UNHCR ថា​ជនជាតិ​រ៉ូហ៊ីងយ៉ា​យ៉ាងហោចណាស់​១៨០នាក់​ទំនង​ជាបានស្លាប់

Locals stand near a wooden boat used to carry Rohingya?refugees at a beach in Ladong village, Aceh province, Indonesia, December 25, 2022, in this photo taken by Antara Foto. Antara Foto/Ampelsa/via REUTERS ATTENTION EDITORS – THIS IMAGE HAS BEEN SUPPLIED BY A THIRD PARTY. MANDATORY CREDIT. INDONESIA OUT. NO COMMERCIAL OR EDITORIAL SALES IN INDONESIA.

ឧត្ដមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន (UNHCR) បាននិយាយថា ជនជាតិភាគតិច រ៉ូហ៊ីងយ៉ា យ៉ាងហោចណាស់ចំនួន១៨០នាក់ ដែលរសាត់អណ្ដែតនៅលើសមុទ្រអស់ជាច្រើនសប្តាហ៍ បន្ទាប់ពីចាកចេញពីប្រទេសបង់ក្លាដែសកាលពីខែវិច្ឆិកា ទំនងជាបានស្លាប់ដោយសារលិចទូកដ៏ទ្រុឌទ្រោមនៅខែនេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២។

UNHCR បាន​និយាយ​ថា ទូកដែលដឹកជនភៀសខ្លួន រ៉ូហ៊ីងយ៉ា ទំនងជា​លិច​បន្ទាប់ពី​​​បាត់ទំនាក់ទំនងនៅក្នុង​សមុទ្រ។

UNHCR បានសរសេរនៅលើបណ្តាញសង្គម Twitter កាលពីថ្ងៃសៅរ៍ថា «សាច់ញាតិរបស់ជនរងគ្រោះមិនអាចទាក់ទង [អ្នកដែលនៅលើទូកបាន]។ អ្នក​ដែលគេអាច​ទាក់ទង​បានចុង​ក្រោយ ត្រូវបាន​សន្និដ្ឋាន​ថា​​ស្លាប់ទាំងអស់»

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ាជាង ១លាននាក់ មកពីប្រទេសមីយ៉ាន់ម៉ា កំពុងរស់នៅក្នុងជំរុំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស រួមទាំងជនភៀសខ្លួនរាប់ម៉ឺននាក់ដែលបានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាបានបង្ក្រាបដោយហិង្សាក្នុងឆ្នាំ២០១៧។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានបដិសេធផ្តល់សញ្ជាតិ ហើយត្រូវបានចាត់ទុកថាជាអ្នកជ្រៀតជ្រែក និងជាជនអន្តោប្រវេសន៍ខុសច្បាប់មកពីអាស៊ីខាងត្បូង។

នៅប្រទេសបង់ក្លាដែស ជនជាតិរ៉ូហ៊ីងយ៉ា ពិបាករកការងារធ្វើណាស់។

ជារឿយៗ អ្នកជួញដូរមនុស្សបញ្ចុះបញ្ចូលពួកគេ ដោយសន្យាផ្តល់ការងារធ្វើនៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ដូចជា ប្រទេសម៉ាឡេស៊ី ដោយធ្វើដំណើរ​ប្រកបដោយគ្រោះថ្នាក់។

ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា តែងតែរសាត់ក្នុងដែនសមុទ្រអន្តរជាតិ បន្ទាប់ពីចាកចេញពីភាគខាងត្បូងប្រទេសបង់ក្លាដែស ដើម្បីស្វែងរកអាហារ ការងារ និងទីជម្រកនៅកន្លែងផ្សេងទៀតក្នុងបណ្តាប្រទេសនៅអាស៊ី ដោយប្រឈមនឹងភាពអត់ឃ្លាន និងជំងឺ។

កាលពីសប្តាហ៍មុន ក្រុមសកម្មជនរ៉ូហ៊ីងយ៉ានៅក្នុងប្រទេសមីយ៉ាន់ម៉ាចំនួនពីរ បាននិយាយថា មនុស្សរហូតដល់២០នាក់បានស្លាប់ដោយសារអត់អាហារ ឬស្រេកទឹកនៅលើទូកដែលរសាត់អណ្តែតនៅលើសមុទ្រប្រទេសឥណ្ឌាអស់រយៈពេលពីរសប្តាហ៍។ ទូក​ដែល​មាន​មនុស្ស​យ៉ាង​តិច​១០០​នាក់ ​ត្រូវ​បាន​រាយការណ៍ថា រសាត់អណ្តែតនៅក្នុងដែនសមុទ្រប្រទេស​ម៉ាឡេស៊ី។

កាលពីដើមខែនេះ កងទ័ពជើងទឹកស្រីលង្កាបានជួយសង្គ្រោះជនជាតិរ៉ូហ៊ីងយ៉ាចំនួន១០៤នាក់ ដែលរសាត់អណ្តែតនៅសមុទ្រភាគខាងជើងនៃឥណ្ឌា។

UNHCR បានជំរុញប្រទេសក្នុងតំបន់ឱ្យជួយកាត់បន្ថយវិបត្តិមនុស្សធម៌ ខណៈជនភៀសខ្លួនបានអំពាវនាវឱ្យពិភពលោកយកចិត្តទុកដាក់ចំពោះស្ថានភាពរបស់ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ