ក្រុមប្រឹក្សា UN ទាមទារ​ឱ្យ​បញ្ចប់​អំពើហិង្សា​នៅ​មីយ៉ាន់ម៉ា​ក្នុង​សេចក្ដី​សម្រេច​លើកដំបូង​របស់​ខ្លួន

ពលករ​ចំណាកស្រុក​មីយ៉ាន់ម៉ា​កាន់​រូបភាព​លោកស្រី ​អ៊ុងសាន ស៊ូជី ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ាប្រចាំ​ទីក្រុង​បាងកក ដើម្បី​ប្រារព្ធ​ទិវា​ជន​ចំណាក​ស្រុក​អន្តរជាតិ (International Migrants Day) ​ថ្ងៃ​ទី១៩ ខែ​ធ្នូ ឆ្នាំ២០២២ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ។ (Vachira Vachira/NurPhoto – Reuters)

ក្រុម​​ប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ (UN) បាន​អនុម័ត​លើ​សេចក្ដីសម្រេច​លើក​ដំបូង​របស់​ខ្លួន ទាក់​ទង​នឹង​ប្រទេស​មីយ៉ាន់ម៉ា​ នៅថ្ងៃពុ​ធ​ម្សិល​មិញ​ ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​បញ្ចប់​អំពើ​ហិង្សា និងជំរុ​ញឱ្យរបបយោធាមួយនេះដោះលែងអ្នកទោសនយោបាយទាំងអស់ រួម​ទាំង​​​អតីត​មេដឹក​នាំមីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​ទម្លាក់​ពី​តំណែង​គឺ លោក​ស្រី អ៊ុងសាន ស៊ូជី ផងដែរ។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារ​សារ​ព័ត៌មាន Reuters នៅថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០២២។

ថ្លែង​បន្ទាប់​ពី​ការ​បោះ​ឆ្នោត​លើ​សេចក្តីព្រាងសេចក្តីសម្រេច ឯក​អគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អង្គការ​​សហ​ប្រជា​ជាតិ​ លោក​ស្រី Barbara Woodward បានឱ្យដឹងថា៖ «នៅក្នុងថ្ងៃនេះ យើងបានផ្ញើសារយ៉ាងច្បាស់​លាស់​មួយ​ទៅកាន់របបយោធាឱ្យពួកគេដឹងពីការសម្រេច [ក្នុងដំណោះស្រាយ] នេះ។ យើងរំពឹងថា សេចក្តីសម្រេចនេះនឹងត្រូវបានអនុវត្តយ៉ាងពេញលេញ»។

ជាមួយគ្នានេះ លោកស្រីបន្តថា៖ «យើង​ក៏​បាន​ផ្ញើសារយ៉ាងច្បាស់លាស់មួយទៅកាន់ប្រជាជនមីយ៉ាន់ម៉ាផងដែរ ដោយថា យើងស្វែងរកការរីកចម្រើនទៅមុខស្របតាមសិទ្ធិ សេចក្ដីប៉ងប្រាថ្នា និងផលប្រយោជន៍របស់ពួកគេ»។

គួរបញ្ជាក់ថា ក្នុងចំណោមក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិកចំនួន​១៥ ក្នុងនោះមានសមាជិកចំនួន​១២ ​បាន​បោះឆ្នោត​គាំទ្រលើ​សេចក្តីសម្រេច​វិបត្តិ​នៅ​មីយ៉ាន់ម៉ា ខណៈសមាជិក​៣​ផ្សេង​ទៀត​ដែល​រួម​មាន​ ​ចិន​ ​រុស្ស៊ី និងឥណ្ឌា បាន​បោះឆ្នោត​អនុប្បវាទ។

ទាក់ទិននឹងករណីនេះ អគ្គរដ្ឋទូត​រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បានលើក​ឡើង​ថា៖ «រុស្ស៊ីមិនបានចាត់ទុកស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ថាជាការគំរាមកំហែងដល់សន្តិភាពនិងសន្តិសុខអន្តរជាតិទេ ខណៈខ្លួនជឿជាក់ថា បញ្ហា [នៅមីយ៉ាន់ម៉ា] មិនអាចដោះស្រាយបានដោយក្រុម​ប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតែមួយនោះទេ»។

ប្រទេសមីយ៉ាន់ម៉ា បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូក​ច្របល់ ​គិត​ចាប់​តាំង​ពី​ក្រុម​យោធា​បាន​​ដណ្តើម​​យកអំណាច​​មក​គ្រប់​គ្រង​កាល​ពី​ខែ​កុម្ភៈ ឆ្នាំមុន និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង​សាន ស៊ូជី ដែល​​បង្កឱ្យមានជាបាតុកម្មកើតឡើងជាញឹកញាប់នៅក្នុងប្រទេស។

យោងតាមសមាគមជំនួយអ្នកទោសនយោបាយ (AAPP) ជនស៊ីវិលរាប់ពាន់នាក់ក៏​ត្រូវ​បាន​សម្លាប់ដោយ​កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា ហើយមនុស្សរាប់ម៉ឺននាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនផងដែរ គិតចាប់តាំងពីរដ្ឋប្រហារថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំមុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ