សហគមន៍​ព្រៃឡង់​ខេត្តស្ទឹងត្រែង​បន្ត​​រក​ឃើញ​តម្រុយ​​​ថ្មីៗ​នៃ​ការ​ចាប់​សត្វ​ស្វាដើម្បី​យក​ទៅ​លក់

បណ្ដាញសហគមន៍ព្រៃឡង់ប្រចាំខេត្តស្ទឹងត្រែង លោក ឡាយ ផល្លី បង្ហាញទីតាំងបទល្មើសកាប់ព្រៃចាប់សត្វស្វា ក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ ខេត្តស្ទឹងត្រែង នៅថ្ងៃ២២ ខែតុលា ឆ្នាំ២០២២។ (កាយ ណារ៉ា)

បណ្តាញសហគមន៍ការពារព្រៃឡង់ខេត្តស្ទឹងត្រែង បានចុះល្បាតព្រៃរយៈពេល ៤ថ្ងៃកាលពីពេលថ្មីៗនេះ ដោយបន្តប្រទះឃើញករណីថ្មីៗនៃការកាប់ផ្តួលដើមឈើនៅត្រង់ចំណុចអូរក្បាលខ្មោច ក្នុងតំបន់ព្រៃឡង់ ដើម្បី​ព័ទ្ធ​ចាប់សត្វស្វាយកទៅលក់។

ការអះអាងនេះ ក្រោយពេលពួកគេបានចុះល្បាតរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី​១២ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយប្រទះឃើញទីតាំងដែលបង្ហាញពីសកម្មភាពចាប់សត្វស្វាព្រៃដើម្បីយកទៅលក់។

បណ្តាញសហគមន៍ព្រៃឡង់លោក កែវ ប៊ុននី បានឱ្យដឹងនៅថ្ងៃសុក្រថា ក្រុមរបស់លោកមានគ្នាចំនួន ២៥នាក់បានចុះល្បាតក្នុងតំបន់ព្រៃឡង់ដែលស្ថិតនៅត្រង់ចំណុចឃុំអន្លង់ភេរ ភូមិក្របីមួយ និងភូមិស្ពុងក្នុងខេត្តស្ទឹងត្រែង។ លោកបន្តថា នៅពេលពួកលោកបានចុះល្បាតរកឃើញករណីថ្មីៗ នៃការកាប់ផ្តួលដើមឈើដើម្បីដាក់អន្ទាក់ព័ទ្ធចាប់សត្វស្វានិងការកាប់ទន្ទ្រានកាប់ព្រៃជាច្រើនកន្លែង។

លោក ប៊ុននី ថា៖«គេកាប់យកសត្វស្វាប្រភេទគេកាប់យកសត្វស្វាហ្នឹងដូចខ្ញុំប្រាប់បងពីខាងដើមចឹង គេកាប់ព័ទ្ធឱ្យឈើដួលជុំវិញអស់ រួចហើយគេឆ្ការគេដាក់មង ដាក់មងហើយគេឡើងដេញសត្វស្វាដែលវានៅមួយដុំព្រៃឈើដែលគេកាប់ព័ទ្ធជុំវិញហ្នឹង ដើម្បីឱ្យវារត់ចុះហើយទាក់នឹងមងនឹងគេចាប់យក ហើយអ្នកចាប់សត្វស្វាហ្នឹងមានគ្នាតិចបំផុតចាប់ពីគ្នា ១០ នាក់ឡើងទើបអាចធ្វើបាន»។

ជាអ្នកភូមិអន្លង់ស្អំ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក កែវ ប៊ុននី បានរៀបរាប់ពីរបៀបចាប់សត្វស្វាមានពីរប្រភេទបែបជាការដាក់អន្ទាក់ និងប្រភេទមួយទៀតគឺការកាប់ព្រៃឈើព័ទ្ធជុំវិញ រាយសំណាញ់ រួចដេញឱ្យស្វាជាប់សំណាញ់ដើម្បីចាប់តែម្ដង។ លោកបន្តថា បើតាមការធ្លាប់សាកសួរគេកន្លងមកមូលហេតុដែលជនល្មើសនៅតែបន្តលួចដាក់អន្ទាក់ព័ទ្ធចាប់សត្វស្វា ដោយសារការលក់​សត្វស្វាទាំងនោះទទួលបានប្រាក់កម្រៃថ្លៃ។

លោកបន្ថែមថា៖«តែបើសត្វស្វានឹងគេគិត លេខ ១ លេខ ២ អញ្ចឹងណា៎ បើលេខ១ចាប់ពីដូចជាពី ៨០ម៉ឺនទៅ ១លានរៀលសត្វក្នុងមួយក្បាល លេខ១​ តែបើលេខ២ ប្រហែលជាពី ៧០ ម៉ឺនរៀលចុះមកក្រោមវិញ គេគិតវៃជាមួយលេខ១លេខ២»។

ក្នុងឆ្នាំ២០១៤ អាជ្ញាធរគ្រប់គ្រង CITES នៅកម្ពុជា បានដាក់លិខិតមួយទៅកាន់លេខាធិការដ្ឋាន CITES ដែលចាត់ទុកថាជាឯកសារសាធារណៈតែមួយគត់ ដែលមានព័ត៌មានអំពីកន្លែងបង្កាត់ពូជទាំងប្រាំមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ឯកសារនោះ​បញ្ជាក់​ថា ការ​ចាប់​សត្វ​ស្វា​ចេញពីព្រៃ​ ត្រូវ​បាន​កំណត់ថាខុសច្បាប់ ចាប់ពីឆ្នាំ២០១០ បន្ទាប់​ពី​​សត្វ​ស្វា​ជិត៣៧ ៨០០ក្បាល ​ត្រូវ​បាន​គេអនុញ្ញាត​ឱ្យ​យក​ពី​ព្រៃ​ នៅចន្លោះ​ឆ្នាំ២០០៣ ដល់​ឆ្នាំ២០០៩។

ស្រដៀងគ្នានេះដែរ បណ្តាញសហគមន៍ព្រៃឡង់ខេត្តស្ទឹងត្រែងម្នាក់ទៀតគឺលោក ឡាយ ផល្លី អះអាងថា ពិតជាមានការបន្សល់ទុកស្លាកស្នាមករណីកាប់ផ្តួលដើមឈើដើម្បីធ្វើជាអន្ទាក់ដាក់ព័ទ្ធចាប់សត្វស្វាមែនក្នុងតំបន់ព្រៃឡង់។

លោកបន្តទៀតថា បើទោះបីសហគមន៍ទៅមិនទាន់ជនល្មើសប្រព្រឹតិ្តឬមិនបានឃើញផ្ទាល់នឹងភ្នែកនូវជនល្មើសកំពុងអនុវត្តជាក់ស្តែងក៏ពិតមែន ប៉ុន្តែពួកគេបានឃើញករណីបន្សល់ទុកនូវសំណាញ់និងការផ្តួលដើមឈើថ្មីៗនៅត្រង់ចំណុចនោះពិតមែន។

លោក ផល្លី និយាយថា៖«កាលដែលខ្ញុំចុះល្បាតឃើញតែមានកាប់ព្រៃទេ អត់ជួបពួកគាត់ផ្ទាល់ទេ[ជនល្មើស] ហើយការចាប់សត្វស្វានោះគេកាប់ព្រៃព័ទ្ធជុំវិញគេដាក់មង ដេញវា វាចេញចូលសំណាញ់ចូលមង»។

ជាអ្នកភូមិកំាំងចាម ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង លោក ឡាយ ផល្លី បានសម្តែងការព្រួយបារម្ភជាខ្លាំ​ង​ក្រោយពីប្រទះឃើញករណីបទល្មើសការដាក់អន្ទាក់ព័ទ្ធ​ចាប់​ស្វានេះនៅតែបន្តកើតមាន​ក្នុងព្រៃឡង់បែបនេះ​។​

លោកបន្តថា ការព្រួយបារម្ភរបស់សហគមន៍មិនមែនតែការបាត់បង់សត្វស្វានោះទេ រឿងដែលសំខាន់មួយទៀតគឺការបាត់បង់ព្រៃឈើដែលជនល្មើសបានកាប់បំផ្លាញព្រៃឈើជាច្រើនដើម្បីព័ទ្ធចាប់សត្វស្វាទាំងនោះ។

លោកបន្តថា៖«ប្រសិនបើករណី​នឹងនៅតែមានជាបន្តបន្ទាប់​ខ្ញុំមានការព្រួយបារម្ភ នៅពេលខ្លះយើងបារម្ភពីការអស់សត្វផងទី១ ទី២ វាអាចនឹងបាត់បង់ព្រៃឈើទៀត»។

បុរសវ័យ ៣២​ ឆ្នាំមកពីភូមិកាំងចាមរូបនេះស្នើឱ្យមន្រ្តីពាក់ព័ន្ធ​ចាត់វិធានការឱ្យបានតឹងរ៉ឹងជាងនេះបន្ថែមទៀត ដើម្បីបញ្ឈប់ការចាប់សត្វស្វាលក់នៅកម្ពជានិងជាពិសេសការកាប់បំផ្លាញព្រៃឡង់ដែលជាធនធានធម្មជាតិរបស់ប្រទេសជាតិ។

ពាក់ព័ន្ធនឹងបញ្ហានេះ ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង លោក អេង ភីរុង បដិសេធការលើកឡើងរបស់ប្រជាសហគមន៍ ដោយថាមន្រ្តីថ្នាក់ក្រោមរបស់លោកតែងតែចុះល្បាតនៅតំបន់ព្រៃឡង់ជាប្រចាំ មិនដែលឃើញមានការចាប់សត្វស្វានោះទេ។ ប៉ុន្តែយ៉ាងណា​ មន្រ្តីរូបនេះបានបញ្ជាក់ថា លោកនឹងបញ្ជាឱ្យមន្រ្តីជំនាញចូលទៅកន្លែងកើតហេតុដើម្បីត្រួតពិនិត្របន្ថែមទៀត។

លោកថា៖ «អត់ឃើញាគាត់ឱ្យដំណឹងមកដែរ បើគាត់ឱ្យដំណឹងមក[ខ្ញំ]រៀប កម្លាំងឱ្យទៅ កម្លាំងយើងគាត់ល្បាតវិញជុំដែរ ចាំមើលខ្ញុំចាត់ទៅកម្លាំងមើលព្រោះឥឡូវ យើងត្រូវការចូលរៀនថ្ងៃ ១៩ហ្នឹង សិក្ខាសាលា ។ ចាំមើលខ្ញុំចាត់កម្លាំងឱ្យគេចូលទៅ ខាងដែនគេ ឱ្យគេចូលទៅឆែក»។

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវនិងតស៊ូមតិ​នៃ​សមាគមបណ្តាញ​យុវជនកម្ពុជា លោក ហេង គឹមហុង មានប្រសាសន៍ថា មន្រ្តីពាន់ព័ន្ធឬក៏មន្រ្តីឧទ្យានុរក្សគួរតែដល់ពេលហើយបើកឱកាសឱ្យបណ្តាអង្គការសង្គមស៊ីវិល សកម្មជន យុវជន ពលរដ្ឋខ្មែរអាចចួលរួមចុះល្បាតរួមគ្នាដើម្បីការពារធនធានធម្មជាតិរបស់ខ្មែរនិងចូលរួមទប់ស្កាត់បទល្មើសពីការរំលោភទន្រ្ទាន ការកាប់ឈើខុសច្បាប់ក្តី។ លោកបន្តថា ជាក់ស្តែងករណីការរកឃើញរបស់សហគមន៍ពាក់ព័ន្ធនឹងការចាប់សត្វស្វានេះជារឿងមួយយ៉ាងសំខាន់រហូតធ្វើឱ្យសហរដ្ឋអាមេរិកបានប្រកាសចាប់ខ្លួនមន្រ្តីខ្មែរមួយចំនួនថែមទៀត។

លោកថា៖«ជាពិសេសបញ្ហាសត្វស្វានេះជាបញ្ហាមួយយ៉ាងរសើប ហេតុអ្វីបានជាយើងលើកឡើងយ៉ាងដូច្នេះពីព្រោះអីបញ្ហាសត្វស្វានេះគឺរហូតដល់មានការឃាត់ខ្លួនមន្រ្តីជាន់ខ្ពស់នៃក្រសួងកសិកម្មរុក្ខប្រមាញ់និងនេសាទកម្ពុជាពាក់ព័ន្ធទៅនឹងការនាំចេញសត្វស្វាដោយខុសច្បាប់ ខណៈដែលសត្វស្វានៅក្នុងនៃតំបន់ការពារធម្មជាតិកម្ពុជានឹងនៅតែបន្តមានការលួចដាក់អន្ទាក់ការប្រមាញ់ដោយខុសច្បាប់»។

កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ សេច​ក្ដីថ្លែងការណ៍​ដែលចេញ​ដោយ​ការិយា​ល័យ​មេធាវីសហរដ្ឋអាមេរិក ប្រចាំតំបន់​ភាគខាង​ត្បូង​នៃរដ្ឋ​ផ្លរីដា បានឱ្យដឹងថា ក្នុងសំណុំរឿង​រត់​ពន្ធ​សត្វ​ស្វាព្រៃខុស​ច្បាប់​នេះ មានជន​សង្ស័យ​៨នាក់​ ក្នុង​នោះមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ២នាក់ និងបុគ្គលិក ៦នាក់របស់ក្រុមហ៊ុន Vanny Bio Research។

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្មទាំងពីរនាក់ដែលពាក់ព័ន្ធសំណុំរឿង រួមមាន ប្រធាននាយកដ្ឋានសត្វព្រៃ និងជីវចម្រុះ លោក គ្រី ម៉ះផល ដែលត្រូវបានសហរដ្ឋអាមេរិកចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា និងអគ្គនាយករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្ម លោក កែវ អូម៉ាលីស។

សេចក្តីថ្លែងការណ៍​បន្តថា ជនសង្ស័យ​ទាំង​៨នាក់ត្រូវបាន​ចោទ​ប្រកាន់​ថាបាន​​ចា​ប់​ប្រមូល​សត្វ​ស្វាក្ដាម​​​នៅ​ក្នុងឧទ្យាន​ជាតិ និងតំបន់ការពារ ដើម្បីនាំចេញទៅសហរដ្ឋអាមេរិក ដោយក្នុងនោះមានសត្វស្វាចំនួន៣ ០០០​ក្បាលត្រូវ​បាន​អនុញ្ញាត ហើយ​មន្ត្រីក្រសួង​កសិកម្មក៏ទទួលការទូទាត់ជាសាច់ប្រាក់ត្រលប់មកវិញ​ដែរ៕    

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ