តុលាការ​បង្គាប់​ឱ្យ​ភាគី​ក្នុង​សំណុំរឿង​លោក កឹម សុខា ដាក់​និក្ខេបបទ​មុន​នឹង​ធ្វើ​សេចក្ដី​សន្និដ្ឋាន

ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ លោក កឹម សុខា ចេញពីសវនាការសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ «សន្ទិដ្ឋិ​​ភាព​​ត្រូវ​​​​​រ៉ូវ​ជា​មួយ​​រដ្ឋ​បរទេស» ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

នៅសល់ពេលតែ២ថ្ងៃទៀតទេ ដល់​ពេលដែលភាគីពាក់ព័ន្ធនានា​​នៅក្នុង​សំណុំរឿង​ព្រហ្ម​ទណ្ឌ​ «រួម​គំនិត​​ក្បត់​ជាតិ​​ ហើយ​ចង់​​​ផ្ដួល​​​រំលំរដ្ឋាភិបាល» ត្រូវ​​ឡើង​ការ​ពារ​ពី​​ការ​​ដាក់​​បន្ទុក និង​​​ដោះ​​​​បន្ទុក​​របស់​​ខ្លួន ខណៈមេធាវីការពារសិទ្ធិ​​ឱ្យ​​លោក កឹម សុខា អះអាងថា ខ្លួន​កំពុង​​ពិចារ​​​​ណា​​​​ក្នុង​​ការ​ដាក់​និក្ខេប​បទ ឬ​សារណា នេះទៅតាមការ​​កំ​​ណ​​ត់​​របស់តុលាការ។

លោក ផែង ហេង សហមេធាវីម្នាក់​ក្នុង​ចំណោម​មេធាវី៣រូបផ្សេង​ទៀតដែល​ការពារ​សិទ្ធិ​ឱ្យ​​​លោក កឹម សុខា បញ្ជាក់​នៅ​ថ្ងៃចន្ទ​​​​នេះ​​​ថា ចំពោះនិក្ខេបបទ ឬសារណានេះ មេធាវីទាំង៤រូបនឹងត្រូវ​​​ដាក់​រួម​គ្នា ប៉ុន្តែ​​ការ​សម្រេចចិត្តដាក់ឬមិនដាក់បែបណានោះ ត្រូវពិភាក្សាគ្នា​​ជាមុនសិន។

លោកបន្តថា៖ «គេ [តុលាការ] ប្រាប់​ឱ្យ​ដាក់ថ្ងៃហ្នឹង​ហើយ។ អ៊ីចឹង​ចាំមើល​ថ្ងៃរសៀលបន្តិច​មើល៍! មាន​​ខាង​ណាដា​ក់​ខ្លះ អ​ត់ទាន់ដឹងដែរ! យើងមេធាវីជនត្រូវចោទ ក៏នឹងត្រូវដាក់ដែរ ប៉ុន្តែយើងចាំ​​​មើ​ល​​​​​គេ​ដាក់ម៉េចអីម៉េចសិន»។

បើទោះជាបែបណា លោក ផែន ហេង នៅតែមានសុទិដ្ឋិនិយមថា បើពិនិត្យទៅលើ​គ្រប់​​​នី​​តិ​​​វិធី​សម្រាប់​សវនាការក្នុងពេលកន្លងទៅ សំណុំ​រឿង​​​ព្រហ្ម​​​ទណ្ឌ​​​នេះនៅតែ​​​គ្មាន​​​ល​ក្ខ​​ណៈ​សម្បត្តិ​គ្រប់​គ្រាន់​នៃ​អង្គ​ហេតុ ក្នុងការ​​ចោ​ទ​​ប្រកាន់ប្រឆាំងលោក កឹ​ម សុ​​ខា ថា​មានទោសនោះឡើយ។

កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ កន្លងទៅ សាលាដំបូងរាជធានីភ្នំពេញ បានប្រកាស​បិទ​បញ្ចប់​​នីតិ​វិធី​នៃ​​​ការសួរដេញដោល​​​គ្រប់អ​ង្គ​​ហេតុ ​​​​​ក្នុ​​ង​​សំណុំរឿងលោក កឹម សុខា ហើយ​​​​ប្រធាន​ក្រុម​​​​ប្រឹក្សា​ជំនុំ​ជម្រះ លោក កូយ សៅ បាន​​កំណត់យកថ្ងៃទី​២១ ខែ​ធ្នូ ឆ្នាំ២០២​​២ ​ខា​ង​​មុ​​ខ​​នេះ ជា​​ថ្ងៃ​​​ដែលគ្រប់ភាគីពាក់ព័ន្ធនៅ​​​​ក្នុងរឿងក្តីនេះ ត្រូវ​​ធ្វើសេចក្តី​​​សន្និ​ដ្ឋាន​​​​​ចុង​​​ក្រោ​​​យ មុន​​នឹង​​តុ​​លា​ការ​ឈាន​ទៅ​សម្រេច​ចោទ​ប្រកាន់ ឬទម្លាក់បទចោទនេះ។

វីអូឌី មិន​អាចសុំការបញ្ជាក់បន្ថែមជុំវិញករណីនេះពីអ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ លោក ប្លង់ សុផល និង​មេធាវីការពារសិទ្ធិឱ្យដើមបណ្ដឹងពីខាងរដ្ឋាភិបាល បាន​ទេ ​នៅ​ថ្ងៃ​នេះ។

ទោះជាយ៉ាងណា គេសង្កេតឃើញថា មុននឹងតុលាការឈានទៅបិទបញ្ចប់​នីតិវិធីនៃការសួរ​​ដេញ​​ដោលលើអង្គសេចក្តី កាលពីជាង១ខែមុននោះ ខាងសហព្រះរាអាជ្ញារងដែលកាន់សំណុំរឿងនេះ ស្នើ​​សុំតុលាការទុកពេល ៣ខែ ដើម្បីរៀបចំនិក្ខេបបទ ខណៈ​មេធាវីដើមចោទពីខាងរដ្ឋាភិបាល សុំ​​ពេ​ល២ខែ ហើយ​មេធាវីការពារសិទ្ធិឱ្យលោក កឹម សុខា ស្នើសុំ​ទុក​ពេល២សប្តាហ៍ ដើម្បី​​បញ្ចប់​​និក្ខេ​​​ប​​បទនេះ។

នៅនាទីចុងក្រោយ ប្រធានក្រុមប្រឹក្សាជំនុំជម្រះ លោក កូយ សៅ សម្រេចទុក​​ពេល២ខែ ដូចការ​​ទា​ម​​​ទារពីខាងមេធាវីការពារក្តីរបស់រដ្ឋាភិបាល គិតចាប់​​ពីថ្ងៃ​បិទ​បញ្ចប់នីតិវិធី​នៃការសួរ​​​ដេញ​​​ដោល​​​គ្រប់​អង្គហេតុនេះ រហូតដល់ថ្ងៃធ្វើ​សេ​​ច​​ក្តី​​​​​​​សន្និដ្ឋាន។

លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ យល់​​ឃើ​​ញ​​​​​​ថា ជានីតិវិធី គឺគ្រប់ភាគីពាក់ព័ន្ធ​ត្រូវតែប្រើប្រាស់ឱ្យអស់ពីលទ្ធភាព ក្នុងការការពារ​​សិទ្ធិ​​​របស់​​ខ្លួន ទាំងដោះបន្ទុក និងដាក់បន្ទុក។ លោកបន្តថា ក្នុងពេលមជ្ឈដ្ឋានទូទៅសង្កេតឃើញថា រឿងក្តី​​​នេះជាសំណុំរឿងបែបនយោបាយ ហេតុនេះ វាពិតជាមានភាពស្មុគស្មាញក្នុងការទស្សន៍ទាយពី​​សា​​ល​​​ក្រម​​ដែល​​នឹងចេញក្នុងពេលខាងមុខនេះ នឹងទៅជាបែបណាណាស់។

លោកបន្តថា៖ «បើយើងនិយាយទៅ តាំងពីដើម​មក​ ដែល​យើង​មើល​ឃើញ​ថា ហេតុ​ផល​ដែល​ករណី​នេះ បើតាម​អង្គហេ​តុ អង្គច្បាប់ ដូចមេធាវីគាត់ធ្វើការ​សន្និដ្ឋាន និង​លោក កឹម សុខា គាត់​ថា​អ៊ីចឹង! ប៉ុន្តែ​ចំពោះ​ករណី​នេះ យើង​ដឹង​ហើយ​ថា ​មតិ​ជាតិ និង​អន្តរជាតិ គេចាត់​ទុក​ថា ​វា​​​ជា​រឿង​នយោ​បាយ​​ច្រើនជាង​ការ​អនុវត្ត​ច្បាប់។ យើង​ក៏មិនហ៊ានមើលឃើញ​ថាតើ​វា​យ៉ាង​ម៉េច​នៅ​ពេល​ដែល​សាលក្រម​នេះចេញ»។

សាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្តើមបើកសវនាការ​ក្នុងសំណុំរឿងលោក កឹម សុខា ក្រោមការ​​ចោ​ទ​​ប្រ​​​កាន់ពីបទ «សន្ទិដ្ឋិភាព ត្រូវរ៉ូវដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរ​​ទេស»​ ចង់​​ផ្តួ​​ល​​រំលំរដ្ឋាភិបាល កាលពីដើម​​ខែមករា ឆ្នាំ២០២០​​។ តុលាការដំណើរការក្ដីនេះបានប្រមាណ១​​ខែ ក៏​ប​​ង្ខំ​​​​​ចិត្តផ្អាកទៅវិញ មូលហេតុ​​ដោ​​យ​​សារមានវិបត្តិជំងឺកូវីដ-១៩។ ក្រោយពីផ្អាក​ជិត​២​ឆ្នាំ ដោ​​យ​​​សា​​​រ​​​ជំងឺកូវីដ-១៩ សវនាការ​​នេះក៏​​​​ចាប់ផ្តើមបន្តជំនុំជម្រះឡើងវិញ នៅថ្ងៃទី​២២ ខែ​មករា ឆ្នាំ​​២​០​​២​​​២។

គិតមកដល់ថ្ងៃដែលតុលាការប្រកាសបិទបញ្ចប់​នីតិវិធីនៃការសួរដេញដោលគ្រប់អង្គហេតុ នៅ​​ថ្ងៃ​​ទី​១៩ ខែតុលា គឺសវនាការនេះបានបន្តអូសបន្លាយលើកទី ៦៣ មក​​ហើយ។ តុលា​​ការ​បាន​​ជម្រា​​ប​​អង្គសវនាការថា សាក្សីចំនួន ២៧នាក់ ត្រូវបានកោះហៅឱ្យមកផ្តល់សក្ខីកម្ម ប៉ុន្តែមាន​​តែសាក្សី​​៨​​នាក់​​ទេដែលចូលបំភ្លឺទៅតាមការកោះហៅរបស់តុលាការ។ គិតចាប់ពីថ្ងៃចាប់​ខ្លួន ទាំង​ពាក់ក​ណ្តាល​អធ្រាត្រ កាលពីដើមខែ​កញ្ញា ឆ្នាំ​​២០១៧ អ្នកន​​យោ​​បា​យ​​​​ចាស់វស្សារូបនេះត្រូវបានតុលាការដកសិទ្ធិធ្វើនយោបាយប្រមាណ៥ឆ្នាំមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ