ពលរដ្ឋអះអាងថាក្រុមហ៊ុន ជីបម៉ុង បានសាងសង់បុរីលើភូមិបុរាណមានអាយុកាល៣ពាន់ឆ្នាំ

ពលរដ្ឋ​ដែលរស់នៅក្បែរ​ស្ថានីយបុរេប្រវត្តិសាស្រ្ត «ភូមិមូល»​ ឬ «បន្ទាយគូ​» ដែលមានអាយុប្រមាណ​១ពាន់​ឆ្នាំ​មុន​គ.ស ​អះអាងថា ​ក្រុមហ៊ុន ជីបម៉ុង​ បាន​​សាងសង់​អាគារបុរីនៅ​លើ​ភូមិបុរាណ​នេះទាំងស្រុង ចំណែកនៅក្បែររបងក្រុមហ៊ុន ជីបម៉ុង មានបង្គោលដែលគេដោតស្ទើរតែកប់ចូលទៅក្នុងដីដែលចាក់លុប ហើយនៅលើបង្គោលទាំងនោះមានសរសេរថា «មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ»។ (កាយ ណារ៉ា)

ពលរដ្ឋ​ដែលរស់នៅក្បែរ​ស្ថានីយបុរេប្រវត្តិសាស្រ្ត «ភូមិមូល»​ ឬ «បន្ទាយគូ​» ដែលមានអាយុប្រមាណ​១ពាន់​ឆ្នាំ​មុន​គ.ស ​អះអាងថា ​ក្រុមហ៊ុន ជីបម៉ុង​ បាន​​សាងសង់​អាគារបុរីនៅ​លើ​ភូមិបុរាណ​នេះទាំងស្រុង។

​ស្ថានីយបុរេប្រវត្តិសាស្រ្តភូមិមូល ឬបន្ទាយគូ ស្ថិតនៅភូ​​​មិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។​ បើទោះជាក្រុមហ៊ុនកំពុង​សាងសង់ក្ដី ពលរដ្ឋ​នៅតែចង់ឱ្យ​ក្រុមហ៊ុន ​ជីបម៉ុង​ បញ្ឈប់ការសាងសង់​​ និងងាកមកអភិរក្សកេរដូនតានេះសម្រាប់ក្មេងជំនាន់ក្រោយ​។

អ្នកភូមិម្នាក់​ឈ្មោះ ជួន​ សៀម​ អាយុ​៧៣ឆ្នាំ​ បានឱ្យដឹងថា ​​មុន​ពេលដែលក្រុមហ៊ុន​ទិញដី​ប្រជាពលរដ្ឋ​​ប្រមាណ​១រយគ្រួសារ ក្រុមហ៊ុនប្រាប់ថា​ពួកគេ​នឹងមិនសាងសង់បុរី​អ្វីនោះទេ គឺទិញយកទីតាំងអភិរក្សភូមិមូលនោះប៉ុណ្ណោះ។​​ ប៉ុន្តែ​​នៅពេលដែល​ក្រុមហ៊ុនទិញ​ដី​ពលរដ្ឋ​រួច​រាល់​ ក្រុមហ៊ុនក៏ចាប់ផ្ដើម​សាងសង់បុរី​លើ​ទីតាំងស្ថានី​យ​បុរេ​ប្រវត្តិ​នេះទៅវិ​ញ​​។​

អ្នកភូមិ​រូបនេះ​ថា​ ប្រសិន​បើ​ក្រុមហ៊ុនបាន​ប្រាប់​ពីគម្រោង​សាងសង់បុរីលើ​ស្ថានីយបុរេប្រវត្តិនេះ​មែ​ន​ ប្រជាពលរដ្ឋ​នឹងមិនលក់ដីឱ្យ​​​ក្រុមហ៊ុន ជីបម៉ុង ​ដែល​លុប​​​បំបាត់ទីតាំងប្រវត្តិសាស្រ្ត​​របស់​ដូនតាខ្មែរ​ដូចពេលនេះទេ​។

អ្នកស្រី​ថា​៖​​ «តែអ្នកខ្លះ​ចេះដឹងទៅ គេសោកស្ដាយដែរ​​ ថាធ្វើស្អីភូមិមូលសោះ តែឥលូវ​​ប្រែក្រឡាស់ទៅជាអ៊ីចឹងវិញទៀត​។ មីងមិនដឹងថា​ភូមិមូលហ្នឹង ​កេរ​ដូនតាយើងណា​ អត់ទាន់ដឹង​! បើដឹង គ្មាននរណាមួយចង់ទេ ​ព្រោះបាត់បង់​កេរ​ដូនតាប្រវត្តិសាស្រ្ត​»។​

ពលរដ្ឋ​​ម្នាក់ទៀត​ដែលរស់នៅជិតទីតាំងស្ថានីយបុរេ​ប្រវត្តិសាស្រ្ត​​នេះដែរ គឺ​អ្នក​ស្រី រុង គន្ធា​​ បានឱ្យដឹង​ថា ​នៅពេលនេះ​ ក្រុមហ៊ុន​បាន​​ចាក់ដីលុប​លើ​​ស្ថានីយបុរេ​ប្រវត្តិសាស្រ្ត​រួចរាល់ហើយ​ ដោយជំនួសមកវិញ​នូវអាគារ​បុរី​​​​របស់ក្រុមហ៊ុន​ ជីបម៉ុង។ ជុំវិញករណី​នេះ ​អ្នកស្រី​ក៏សោក​ស្ដាយ ​ដែល​ទីតាំង​ប្រវត្តិសាស្រ្ត​នេះ​ត្រូវបាត់បង់​។​

អ្នកស្រីថា​៖ ​«​មានសារៈសំខាន់​ដែរតើ! ​ដោយសារបន្សល់ទុកពី​កេរដូនតាអ៊ី​ចឹង​​»។

អនុប្រធាន​វិទ្យាស្ថាន​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ នៃ​រាជបណ្ឌិត្យសភា​កម្ពុជា និងជាអ្នកសរសេរនិក្ខេបបទ​លើ​ភូមិបុរាណ​ផងនោះ លោកបណ្ឌិត ធុយ ចាន់ធួន បានពន្យល់ថា ស្ថានីយបុរេ​ប្រវត្តិសាស្រ្តភូមិមូល ដែលមានឈ្មោះដើមថា ​«បន្ទាយគូ» កកើតឡើងកាលពី​៨រយ ទៅ១ពាន់ឆ្នាំមុនគ.ស​ គឺ​​ក្នុងសម័យយុគថ្មរំលីង​ ដែលដូនតាខ្មែរសម័យនោះបានសង់កំពែង និងគូទឹកនៅខាងក្នុង​។​​

លោកថា​៖ ​«ក្នុងន័យហ្នឹង គឺជាមនុស្សរស់នៅ​ក្នុងសម័យយុគ​ថ្មរំលីង ចូលសម័យ​យុគដែក​ ហើយទៅគេសង់កំពែងរាងមូល​ព័ទ្ធជុំវិញ​ ហើយគូទឹកខាងក្នុង ​ហើយគេរស់នៅខាងក្នុងហ្នឹង​។​ មានន័យថា ស្ថានភាពរស់នៅទីនោះប្រហែល​ជា​១ពាន់ឆ្នាំ​ ទៅ៨០០មុនគ្រិស្តសករាជ ប៉ុន្តែគាត់រស់នៅហ្នឹង​ដល់សព្វថ្ងៃហ្នឹង»។​

​បុរាណវិទូរូបនេះ​ បន្ថែមថា​ ក្រោយពី​សិក្សា​លើ​ទីតាំង​​ស្ថានីយបុរេ​ប្រវត្តិសាស្រ្តភូមិមូល​នេះ​​ ទាំងបុរាណវិទូ​ខ្មែរ​ និងបរទេស​មានបំណង​កែប្រែ​ទីតាំងបុរាណ​នេះ​​ទៅជាសារមន្ទី​រ ដោយសារតែភូមិដូនតាខ្មែរនេះពិតជាមានសារៈសំខាន់​ និងជាតឹកតាង​ប្រវត្តិសាស្រ្តខ្មែរសម្រាប់សកលលោកបានដឹង។

លោកថា៖ ​«យើងចង់មានបំណងចង់បង្កើតកន្លែងហ្នឹង​ជាសារមន្ទីជាតិ​ ដើម្បីពង្រីកសារមន្ទីរជាតិយើងសព្វថ្ងៃ​»។​​

លោកបណ្ឌិត ធុយ ចាន់ធួន បន្តថា ​ក្ដីស្រមៃ​របស់បុរាណវិទូទាំងនេះ​មិនបានលេចចេញជារូបរាងនោះទេ តែផ្ទុយទៅវិញ​បែរជាមានសំណង់អាគារ​សាងសង់លើ ដែលជារឿងសោកស្ដាយសម្រាប់ពលរដ្ឋខ្មែរ​​ ហើយដែលភូមិមូលនេះ គេអាចកែច្នៃទៅជាទីតាំងដែលអាចរកចំណូលបាន​​​​​។

បើទោះជាទីតាំងនេះត្រូវបានក្រុមហ៊ុនសាងសង់អាគារលើទៅហើយក្តី តែលោកបណ្ឌិត ធុយ ចាន់ធួន ស្នើ​ឱ្យអាជ្ញាធរនិងក្រុមហ៊ុន​គិតពិចារណាជាថ្មី​​ ក្នុងការស្ដារឡើងវិញតំបន់ទីតាំងប្រវត្តិសាស្រ្តនេះ ។

លោកថា​៖​ «ខ្ញុំគ្មានអីនឹងថ្លែងទេ ​ព្រោះក្នុងនាមអ្នកស្រាវជ្រាវ ​គឺមហាសោកស្ដាយទៅហើយ​ មានតែ​សុំអំពាវនាវទៅ​​អ្នកមាន ឧកញ៉ា​ អ្នកមានអំណាចមួយចំនួនដែល​មានកម្មសិទ្ធិលើដី ដែលជាដីប្រវត្តិសាស្រ្ត ដែលជាដី​គ្រឹះ​ប្រាសាទ ដែលជាកេត​ន​​ភណ្ឌ​របស់ជាតិហ្នឹង​ គួរតែពិភាក្សា គួរតែគិតឱ្យបានល្អិតល្អន់​ គួរតែពិភាក្សាជាមួយអ្នកជំនាញ»។

លោកបន្ថែមថា​៖ «កាលណាយើងបាត់ប្រវត្តិសាស្រ្តជាតិ​ កាលណា​​យើងបាត់ភស្តុតាងសង្គម​ នោះយើងមិនអាចដឹងថាជនជាតិយើងមកពីណានោះទេ​»។​

ចៅសង្កាត់ជើងឯក​ លោក​ លាស់ សុខលឹម​ បានលើកឡើងថា ​​ក្រុមហ៊ុន ជីបម៉ុង បាន​ចាប់ផ្ដើមសាងសង់លើ​ភូមិមូល​នេះ ដោយបច្ចុប្បន្ន​ស្ថានីយ​បុរេប្រវត្តិសាស្រ្តនេះបានបាត់បង់ទាំងស្រុងទៅហើយ​។

លោកថា​៖​ «បាទ! ពីមុន “ភូមិមូល” បានន័យថា “ភូមិ​” ដល់ឥលូវក្លាយជាភូមិវិញក៏មិនខុសដែរ​ គ្រាន់តែភូមិបែបបុរាណ​ និងភូមិបែបសម័យ។​ ភូមិបែបបុរាណ​ហ្នឹង វារលាយអស់​ហើយ​ ទៅជាដីស្រែរបស់ពលរដ្ឋទូទៅអស់ហើយ។​ ហើយឥលូវនេះក្លាយជាភូមិមួយដ៏អស្ចារ្យ​»។

ចំណែកអ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ​ លោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ​ បានឆ្លើយតបវីអូឌីនៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ ដោយបង្វែរសំណួរទៅកាន់​អ្នកជំនាញ នៃអគ្គនាយកដ្ឋានបេតិកភណ្ឌ លោក អ៊ុក សុខា និងរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ប្រាក់ សុវណ្ណរ៉ា វិញ​។

​រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក ប្រាក់ សុវណ្ណរ៉ា បានបដិសេធឆ្លើយតបនៅថ្ងៃនេះ ដោយ​ថា​ លោកកំពុងមានជំងឺ​​។

វីអូឌី​ មិនអាចសុំការឆ្លើយតប​ពី​អគ្គនាយកដ្ឋានបេតិកភណ្ឌ​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ លោក អ៊ុក សុខា បានទេ​ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញនេះ​។​

ប្រធានកម្មវិធីផ្នែកស្រាវជ្រាវ និងតស៊ូមតិ​ នៃ​សមាគមបណ្តាញ​យុវជនកម្ពុជា លោក ហេង គឹមហុង​ បានសម្ដែងការហួសចិត្ត​ដែល​មានក្រុមហ៊ុន​ឯកជន​ ជីបម៉ុង អាច​​​សាងសង់​​ និងបំផ្លិចបំផ្លាញ​តំបន់​បេតិកភណ្ឌ​ ខណៈដែល​អាជ្ញាធរពាក់ព័ន្ធ​មិនអើពើ​ជុំវិញករណីនេះ​ទៅវិញ​។​

លោកថា៖ «ក្នុងនាមខ្ញុំជាកូនខ្មែរម្នាក់ មិនជឿថាមានក្រុមហ៊ុន និងក្រុមមនុស្សដែលយកផ្នូរដូនតា ដែលយកមរតកដូនតា យកទៅបំផ្លិចបំផ្លាញដើម្បីសាងសង់ជាប្រយោជន៍ផ្ទាល់ខ្លួនបែបនេះនោះទេ។ វាមិនគួរសោះ! នៅពេលដែលភូមិដែលមានអាយុកាលរាប់ពាន់ឆ្នាំត្រូវបានយកមកបំផ្លិចបំផ្លាញជាប្រយោជន៍[ផ្ទាល់ខ្លួន]»។

​មន្ត្រីសង្គមស៊ីវិលរូបនេះ​ក៏ស្នើ​ដល់​ភាគីពាក់ព័ន្ធ ជាពិសេស​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ បកស្រាយបំភ្លឺជុំ​វិញករណីនេះ​ និងស្នើ​ឱ្យ​ក្រសួង​ដកហូត​ទីតាំង​ភូមិមូលនេះមកវិញ ​ដើម្បី​ថែរក្សាការពារជារបស់រដ្ឋផងដែរ​។

វីអូឌី ​មិនអាចសុំការឆ្លើយតបពីម្ចាស់ក្រុមហ៊ុន ជីប ម៉ុង ​​អ្នកឧកញ៉ា ភាព ហៀក និង​អ្នកឧកញ៉ា លាង ឃុន បានទេ ​នៅថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ​នេះ។

ពេលអ្នកយកព័ត៌មានវីអូឌីទៅដល់ ទីតាំងនោះកំពុងស្ថិតនៅក្នុងការដ្ឋានសាងសង់របស់ក្រុមហ៊ុន ជីបម៉ុង តែនៅក្បែររបងក្រុមហ៊ុន ជីបម៉ុង មានបង្គោលដែលគេដោតស្ទើរតែកប់ចូលទៅក្នុងដីដែលចាក់លុប ហើយនៅលើបង្គោលទាំងនោះមានសរសេរថា «មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ»

កាល​ពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩  រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ លោកស្រី ភឿង សកុណា ក៏បាន​ទៅ​ធ្វើកំណាយនៅស្ថានីយភូមិមូលជើងឯក ដើម្បីប្រមែប្រមូលវត្ថុសិល្បៈនៅទីនោះ យកមកថែរក្សាទុកជាទ្រព្យសម្បតិ្តជាតិ ហើយក្នុងនោះក៏បានរកឃើញ​​ឧបករណ៍ធ្វើអំពីថ្មរំលីងតូចធំមួយចំនួនដែលគេប្រើធ្វើជាពូថៅ ឬជាចបជីក ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ