ពលរដ្ឋ​រស់​នៅ​ជាប់​បឹង​តាមោក​ប្រមូល​ផ្តុំ​គ្នា​ទាមទារ​អាជ្ញាធរ​ផ្តល់​ប្លង់​កម្មសិទ្ធិ​ដីធ្លី​ដល់​ពួកគេ​  ​

ប្រជាពលរដ្ឋប្រមាណ៣០នាក់ តំណាងឱ្យ​​២៥០គ្រួសារ រស់​នៅជាប់​បឹង​​តាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ត្បូង ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ បានដាក់ញត្តិរកកិច្ចអន្តរាគមន៍ពីរដ្ឋសភាឱ្យជួយដោះស្រាយវិវាទដីធ្លី បន្ទាប់ពីអាជ្ញាធរមូលដ្ឋានចោទពួកគាត់ថារស់នៅលើដីចំណីផ្លូវដោយខុសច្បាប់ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២។ (ហ៊ាន រង្សី)

ប្រជាពលរដ្ឋរស់នៅជាប់បឹងតាមោកជាង ៧០នាក់  បានប្រមូលផ្តុំគ្នានៅ​ក្នុងសង្កាត់សំរោង  រាជ​ធានី​​ភ្នំពេញ  ដើម្បីទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង  ហើយផ្តល់ប្លង់កម្មសិទ្ធិដីធ្លី និងធ្វើលិខិតអត្រានុកូលដ្ឋានជូនពួកគេឱ្យបានស្របច្បាប់។

អ្នកស្រី ប្រាក់ សុភា ដែលជាតំណាងពលរដ្ឋរស់នៅជាប់បឹងតាមោក ស្ថិត​ក្នុង​សង្កាត់​សំរោង​​ ខណ្ឌ​ព្រែកព្នៅ រាជ​ធានី​​ភ្នំពេញ នៅថ្ងៃអាទិត្យនេះបានឱ្យដឹងថា ពួកគេរស់នៅផ្លូវ ១៥១ ភូមិសំរោងត្បូង មិនព្រមចំពោះគោលការណ៍ដោះដូរដីទៅទីតាំងផ្សេងតាមការចង្អុលបង្ហាញរបស់អភិបាលខណ្ឌព្រែកព្នៅនោះទេ។

ករណីនេះ អ្នកស្រីថា ពួកគាត់បាននាំឱ្យគ្នាជាង៧០នាក់ ប្រមូលផ្តុំ និងកាន់បដា អមដោយអក្សរសរសេរថា ស្នើសុំឱ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែងចាស់ដែលពង្រីកផ្លូវ ៥០ម៉ែត្រ ស្នើសុំប្លង់កម្មសិទ្ធិ សៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារជាដើម ។

អ្នកស្រីនិយាយថា៖ «យើងប្រមូលផ្តុំគ្នានៅថ្ងៃនេះ ទាមទារឱ្យអាជ្ញាធរធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង សុំប្លង់កម្មសិទ្ធិ និងលិខិតអត្រានុកូលដ្ឋាន ពួកយើងអត់ទទួលយកការដោះដូរដីទៅកន្លែងផ្សេងទេ  ព្រោះអភិបាលខណ្ឌ លោក ធឹម សំអាន គាត់ថា បើយើងនៅរស់នៅកន្លែងហ្នឹង គាត់អត់ចេញលិខិតអត្រានុកូលដ្ឋានឱ្យយើងទេ។ បើសិនជាយើងដូរទៅទីតាំងថ្មី បានគាត់ផ្តល់អត្រានុកូលដ្ឋានឱ្យ ។ អ៊ីចឹងវាជារឿងមួយអយុត្តិធម៌សម្រាប់ពួកខ្ញុំ»។

ពលរដ្ឋរស់នៅភូមិសំរោងត្បូង អ្នកស្រី ហេង ស៊ីលាភ ប្រាប់វីអូឌីថា ពួកគាត់បារម្ភពីការបណ្តេញចេញដោយបង្ខំ ដែលអាចធ្វើឱ្យពួកគេជួបបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ដូចជាប៉ះពាល់មុខរបរ  ការសិក្សារបស់កូនៗជាដើម ។ ករណីនេះ អ្នកស្រីថា បើអាជ្ញាធរនៅតែមិនព្រមដោះស្រាយជូនពលរដ្ឋទេ  នោះពួកគាត់នឹងបន្តតវ៉ារហូតមានដំណោះស្រាយ។

អ្នកស្រីនិយាយថា៖ «ពួកខ្ញុំសុំធ្វើការអភិវឌ្ឍន៍នៅនឹងកន្លែង ធ្វើប្លង់ឱ្យ និងផ្តល់សៀវភៅគ្រួសារ សៀវភៅស្នាក់នៅឱ្យពួកខ្ញុំ បើអត់ព្រមដោះស្រាយឱ្យទេ ពួកខ្ញុំនៅតែតវ៉ារហូតមានដំណោះស្រាយ ព្រោះគេអត់ដោះស្រាយឱ្យយើង ធ្វើឱ្យយើងហេលហាល ដូចអត់មានអាវពាក់អីចឹង ហើយគាត់[អាជ្ញាធរ]ជាម៉ែ ជាឪ គាត់អត់មានដោះស្រាយឱ្យយើងអីចឹងង យើងពិបាកណាស់ »។

អភិបាលខណ្ឌព្រែកព្នៅ លោក  ធឹម សំអាន មានប្រសាសន៍ថា តាមគោលការណ៍របស់រដ្ឋបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឱ្យពលរដ្ឋរស់នៅជាប់បឹងតាមោកបន្តទៀតនោះទេ ព្រោះពួកគេមកសាងសង់សំណង់រស់នៅខុសច្បាប់។ តែលោកថា ជម្រើសមានតែមួយទេ ពលរដ្ឋត្រូវទៅរស់នៅទីតាំងថ្មី តាមការកំណត់របស់អាជ្ញាធរ ដើម្បីទទួលបានប្លង់ស្របច្បាប់ ។

លោកមានប្រសាសន៍ថា៖ «ខ្ញុំសំណូមពរទៅប្រជាពលេរដ្ឋប្រញាប់ទៅចាប់ដីយក នៅក្បែរទីតាំងចាស់ ប្រហែលជាចំងាយ១០០៨ម៉ែត្រ  ដែលមានទទឹងទំហំ៤ម៉ែត្រកន្លះ  គុណនឹង១៨ម៉ែត្រ ជាទំហំមួយធំណាស់សម្រាប់ផ្ទះល្វែង  គាត់អាចទៅរស់នៅស្របច្បាប់  ប៉ុន្មានថ្ងៃទៀតនេះ ខ្ញុំទៅធ្វើបេតុងឱ្យហើយ»។

ទាក់ទងនឹងការស្នើសុំធ្វើលិខិតអត្រានុកូលដ្ឋាននោះ លោក  ធឹម សំអាន អះអាងថា អាជ្ញាធរមិនធ្វើឱ្យពួកគាត់ទេ ដោយសារពួកគេរស់នៅជាប់បឹងតាមោកដោយខុសច្បាប់។ ប៉ុន្តែលោកថា បើពួកគេទៅរស់នៅទីតាំងដែលអាជ្ញាធរផ្តល់ឱ្យ នោះអាជ្ញាធរនឹងធ្វើលិខិតអត្រានុកូលដ្ឋានជូនពួកគេឱ្យស្របតាមច្បាប់ ។

មន្ត្រីសម្របសម្រួលគម្រោងធុរកិច្ច​ និងសិទ្ធិមនុស្សនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស​កម្ពុជា​ លោក វណ្ណ សុផាត មានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាប្រឈមជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព លុះត្រាតែអាជ្ញាធរត្រូវអនុលោកមតាមរដ្ឋធម្មនុញ្ញ​ ច្បាប់ភូមិបាល ច្បាប់អស្សាមិករណ៍ បានចែងទាក់ទិងការអភិវឌ្ឍន៍។ លោកបន្តថា រដ្ឋាភិបាលមានសិទ្ធិដោះដូរទីតាំងដីថ្មីជូនពលរដ្ឋបាន ប៉ុន្តែក៏ត្រូវមានការព្រមព្រៀងពីពលរដ្ឋ និងផ្តល់សំណងសមរម្យផងដែរ ។

ករណីនេះ លោកជំរុញទៅអាជ្ញាធរ មុននឹងធ្វើការបណ្តេញពលរដ្ឋចេញពីទីតាំងចាស់ ត្រូវសិក្សាច្បាប់ឱ្យបានគ្រប់ជ្រុងជ្រោយ និងផ្តល់សំណងសមរម្យជូនពួកគេ ដើម្បីកុំឱ្យមានបញ្ហាប្រឈមកើតឡើងនៅថ្ងៃខាងមុខ ដែលនាំឱ្យពលរដ្ឋរងគ្រោះ និងជាគំរូមួយមិនល្អ ហើយប៉ះពាល់ដល់សង្គមថែមទៀតផង។

លោកមានប្រសាសន៍ថា៖ «បើច្បាប់បង្កើតឡើងហើយ អាជ្ញាធរមិនអនុវត្ត ធ្វើឱ្យប្រជាពលរដ្ឋកាន់តែរងគ្រោះដដែល ហើយវាជាការគំរាមកំហែងមួយសម្រាប់ប្រជាពលរដ្ឋដទៃផ្សេងទៀត ឱ្យតែក្រុមហ៊ុន ឬក៏អ្នកមានអំណាចគាត់ចង់បានដីនៅកន្លែងណាមួយ ហើយធ្វើតាមផ្លូវគាត់ យកដីគ្នាអស់ ថ្ងៃក្រោយប្រជាពលរដ្ឋក្លាយទៅជាប្រជាពលរដ្ឋក្រីក្រ ចំណាកស្រុក និងបង្របញ្ហាកើតឡើង អស្ថិរភាពក្នុងសង្គម »។

បឹងតាមោក ឬ​បឹងកប់ស្រូវ មានផ្ទៃដីសរុប ៣ ២៣៩​​ហិកតា ដែលជា​អាង​ស្ដុកទឹកកខ្វក់ និងរំដោះទឹកចេញពីរាជធានី​​ភ្នំពេញ ហើយ​បឹ​ងមួយនេះ ​​ត្រូវ​​បាន​​រដ្ឋាភិបាល​​ចេញអនុក្រឹត្យ​កាលពីដើមខែកុម្ភៈ ឆ្នាំ២០១៦ ដោយ​​កំណត់យក​បឹង​ធម្មជាតិ​មួយ​នេះជាសម្បតិ្តសាធារណៈរបស់រដ្ឋ។

យ៉ាងណា បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែលបានចេញជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០១៨ ដល់ចុង​ខែធ្នូ​ ឆ្នាំ​២០២១ ផ្ទៃបឹងតាមោក សរុប​ជាង២ ០០០​ហិកតា​ហើយ ត្រូវបានរដ្ឋាភិបាល​កាត់ឬដោះដូរ​ទៅ​ឱ្យស្ថា​ប័ន​​​រដ្ឋ ​ក្រុមហ៊ុន​​ឯកជន និង​បុគ្គលឯកជនមួយចំនួនដែលគេដឹងថាជាអ្នក​មាន​លុយមានអំណាច សម្រាប់​​សាង​សង់​អគារ និងហេដ្ឋារចនាសម្ពន្ធផ្សេង​ៗ ព្រម​ទាំង​ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ជាដើម​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ