ពលរដ្ឋ​ជាង​២០០នាក់​នៅ​ខេត្តសៀមរាប តវ៉ា​ឱ្យ​អាជ្ញាធរ​ដោះស្រាយ​ដីធ្លី​តាម​ការ​សន្យា​មុនបោះឆ្នោត

ពលរដ្ឋ​​ជាង​២០០​នាក់ តំណាង​​ឱ្យ​​ជាង​៣០​០គ្រួសារ បាន​ប្រមូល​ផ្តុំតវ៉ា​នៅមុខ​សាលាឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្តសៀម​រាប ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរដោះស្រាយបញ្ហា​ដីធ្លី​ជូន​ពួក​គាត់ ​តាម​ការសន្យាដែលបានធ្វើឡើង​មុនពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​​ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋ​​ជាង​២០០​នាក់ តំណាង​​ឱ្យ​​ជាង​៣០​០គ្រួសារ បាន​ប្រមូល​ផ្តុំតវ៉ា​នៅមុខ​សាលាឃុំ​ឃុន​រាម ស្រុក​បន្ទាយ​ស្រី ខេត្តសៀម​រាប នៅថ្ងៃពុធនេះ ដើម្បី​ទាម​ទារ​ឱ្យ​អាជ្ញាធរដោះស្រាយបញ្ហា​ដីធ្លី​ជូន​ពួក​គាត់ ​តាម​ការសន្យាដែលបានធ្វើឡើង​មុនពេល​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំសង្កាត់​​។

ពលរដ្ឋរស់នៅភូមិខ្នា​រង្វាស់​ ឃុំឃុនរាម លោក កែវ យឿន ប្រាប់វីអូឌីនៅថ្ងៃពុធនេះថា ពលរដ្ឋជាង៣០០គ្រួសារ និងដីប្រហែល៥០០ហិកតា ស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី កំពុងរងការរំលោភបំពានពីក្រុមហ៊ុនឯកជនមួយឈ្មោះ សុខគា ហ្គាដិន ឯ.ក ខណៈដីនោះ អ្នកភូមិបានចូលអាស្រ័យផលតាំងក្រោយសម័យប៉ុលពត។

ពលរដ្ឋរូបនេះបន្តថា គ្រួសារលោកបានប៉ះពាល់ដី៥ហិកតា និងផ្តើមមានជម្លោះជាមួយក្រុមហ៊ុនតាំងពីឆ្នាំ២០២១។ លោកថា អាជ្ញាធរឃុំធ្លាប់សន្យាថា នឹង​ចុះវាស់​វែង ហើយ​ចេញ​បណ្ណកម្មសិទ្ធិជូនពលរដ្ឋ ក្រោយបេក្ខភាព​គណបក្សប្រជាជនកម្ពុជា​ ជាប់ឆ្នោត​ឃុំស​ង្កាត់ ប៉ុន្តែ​ក្រោយ​បាន​ជាប់​ឆ្នោត​ហើយ ខាង​អាជ្ញាធរទាំងនោះមិនបានដោះស្រាយជូនពលរដ្ឋតាម​ការ​សន្យា​ឡើយ​។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់មកទាមទារ​បណ្ណ​កម្ម​សិទ្ធិ ព្រោះកា​លមុន​យើង​បោះ​ឆ្នោត​ហ្នឹង ពួកគាត់ដើរ​ប្រកាស​ថា បើគ​ណបក្សប្រជាជនជាប់ នឹង​កាត់​ឆ្វៀល​ដី​ឱ្យប្រជាពលរដ្ឋមានប្លង់រឹង។ ប៉ុន្តែឥលូវនេះ ជិតដល់ថ្ងៃបោះឆ្នោតទៀត​ហើយ អត់​ទាន់​ឃើញ​គាត់​ធ្វើ​ឱ្យ​ទេ តែបែក​​ធ្លា​យ​​ក្រុម​​ហ៊ុន​​បោះប​ង្គោល​ចូល​ដីពួកយើងវិញ។ អ៊ីចឹងពួកយើងភ័យខ្លាចបាត់បង់ដីយើង អ៊ីចឹង​ពួក​យើង​មក​សួរនាំ​ដើម្បី​ចង់​ដឹង​ឱ្យ​ច្បាស់»

ពលរដ្ឋ​ម្នាក់​ទៀត​ លោក ប៉ី តិ ដែលអះអាងថាបាន​ប៉ះពាល់​ដី​៤​ហិកតា បានឱ្យដឹងថា ដីដែល​ប្រជាពលរដ្ឋកំពុងមានជម្លោះនោះជាប្រភេទ​ដីស្រែ និង​ដី​ចម្ការ ដែល​​ពលរដ្ឋធ្វើស្រែ ដាំដំឡូង​​មី ខ្នុរ ស្វាយ និងដំណាំហូបផ្លែផ្សេងៗទៀត។

ពលរដ្ឋរូបនេះបានឱ្យដឹងថា រូប​លោក និង​ពលរដ្ឋផ្សេងទៀតកំពុង​បារម្ភ​ពី​ការ​បាត់​បង់​ដីធ្លី ដោយ​គ្មានដី​​​​សម្រាប់​បង្ក​បង្កើនផល​ទៀត ប្រសិនបើអាជ្ញាធរមិនដោះស្រាយ និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋឱ្យបានឆាប់នោះទេ។ លោក​ថា ពលរដ្ឋ​តវ៉ានៅសាលាឃុំនេះ​ ដើម្បី​ទាម​ទារ​ឱ្យអាជ្ញាធរចុះវាស់វែង កាត់​ឆ្វៀល និងចេញបណ្ណកម្មសិទ្ធិជូនពលរដ្ឋតាមការសន្យា ខណៈដីរ​បស់ពួកគាត់មិនទាន់មានបណ្ណកម្មសិទ្ធិត្រឹមត្រូវ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋគាត់មានការព្រួយបារម្ភ ដោយសារបច្ចុប្បន្ននេះ ខាងបរិស្ថានបានកាត់ដី ៥០០ហិកតា ពីឧទ្យាន​ជាតិ​ភ្នំ​គូលែន ​ឱ្យទៅក្រុមហ៊ុន សុខគា ហ្គាដិន ឯ.ក ដោយបានធ្វើឱ្យប៉ះពាល់ដល់ដី​ប្រជាពលរដ្ឋ។ ដូច្នេះហើយប្រជាពលរដ្ឋមានការព្រួយបារម្ភពាក់ព័ន្ធ​បញ្ហាខ្លាច​ក្រុម​ហ៊ុន​ផ្សេងៗ​យកដីធ្លី​របស់​ពួក​គាត់។ អ៊ីចឹង​ពួក​យើង​មក​ថ្ងៃនេះ យើង​ចង់ឱ្យ​អាជ្ញាធរមូលដ្ឋាននៅទីនេះ ពាំនាំក្តីកង្វល់របស់ពួកយើងទៅប្រាប់រដ្ឋាភិបាលឱ្យកាត់ឆ្វៀលដី​ឧទ្យាន​ជាតិ​ ឱ្យពួកយើងបាន​អាស្រ័យដោយស្របច្បាប់»

កាលពី​ខែឧសភា ឆ្នាំ២០២១ អគ្គនាយកក្រុមហ៊ុន សុខគា ហ្គាដិន ឯ.ក លោក ឡាវ ណាំគាង បានដាក់សំណើ​ទៅ​ក្រសួងបរិស្ថាន​ ដើម្បីសុំកិច្ចសហការអចិន្ត្រៃយ៍ និងសុំទីតាំងដីទំហំ ៥០០ហិកតា ពី​បរិវេណ​មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេស​រកូល សុខ​អាន​ ភ្នំគូលែន នៃឧទ្យាជាតិព្រះជ័យវរ្ម័ន នរោត្តម ស្ថិតក្នុងខេត្តសៀមរាប ដើម្បីបង្កើតគម្រោង «កសិដ្ឋានសួគ៌ាមហេន្ទ្របព៌ត» នៅក្នុងមជ្ឈមណ្ឌលមួយនេះ។

ជាការឆ្លើយតប ក្រសួងបរិស្ថាន បានយល់ស្រប និងអនុញ្ញាត​តាមសំ​ណើ​​របស់​ក្រុម​ហ៊ុន​មួយ​នេះ កាល​ពី​ថ្ងៃទី​២​៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ ដោយ​ក្រសួង​បរិស្ថាន ឱ្យក្រុម​ហ៊ុន សុខ​គា ហ្គាដិន សហការជាមួយក្រសួង ដើម្បីរៀបចំអនុសារណៈ​នៃ​ការយោគ​យល់ ស្តីពីកិច្ចសហការនៃគម្រោងនេះ។

មេឃុំឃុនរាម លោក កាយ កុច ប្រាប់វីអូឌីថា មានពលរដ្ឋជាង៥០គ្រួសារប៉ុណ្ណោះដែលបានប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍នៅ​តំបន់​ឧទ្យានជាតិព្រះជ័យវរ្ម័ន នរោត្ដម (ភ្នំគូលែន) ខណៈលោកមិនចាំទំហំ​ដី​​ដែល​ពលរដ្ឋអាស្រ័យផលជាក់លាក់។

លោក​បន្តថា មុនបោះឆ្នោត​ក្រុម​ប្រឹក្សា​ឃុំសង្កាត់ អាជ្ញាធរនៅមូលដ្ឋានបានសន្យាដាក់សំណើទៅថ្នាក់លើ សុំកាត់ឆ្វៀលដីពីតំបន់​ឧទ្យានជាតិ ឱ្យពលរដ្ឋបានអាស្រ័យផល និងមានបណ្ណកម្មសិទ្ធិពិតមែន ហើយអាជ្ញាធរក៏បាន​ដាក់សំណើនេះទៅថ្នាក់លើរួចហើយ​ដែរ ប៉ុន្តែមិនទាន់មានការឆ្លើយយ៉ាងណានៅឡើយ។

ជុំវិញ​ករណីពលរដ្ឋប្រមូលផ្តុំនៅសាលាឃុំ នាព្រឹកមិញនេះ មេឃុំរូបនេះនៅ​មិនទាន់​អាច​ឆ្លើយ​ថា​យ៉ា​ង​ណានៅឡើ​យ ដោយ​លោក​​រង់ចាំថ្នាក់​លើ​សម្រេចសិន។ លោកថា ពលរដ្ឋបាននាំគ្នា​ត្រលប់ទៅផ្ទះវិញ ក្រោយលោកសន្យាផ្តល់ចម្លើយទៅពលរដ្ឋវិញ នៅ​ពេល​​ទទួលបានការឆ្លើយតប​ពី​ថ្នា​ក់​លើ។

លោកបន្ថែម​ថា៖ «តាមពិតយើងបានដាក់ស្នើទៅថ្នាក់លើអស់ហើយ ដើម្បីកាត់ឆ្វៀលដីពីឧទ្យានជាតិហ្នឹងជូនពលរដ្ឋអាស្រ័យ​ផល និង​មាន​បណ្ណសម្រាប់ប្រើប្រាស់ ហើយយើងបានជួបប្រជុំពិភាក្សាជាមួយក្រសួងបរិស្ថានជាច្រើនលើកច្រើនសាហើយដែរ ដើម្បីសរុបទិន្នន័យថាស្នើសុំប៉ុន្មាន! ត្រឹមណាដែលយើងអាចស្នើសុំបាន! ពួកខ្ញុំបានធ្វើអស់ហើយ ប៉ុន្តែរង់ចាំតែការសម្រេចពីថ្នាក់លើមកទេ»

វីអូឌី មិនអាចសុំការបញ្ជាក់ពីប្រធាន​មន្ទីរបរិស្ថានខេត្តសៀមរាប​ លោក ស៊ុន គង់ និងអភិបាលស្តីទីស្រុកបន្ទាយស្រី លោក ភាន់ សុខុម បានទេ នៅថ្ងៃពុធនេះ ដោយទូរសព្ទចូល គ្មានអ្នកទទួល។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត មានប្រសាសន៍ថា ប្រសិនបើអាជ្ញាធរបានសន្យាជួយដោះស្រាយដីធ្លីនោះជូនពលរដ្ឋពិតមែន ប៉ុន្តែមិនបានធ្វើតាមការសន្យានោះ គឺ​​បង្ហាញ​​​​ពីការមិនទទួលខុសត្រូវចំពោះ​ពលរដ្ឋដែលជា​ម្ចាស់​ឆ្នោត។

មន្ត្រីសិទ្ធិមនុស្សរូបនេះកត់សម្គាល់ឃើញថា មួយរយៈចុងក្រោយនេះ បញ្ហាវិវាទដីធ្លីហាក់ផ្ទុះឡើងវិញ ខណៈយន្តការដោះស្រាយដីធ្លីរបស់រដ្ឋាភិបាលមានភាព​អសកម្ម និងមិនដំណើរការ​ ដែលបញ្ហានេះបានធ្វើឱ្យពលរដ្ឋបន្តរងទុក្ខលំបាក និងមាន​ជីវភាព​ខ្វះខាត​ដោយសា​រ​ការ​បាត់​បង់​ដីធ្លី។

មួយទៀតនោះ លោកថា ករណីដែលរដ្ឋាភិបាលកាត់ដីតំបន់ការពារឱ្យក្រុមហ៊ុនឯកជន ប៉ុន្តែមិន​កាត់ឆ្វៀល​ជូន​ប្រជាពលរដ្ឋនោះ គឺបង្ហាញពីអសមត្ថ​ភាពនៃការបែងចែកដីធ្លីរវាងពលរដ្ឋក្រីក្រ និងអ្នកមានលុយមានអំណាច។

លោកបន្ថែមថា៖ «កន្លែងហ្នឹង រដ្ឋាភិបាល ក៏ដូចជាក្រសួងមានសមត្ថកិច្ច និងអ្នកគ្រប់គ្រងយន្តការដោះស្រាយដីធ្លី ពិចារណា​ឡើង​វិញ​ ក្នុង​ការ​ដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋ។ រហូតមកដល់បច្ចុប្បន្ននេះ យើងកត់សម្គាល់ឃើញថា យន្តការ​ដោះស្រាយ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលាការហ្នឹង​ ឃើញ​ថាអត់​ដំណើរការ​ទេ គឺនៅទ្រឹង! ហើយរឿងទំនាស់ដីធ្លីហ្នឹងនៅមានបន្តទៀត ហើយរឿងថ្មី វាចេះកើនឡើង ដែលវាផ្ទុយ​ពី​របាយ​ការណ៍របស់ក្រសួងពាក់ព័ន្ធមួយ​ចំនួនដែលថាទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋមានការថយចុះ»

កាលពីថ្ងៃទី៨ ខែកុម្ភៈ​​ សមាគមការពារសិទ្ធិមនុស្សអាដហុក បានចេញរបាយ​ការណ៍​មួយដោយរកឃើញ​ថា ​ក្នុងឆ្នាំ២០២១ ប្រជាពលរដ្ឋចំនួនជិត ២ម៉ឺនគ្រួសារ (១៧ ០៣៣គ្រួសារ​) បាន​រង​ផល​ប៉ះ​ពាល់ដោយ​សារ​វិវាទ​ដីធ្លី​ ដែល​​មាន​ទំហំជាង៥០ ០០០​ហិកតា (៥២ ៦០១,៨៧ហិកតា)។

អាដហុក​ ឱ្យដឹងទៀតថា មានពលរដ្ឋរងគ្រោះដីធ្លី ១៥៧​នាក់ កំពុងជាប់បណ្ដឹងអាជ្ញា និងដាក់ឱ្យស្ថិតក្រោម​ការត្រួត​ពិនិត្យ​ពីតុលាការ ខណៈជ​នរងគ្រោះ ១៧នាក់ទៀត​ កំពុងឃុំ​ខ្លួន​បណ្ដោះអាសន្នក្នុងពន្ធនាគារ ដោយសារការតវ៉ាទាម​ទារដីធ្លីរបស់ខ្លួន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ