សកម្មជន និងជនរងគ្រោះ ដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌប្រឆាំងនឹងយោធាមីយ៉ាន់ម៉ានៅក្នុងប្រទេសអាល្លឺម៉ង់

ប៉ូលិស​ដេញ​តាម​បំបែក​ក្រុម​បាតុករ​ក្នុង​អំឡុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១។ (Myat Thu Kyaw/NurPhoto via REUTERS)

សកម្មជនមីយ៉ាន់ម៉ា និងជនរងគ្រោះពីការរំលោភបំពានចំនួន១៦នាក់ បានដាក់ពាក្យបណ្ដឹងព្រហ្មទណ្ឌនៅប្រទេសអាល្លឺម៉ង់ ដោយចោទប្រកាន់យោធាមីយ៉ាន់ម៉ា ថាបានញុះញង់ឱ្យមានអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចមូស្លីមរ៉ូហ៊ីងយ៉ា និងអំពើឃោរឃៅផ្សេងទៀត ចាប់តាំងពីរដ្ឋប្រហារយោធាកាលពីពីរឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន CNA នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ នេះ។

បណ្ដឹងនេះ គឺជាបណ្ដឹងចុងក្រោយបង្អស់ ក្នុងកិច្ចខិតខំប្រឹងប្រែងផ្នែកច្បាប់អន្តរជាតិជាបន្តបន្ទាប់ ដើម្បីឱ្យយោធាមីយ៉ាន់ម៉ាទទួលខុសត្រូវចំពោះអំពើឃោរឃៅប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងជនស៊ីវិលដែលប្រឆាំងនឹងរដ្ឋប្រហារ។

អង្គការ​សិទ្ធិមនុស្ស Fortify Rights ដែលគាំទ្រចំពោះបណ្តឹងនេះ បាននិយាយថា ការដែលបណ្តឹងនេះត្រូវបានធ្វើឡើងនៅក្នុងប្រទេសអាល្លឺម៉ង់ គឺដោយសារតែប្រទេសនេះមានគោលការណ៍ «យុត្តាធិការសកល» ​អាចផ្តន្ទាទោសបុគ្គលមកពីប្រទេសណាមួយដែលត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មអន្តរជាតិធ្ងន់ធ្ងរ។

លោក ម៉ាធី ស្មីត (Matthe Smith) នាយកប្រតិបត្តិ និងសហស្ថាបនិកអង្គការ Fortify Rights បានប្រាប់សន្និសីទសារព័ត៌មាន នៅក្នុងទីក្រុងបាងកក កាលពីថ្ងៃអង្គារថា​ «បណ្តឹងនេះបង្ហាញភស្តុតាងថ្មីអំពីការសម្លាប់ជា​ប្រ​ព័ន្ធដោយយោធាមីយ៉ាន់ម៉ា ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម កា​រដាក់ពន្ធនា​គារ ការ​បាត់ខ្លួន ការធ្វើទុក្ខបុកម្នេញ និងការប្រព្រឹត្ត​អំពើប្រល័យពូជសាសន៍ប្រឆាំងមនុស្សជាតិ និងឧក្រិដ្ឋកម្មសង្គ្រាម»។

អ្នក​នាំពាក្យ​រដ្ឋាភិបាល​យោធា​មីយ៉ាន់ម៉ា ​មិន​បាន​លើកទូរសព្ទ​​ដែលស្នើសុំ​ការ​អត្ថាធិប្បាយ​លើ​បណ្តឹង​ដែល​ត្រូវបានធ្វើឡើង​ក្នុង​ប្រទេស​អាល្លឺម៉ង់​ឡើយ។ តែកន្លងមក យោធាបានបដិសេធការរំលោភសិទ្ធិមនុស្សនេះ។

អង្គការ Fortify Rights សង្ឃឹម​ថា អាជ្ញាធរ​អាល្លឺម៉ង់​នឹង​ទទួល​យក​ពាក្យ​បណ្តឹង​នេះ ហើយ​បើក​ការ​ស៊ើបអង្កេត។

តុលាការអាល្លឺម៉ង់ កាលពីឆ្នាំមុន បានផ្តន្ទាទោសអតីតមន្ត្រីចារកម្មជនជាតិស៊ីរីម្នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទឃាតកម្ម ការរំលោភសេពសន្ថវៈ និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។

ស្ថានទូតអាល្លឺម៉ង់ប្រចាំប្រទេសមីយ៉ាន់ម៉ា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានភ្លាមៗទេ។

អង្គការ Fortify Rights បាននិយាយថា ពាក្យបណ្តឹងបុគ្គលចំនួន១៦បណ្តឹង រួមមាន ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា និងបុគ្គលផ្សេងទៀតដែលបានរស់រានមានជីវិត ឬបានឃើញឧក្រិដ្ឋកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាចាប់តាំងពីរដ្ឋប្រហារ។

តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ធ្លាប់បានទទួលពាក្យបណ្តឹងពីប្រទេសហ្កំប៊ី (Gambia) ដោយចោទប្រកាន់យោធាមីយ៉ាន់ម៉ាពីបទប្រល័យពូជសាសន៍ បន្ទាប់ពីជនជាតិរ៉ូហ៊ីងយ៉ារាប់រយនាក់បានភៀសខ្លួនទៅកាន់ប្រទេសបង់ក្លាដែស ដើម្បីរត់គេចពីការវាយលុកដោយយោធាមីយ៉ាន់ម៉ា កាលពីឆ្នាំ២០១៧។

កាលពីឆ្នាំមុន អង្គការគម្រោងគណនេយ្យភាពមីយ៉ាន់ម៉ា (Myanmar Accountability Project) បាននិយាយថា អាជ្ញាធរតួកគី បានផ្តួចផ្តើមការស៊ើបអង្កេតបឋមមួយ បន្ទាប់ពីខ្លួនបានដាក់ពាក្យប្តឹងសមាជិកនៃរបបយោធាមីយ៉ាន់ម៉ា ជុំវិញអំពើឃោរឃៅចាប់តាំងពីរដ្ឋប្រហារ។

ពាក់ព័ន្ធនឹងករណី​ជនជាតិ​រ៉ូហ៊ីងយ៉ា អាជ្ញាធរ​មីយ៉ាន់ម៉ា​ធ្លាប់​បាន​និយាយ​ថា កម្លាំង​សន្តិសុខ​កំពុង​ធ្វើ​ប្រតិបត្តិការ​ស្រប​ច្បាប់​ប្រឆាំង​នឹង​ក្រុម​សកម្មប្រយុទ្ធ​ដែល​បាន​វាយ​ប្រហារ​ប៉ុស្តិ៍នគរបាល។

ប្រទេសមីយ៉ាន់ម៉ា បាន​ធ្លាក់​ចូល​ក្នុង​ភាព​ច្របូក​ច្របល់ ​គិត​ចាប់​តាំង​ពី​ក្រុម​យោធាបាន​ដណ្តើម​យកអំណាច​មកគ្រប់គ្រងកាលពីខែកុម្ភៈ ឆ្នាំ២០២១ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុងសាន ស៊ូជី៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ