កូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់ បានបន្តប្រមូលផ្ដុំគ្នាតវ៉ានៅមុខក្រុមហ៊ុនជាថ្មីទៀត នៅថ្ងៃសុក្រនេះ ទាមទារឱ្យមានដំណោះស្រាយវិវាទការងារដែលអូសបន្លាយជាង១ឆ្នាំ ខណៈការចរចាជាមួយតំណាងក្រុមហ៊ុន ក្រោមការសម្របសម្រួលរបស់ក្រសួងការងារ មិនទទួលបានលទ្ធផល។
ជាការកត់សម្គាល់ ក្នុងការប្រមូលផ្តុំតវ៉ានៅថ្ងៃនេះ ក្រុមកូដករបានផ្លុំប៉ី វាយស្គរ កាន់បដាក្រណាត់ពណ៌ក្រហមនិងខ្មៅ ជាដើម ដោយមានសរសេរប្រយោគទាមទារដំណោះស្រាយការងារនៅលើនោះ។
កូដករ និងជាសមាជិកសហជីពបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា យឿន ផល្លី បានលើកឡើងថា ការដែលពួកគាត់បន្តការតវ៉ានេះ ដោយសារតែការចរចាមិនមានលទ្ធផល ខណៈថៅកែណាហ្គាអាងអំណាចទឹកលុយ បានរំលោភលើច្បាប់ការងារកម្ពុជា ដោយបញ្ឈប់បុគ្គលិក-កម្មករខ្មែររាប់រយនាក់តាមតែអំពើចិត្ត ហើយគ្រាន់តែហៅពួកគេឱ្យទៅទទួលសំណងតិចតួចដើម្បីបញ្ចប់រឿង។
តែយ៉ាងណា កញ្ញាថា ក្រុមកូដករមិនមានការគុំកួនលើថៅកែឬអាជ្ញាធរឡើយ ពោលគឺពួកគេចេញតវ៉ាដើម្បីទាមទារនូវដំណោះស្រាយដែលអាចទទួលយកបាន និងឱ្យមានការដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ។

កញ្ញា យឿន ផល្លី ថា៖ «និយាយទៅ ខ្ញុំពិតជាចង់ឃើញក្រសួងពាក់ព័ន្ធ របៀបថាដោះស្រាយឱ្យកម្មករមក។ យើងយកតែច្បាប់ការងារដែលបានចែងហ្នឹងដាក់លើតុនិយាយមក គឺកុំនិយាយតែរឿងលុយ។ ហើយយើងត្រូវវែកញែកយកច្បាប់ការងារដែលបានចែងហ្នឹង មកវែកញែកជាមួយកម្មករ។ កុំនៅតែកណ្ដាល ហើយអត់ធ្វើអីសោះ។ អ៊ីចឹងចង់ឱ្យគាត់នៅកណ្ដាល ហើយឱ្យគាត់ធ្វើទៅតាមច្បាប់មក»។
កញ្ញាបន្តថា៖ «ប៉ុន្មានចំណុចដែលពួកខ្ញុំទាមទារឱ្យបានប៉ុនណា ឬក៏មិនឱ្យប៉ុនណា? កុំនិយាយតែពីរឿងលុយ កុំនិយាយតែពីកញ្ចប់លុយតែប៉ុណ្ណឹង។ អ៊ីចឹងខ្ញុំសុំឱ្យក្រសួងពាក់ព័ន្ធ ល្មមមើលឃើញទឹកភ្នែកពួកខ្ញុំផង ពួកខ្ញុំអត់មានលម្អៀងទៅខាងណាខាងណីទេ។ ខ្ញុំស្រឡាញ់ប្រទេសកម្ពុជា ស្រឡាញ់រាជរដ្ឋាភិបាលដូចគ្នា។ អ៊ីចឹងសូមឱ្យរាជរដ្ឋាភិបាលស្រឡាញ់ពួកខ្ញុំវិញផង»។
កូដករណាហ្គារូបនេះទទូចឱ្យរដ្ឋាភិបាលបំពេញតួនាទីជាអ្នកបម្រើរាស្ត្រ ដោះស្រាយវិវាទការងារតាមច្បាប់ដោយយុត្តិធម៌ ដោយថា ការព្រងើយកន្តើយរបស់អាជ្ញាធររដ្ឋ ជាការមើលរំលងនូវទុក្ខលំបាករបស់កូដករ។
ក្នុងពេលប្រមូលផ្តុំតវ៉ានេះដែរ កូដករណាហ្គាមួយរូបទៀត លោក កៅ ដែន អះអាងថា ការដែលលោកបន្តចេញតវ៉ានេះ គឺក្រោមហេតុផលទាមទារការគោរពសិទ្ធិសហជីពនៅកន្លែងការងារ និងជំរុញឱ្យមានដំណោះស្រាយបញ្ចប់វិវាទឱ្យបានឆាប់។
លោកបញ្ជាក់ថា ពួកគាត់នឹងមិនឈប់ធ្វើកូដកម្មទេ បើគ្មានដំណោះស្រាយតាមច្បាប់ការងារនោះ បើទោះលោកអះអាងថារងនូវការគំរាមកំហែងបំភិតបំភ័យក៏ដោយ។
បើតាមក្រុមកូដករ បច្ចុប្បន្ននៅសល់បុគ្គលិកជាង១០០នាក់ប៉ុណ្ណោះ ដែលទាមទារចូលធ្វើការវិញតាមច្បាប់ និងកិច្ចសន្យាការងារ ខណៈបុគ្គលិកដែលគ្មានឈ្មោះកាត់ចំនួនជាង៣០០នាក់ទៀតស្ម័គ្រចិត្តដោះដូរឈ្មោះឱ្យពួកគេ។

វីអូឌី មិនទាន់អាចសុំការបញ្ជាក់ពីតំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ជុំវិញការតវ៉ារបស់កូដករនេះបានទេ នៅថ្ងៃសុក្រនេះ។
ចំណែកអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ មានប្រសាសន៍ប្រាប់វីអូឌីតាមសារតេឡេក្រាមយ៉ាងខ្លីថា ក្រសួងការងារបន្តអនុវត្តច្បាប់ និងសុំឱ្យគ្រប់ភាគីគោរពច្បាប់និងយន្តការនានាដែលនៅជាធរមាននៅកម្ពុជា។
លោកថា៖ «ក្រសួងការងារបន្តអនុវត្តច្បាប់ និងសុំឱ្យគ្រប់ភាគីគោរពច្បាប់និងយន្តការនានាដែលនៅជាធរមាននៅកម្ពុជា ប្រសើរជាជាងយកច្បាប់ផ្សេងៗដែលមិនមាននៅកម្ពុជា ឬបកស្រាយខ្លឹមសារផ្ទុយពីស្ថាប័នមានសមត្ថកិច្ច ឬយន្តការដែលមានសមត្ថកិច្ច»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា អ្នកស្រី យ៉ាង សុភ័ណ្ឌ មើលឃើញថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍នេះ នៅមានផ្លូវ និងយន្តការដោះស្រាយបញ្ចប់ដោយយុត្តិធម៌។
អ្នកស្រីថា ទាំងកម្មករ និងក្រុមហ៊ុន សុទ្ធតែមានជម្រើស ជាក់ស្តែងកម្មករដែលគ្មានឈ្មោះកាត់ជាច្រើននាក់ សុខចិត្តដោះដូរជាមួយកម្មករដែលត្រូវក្រុមហ៊ុនបញ្ឈប់ត្រឹមចំនួនតិចជាង ខណៈក្រុមហ៊ុនទាមទារបញ្ឈប់បុគ្គលិកនូវចំនួនកំណត់មួយ ដែលនេះមានន័យថា អាចជជែកសម្របសម្រួលបានថាតើទៅរួចឬទេ ដោយអនុវត្តតាមច្បាប់។
អ្នកស្រីថា៖ «ឃើញថាជម្រើសហ្នឹងមាន ប៉ុន្តែហាក់ដូចជាក្រសួងការងារអត់បានដើរតួនាទីនៅក្នុងការសម្របសម្រួលរឿងហ្នឹងឱ្យបានស្រួលបួលអ៊ីចឹង។ ហើយជាទូទៅ យន្តការច្បាប់គឺមានតើ! ក្នុងករណីដែលវិវាទមួយនៅថ្នាក់មូលដ្ឋានចរចាមិនត្រូវគ្នា ហើយដាក់ទៅក្រសួងការងារៗមានសិទ្ធិចាត់វិធានការ ដោះស្រាយ លោកមានសិទ្ធិគ្រប់គ្រាន់។ ប៉ុន្តែខ្ញុំមើលឃើញថា ហាក់ដូចជាមិនមានវិធានការដោះស្រាយធ្វើម៉េចឱ្យវិវាទនេះដោះស្រាយចប់ឱ្យបានស្រួលបួល។ វាហាក់ទៅជាបន្តអូសបន្លាយវិវាទហ្នឹង មិនដឹងថារង់ចាំនីតិវិធីអី!»
វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍បានកើតឡើងជាង១ឆ្នាំមកហើយ ក្រោយពេលក្រុមហ៊ុននេះបានបញ្ឈប់បុគ្គលិកចំនួន១ ៣២៩នាក់ ក្នុងចំណោមបុគ្គលិកសរុបជាង៨ ០០០នាក់ ពីការងារ ក្រោមហេតុផលថា ជួបវិបត្តិហិរញ្ញវត្ថុដោយសារតែបញ្ហាជំងឺកូវីដ-១៩។ យ៉ាងណា បុគ្គលិកដែលចេញធ្វើកូដកម្មជាង១២ខែមកនេះ អះអាងថា ការបញ្ឈប់នោះដោយសារថៅកែមានចេតនារំលាយសហជីពការពារសិទ្ធិកម្មករឱ្យអស់ពីក្រុមហ៊ុនមួយនេះ។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ត្រូវបានសមត្ថកិច្ចចាប់ខ្លួននិងបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសបម្រាម ឬគេចវេះពីការត្រួតពិនិត្យរបស់តុលាការ ក្រោយពេលកញ្ញាបានធ្វើដំណើរត្រលប់មកពីប្រជុំនៅប្រទេសអូស្ត្រាលីវិញ។
ក្រៅពីនោះ កូដករណាហ្គាវើលដ៍ជិត១០រូប ក៏ត្រូវបានសាលាដំបូងរាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺជាបន្តបន្ទាប់នាពេលថ្មីៗនេះ ក្រោមបណ្តឹងចំនួន៣របស់ក្រុមហ៊ុន រួមមាន បទរំលោភលើលំនៅឋាន, ធ្វើឱ្យខូចខាតដោយចេតនាស្ថានទម្ងន់ទោស និងចាប់ឃុំឃាំងនិងបង្ខាំងដោយខុសច្បាប់ ដែលក្រុមហ៊ុនបានប្តឹងពួកគេ៕