ការអភិវឌ្ឍនាំមកនូវផលប៉ះពាល់ធ្ងន់ធ្ងរដល់ជនជាតិដើមក្នុងតំបន់អាស៊ាន

រូបភាពពីលើអាកាស បង្ហាញទិដ្ឋភាព​ព្រៃឈើ​ដួលរាបលើដី ​ក្នុងដែនជម្រកសត្វព្រៃព្រះរការ ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ​ បន្ទាប់ពីរងការកាប់បំផ្លាញ អំឡុងខែសីហា ឆ្នាំ២០២២។ (រូបភាព៖ សហគមន៍ជនជាតិដើមភាគតិចកួយភូមិប្រមេរុ)

តំបន់អាស៊ីអាគ្នេយ៍ គឺជាដែនដីដែលមានប្រជាជនជនជាតិដើមច្រើនអម្បូរ។ ដោយសារតែ​អត្តសញ្ញាណ​​​រ​បស់ពួកគេមិន​ត្រូវ​បាន​ទទួលស្គាល់ថាជាជនជាតិដើម ឬពួកគេមិនត្រូវបានរាប់បញ្ចូល​ក្នុងជំរឿនជាតិ​របស់ពួក​គេ​ គេប៉ាន់ប្រមាណថាតំបន់នេះមានជនជាតិដើម ចន្លោះពី ៩០ ទៅ ១២៥លាន​​​នាក់។ ប៉ុន្តែដោយសារ​ការអភិវឌ្ឍយ៉ាងឆាប់រហ័ស ​ពួកគេប្រឈមមុខនឹងបញ្ហា​ច​ម្បងៗ​ជាច្រើន​​​ដូចជា ការផ្លាស់ទីលំនៅ ការប្រែប្រួលអាកាសធាតុ និងកង្វះការទទួល​ស្គាល់​ប្រពៃណី និង​ការអនុវត្តរបស់ពួកគេ។

នេះគឺជាពេលវេលាដ៏មានប្រយោជន៍មួយដែលសមាគម​​ប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ពិចារណាអំពីបញ្ហាប្រឈម និង​ដំណោះស្រាយសម្រាប់ជនជាតិដើម​របស់​ខ្លួន​ ដើម្បីកាត់បន្ថយ​ការគំរាមកំហែងលើ​ពួកគេ។

ការអភិវឌ្ឍសេដ្ឋកិច្ច​ និង​ផល​ប៉ះពាល់​ដល់ជនជាតិដើម​ភាគតិច

អាស៊ានលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ច និងនយោបាយ តាម​រយៈ​កិច្ច​សហប្រតិបត្តិការរវាងរដ្ឋ​សមាជិកទាំង១១ ដើម្បីបង្កើតប្លុកពាណិជ្ជកម្ម​ដែលមាន​ការ​ប្រកួតប្រជែង​ខ្ពស់​នៅ​ក្នុង​ទីផ្សារពិភព​លោក​។ ប៉ុន្តែសហគមន៍ជនជាតិដើម ជាញឹកញាប់​បាន​រង​ផល​ប៉ះពាល់អវិជ្ជមាន​ដោយ​កម្លាំង​ទីផ្សារ​នេះ។

ពួកគេបានបញ្ចេញសំឡេងរបស់ពួកគេជាច្រើនដង ដើម្បីអំពាវនាវឱ្យមានការយកចិត្តទុកដាក់ចំពោះ​ការពិត ដែលថាដំណើរការនៃសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់នេះត្រូវបានប្រឡូក​ប្រឡាក់​ដោយ​ការរំលោភសិទ្ធិរបស់ពួកគេយ៉ាងធ្ងន់ធ្ងរ។

នាពេលបច្ចុប្បន្ននេះ មូលហេតុចម្បងនៅពីក្រោយការរំលោភសិទ្ធិជនជាតិដើមភាគច្រើនគឺសេដ្ឋកិច្ច។ សហគមន៍ជនជាតិដើមបានលើកឡើងពីការព្រួយបារម្ភអំពីរបៀបដែលការលុបបំបាត់របាំងពន្ធគយ និងសេរីភាវូបនីយកម្មនៃការវិនិយោគ និងពាណិជ្ជកម្មបានសម្រួលដល់គម្រោងទ្រង់​ទ្រាយធំដែល​រំលោភ​យកដីរបស់ពួកគេ និងគំរាមកំហែងដល់របៀបរស់នៅបែបប្រពៃណីរបស់ពួកគេ។

យុទ្ធសាស្ត្ររបស់រដ្ឋសមាជិកអាស៊ានជាច្រើនលើការអភិវឌ្ឍគម្រោងហេដ្ឋារចនាសម្ពន្ធធំៗ ដែល​ពឹង​ផ្អែកខ្លាំ​ងក្នុងការប្រើប្រាស់ធនធានធម្មជាតិ​ដែល​ពួកគេ​អាស្រ័យ​ផល។ គម្រោងទាំង​នេះបាន​ជះ​ឥទ្ធិពល​​មិនសមាមាត្រលើដែនដីជនជាតិដើម ដែលសម្បូរ​ទៅដោយ​សារធាតុរ៉ែ និងប្រភព​ថាមពល​ផ្សេង​ទៀត។

ជាឧទាហរណ៍ គិតត្រឹមឆ្នាំ២០១២ ប្រហែល ៦០ភាគរយនៃប្រតិបត្តិការរុករករ៉ែ នៅក្នុងប្រទេស​ហ្វីលីពីន ​​កំពុងដំណើរការលើដែនដីជនជាតិដើម។ ប្រតិបត្តិការទាំង​នេះភាគច្រើនត្រូវបាន​អនុវត្តដោយ​គ្មានការយល់ព្រមជាមុនពីសហគមន៍ពាក់ព័ន្ធឡើយ។ ប្រតិបត្តិការ​បែបនេះបាននាំ​ឱ្យមាន​ការ​បាត់បង់ដីជនជាតិដើមបន្តិចម្តងៗ និងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះនៃដី​ដែលនៅ​សេសសល់ក្នុងដៃ ព្រមទាំងបង្កការគំរាមកំហែងដល់ការចិញ្ចឹមជីវិតរបស់ពួកគេ។

នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីការបង្ខំឱ្យផ្លាស់ទីលំនៅរបស់អ្នកភូមិជនជាតិដើមចំនួន១៥​ ០០០នាក់ ក្រោយពីគម្រោងទំនប់ប៉ាគុន (Bakun)ដ៏ចម្រូងចម្រាស រដ្ឋាភិបាលនៃរដ្ឋសារ៉ាវ៉ាក់ (Sarawak)បាន​ប្រកាស​ផែនការសម្រាប់ទំនប់វារីអគ្គិសនីធំៗចំនួន ១២ បន្ថែមទៀត នៅក្នុងច្រករបៀង (Sarawak) នៃថាមពលកកើតឡើងវិញ (Sarawak Corridor of Renewable Energy – SCORE)។ គម្រោង SCORE នឹងបង្កើតអគ្គិសនីក្នុងតម្លៃថោកសម្រាប់ឧស្សាហកម្មផលិតកម្មដែលកំពុងរីកលូតលាស់ ប៉ុន្តែសហគមន៍មួយចំនួនធំត្រូវបានគេរំពឹងថានឹងត្រូវជម្លៀសពីទីលំនៅឋានរបស់ខ្លួន ។

ការកេងប្រវ័ញ្ចនិងការដកហូតយកធនធាន គឺជាកង្វល់ចម្បងរបស់សកម្មជនជនជាតិដើមប៉ាពួន ​(Papuan) ដែល​តស៊ូទាមទារសិទ្ធិស្វ័យភាពពីប្រទេសឥណ្ឌូនេស៊ីជាយូរមកហើយ។ ដីដូនតា​នៃ​សហគមន៍​​ទាំងនេះ​ត្រូវជីកយក​រ៉ែដែលបង្កគ្រោះថ្នាក់នៃកាក់សំណល់លោហធាតុ និងរ៉ែក្នុង​តំបន់ ប៉ុន្តែថ្មីៗនេះក៏មានបទពិសោធនៃការកាប់ព្រៃឈើយ៉ាងទូលំទូលាយ និងការដាំដូង​ប្រេង​ជាបន្ត​បន្ទាប់ផងដែរ។

នៅក្នុងប្រទេសកម្ពុជា ឧស្សាហកម្មនិស្សារណកម្ម (Extractive Industry)ខ្នាតធំបាន​ទទួលផលប្រយោជន៍​ជាយូរ​មក​ហើយ​ពី​សម្បទានសេដ្ឋកិច្ច ដែលភាគច្រើនគំរាមកំហែងដល់ការដកហូតដី និងធនធានរបស់ជនជាតិដើម ដោយ​​​​មិនមាន «ការឯកភាពយល់ព្រមដោយសេរីជាមុន និង​មានព័ត៌មាន​គ្រប់ជ្រុងជ្រោយ (Free, Prior and Informed Consent)» ពីសហគមន៍​ដែល​រងផលប៉ះពាល់។ គំនិតនៃ «ការឯកភាពយល់ព្រមដោយសេរីជាមុន និងបានទទួលព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​»​ ផ្តល់ឱ្យជនជាតិដើមនូវសិទ្ធិក្នុងការទទួលយក ឬ​បដិសេធគម្រោង ឬទម្រង់នៃការ​អន្តរាគមន៍​ផ្សេង​ទៀតនៅក្នុងទឹកដីរបស់ពួកគេ ហើយវាជា​តម្រូវ​ការ​ផ្លូវ​ច្បាប់​ដែលត្រូវ​បានផ្តល់ជូន​យ៉ាង​ទូលំ​ទូលាយ​​​នៅក្នុងច្បាប់អន្តរជាតិ ប៉ុន្តែជាក់ស្តែង ច្បាប់នេះត្រូវ​បានគោរពយ៉ាង​លំបាក។

ក្រៅពីការខាតបង់សម្ភារ គម្រោងហេដ្ឋារចនាសម្ពន្ធធំៗជាច្រើនបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់​ទំនាក់​ទំនងវប្បធម៌ដ៏រឹងមាំរបស់សហគមន៍ជនជាតិដើម ចំពោះដីរបស់ពួកគេ ហើយបាននាំ​ឱ្យមាន​ការបាត់បង់វប្បធម៌ និង​អត្តសញ្ញាណ​ដូនតា។

ជាឧទាហរណ៍ ក្នុងឆ្នាំ២០១២ រដ្ឋាភិបាលកម្ពុជាបានអនុម័តការ​សាងសង់​ទំនប់វារីអគ្គិសនី​សេសាន​ក្រោម២។ អាងស្តុកទឹករបស់ទំនប់នេះត្រូវបានសាងសង់នៅលើទន្លេសេសាន ក្នុងខេត្តស្ទឹងត្រែង ភាគឦសាននៃប្រទេសកម្ពុជា។ ទឹកនៃអាងស្តុករបស់ទំនប់នេះ បានជន់​ពន្លិច​ភូមិដ្ឋាន​ប្រជាជន​ជាច្រើន និងបង្ខំឱ្យមានការផ្លាស់ទីលំនៅរបស់ប្រជាជនរាប់ពាន់នាក់ ដែលពួកគេភាគច្រើនបានរស់​នៅក្នុង​តំបន់​រង​គ្រោះ​នេះជាច្រើនជំនាន់មកហើយ។ ជនជាតិដើមព្នង ដែលជាជនជាតិដើមមួយ​នៃ​ជនជាតិ​ដើម ​២៤​ក្រុម ដែល​ត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា គឺជាក្រុមមួយដែល​បាន​រង​ផលប៉ះពាល់​ ជា​ពិសេសពីការសាងសង់ និងដំណើរប្រតិបត្តិការទំនប់។

បន្ទាប់ពីដំណើរការផ្លាស់ប្តូរទីលំនៅដ៏យូររបស់រដ្ឋាភិបាល អ្នកភូមិមួយចំនួនបានយល់ព្រម​តាំងទីលំ​នៅ​ថ្មី​ជាថ្នូរនឹងសំណង។ ប៉ុន្តែ​នៅ​ភូមិ​ក្បាលរមាស បើ​ទោះ​ជា​ដី​ត្រូវ​ជន់​លិច​ទាំង​ស្រុង​ក៏​ដោយ ក៏​អ្នក​ភូមិ​ជនជាតិ​ដើមព្នង ៥២​គ្រួសារ​ មិន​ព្រម​រើ​ចេញនោះទេ ព្រោះ​គេយល់​ថា​មិន​អាច​បោះ​បង់​ចោល​ដី​ដូនតា​​បាន​ឡើយ។ ជាលទ្ធផល សហគមន៍ទទួលរងសម្ពាធជាច្រើន រួមទាំងការគំរាម​កំហែង​ពី​រដ្ឋា​ភិបាល ការយាយីតាមប្រព័ន្ធតុលាការ និងសំខាន់បំផុតគឺកង្វះលទ្ធភាព​ទទួលបាន​សេវាសាធារណៈ​ជា​មូលដ្ឋាន​ ដូចជា ទឹកស្អាត ជាដើម។

ជនជាតិដើមព្នង គ្រាន់តែជាក្រុមសហគមន៍ជនជាតិដើមមួយរបស់ប្រទេសកម្ពុជា ហើយការ​តស៊ូ​របស់​ពួកគេតំណាងឱ្យផ្នែកមួយនៃរឿងរ៉ាវនៃជនជាតិដើមនៅក្នុងប្រទេសនេះ។ ជនជាតិដើម បាន​រស់នៅជា​ចម្បង​នៅក្នុងខេត្តភាគឦសានប្រទេសដែលសម្បូរធនធាន ហើយជាតំបន់ដែល​ពួកគេនៅមាន​ចំនួន​ច្រើនរហូតមកដល់ពេលបច្ចុប្បន្ននេះ។ សហគមន៍ជា​ច្រើនប្រឈមមុខ​នឹងផល​ប៉ះ​ពាល់​ដោយ​គម្រោង​​នេះ ​ដូចជា ទំនប់វារីអគ្គិសនីសេសានក្រោម២ បង្ខំពួកគេ​បោះ​បង់ទឹកដីកំណើតរបស់ពួកគេ។

ខណៈដែលរដ្ឋសមាជិកអាស៊ានមើលឃើញព្រៃឈើ និងធនធានធម្មជាតិផ្សេងទៀត​ជាធនធាន​ដែលត្រូវដកហូតដើម្បីកំណើនសេដ្ឋកិច្ច សហគមន៍ជនជាតិដើមក្នុងតំបន់រស់នៅក្នុងព្រៃ ហើយ​ជា​ប្រពៃណី​បានពឹងផ្អែកលើធនធានព្រៃ​ទាំង​នេះសម្រាប់​ចិញ្ចឹម​ជីវិត ធ្វើកសិកម្ម និងទាញយកឱសថ ក៏ដូចជា​សម្រាប់​​ប្រតិបត្តិ​វប្បធម៌ និងជំនឿសាសនារបស់ពួកគេ។ ជាធម្មតា ពួកគេមិនចង់ឃើញ​ប្រភព​នៃ​ជីវិត​របស់​ពួក​គេ​ត្រូវ​បានបំផ្លាញនោះឡើយ។

បរាជ័យក្នុងការទទួលស្គាល់និងការពារសិទ្ធិជនជាតិដើម

ដោយសារនិន្នាការកើនឡើងឆ្ពោះទៅរកសមាហរណកម្មក្នុងតំបន់ សហគមន៍ជនជាតិដើម​ទាមទារ​ឱ្យ​អាស៊ានទទួលស្គាល់សហគមន៍របស់គេយ៉ាងច្បាស់ និងការពារសិទ្ធិរបស់ពួកគេ ប៉ុន្តែកិច្ចខិតខំប្រឹង​ប្រែងរបស់អាស៊ានចំពោះសហគមន៍ជនជាតិដើមក្នុងតំបន់ គឺមិនគ្រប់គ្រាន់ទេ។ ការទទួល​​ស្គាល់សិទ្ធិ​ជនជាតិដើមឱ្យបានច្បាស់លាស់ និងមិនយល់ច្រឡំ គឺជាជំហាន​ដំបូង​សម្រាប់​អង្គការ (អាស៊ាន)​ មួយ​នេះ​ ដើម្បីចាប់ផ្តើមការប្តេជ្ញាចិត្តដែលអាចជឿទុកចិត្តបានក្នុងការការពារសិទ្ធិមនុស្សនៅក្នុងតំបន់។

សេចក្តីប្រកាសរបស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិជនជាតិដើម (UNDRIP) សំដៅលើជនជាតិ​ដើម​ថាជា «ប្រជាជនដាច់ដោយឡែកដែលមានសិទ្ធិសមូហភាពពីកំណើតលើដីធ្លី ដែនទឹកដី និងធនធាន​របស់​ពួកគេ»។ ទោះបីជារដ្ឋសមាជិកអាស៊ានទាំងអស់បានបោះឆ្នោតគាំទ្រការអនុម័ត UNDRIP ក្នុងឆ្នាំ​២០០៧ ក៏ដោយ ក៏ធម្មនុញ្ញរបស់ប្លុកនេះមិនសំដៅលើការ​ទទួលស្គាល់​សិទ្ធិសមូហភាព​របស់​ជនជាតិ​ដើម​នោះទេ។

ទោះបីជាមានការជឿនលឿនខ្លះៗក្នុងសមាហរណកម្មសិទ្ធិមនុស្សជាផ្នែកនៃក្របខណ្ឌរបស់ខ្លួនក៏ដោយ ក៏អាស៊ានបានប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់នូវគោលការណ៍មិនជ្រៀតជ្រែកក្នុង «កិច្ចការផ្ទៃក្នុង» នៃ​រដ្ឋ​ជា​សមាជិករបស់ខ្លួន។ ការភ័យខ្លាចនៃការផ្ទុយនឹងសកម្មភាពរបស់រដ្ឋាភិបាល ជាពិសេសចំពោះ​សំណួរ​រសើប ដូចជាជម្លោះនៅប៉ាពួន រារាំងយន្តការ​របស់អាស៊ានមិន​ឱ្យមាន​ប្រសិទ្ធភាព​នៅពេល​ដែលមានការរំលោភសិទ្ធិមនុស្សកើតឡើង។ នៅក្នុងការអនុវត្ត ស្ថាប័ន​ទាំងអស់ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បីការពារសិទ្ធិមនុស្សក្នុងបណ្ដាប្រទេសអាស៊ាន មិនអាចធ្វើសកម្មភាពលើសពីជា «មជ្ឈមណ្ឌល​​ព័ត៌មាន» សាមញ្ញនោះទេ។ ការបរាជ័យនៃសកម្មភាពរបស់អាស៊ានក្នុងការប្រយុទ្ធប្រឆាំងនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ គឺជាប្រធានបទនៃការព្រួយបារម្ភសម្រាប់ក្រុមមនុស្សដូចជាជនជាតិដើម ដែល​ពួកគេទំនងជា​ទទួល​រង​នូវការ​ឈឺចាប់។

ផ្ទុយទៅនឹងការសន្មតមួយចំនួន ជនជាតិដើមមិនប្រឆាំងទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ចទេ។ ពួកគេ​គ្រា​ន់​​តែទាមទារឱ្យអនុវត្តតាមរបៀបដែលសមស្របនឹងកម្មសិទ្ធិដីធ្លីរបស់ពួកគេ និងគោរពសិទ្ធិ​សមូហភាព​របស់ពួកគេ។ កំណើន​សេដ្ឋកិច្ច និង​សិទ្ធិ​មនុស្ស​ មិន​មែន​ប្រឆាំងគ្នានោះ​ទេ។ ការ​អភិវឌ្ឍអាចមានទាំងនិរន្តរភាព រួមទាំងផ្តល់ឱកាសនិងធនធាន​ស្មើភាពសម្រាប់​ជនជាតិដើម​ភាគតិច ហើយដើម្បីទទួល​ជោគជ័យត្រង់​ចំណុចនេះ សំឡេងជនជាតិ​ដើម​ត្រូវ​តែ​យកចិត្តទុកដាក់៕


ដោយ ភាព សុជា​ អ្នកស្រាវជ្រាវវ័យក្មេង នៅវេទិកាអនាគត និងជាជនជាតិដើម «ព្នង»។ ដែលតាំងពីឆ្នាំ២០០៥មក គាត់បានចូលរួមក្នុងការបង្កើតអង្គការ​ និងសមាគមជនជាតិ​ដើមមួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា។ លោកបានបេ្តជ្ញាខ្លួនឯងថានឹងចូលរួមសិក្សាស្រាវជ្រាវលើបញ្ហាពាក់ព័ន្ធនឹងសហគមន៍ជនជាតិដើម ដើម្បីផ្សព្វផ្សាយដល់សាធារណជននូវបញ្ហានោះ រួមទាំងការពង្រឹងសិទ្ធិអំណាចដល់យុវជនជនជាតិដើម ការគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ ជាពិសេសបញ្ហានយោបាយនិងសង្គម​ដែលរារាំងជនជាតិ​ដើម​ពីការទទួលបានយុត្តិធម៌ និងការទទួលស្គាល់អំពីការដោះស្រាយបញ្ហារបស់ពួកគេ។

ខ្លឹមសារអត្ថបទរក្សាសិទ្ធិដោយអង្គការវេទិកាអនាគត

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ