សហជីពមួយបារម្ភពីការបាត់បង់ GSP និង EBA បើកម្ពុជាមិនស្ដារស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ

ស្ត្រីម្នាក់កាន់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលពួកគាត់ឡើងមក​​ប្រមូល​ផ្ដុំនៅមុខក្រសួងយុត្តិធម៌ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងស្ថាប័​ន​មួយចំនួន​ទៀត ដើម្បី​ជំរុ​​ញ​​ឱ្យ​មាន​​ដំណោះ​​ស្រាយ​រឿង​ដីធ្លី និង​​សុំ​ឱ្យ​មាន​កិច្ចអន្តរាគមន៍​ទម្លាក់ចោល​គ្រប់​បទ​ចោទ និងដោះ​លែងពលរដ្ឋរងគ្រោះដោយសារ​ដីធ្លី​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។ (កាយ ណារ៉ា)

សហភាពសហជីពកម្ពុជា ស្នើ​រដ្ឋាភិបាលស្ដារ​ស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ព្រមទាំងបើកលំហសិទ្ធិនយោបាយ​ឡើង​វិញ មុនពេលបោះឆ្នោតជាតិ​ឆ្នាំ២០២៣ ទៅ​តាម​ការស្នើរបស់សហគមន៍អន្តរជាតិ ខណៈខ្លួន​កំពុង​​ព្រួយបារម្ភពីការបាត់បង់​ទាំង​ស្រុង​​នូវ​​ប្រព័ន្ធអនុគ្រោះពន្ធ GSP របស់អាមេរិក និងប្រព័ន្ធអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ ឬEBA របស់សហភាពអឺរ៉ុប។

សេចក្ដីថ្លែងការណ៍​របស់សហភាពសហជីពកម្ពុជា ចុះថ្ងៃទី២៦ ខែ​ធ្នូ ឆ្នាំ២០២២នេះ បានលើក​ឡើង​ថា ក្នុងអំឡុងពេលកម្ពុជារៀបចំកិច្ចប្រជុំកំពូលអាស៊ាន​នាពេលថ្មីៗនេះ​ ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក និងអគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ បានស្នើកម្ពុជា​​បើក​ចំហសិទ្ធិនយោ​បាយ សេរីភាព និងដោះលែង​អ្នកជាប់ឃុំ​មន​សិការ ​មុនពេលបោះឆ្នោតឆ្នាំ២០២៣ ខណៈសហភាព​អឺរ៉ុបក៏បាន​ក្រើនរំឭក​ដល់កម្ពុជាជាច្រើនលើកពីការស្នើឱ្យ​​ស្តារ​សិទ្ធិ​មនុស្ស​ សេរីភាព និងប្រជាធិបតេយ្យឡើងវិញ។

ប្រភពដដែល​បន្តថា បើ​សិនកម្ពុជាមិនធ្វើការកែលម្អស្ថានភាពទាំងនេះទៅតាម​ការ​ស្នើរបស់​សហគមន៍អន្តរជាតិទេ នោះកម្ពុជាអាចនឹងបាត់​បង់​ GSP និង EBA ទាំងស្រុង​នៅ​ឆ្នាំ២០២៣។

សហជីពមួយនេះលើកឡើងថា៖ «សហភាពសហជីពកម្ពុជា ដាក់ការព្រួយបារម្ភយ៉ាងខ្លាំងចំពោះ​ប្រព័ន្ធអនុ​គ្រោះ​ព​ន្ធ [GSP] និង​ប្រព័ន្ធ​អនុគ្រោះពន្ធលើកលែងអាវុធ [EBA] នឹងអាចបាត់បង់ទាំងស្រុងក្នុងឆ្នាំ២០២៣នេះ ដែលរដ្ឋាភិបាលកម្ពុជាមិនបានធ្វើការ​កែលម្អ​ស្ថានភាពសិទ្ធិមនុស្ស សេរីភាព និងលទ្ធិប្រជាធិបតេយ្យ តាមការ​ស្នើរបស់ប្រធានាធិបតីសហរដ្ឋ​អាមេរិក សហភាពអឺរ៉ុប និងអគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ នាពេលកន្លងមក»។

ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន មាន​ប្រសាសន៍បន្ថែមលើសេចក្តីថ្លែងការណ៍នេះ​ថា គិត​មកដល់ថ្ងៃនេះ មានរយៈពេលជាង១ខែមកហើយដែលប្រធានាធិបតីសហរដ្ឋអាមេរិក និង​​អគ្គលេខាធិការ​អង្គការ​សហ​ប្រជាជាតិ បានស្នើឱ្យ​​កម្ពុជាបើក​ចំហសិទ្ធិនយោ​បាយ សេរីភាព និងដោះលែង​អ្នកជាប់ឃុំ​មន​សិការ ប៉ុន្តែ​លោក​សង្កេត​ឃើញថា កម្ពុជា​នៅមិនទាន់​ឆ្លើយ​​​តប ហើយ​ក៏ពុំមានដំណោះស្រាយណាមួយនៅឡើយ​ដែរ។

ករណីនេះ លោកបារម្ភថា​ បើសិនកម្ពុជានៅតែ​មិន​ឆ្លើយ​តបជាវិជ្ជមាន នោះកម្ពុជាអាច​នឹង​​​​បាត់​​បង់ GSP និង EBA ទាំងស្រុង ហើយ​នៅពេល​នោះ ​​អ្នក​ដែល​រង​គ្រោះ គឺជា​​ប្រជាពលរដ្ឋ ជាពិសេស​​​​កម្មកររាប់សែននាក់អាចនឹងបាត់បង់ការងារធ្វើ​​។ ករណីនេះ លោក​ស្នើ​​រដ្ឋាភិបាល​​​ស្តារ​ស្ថានភាព​សិទ្ធិមនុស្ស សេរីភាព និង​លទ្ធិប្រជាធិបតេយ្យ ព្រមទាំងបើកលំហសិទ្ធិនយោបាយ​ឡើង​វិញ ដើម្បីរក្សា​ផល​ប្រយោជន៍ និងការ​ងារ​ជូនកម្មករ-កម្មការិនី។

លោក រ៉ុង ឈុន និយាយ​​ថា៖ «ជាឧទាហរណ៍ជាក់ស្តែង គ្រាន់តែ​សហភាពអឺរ៉ុប កាត់ EBA ២០ភាគរយ យើង​ឃើញហើយ​កម្មករ​រាប់ម៉ឺននាក់អត់មានការងារធ្វើ […] យើង​មិន​ចង់ឃើញកម្មករខ្មែរទទួលរងគ្រោះដោយ​សារ​តែ​នយោ​បាយ​​​ទេ។​ អ៊ីចឹង​ហើយ​​បាន​ជាខ្ញុំ​លើកឡើងនៅ​​ក្នុងហ្នឹង​ កុំដោយសារ​តែហេតុផលនយោបាយ ហើយធ្វើឱ្យបាត់​ប្រយោជន៍​​កម្មករ​​ខ្មែរ បាត់​ប្រយោជន៍​ជាតិខ្មែរ​​ ​អាហ្នឹងវាជារឿងមួយអាម៉ាស់មែនទែន​សម្រាប់អ្នកដឹកនាំ»។

តែយ៉ាងណា អ្នកនាំពាក្យគណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន មាន​​ប្រសាសន៍ថា អ្វី​ដែលជាការព្រួយបារម្ភរបស់សហភាពសហជីពកម្ពុជា មិនបានឆ្លុះបញ្ចាំង​ពីទិដ្ឋភាពជាក់ស្តែងនៅកម្ពុជា​ទេ ខណៈបន្ទាត់នយោបាយ បន្ទាត់នៃការគ្រប់គ្រងជាតិ និង​ការ​គោរព​​សិទ្ធិមនុស្ស​ និងលទ្ធិប្រជាធិបតេយ្យ​នៅកម្ពុជា កំពុង​មានភាពល្អប្រសើរ​។

លោកថា៖ «អ្វីៗដែលគាត់លើកឡើង វាគ្រាន់តែជាការគិតរបស់គាត់ ប៉ុន្តែ​វា​មិនជះឥទ្ធិពល​អ្វីទៅ​ដល់ការ​សម្រេចចិត្តនៅក្នុងការ​អនុវត្តច្បាប់​ប្រឆាំង​ជនល្មើសនៅកម្ពុជាទេ​។ យើងមើលឃើញថា យើង​ត្រូវការ​លទ្ធិប្រជាធិបតេយ្យ លំហប្រជា​ធិបតេយ្យ យើង​មិន​ត្រូវ​ការ​លំហអនា​ធិបតេយ្យ​ទេ។ អ៊ីចឹងបុគ្គលមួយចំនួន​តូច​ដែលប្រើប្រាស់តួនាទីរបស់ខ្លួន​នៅក្នុង​​​អង្គការ​សង្គមស៊ីវិល​ក្ដី សមាគម-សហជីពក្តី ពួកគាត់បាន​ប្រព្រឹត្តល្មើសច្បាប់​ ដែលទទួលចំណាត់ការ​តាមផ្លូវច្បាប់។ ដូច្នេះហើយវាជាការអនុវត្តដ៏ត្រឹម​ត្រូវ​ ក្នុងការ​ធានាបានយុត្តិធម៌សង្គម​ សមភាពសង្គមចំពោះមុខច្បាប់ គ្មាននិទណ្ឌភាព និងការ​ពង្រឹង​គោលការណ៍នីតិរដ្ឋនៅកម្ពុជា»។

លោក កត្តា អ៊ន បន្ថែមថា៖ «រឿងបញ្ហាប្រព័ន្ធ[អនុគ្រោះ​]ពន្ធ​រប​ស់​អឺរ៉ុបរបស់អាមេរិក យើង​ឃើញហើយ​ថា កន្លង​មក​នេះ​​ គេបានអនុវត្ត​ទៅហើយ ប៉ុន្តែវាមិនជះឥទ្ធិពលអ្វីដល់កម្ពុជាទេ។ ហើយ​យើងខ្ញុំជឿថា សហភាពអឺរ៉ុបក្តី អាមេរិកក្តី​ គាត់​មាន​ការឈ្វេងយល់ណាស់​នៅពេលគាត់មកកាន់កម្ពុជា គាត់ឃើញស្ថានភាពរស់នៅរបស់ប្រជាជនកម្ពុជា គាត់ឃើញលទ្ធិ​ប្រជាធិបតេយ្យ គាត់ឃើញ​សិទ្ធិមនុស្ស​នៅកម្ពុជា​ អាហ្នឹង​គាត់នឹងពិចារណា​នូវអ្វីដែល​គាត់បានធ្វើកន្លង​មកនេះ។ ហើយ​​​យើងសង្ឃឹមថា វា​មិនមានអ្វី​​ប៉ះពាល់ទៅ​ដល់កំណើនសេដ្ឋកិច្ចនៅកម្ពុជានោះទេ»។​

នាយកគ្រប់គ្រងទូទៅ នៃអង្គការ​ការ​ពារ​សិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា កន្លងមក អង្គការសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស ក៏ធ្លាប់បានស្នើយ៉ាងទទូចដល់រដ្ឋាភិបាល ឱ្យ​​ពិចារណាទៅលើអនុសាសន៍ និងការស្នើរបស់សហភាពអឺរ៉ុប និង​សហរដ្ឋអាមេរិក លើ​ការ​​ស្តារឡើង​វិញនូវលទ្ធិប្រជាធិបតេយ្យ និង​ការ​គោរពសិទ្ធិមនុស្សនៅកម្ពុជា ជាពិសេស​គឺលំហ​សេរីភា​ព​ជាមូលដ្ឋានរបស់​ពលរដ្ឋ លំហសេរីភាពសមាគម អង្គការ​សង្គមស៊ីវិល​ និងសហជីព លំហសេរីភាពសារព័ត៌មាន និងលំហសេរីភាពនយោបាយ។

លោកបន្តថា៖ «អ៊ីចឹង​យើងក៏មានការ​ព្រួយបារម្ភដែរ បើសិនជា​មិនមានការ​កែប្រែគួរឱ្យ​កត់សម្គាល់​ទាក់ទងជាមួយ​នឹង​​លទ្ធិប្រជាធិបតេយ្យ​​ និងកា​រគោរពសិទ្ធិមនុស្ស។​ ហើយ​​អ្វីដែលគេ​កត់សម្គាល់ គេ​ចង់ឃើញបរិយាកាសឆ្ពោះទៅរកការ​បោះឆ្នោត​ឆ្នាំ២០២៣ខាងមុខ​នេះ​ មានលក្ខណៈ​ល្អប្រសើរ ជាពិសេសគឺលំហសេរីភាពផ្នែក​នយោបាយហ្នឹង​តែម្តង​ ហើយ​មួយ​ទៀត​គេ​ចង់ឃើញការ​បោះឆ្នោតហ្នឹងប្រព្រឹត្ត​ទៅ​ដោយ​បរិយា​កាសល្អ​​ សេរី ត្រឹមត្រូ​វ និងយុត្តិធម៌»។​

ករណីនេះ លោក អំ សំអាត ជំរុញជាថ្មីដល់រដ្ឋាភិបាល​កម្ពុជាធ្វើការកែលម្អ​លទ្ធិ​ប្រជាធិបតេយ្យ និងសិទ្ធិ​មនុស្ស​នៅកម្ពុជាឱ្យ​មាន​ភាពល្អ​​ប្រសើរ​ឡើង​វិញ​ ដើម្បី​បញ្ចៀសនូវ​​ការ​ដាក់ទណ្ឌ​កម្ម​​បន្ថែម​ទៀត​​ពីសហគមន៍អន្តរជាតិនោះ។

កម្ពុជាត្រូវបានរងការរិះ​គន់​ពី​សហគមន៍ជាតិ និងអន្តរជាតិមួយចំនួន ជុំវិ​ញ​កា​រ​រំលោភសិ​ទ្ធិមនុស្ស ព្រម​ទាំង​ការធ្វើឱ្យសិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ​ធ្លាក់​ចុះ​ខ្លាំង ជាពិសេស​ក្រោយ​ការចាប់​ប្រធាន​គណបក្សសង្រ្គោះជាតិ លោក កឹម សុខា ដាក់ពន្ធនាគារ និង​ការ​រំលាយ​គណបក្សប្រឆាំង​មួយ​នេះកាល​ពី​ចុ​ងឆ្នាំ២០១៧។

សហភាពអឺរ៉ុប កាលពីខែសីហា ឆ្នាំ២០២០ បានដកប្រព័ន្ធអនុគ្រោះពន្ធ EBA ២០​ភាគរយ​ពីកម្ពុជា ក្រោយពួកគេរកឃើញថា កម្ពុជាមិនបានធ្វើឱ្យប្រសើរឡើង​​ចំពោះការ​គោរព​សិទ្ធិមនុស្ស ​សិទ្ធិ​ការ​ងារ និងស្ថានភាពនយោបាយឡើយ ប៉ុន្តែពួកគេបង្ហើប​ថា អឺរ៉ុបនឹងពិចារណា​ក្នុងការ​​ផ្តល់ប្រព័ន្ធអនុគ្រោះពន្ធនេះឱ្យវិញ បើ​សិន​ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា​មាន​ភាពល្អ​​ប្រសើរ​ឡើង​វិញ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ