រុស្ស៊ី-ចិន នឹង​ធ្វើ​សមយុទ្ធ​យោធា​ជើងទឹក​រួមគ្នា​ក្នុង​សប្ដាហ៍​នេះ

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជីនពីង ជួបពិភាក្សាគ្នានៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីឆ្នាំ២០១៩។ (REUTERS)

ក្រសួងការពារជាតិរុស្ស៊ី បានឱ្យដឹង​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា រុស្ស៊ី និង​ចិន នឹងធ្វើសមយុទ្ធយោធាជើងទឹករួមគ្នា​​នៅក្នុងសប្តាហ៍នេះ ដោយរាប់ចាប់ពីថ្ងៃទី​២១ ដល់ថ្ងៃទី​២៧ ខែធ្នូ​។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ​ទី១៩ ខែធ្នូ ឆ្នាំ២០២២។

ក្រសួងការពារជាតិរុស្ស៊ី ​បន្ត​ថា សមយុទ្ធកងទ័ពជើងទឹករួមគ្នាដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១២មក​ និង​រួម​ទាំង​មាន​ការ​បាញ់កាំជ្រួច និងកាំភ្លើងធំ នៅសមុទ្រចិនខាងកើត។

រុស្ស៊ីបន្តថា នាវាយោធារបស់ខ្លួនចំនួន​៤ នឹងធ្វើដំណើរចេញពីកំពង់ផែ Far Eastern នៃទីក្រុង Vladivostok ដើម្បីចូលរួមក្នុងសមយុទ្ធនេះ ខណៈ​ភាគីចិននឹងមាននាវាចំនួន៦ រួមជាមួយនឹងយន្តហោះ និងឧទ្ធម្ភាគចក្រពីភាគីទាំងពីរផងដែរ។

ប្រភពដដែលបន្ថែមថា៖ «គោលបំណងសំខាន់នៃសមយុទ្ធនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការខាងកងទ័ពជើងទឹក​ រវាងរុស្ស៊ី និងចិន ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក»។

គិតចាប់តាំងពីរុស្ស៊ី​បាន​ឈ្លា​នពានលើអ៊ុយក្រែនកាលពីខែកុម្ភៈមក ប្រទេសមួយនេះ​បាន​ព្យាយាមបង្កើន​ទំនាក់ទំនងទាំងផ្នែកនយោបាយ សន្តិសុខ និងសេដ្ឋកិច្ចរបស់ខ្លួនជាមួយនឹងប្រទេសចិន ខណៈខ្លួនមើលឃើញថា ប្រធានាធិបតីចិន លោក ស៊ី ជីនពីង គឺជាសម្ពន្ធមិត្តដ៏សំខាន់មួយក្នុងការប្រឆាំងនឹងលោកខាងលិច។

ទាក់ទិននឹងករណីនេះ ក្រសួងការបរទេសអាមេរិក កាលពីពេលកន្លងទៅ ក៏ធ្លាប់បានលើកឡើងពីការព្រួយ​បារម្ភ​អំពី​ការ​ពង្រឹង​ទំនាក់​ទំនង​កាន់​តែ​ស៊ីជម្រៅរវាងចិន និងរុស្ស៊ីផងដែរ​ ដោយថា ការពង្រឹងទំនាក់​ទំនង​កាន់​តែ​ស៊ីជម្រៅរវាងប្រទេសទាំង២នេះ គឺ​មិនមែនធ្វើឡើងតែក្នុងរយៈពេលមួយថ្ងៃ មួយសប្តាហ៍ ឬមួយខែឡើយ ប៉ុន្តែអាចនឹងធ្វើឡើងក្នុងរយៈពេលជាច្រើនឆ្នាំ។

ជាមួយគ្នានេះ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន កាលពីពេលកន្លងទៅ ក៏ធ្លាប់បានព្រមាន​លោកប្រធានាធិបតី ស៊ី ជីនពីង អំពីផលវិបាកដែលចិនអាចនឹងទទួលបាន ប្រសិនបើប្រទេសមួយនេះផ្ដល់ការគាំទ្រណាមួយ ដើម្បីជួយឱ្យរុស្ស៊ីរួចផុតពីផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិច ឬផ្តល់ជំនួយផ្នែកយោធាជាដើមនោះ។

ទោះជាយ៉ាងណា ប្រទេសចិនបាន​បដិសេធ​ម្ដង​ហើយ​ម្ដងទៀត​នូវផែនការបែបនេះ ក្នុង​នោះខ្លួនក៏ធ្លាប់ច្រានចោលការ​អះអាង​របស់​មន្ត្រី​អាមេរិក ​ដែល​ថា​រុស្ស៊ី​បានព្យាយាមស្វះ​ស្វែងរក​ជំនួយ​យោធាពីខ្លួន​នៅ​​អ៊ុយ​ក្រែនផងដែរ​ និង​បាន​ចោទ​អាមេរិក​ថា​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ​ដែល​​ធ្វើឱ្យស្ថាន​ការណ៍ជម្លោះ​កាន់តែធ្ងន់ធ្ងរបន្ថែមទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ