អ្នកភូមិស្នាសង្គ្រាម​ជាង​៧០គ្រួសារ​បោះតង់​ស្នាក់នៅ​លើ​ដីជម្លោះ​ជាថ្មីទៀត ក្រោយ​គ្មាន​ដំណោះស្រាយ​ពី​អាជ្ញាធរ

ប្រជាពលរដ្ឋជិត២០០នាក់ តំណាង​ឱ្យ​ពលរដ្ឋ​២១០​គ្រួសារ ​នៅ​ស្រុក​ប្រាសាទ​បាគង ខេត្ត​​សៀម​​រាប បាន​ប្រមូលផ្តុំតវ៉ានៅមុខអាជ្ញាធរជាតិអប្សរា ដោយចោទ​អាជ្ញាធរជាតិអប្សរាថាបាន​យក​ដី​ស្រែរបស់​ពួកគេ​ទៅ​បែងចែកឱ្យពលរដ្ឋផ្សេងទៀត​​ ដោយ​មិន​បាន​ដោះស្រាយ​សំណង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។ (ផ្ដល់ឱ្យ)

ពលរដ្ឋ ៧៣គ្រួសារ នៅ​ភូមិ​ស្នាសង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានទៅប្រមូលផ្តុំ និងបោះតង់ស្នាក់នៅលើដី​ជម្លោះជា​ថ្មី​ទៀត នៅ​ថ្ងៃសុក្រ​នេះ ក្រោយ​គ្មាន​ដំណោះស្រា​យ​ពី​អាជ្ញាធរ។

ក្នុង​ឆ្នាំ​២០២២​នេះ ប្រជាពលរដ្ឋ​ ​២១០គ្រួសារ ​រស់​​នៅ​ភូមិ​ស្នា​​សង្គ្រាម ឃុំ​​បល្ល័ង្ក ស្រុក​ប្រាសាទ​បាគង ដែលអះអាងថាមានដីអាស្រ័យផល​​​​​នៅ​ភូមិ​​ធម្មជាតិ​​រុន​តា​ឯក ឃុំ​រុន​តាឯក ស្រុក​បន្ទាយ​ស្រី បាននាំគ្នាតវ៉ាជាបន្តបន្ទាប់ ដោយទាមទារឱ្យអាជ្ញាធរ​ជាតិ​​អប្សរាដោះស្រាយ​សំណង​ជូន​ពួកគាត់ ដោយ​ពលរដ្ឋ​ចោទ​ថា ស្ថាប័ន​មួយ​​នេះ​បាន​ហ៊ុមព័ទ្ធ​យកដី​​ស្រែ​របស់ពួកគាត់អស់តាំង​ពី​ឆ្នាំ​២០០៥ និងសន្យាផ្តល់សំណង​ពី​ ៥០០​ដុល្លារ ទៅ ៧០០​ដុល្លារ​​ ក្នុង​១ហិកតា ប៉ុន្តែរហូតមកដល់ឆ្នាំ២០២២ ស្ថាប័ន​មួយ​នេះពុំបានផ្តល់សំណងជូនពលរដ្ឋឡើយ។

លោក សំ មុំ ជា​​​​ពលរដ្ឋ​​​រស់នៅភូមិស្នាសង្គ្រាម ប្រាប់វីអូឌីនៅថ្ងៃសុក្រនេះ​ថា ការតវ៉ារយៈពេលកន្លងមកនេះ គឺអាជ្ញាធរសន្យាដោះស្រាយ​ឱ្យពលរដ្ឋតែ ៤៣គ្រួសារ ប៉ុណ្ណោះ ខណៈពលរដ្ឋផ្សេងទៀត​ត្រូវ​បាន​អាជ្ញាធរ​បដិសេធដោះស្រាយ​ ក្រោម​ហេតុផល​ថា ពលរដ្ឋ​ទាំង​នោះ​ពុំ​បាន​តវ៉ា​តាំង​ពី​ដំបូង​នៅ​ឆ្នាំ​២០០៥។

ពលរដ្ឋរូបនេះបញ្ជាក់​ថា បច្ចុប្បន្ននេះ មាន​ពលរដ្ឋ ៧៣​គ្រួសារ​ បន្ត​តវ៉ា​ទៀត ខណៈពលរដ្ឋខ្លះទៀត​ឈប់​តវ៉ា​ដោយ​សារបារម្ភ​ពី​សុវត្ថិ​ភាព និង​ពលរដ្ឋខ្លះទៀតឈប់តវ៉ាដោយសារឪពុក​ម្តាយ​របស់​ពួកគេ​ទទួល​​បាន​ការដោះស្រាយពីអាជ្ញាធរ។

លោក សំ មុំ បន្តថា ក្រោយ​ការដោះស្រាយពីអាជ្ញាធរ ពោលគឺ​កាល​ពី​ថ្ងៃ​ទី២២​ ខែធ្នូនេះ អ្នកភូមិ ៧៣គ្រួសារ ដែល​នៅ​បន្តតវ៉ា ​បាន​នាំគ្នា​ទៅ​បោះ​តង់​ស្នាក់​នៅ​លើ​ដី​កំពុង​មាន​ជម្លោះ​ ស្ថិត​នៅ​ភូមិ​ធម្មជាតិ​រុន​តាឯក​ ឃុំរុន​តាឯក ជាថ្មីទៀត ប៉ុន្តែ​ត្រូវបាន​អាជ្ញាធរ​នៅ​ស្រុក​ប្រាសាទ​បាគង និង​ស្រុក​បន្ទាយ​ស្រី ​បាន​ចុះទៅសម្របសម្រួលឱ្យពលរដ្ឋចេញពីដីជម្លោះនោះ ដោយសន្យាជួបជាមួយពលរដ្ឋនៅឃុំរុនតាឯក នៅព្រឹកថ្ងៃសុក្រ​នេះ ដើម្បីជួយធ្វើឯកសារដាក់ទៅថ្នាក់លើ​ពិចារណាដោះស្រាយ។

ពលរដ្ឋនៅភូមិ​​ស្នាសង្គ្រាមរូបនេះ បន្តទៀត​ថា ពលរដ្ឋ​មក​ជួប​ជុំ​គ្នា​នៅ​សាលា​ឃុំ​រុនតាឯក តាម​ការ​សន្យា បែរ​ជា​អាជ្ញាធរ​ឃុំរុញ​ដាក់​គ្នា​ទៅ​វិញ ដោយ​អាជ្ញាធរឃុំរុនតាឯក រុញឱ្យទៅដោះស្រាយ​នៅ​ឃុំ​បល្ល័ង្ក ហើយ​អាជ្ញាធរនៅឃុំបាល្ល័ង្ក រុញឱ្យមកដោះស្រាយនៅឃុំរុនតាឯកវិញ។ លោកថា ក្រោយពីអាជ្ញាធរមិនគោរពតាមសន្យា និង​គ្មានការដោះស្រាយ អ្នកភូមិបាននាំគ្នាទៅបោះតង់ស្នាក់នៅលើដីជម្លោះ ស្ថិត​នៅភូមិធម្មជាតិរុនតាឯក​ ជាថ្មី​ទៀត​ នៅ​ថ្ងៃនេះ។

លោកបន្ថែមថា៖ «ប្រជាពលរដ្ឋយើងមកបោះតង់នៅលើដី នៅភូមិធម្មជាតិរុនតាឯក កាល​ពីថ្ងៃ​ម្សិល​មិញ ហើយ​នៅ​ថ្ងៃ​នេះបាន​មក​បោះ​ទៀត ដោយ​សារ​គ្មានដំណោះស្រាយពីអាជ្ញាធរ ព្រោះកាលពីម្សិលមិញ ​​ទាំងអាជ្ញាធរស្រុកប្រាសាទបាគង និងអាជ្ញាធរស្រុកបន្ទាយស្រី គាត់​បាន​សន្យា​ថានឹង​ធ្វើ​ឯកសារ​ឱ្យប្រជាពលរដ្ឋបញ្ជូនទៅថ្នាក់លើ​ឱ្យជួយដោះស្រាយនៅថ្ងៃទី២៣ ខែធ្នូនេះ ប៉ុន្តែ​មិន​បាន​ធ្វើ​តាម​ការ​សន្យា​ទេ ទើប​ប្រជាពលរដ្ឋ​យើង​នាំ​គ្នា​មក​បោះតង់​នៅ​លើ​ដី​នៅ​ភូមិធម្មជាតិ​រុន​តាឯកនេះ​ជាថ្មី»។

ពលរ​ដ្ឋ​នៅភូមិ​ស្នាសង្គ្រាមម្នាក់ទៀត អ្នកស្រី ហ៊ន់ វុន អះអាងថា អ្នកភូមិបានបាត់បង់ដីស្រែ ដោយសារអាជ្ញាធរជាតិអប្សរាហ៊ុមព័ទ្ធយកពិតប្រាកដមែន។ អ្នកស្រីថា​ គ្រួសារ​របស់គាត់​បានបាត់បង់អស់ដី​៥ហិកតា ដោយ​បច្ចុប្បន្ន​គ្មា​ន​ដី​សម្រាប់អាស្រ័យ​ផលទៀតឡើយ។

ពលរដ្ឋរូបនេះ​ឱ្យ​ដឹង​ថា តាម​ពិត ​អ្នកភូមិបានតវ៉ាតាំងពីដំបូង​ នៅឆ្នាំ២០០៥ ជាមួយពលរដ្ឋផ្សេង​ទៀតដែរ ប៉ុន្តែតំណាង​ពួកគាត់​បាន​ក្បត់​ ដោយ​មិន​បាន​ដាក់​ឈ្មោះរ​បស់​ពួក​គាត់​ក្នុងការតវ៉ាទាមទារដីធ្លីនោះ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំសូមសំណូម​ពរ​ដល់​សម្តេច ហ៊ុន សែន ជួយ​ដោះស្រាយ​ឱ្យ​កូន​ចៅផ​ង កូន​ចៅ​វេទនាណាស់។ វេទនាដោយ​សារ​បាត់​បង់​ដីធ្លី។ អ្នក​ធ្វើការ​ងារ​ថ្នាក់​ក្រោម​នេះ​ គាត់អត់ដោះស្រាយឱ្យពួកខ្ញុំទេ។ ពួកគាត់​កុហក​ពួក​ខ្ញុំ​រហូត។អភិបាល​ស្រុក​ទាំង​សងខាង ទាំង​អភិបាល​ស្រុក​បន្ទាយ​ស្រី និង​អភិបា​ល​ស្រុក​ប្រាសាទ​បាគង មេភូមិថ្មី​ស្នាសង្គ្រាម​ផង។ ពួក​គាត់​កុហក​ខ្ញុំ​ថា ដោះស្រាយឱ្យពួកខ្ញុំព្រឹកមិញនេះ ឱ្យពួកខ្ញុំ​ទៅ​ជួបនៅ​កន្លែងឃុំ ដល់ពេលពួកខ្ញុំទៅដល់កន្លែងឃុំ អត់មាន​អ្នក​ចេញ​មក​ដោះស្រាយ​ឱ្យពួកខ្ញុំទេ។ អ៊ីចឹង​សូម​សម្តេចជួយដោះស្រាយដីនេះ​ឱ្យកូនចៅឱ្យ​បាន​ឆាប់ ដី​កូន​ចៅ​ប៉ុនណាកាត់​ឆ្វៀល​ឱ្យ​កូន​ប៉ុណ្ណោះវិញ​មក។ តិច​ពេក​ពួក ខ្ញុំ​មិន​យក​ទេ​ ព្រោះពួកខ្ញុំ​កូន​ច្រើន​ណាស់»

មន្ត្រីសម្រប​សម្រួល​​គម្រោង​ធុរកិច្ច​ និងសិទ្ធិមនុស្ស នៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា ករណី​​អាជ្ញាធរ​​មិ​ន​ទទួលសំណើរបស់ប្រជាពលរដ្ឋ ហើយ​​រុញដាក់​គ្នា​ក្នុងការដោះស្រាយនោះ បាន​បង្ហាញ​ពី​កម្សោយ និង​កា​រ​​​មិន​​ទទួលខុស​ត្រូវ​​របស់​អាជ្ញាធរ​ ​ចំពោះប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត។ លោក​បន្តថា ទង្វើនេះ គឺផ្ទុយ​ពី​រដ្ឋ​ធម្មនុញ្ញ​របស់​​កម្ពុជា ដែល​ចែង​ថា អាជ្ញាធររដ្ឋ​​ត្រូវ​ទទួល​​យក​សំណើរបស់​​ប្រជាពលរដ្ឋទៅពិនិត្យ និងដោះស្រាយយ៉ាង​ហ្មត់​ចត់​ជូនពលរដ្ឋ។

លោក វណ្ណ សុផាត បានទទូច​ដល់​អាជ្ញាធរ​ពាក់​ព័ន្ធ​ពិចារណា​ដោះស្រាយ​ជូន​ពលរដ្ឋ ដោយ​ចៀស​​វាង​​ការ​​គំរាម​​កំហែង កា​រ​ប្រើ​ហិង្សា ការ​ចោទ​ប្រកាន់ និងការចាប់ខ្លួន ជាដើម ដែលធ្វើឱ្យប្រជាពលរដ្ឋកាន់តែជួបទុក្ខលំបាកបន្ថែមទៀត។

លោកបន្ថែមថា៖ «អាជ្ញាធរ​គួរ​តែ​មាន​ដំណោះស្រាយ​សមរម្យ​ជូន​ពលរដ្ឋ ដើម្បី​​ចៀស​​វាង​​ការ​​ប៉ះ​​ទង្គិច​គ្នាណាមួ​​យរវាងពលរដ្ឋ​និង​អាជ្ញាធរ។ ជាពិសេស​ អាជ្ញាធរស្រុក​-ខេត្ត​ត្រូវ​ចរចារក​ដំណោះស្រាយ​ដោយ​សន្តិវិធី​​ជាមួយ​​ប្រជា​​ពលរដ្ឋ។ ហើយ​បើសិន​​​​នៅ​​អត់​មាន​ឆ្លើយ អាង​​​តែ​​ប្រើក​ម្លាំងដើម្បីបង្ក្រាបពលរដ្ឋអ៊ីចឹង អាហ្នឹង​វាបង្ក​ជាបញ្ហាមួយកាន់តែធ្ងន់ធ្ងរទៀត ពីបញ្ហា​រំលោភ​សិទ្ធិ​នៅស្រុក​យើង ជាពិសេសការរំលោភលើសិទ្ធិដីធ្លី និងលំនៅឋានរបស់ប្រជាពលរដ្ឋ»

អភិបាលរងស្រុកប្រាសាទបាគង លោក និម សុវ៉ាន ប្រាប់វីអូឌីកាល​ពីថ្ងៃទី២០ ​ខែធ្នូនេះ​ថា ករណីវិវាទដីធ្លីនេះហួស​ពីដែនសមត្ថ​កិច្ចរបស់​អាជ្ញាធរ​ស្រុក ដោយ​លោកថា ករណីនេះជា​សមត្ថកិច្ច​ដោះស្រាយ​របស់​​រ​ដ្ឋបា​ល​ខេត្ត និង​អាជ្ញាធរ​ជាតិ​​អប្សរា។

ប៉ុន្តែអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា លោក ឡុង កុសល ធ្លាប់​ប្រាប់វីអូឌីថា រឿង​រ៉ាវ​​ជម្លោះដី​ធ្លី​នេះ អាជ្ញាធរជាតិអប្សរាមិនអាចដោះស្រាយឱ្យបានឡើយ ដោយ​សារ​អាជ្ញាធរបាន​ដោះស្រាយ​ចប់​ជាច្រើនឆ្នាំ​​មក​ហើយ។ លោកថា ការ​តវ៉ា​នេះជា​ការបង្កើត​ឡើងថ្មីដើម្បីទាមទារសំណងបន្ថែមប៉ុណ្ណោះ។

មន្ត្រីឃ្លាំមើលការ​រំលោភ​សិទ្ធិមនុស្សអាដហុកប្រចាំខេត្តសៀមរាប លោក សួស ណារិន មាន​ប្រសាសន៍​ថា ប្រសិន​បើ​អាជ្ញាធរពា​ក់ព័ន្ធ​នៅ​ថ្នាក់ស្រុក និង​ខេត្ត​ មិន​ដោះស្រាយ​ឱ្យពលរដ្ឋ​ ហើយ​ពលរដ្ឋយល់​ថាមានភាព​​អយុត្តិធម៌​នោះ គឺ​ពលរដ្ឋទាំងនោះ​​អាច​​ដាក់​​បណ្ដឹង​​ទៅ​​អាជ្ញាធរ​ថ្នាក់​​ជាតិ​​​ ឱ្យ​ជួយ​ដោះស្រា​យ​បន្ត​ទៀត​បាន។

ជុំវិញបញ្ហាដីធ្លីនេះដែរ កាលពីថ្ងៃទី១៦ ខែ​វិច្ឆិកា ឆ្នាំ​២០២២ មេភូមិ​​​​ស្នា​​​​សង្គ្រាម លោក ពេញ ព្រូន ត្រូវបាន​ថ្នាក់​លើ​​ដ​ក​​ចេញ​ពី​តំណែង ក្រោយ​ចេញ​​មុខ​​តវ៉ា​ទាម​​ទារ​​រកដំណោះស្រាយដីធ្លី​ជាមួយ​ប្រជា​ពលរដ្ឋ​ជាង​២១០​គ្រួសារ​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ