ក្រុមប្រឹក្សា​សន្តិសុខ UN អាច​នឹង​បោះឆ្នោត​លើ​ដំណោះស្រាយ​វិបត្តិ​នៅ​មីយ៉ាន់ម៉ា​ក្នុង​សប្ដាហ៍​នេះ

ពលរដ្ឋមីយ៉ាន់ម៉ាដែលរស់នៅក្នុងប្រទេសថៃ កាន់រូបលោកស្រី Aung San Suu Kyi នៅពេលពួកគេតវ៉ាប្រឆាំងនឹងការប្រហារជីវិតសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យ នៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងបាងកក ប្រទេសថៃ ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។ (REUTERS/Soe Zeya Tun)

ក្រុម​មន្ត្រីអ្នក​ការ​ទូត​ បាន​ឱ្យដឹង​ថា ក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UN) ទំនងជានឹងធ្វើការបោះឆ្នោតនៅថ្ងៃពុធសប្ដាហ៍នេះ លើសេចក្ដីព្រាងដំណោះស្រាយ​មួយ​ ដោយ​ទាម​ទារ​ឱ្យ​បញ្ចប់​ជាបន្ទាន់​នូវ​អំពើ​ហិង្សា​នៅ​ក្នុង​ប្រទេស​មីយ៉ាន់​ម៉ា និង​ជំរុ​ញ​ឱ្យ​របប​យោធា​មួយ​នេះដោះ​លែង​អ្នក​ទោសនយោបាយទាំង​អស់ រួមទាំង​​អតីតមេដឹកនាំមីយ៉ាន់ម៉ាដែលត្រូវបានទម្លាក់ពីតំណែងគឺ លោកស្រី អ៊ុងសាន ស៊ូជី ផងដែរ។

យោងតាមសេចក្តីព្រាងដំណោះស្រាយ ដែលត្រូវបានពិនិត្យដោយទីភ្នាក់ងារសារព័ត៌មាន Reuters ក្នុង​នោះ គេសង្កេតឃើញមានការលើកឡើងពី «ការព្រួយបារម្ភយ៉ាងខ្លាំង» ចំពោះស្ថានភាពនៃការដាក់ប្រទេសក្នុងគ្រាអាសន្នដែលកំពុងបន្តអនុវត្តដោយរបបយោធា នៅពេលដែលខ្លួនដណ្តើមអំណាចយកមកគ្រប់គ្រង ដែលបានបង្កជាផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រជាជនមីយ៉ាន់ម៉ា។

សេចក្តីព្រាងដំណោះស្រាយនោះជំរុញឱ្យមានការចាត់វិធានការជាក់ស្តែង និង​ជាបន្ទាន់​នានា ដើម្បីអនុវត្ត​ផែន​ការ​សន្តិភាព​មួយ​ដែល​បាន​ព្រមព្រៀង ដោយសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ក្នុងនោះក៏មានការ​ដាក់​ចេញ​នូវការអំពាវនាវមួយឱ្យមានការបន្តកិច្ចសន្ទនាប្រកបដោយការស្ថាបនា និងការផ្សះផ្សាស្របតាមឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជនផងដែរ។

គួរបញ្ជាក់ថា ដើម្បី​អនុម័តសេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សាសន្តិសុខ ត្រូវការសំឡេងគាំទ្រយ៉ាងហោចណាស់៩ ដោយមិនត្រូវមានការបោះឆ្នោតវេតូពីរុស្ស៊ី ចិន សហរដ្ឋអាមេរិក បារាំង ឬអង់គ្លេសឡើយ។

ប្រទេសមីយ៉ាន់ម៉ា បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូក​ច្របល់ ​គិត​ចាប់​តាំង​ពី​ក្រុម​យោធាបាន​ដណ្តើម​យកអំណាច​មកគ្រប់គ្រងកាលពីខែកុម្ភៈ ឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី ដែល​បង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស។

យោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) ជនស៊ីវិលរាប់ពាន់នាក់ក៏​ត្រូវ​បាន​សម្លាប់ដោយ​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា ហើយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ គិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ