អាមេរិក​២នាក់ ពី​បទសមគំនិតគ្នា​ផ្ដល់​បច្ចេកវិទ្យា​ការពារ​ប្រទេស​ទៅ​ឱ្យ​រុស្ស៊ី

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ចូលរួមក្នុងពិធីសម្ពោធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនថ្មី តាមរយៈតំណភ្ជាប់វីដេអូអនឡាញ ក្នុងប្រទេសរុស្ស៊ី ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។ (Sputnik/Mikhail Metzel/Pool តាមរយៈ REUTERS)

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បាន​ឱ្យដឹង​ថា សហរដ្ឋអាមេរិកបានចោទប្រកាន់ជនជាតិរុស្សី ចំនួន៥នាក់ និង​ជនជាតិអាមេរិក ២នាក់ ពីបទ​ សមគំនិតពាក់ព័ន្ធនឹងការផ្តល់ឱ្យរដ្ឋាភិបាលរុស្ស៊ីនូវបច្ចេកវិទ្យាការពារប្រទេស អាវុធដែលត្រូវបានហាមឃាត់ និងពាក់ព័ន្ធនឹងការលាងលុយកខ្វក់។

សេចក្តីថ្លែងការណ៍របស់ក្រសួងយុត្តិធម៌អាមេរិក បាន​និយាយ​ថា ក្នុង​ចំណោម​បុគ្គល​ដែល​ត្រូវបាន​ចោទ​ប្រកាន់​ រួម​មាន មន្ត្រី​សេវា​សន្តិសុខ​សហព័ន្ធ​រុស្ស៊ី (FSB) ម្នាក់ផងដែរ។

សេចក្តីថ្លែងការណ៍នោះបាន​បន្ថែម​ទៀត​ថា ជនជាប់ចោទ​បាន​គប់​គិត​គ្នា​ ដើម្បីទទួល​បានបច្ចេក​វិទ្យា​ការ​ពារ​ប្រទេស​ពី​បណ្តាក្រុមហ៊ុនអាមេរិក សម្រាប់វិស័យការពារជាតិរបស់រុស្ស៊ី និងរត់​ពន្ធ​គ្រាប់​កាំភ្លើង​សម្រាប់​បាញ់​សីប (sniper) ដោយបំពានលើទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកដែលបានដាក់កាលពីដើមឆ្នាំនេះ។  

ក្នុងចំណោមអ្នក​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​មាន​ឈ្មោះ យ៉េហ្គេនី ហ្រ្គីនីន (Yevgeniy Grinin) អាយុ៤៤ឆ្នាំ, អាឡេកស៊ី អ៊ីប៉ូលីតូ (Aleksey Ippolitov) អាយុ៥៧ឆ្នាំ និង វ៉េតឡាណា វ៉ូតសូវ៉ា (Svetlana Skvortsova) អាយុ៤១ឆ្នាំ អ្នកទាំងអស់នេះនៅទីក្រុងម៉ូស្គូ, បូរីស លីវស៊ីត (Boris Livshits) អាយុ៥២ឆ្នាំ និង វ៉ា​ឌីម កូណូឆេណុក (Vadim Konoshchenok) អាយុ៤៨ឆ្នាំ អ្នកទាំងពីររស់នៅផ្លូវ Petersburg និងជនជាតិអាមេរិកឈ្មោះ អាឡិកហ្ស៊ី ប្រេមែន (Alexey Brayman) អាយុ៣៥ឆ្នាំ មកពីរដ្ឋ New Hampshire និង វ៉ាឌីម យឺម៉ូលេនកូ (Vadim Yermolenko) អាយុ៤១ឆ្នាំ មកពីរដ្ឋ New Jersey។

ជនជាប់ចោទទាំងនេះត្រូវបាន​ចោទ​ប្រកាន់​ថា​បាន​ទិញ និង​នាំចេ​ញដោ​យ​ខុសច្បាប់នូវសមាស​ធាតុ​អេឡិចត្រូនិច​ដែល​ត្រូវ​បាន​ហាម​ប្រាម ដែល​សមាសធាតុ​មួយ​ចំនួន​អាច​ប្រើ​ក្នុងការ​អភិវឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ និងផលិតអាវុធលឿនជាង​សំឡេង និងកម្មវិធីយោធាផ្សេងទៀត។

ក្រសួងយុត្តិធម៌អាមេរិក បានលើកឡើង​ថា ជន​ជាប់​ចោទ​ឈ្មោះ Konoshchenok បានដឹកជញ្ជូន ឬរត់ពន្ធវត្ថុធាតុដើមរបស់សហរដ្ឋអាមេរិក ពីប្រទេសអេស្តូនី (Estonia) ទៅកាន់ប្រទេសរុស្ស៊ី រួមទាំង​បច្ចេកវិទ្យាការពារប្រទេស និងសម្ភារដែលត្រូវបានហាមប្រាមមិនឱ្យនាំចេញផ្សេងទៀត។

ក្រសួងយុត្តិធម៌អាមេរិកបានបន្ថែមថា ជនជាប់ចោទមានទំនាក់ទំនងជាមួយក្រុមហ៊ុន Serniya Engineering និង Sertal LLC ដែលជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុងមូស្គូ ដែលប្រតិ​បត្តិ​ការក្រោមការដឹកនាំរបស់សេវាស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី។

កាលពីថ្ងៃអង្គារ ក្រសួងពាណិជ្ជកម្មអាមេរិកបានលើកឡើង​ថា ទីក្រុងវ៉ាស៊ីនតោន បាន​ផ្អាក​ជាបណ្តោះអាសន្ន​នូវ​សិទ្ធិនាំចេញទំនិញរបស់មនុស្ស៣នាក់ និងក្រុមហ៊ុនចំនួន២ បន្ទាប់​​ពីនាំចេញ «ទំនិញហាមឃាត់» ដោយគ្មានការអនុញ្ញាតទៅកាន់ប្រទេសរុស្ស៊ី។

សហរដ្ឋអាមេរិក និងសម្ពន្ធមិត្ត បានដាក់ទណ្ឌកម្មជាបន្តបន្ទាប់លើទីក្រុងមូស្គូ ចាប់តាំងពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែននៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ