អ៊ុយក្រែន​ពង្រឹង​ការការពារ​នៅ​តាមព្រំដែន ខណៈ​លោក ពូទីន នឹង​ទៅ​បំពេញ​ទស្សនកិច្ច​នៅ​បេឡារុស

ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (ស្តាំ) ចាប់​ដៃ​ជាមួយ​សមភាគី​បេឡារុស​ លោក Alexander Lukashenko ក្នុង​អំឡុង​កិច្ច​ប្រជុំ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ​២០១៨។ (Kirill Kudryavtsev/Pool តាមរយៈ REUTERS)

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelenskiy) បាននិយាយថា ការការពារព្រំដែនអ៊ុយក្រែន គឺជា «អាទិភាពជានិច្ច» ហើយប្រទេសរបស់លោកត្រៀម​ខ្លួន​រួចជា​ស្រេច​សម្រាប់អ្វីដែលនឹងអាចកើតមានជាមួយរុស្ស៊ី និង​បេឡារុស ខណៈ​លោក ពូទីន​ នឹងទៅ​បំពេញ​ទស្សនកិច្ចនៅប្រទេសបេឡារុស។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នេះ។

ថ្លែងនៅក្នុងសុន្ទរកថាតាមវីដេអូ លោក Zelenskiy បានអំពាវនាវឱ្យលោកខាងលិចផ្តល់ឱ្យទីក្រុងកៀវ (Kyiv) នូវប្រព័ន្ធការពារដែនអាកាសទំនើប ដែលជា «ជំហានមួយដ៏មានប្រសិទ្ធភាពបំផុត» ដើម្បីបញ្ឈប់ការឈ្លានពានរបស់រុស្ស៊ី។

លោក Zelenskiy បាននិយាយថា៖ «ការការពារព្រំដែនរបស់យើង ទាំងជាមួយរុស្ស៊ី និងបេឡារុស​ ​​គឺជាអាទិភាពជានិច្ច​របស់​យើង។ យើងកំពុងត្រៀមខ្លួនការពារតាមដែលអាចធ្វើទៅបាន»។

លោក Zelenskiy បាននិយាយនៅមុនថ្ងៃនៃដំណើរទស្សនកិច្ចទៅកាន់ប្រទេសបេឡារុសរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ចំពេលមានការពិភាក្សាអំពីការវាយលុកថ្មីរបស់រុស្ស៊ី និង​បាន​លើក​ឡើងថា ការវាយលុកថ្មីលើអ៊ុយក្រែនអាចកើតចេញពីប្រទេសបេឡារុស។

មន្ត្រីនៅទីក្រុងកៀវ (Kyiv) បានក្រើនរម្លឹកប៉ុន្មានខែមកនេះថា បេឡារុសអាចចូលរួមជាមួយកងកម្លាំងរុស្ស៊ី និងធ្វើជាកន្លែងចាប់ផ្តើមសម្រាប់ការវាយប្រហារថ្មី ដើម្បីបង្កើតជាខ្សែបន្ទាត់រណសិរ្ស ទី២ ​នៅក្នុងសង្រ្គាម។

លោក Zelenskiy បន្ថែមថា៖ «អ្វីដែលប្រធានាធិបតីបេឡារុស លោក អេឡិចហ្សានដឺ លូកាហ្សិនកូ [Alexander Lukashenko] ត្រូវបានប្រទេសរុស្ស៊ីបញ្ចុះបញ្ចូលឱ្យធ្វើសម្រាប់ខ្លួន នឹងមិនជួយពួកគេ [ប្រទេសបេឡារុស] ឡើយ នៅក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន»។

គួរបញ្ជាក់ថា ប្រទេសបេឡារុស គឺជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធបំផុតរបស់រុស្ស៊ី ហើយ​លោក Lukashenko បានអនុញ្ញាតឱ្យកងទ័ពរុស្ស៊ីប្រើប្រាស់ទឹកដី​បេឡារុស​ បើក​ការឈ្លានពានទៅលើ​អ៊ុយ​ក្រែន ​នៅ​ថ្ងៃទី២​៤ ខែ​កុម្ភៈ។ ទោះយ៉ាងណា ​លោក​បាន​និយាយ​ម្តង​ហើយ​ម្តង​ទៀត​ថា លោក​មិនមានបំណង​បញ្ជូន​កងទ័ពបេឡារុស​ចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែនឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ