បេក្ខជនប្រឡងធ្លាក់បាក់ឌុបប្រមាណ៥០នាក់ស្នើក្រសួងពិនិត្យសំណៅកែឡើងវិញ ក្រោយមិនអស់ចិត្តនឹងលទ្ធផលប្រឡង

សិស្សានុសិស្សទៅមើលលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅវិទ្យាល័យស៊ីសុវត្ថិ រាជធានីភ្នំពេញ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។ (ហ៊ាន រង្សី)

អាណាព្យាបាល និងបេក្ខជន​​ដែលប្រឡង​ធ្លាក់​​សញ្ញា​​បត្រ​មធ្យម​សិក្សាទុ​តិយ​ភូមិ ​ប្រមាណ​​៥០នាក់ នៅ​ថ្ងៃ​សុក្រ​នេះ បានប្រមូលផ្ដុំនៅមុខក្រសួងអប់រំ យុវជន និងកីឡា ដោយ​ស្នើសុំ​ពិនិត្យ​​​​​សំណៅកែលើវិញ្ញាសារប្រឡង​​របស់ពួកគេ​ឡើង​វិញ​​ ក្រោយ​​ពួកគេ​​​មិន​អស់ចិត្ត​នឹងលទ្ធផល​ប្រឡង​។

ការស្នើ​នេះ​បាន​​ធ្វើឡើងក្រោយ​ពី​ក្រសួង​អប់រំ យុវ​ជន និង​​កីឡា បានប្រកាសលទ្ធផលប្រឡង​សញ្ញាបត្រ​​​មធ្យម​សិក្សាទុ​តិយ​ភូមិ ឬបាក់ឌុប នៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត នៅថ្ងៃទី​២២ និង​ទី​២៣ ខែ​​​ធ្នូ ឆ្នាំ​២០២២។ បើតាម​​​សេចក្តីប្រកាសព័ត៌មានរបស់ក្រសួង លទ្ធផល​នៃ​ការប្រឡងសញ្ញា​បត្រមធ្យម​​សិក្សាទុ​តិយ​ភូមិ មានសិស្សប្រឡងជាប់ចំនួន៩០ ៩៥០នាក់ ស្មើនឹង ៧២,៣៣% នៃ​ចំនួន​បេក្ខជន​មក​​ប្រឡង។

បេក្ខជន​មក​​ពី​សាលា​ប៊ែលធី​អន្តរជាតិ នៅរាជធានីភ្នំពេញ​​ កញ្ញា​ ហ៊ីង បាន​ម៉ាលីយ៉ា​ បាន​ឱ្យដឹង​ថា ​​តាមការ​ប្រកាសលទ្ធផលប្រឡងកាលពីថ្ងៃម្សិលមិញ កញ្ញាបានធ្លាក់មុខវិជ្ជាភាសាខ្មែរ។ ករណីនេះ កញ្ញាបង្ហាញពីការមិនអស់ចិត្ត និងបានស្នើដល់ក្រសួងអប់រំ ដើម្បីពិនិត្យសំណៅកែលើវិញ្ញាសារប្រឡង​លើ​មុខវិជ្ជាភាសាខ្មែររបស់កញ្ញា​ឡើង​វិញ​ ថាតើពិតជាធ្លាក់មែនឬយ៉ាងណា ខណៈកញ្ញាអះអាងថាបានធ្វើមុខវិជ្ជានេះបាន​​ច្រើនដែរ​។

កញ្ញាថា​៖ «ពិនិត្យ​លើ​លទ្ធផល​ពិន្ទុ​ខ្មែរ​ ដោយសារតែខ្ញុំធ្វើបានច្រើនដែរ​ តែចេញមកធ្លាក់ វាអត់ដូចអ្វីដែល​ខ្ញុំធ្វើអ៊ីចឹង។ យើង​រៀន​បាន​ច្រើន​ហើយ​ យើងព្យាយាម​អស់​​ពី​លទ្ធភាពយើងហើយ​ តែចេញមក គឺធ្លាក់​»។​​​

កញ្ញាបន្ថែមថា​៖ ​«ខ្ញុំគិតថា ​ពេលខ្លះ​យើងគួរតែពិនិត្យ​មើល​ពិន្ទុ ព្រោះអី​យើងម្នាក់ៗគឺចង់ជាប់ទាំងអស់គ្នា ​ប្រឹងទាំងអស់គ្នាហើយ​។ អ៊ីចឹងទៅ ​គាត់គួរតែជួយសើរើ​ ជួយពិនិត្យវិញដែរ។​ គ្មាននរណាចង់ធ្លាក់ទេ​ គឺ​ប្រឹងទាំងអស់គ្នា។​ ហើយមកកន្លែងហ្នឹង​ ដឹងថាខ្លួនឯង​ធ្វើបានហើយ បានមកកន្លែងហ្នឹង​»។​

បេក្ខជន​មកពី​​វិទ្យាល័យ​ ជា ស៊ីម ជ្រោយ​ចង្វារ​ រាជធានីភ្នំពេញ កញ្ញា​​ សំអាត លក្ខ​ឆាឡាម បាន​លើកឡើងដែរថា នៅពេលកំពុងសិក្សា​ ​កញ្ញា​​ជា​សិស្សពូកែខាង​មុ​ខវិជ្ជា​ភាសាខ្មែរ​ ប៉ុន្តែ​លទ្ធផលប្រឡងចេញមកបែរជាកញ្ញាធ្លាក់មុខវិជ្ជា​នេះទៅវិញ​ ដែលធ្វើឱ្យ​​ទាញ​លទ្ធ​ផលប្រឡង​​ទាំង​មូលទៅជាប្រឡង​ធ្លាក់។ ករណីនេះ កញ្ញាក៏បាន​បង្ហាញការមិនអស់ចិត្ត និង​ស្នើដល់ក្រសួង​ពិនិត្យ​សំណៅកែ​លើវិញ្ញាសាររបស់កញ្ញា​​ឡើងវិញ។

កញ្ញានិយាយ​ថា​៖ ​«ដោយសារខ្ញុំអត់អស់​ចិត្ត​ ដោយសារ​[មុខវិជ្ជាភាសា​]ខ្មែរ​ ព្រោះអីខ្ញុំអត់ដែលប្រឡងធ្លាក់ខ្មែរ​ ឃើញ​លទ្ធផលខ្មែរធ្លាក់ ​ខ្ញុំ​អត់អស់ចិត្ត ​[…] អាចនឹង[មកពី​]ប្រព័ន្ធកុំព្យូទ័រ មិនអ៊ីចឹងទេអ្នកគ្រូ វា[អាចមកពីមូលហេតុ]ទាំងពីរហ្នឹង»។​​

វីអូឌី មិនអាចសុំការឆ្លើយតប​ពី​អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា លោក រស់ សុវាចា​ បានទេ នៅ​ថ្ងៃ​សុក្រនេះ​​​។

​បើតាមក្រុម​​បេក្ខជន​ដែលប្រឡងធ្លាក់ទាំងនោះ នៅអំឡុងពេលប្រមូលផ្ដុំនៅមុខក្រសួងអប់រំ គឺខាង​មន្ត្រីក្រសួងបានចេញទៅជួបពួកគាត់ និង​បានឱ្យពួកគាត់ដាក់សំណើជាលាយលក្ខណ៍អក្សរ ដើម្បីឱ្យ​ក្រសួង​ពិនិត្យនិងរកដំណោះស្រាយ។

ប្រធាន​​​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក​​ស្រី អ៊ុក ឆា​យ៉ាវី​ សង្កេត​ឃើញ​ថា ​កា​រ​តវ៉ារបស់​​មាតា​បិតា និង​សិស្សានុសិស្ស​​ លើ​​លទ្ធផល​​​នៃ​ការ​ប្រឡង តែងតែកើតមានស្ទើរ​ជារៀងរាល់​ឆ្នាំ ដែលអាច​​បណ្តាល​មក​ពី​​ខុសបច្ចេកទេស​តាម​រយៈ​កុំព្យូ​​ទ័រ​ និងខ្លះទៀតតាមរយៈ​អនុរក្ស​​​ផ្ទៀងផ្ទាត់មិនបានត្រឹមត្រូវ ​​ជាដើម​។

លោក​ស្រីបន្ថែមថា ​តាមរយៈកំហុស​ដែលក្រសួងធ្លាប់មាន​​កន្លងមក​ ​ក្រសួង​គួរ​តែ​បន្ថែមការយក​ចិត្ត​ទុក​ដាក់​ និងធានា​រាល់ការ​ដំណើរការនៃ​ការកែ​វិញ្ញាសារ ត្រូវតែជាក់ច្បាស់​។

លោកស្រីថា​៖ ​«​ប៉ុន្តែខ្ញុំមិនយល់ថា ​​ហេតុអ្វីបានត្រួតពិនិត្យ​កន្លែងហើយ​នៅតែមានបញ្ហាកើតឡើង? ​ធ្វើឱ្យ[មានការ]មិនទុកចិត្ត​របស់​ពលរដ្ឋ​បែបនេះ។​ អ៊ីចឹងក្រសួងអប់រំ គួរតែ​ពិចារណាម្ដងទៀត​ មុននឹងធ្វើអ្វី មិន​​​​​​​​​​ឱ្យមានអ្នកតវ៉ា​»។

កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ ក៏​មាន​បេក្ខជន​ប្រឡងធ្លាក់បាក់ឌុបប្រមាណជិត ២០០ នាក់ បានប្រមូលផ្តុំគ្នាមុខក្រសួង​អប់រំ ទាម​ទារ​សុំឱ្យ​ក្រសួងធ្វើកំណែវិញ្ញាសារប្រឡង​ឡើងវិញផង​ដែរ ​ដោយសារ​ពួក​គាត់​មិន​អស់​ចិត្ត​នឹង​លទ្ធផលប្រឡងដូចគ្នានេះដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ