ធនាគារ​ពិភពលោក​ផ្ដល់​ហិរញ្ញប្បទាន​ជាង​២៧០លាន​ដុល្លារ ជួយ​កម្ពុជា​ស្ដារ​សេដ្ឋកិច្ច​និង​ពង្រឹង​ភាពធន់

អាជីវករនិងអ្នកលក់ដូរចាប់ផ្ដើមដំណើរការលក់ដូរជូនអ្នកមកផ្សារឡើងវិញ នៅម្ដុំផ្សារទួលទំពូង ក្រោយពេលរដ្ឋាភិបាលបន្ធូរបន្ថយការបិទខ្ទប់តំបន់មួយចំនួននៅក្រុងភ្នំពេញ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)

ធនាគារពិភពលោក ផ្ដល់ហិរញ្ញប្បទាននូវទឹកប្រាក់ចំនួន២៧៤លានដុល្លារអាមេរិក សម្រាប់ជួយ​ដល់​កម្ពុជា​ក្នុងការ​​ស្ដារសេដ្ឋកិច្ចឱ្យ​ងើបឡើងវិញ និងពង្រឹងភាពធន់យូរអង្វែង ក្រោយ​កម្ពុជា​រង​ការប៉ះទង្គិចពីវិបត្តិកូវីដ-១៩។

សេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ បាន​ឱ្យ​ដឹងថា ហិរញ្ញប្បទាននូវ​ទឹក​ប្រាក់​ចំនួន២៧៤​លាន​​ដុល្លារ ដែល​ទើប​នឹង​ត្រូវ​បាន​ក្រុម​ប្រឹក្សា​​នាយក​ប្រតិបត្តិ​របស់​ធនាគារ​ពិភព​លោក​អនុម័តរួច​ នឹង​ជួយដល់កំណែទម្រង់​សម្រាប់​ជំរុញកំណើនសេដ្ឋកិច្ច និងពង្រឹងភាពធន់​របស់កម្ពុជា។

សេចក្តីប្រកាសព័ត៌មាន​ បន្ត​ទៀត​​ថា ការវិភាគទិន្នន័យ​បានបង្ហាញថា អត្រានៃភាពក្រីក្រ​បាន​កើនឡើង​ចំនួន ២,៨ភាគរយ ដោយ​រុញមនុស្ស​ប្រហែល ៤៦០ ០០០នាក់ ឱ្យ​ធ្លាក់ក្នុង​ភាព​ក្រី​ក្រ​វិញ។ បើទោះជាសេដ្ឋកិច្ច​បានងើបឡើងវិញនៅឆ្នាំ២០២១ និង២០២២ ប៉ុន្តែបរិយាកាសចុះខ្សោយ​​​នៅ​ខាង​ក្រៅ មានន័យថា លទ្ធភាពវិលទៅទទួលបានអត្រា​កំណើន​ដ៏រឹងមាំដែល​ធ្លាប់មាន​នៅ​មុន​ការផ្ទុះជំងឺ​រាតត្បាត​ ពិតជានឹងមិនងាយរកបានទេ។

ប្រភពដដែលបន្តទៀតថា​​ ​សង្គ្រាម​ដែលនៅបន្តមាននៅក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋ​កិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេស​ចិន ក៏​នឹង​​ជះឥទ្ធិ​ពល​មិនល្អ​ទៅ​លើ​ទស្សន​វិស័យ​ពាណិជ្ជកម្ម​របស់កម្ពុជា ខណៈ​ប្រទេស​​នេះក៏ងាយ​រងគ្រោះខ្លាំង​ពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ​ផង​ដែរ​ដោយ​សារ​ត្រូវ​ប្រឈម​នឹង​ទឹក​ជំនន់ និងគ្រោះរាំងស្ងួតញឹកញាប់។

ធនាគារពិភពលោក បានគូសបញ្ជាក់ថា៖ «ហិរញ្ញប្បទាន​នេះនឹងទ្រទ្រង់​ដល់កំណែទម្រង់​ដែលនឹងសម្រួលដំណើរការ​ចុះបញ្ជីអាជីវកម្ម លើកកម្ពស់​ការ​ប្រកួតប្រជែង និងពង្រីកលទ្ធភាព​ទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និង​ធម្យម។ កំណែទម្រង់ផ្សេងទៀតនឹង​បង្កើនភាពធន់នៃសារពើពន្ធ រួមទាំង​ការ​កែលម្អការគ្រប់គ្រងភាពជាដៃគូរវាង​​ផ្នែក​​សាធារណៈ និងឯកជន និងការ​សម្រួលដល់​ការ​លក់បណ្ណ​បំណុលរបស់រដ្ឋាភិបាល​ក្នុងទីផ្សារក្នុងស្រុក។ ប្រតិបត្តិការ​របស់​ហិរញ្ញប្បទាននេះ ក៏នឹង​ជួយសម្រួលដល់កា​រផ្តល់ជំនួយ​ទាន់ពេល​ដល់ក្រុមគ្រួសារ​ដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះ​មហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ចណា​មួយ​កើត​ឡើង​»។

ប្រធានគ្រប់គ្រង​ធនាគារ​ពិភពលោក​ប្រចាំកម្ពុជា លោកស្រី ម៉ារៀម សាលីម បានលើក​ឡើង​នៅក្នុងសេចក្តីប្រកាសព័ត៌មាន​នេះដែរថា បើទោះបីយុទ្ធសាស្ត្រ​ «រស់ជាមួយកូវីដ-១៩» បានជួយ​ស្តារ​សេដ្ឋកិច្ច​ឱ្យ​ងើប​ឡើងវិញក៏ពិតមែន ប៉ុន្តែកម្ពុជានៅតែងាយរងគ្រោះដោយសារ​​តែ​ចរន្ត​​ធ្លាក់​ចុះ​នូវ​តម្រូវ​ការ​​​ក្រៅ​ប្រទេស និង​ការ​​រអាក់​រអួល​​នានាក្នុង​ខ្សែចង្វាក់​ផ្គត់​ផ្គង់​សកល​នៅឡើយ។

លោក​ស្រីប​ន្ត​ថា៖ «ប្រតិបត្តិការរបស់ហិរញ្ញប្បទាន​នេះ នឹង​ជួយ​កម្ពុជា​ក្នុង​ការ​​ជំរុ​ញភា​ព​ប្រកួត​​ប្រជែង​របស់​ផ្នែក​ឯកជន ពង្រឹង​​ស្ថាន​ភាព​សារពើពន្ធរបស់កម្ពុជា និងផ្តល់​ជំនួយ​​ដល់​ប្រជាជន​ងាយរង​គ្រោះបំផុតរបស់ខ្លួន»។​

បើតាមសេចក្តីប្រកាសព័ត៌មានរបស់ធនាគា​រពិភពលោក​​ សេដ្ឋកិច្ចរបស់កម្ពុជាបានរង​ការ​ខូចខាត​​​​ធ្ងន់​ធ្ងរ​​ពីសំណាក់ជំងឺកូវីដ-១៩ ដោយ​ធ្វើឱ្យ​ផលិត​ផលក្នុងស្រុក​​សរុបបានធ្លាក់ចុះដក៣,១ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការ​ធ្លាក់ចុះដ៏ខ្លាំងលើកដំបូង​ក្នុងរយៈពេល៣០ឆ្នាំ​ចុងក្រោយនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ