សង់ត្រាល់ បានរកឃើញថា ពលករខ្មែរចំណាកស្រុកទៅរកការងារធ្វើនៅប្រទេសថៃមួយចំនួន នៅតែប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងបទល្មើសជួញដូរមនុស្ស ខណៈពលករខ្មែរខ្លះទៀតត្រូវបានអាជ្ញាធរថៃចាប់ខ្លួន និងខ្លះទៀតបានចាញ់បោកមេខ្យល់ អស់ប្រាក់ចន្លោះពី២០០ទៅ ៥០០ដុល្លារសហរដ្ឋអាមេរិក។
ប្រធានកម្មវិធីប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់ លោក ឌី ថេហូយ៉ា បានឱ្យដឹងនៅថ្ងៃអាទិត្យថា ពលករខ្មែរមួយចំនួន ប្រឈមនឹងការចាប់ខ្លួនពីសំណាក់អាជ្ញាធរថៃ ដោយសារតែការធ្វើដំណើររកការងារធ្វើនាអំឡុងពេលអាជ្ញាធរថៃរឹតត្បិតការធ្វើដំណើរដោយសារតែការឆ្លងជំងឺកូវីដ-១៩។ លោកបន្តថា ពលករខ្មែរទាំងនោះ បានប្រឈមនឹងភាពគ្មានការងារ និងជំពាក់បំណុល ហើយពលករខ្លះទៀត ក៏ប្រឈមនឹងការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងបទល្មើសជួញដូរមនុស្សជាដើម។
បន្ថែមពីនេះ លោក ឌី ថេហូយ៉ា បញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរមួយចំនួន ត្រូវបានគេឆបោកអស់ប្រាក់ចន្លោះពី ២០០ទៅ៥០០ដុល្លារ ដើម្បីធ្វើឯកសារចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស។ ករណីនេះ លោកទាមទារឱ្យរដ្ឋាភិបាលគិតគូរបន្ថែមទៀត អំពីការធានាសុវត្ថិភាពរបស់ប្រជាពលរដ្ឋខ្មែរ ពេលធ្វើចំណាកស្រុកទៅធ្វើការនៅឯបរទេសផងដែរ។
អង្គការសង់ត្រាល់បានរកឃើញថា ក្នុងឆ្នាំ២០២២ មានករណីពលករខ្មែរចំណាកស្រុកចាញ់បោកមេខ្យល់ ជាង១០០ករណី។ មន្ត្រីនៃអង្គការសង់ត្រាល់ បញ្ជាក់ថា ទាំងជាង១០០ករណី ដែលពលករខ្មែរត្រូវបានអាជ្ញាធរថៃចាប់ខ្លួន ហើយមានខ្លះទៀតបានចាញ់បោកមេខ្យល់ អស់ប្រាក់ចន្លោះពី២០០ទៅ៥០០ដុល្លារអាមេរិក។ លើសពីនេះ មានបញ្ហាប្រឈមចម្បងមួយចំនួន ដែលពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស កំពុងតែប្រឈមនៅអំឡុងពេលវិបត្តិកូវីដ-១៩ និងក្រោយវិបត្តិកូវីដ-១៩។
ទាក់ទិនបញ្ហានេះ ក្នុងសេចក្តីប្រកាសព័ត៌មានរបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ចុះផ្សាយនៅថ្ងៃអាទិត្យទី១៨ ខែធ្នូថា ក្នុងឱកាសខួបលើកទី២៣ នៃការប្រារព្ធទិវាអ្នកចំណាកស្រុកអន្តរជាតិ៥ បានឱ្យដឹងថា អាជ្ញាធរប្រារព្ធទិវានេះឡើងក្នុងគោលបំណងចូលរួមអបអរសាទរ និងផ្សព្វផ្សាយទិវាពលករចំណាកស្រុកដល់សាធារណជនបានយល់ដឹងពីសារសំខាន់នៃទិវានេះ។ លើសពីនេះ ជំរុញឱ្យភាគីពាក់ព័ន្ធដូចជា សង្គមស៊ីវិល អង្គការជាតិ អន្តរជាតិ អាជ្ញាធរពាក់ព័ន្ធ និងរដ្ឋាភិបាល ដើម្បីផ្តល់ភាពស្របច្បាប់ដល់ពលករចំណាកស្រុកនៅប្រទេសគោលដៅ ប្រទេសកំណើត និងកិច្ចគាំពារសង្គមដល់ពួកគេជាដើម។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា កម្មវិធីនេះនឹងធ្វើឡើងដោយមានការដង្ហែក្បួន ព្រមទាំងរៀបចំជាវេទិការសហគមន៍ នៅទីតាំងចំនួន៩ ក្នុងខេត្តគោលដៅចំនួន៤ រួមមាន ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និងខេត្តបាត់ដំបង ដោយមានអ្នកចូលរួមចំនួន ៨១០អង្គ/នាក់ រួមទាំងគ្រូបង្រៀន សិស្សានុសិស្ស និងប្រជាពលរដ្ឋមូលដ្ឋាន អតីតអ្នកចំណាកស្រុក ពលករចំណាកស្រុកផងដែរ។
តាមរបាយការណ៍ពីអង្គការទេស្តប្រវេសន៍អន្តរជាតិ ចេញផ្សាយក្នុងខែកញ្ញា បានឱ្យដឹងថា គិតចាប់ពីខែមីនា ឆ្នាំ២០២០ ពោលគឺចាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ លើពិភពលោកមក ដល់ដំណាច់ខែសីហា ឆ្នាំ២០២១ មានពលករខ្មែរជាង២៣០ ០០០នាក់ បានវិលត្រលប់ពីប្រទេសថៃវិញ។
បើតាមប្រភពពីក្រសួងការបរទេសកម្ពុជាវិញ ឱ្យដឹងកន្លងមកថា មានពលរដ្ឋខ្មែរប្រមាណ ១លាននាក់ កំពុងរស់នៅនិងធ្វើការក្នុងប្រទេសថៃ។ តួលេខនេះ គឺតិចជាងការប៉ាន់ប្រមាណរបស់អង្គការសង់ត្រាល់ ដែលថាពលរដ្ឋខ្មែរប្រមាណជិត ២លាននាក់កំពុងរស់នៅនិងធ្វើការក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះ ទាំងស្របច្បាប់ និងមិនស្របច្បាប់៕