មីយ៉ាន់ម៉ាផ្ដន្ទាទោសជនជាតិរ៉ូហ៊ីងយ៉ាចំនួន១១២នាក់ដាក់ពន្ធនាគារដែលព្យាយាមចាកចេញពីប្រទេសនេះ

ក្មេងៗ​ហែល​ក្នុង​ទឹក​ក្បែរ​ទូក​ឈើ​ដែល​ប្រើ​សម្រាប់​ដឹក​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​នៅ​ឆ្នេរ​ Kuala Gigieng ក្នុង​ក្រុង Aceh Besar ខេត្ត Aceh ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី៨ ខែ​មករា ឆ្នាំ​២០២៣។ (Antara Foto/Irwansyah Putra/តាមរយៈ REUTERS)

ប្រទេសមីយ៉ាន់ម៉ា បាន​ផ្ដន្ទាទោស​ជន​ជាតិ​ភាគ​តិច​រ៉ូហ៊ីង​យ៉ា ចំ​នួន១១២​នាក់ ក្នុង​នោះ​មានកុមារ១២​នាក់ ដាក់​ពន្ធនាគារ​ បន្ទាប់​ពីពួកគេត្រូវបានចាប់​ខ្លួន​ ពី​បទប៉ុន​ប៉ង​ចាក​ចេញ​ពីប្រទេស​នេះ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Al Jazeera នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣នេះ។

សារព័ត៌មានរដ្ឋមីយ៉ាន់ម៉ាឈ្មោះ Global New Light of Myanmar បានរាយការណ៍នៅថ្ងៃអង្គារនេះ​ថា តុលាការ​នៅ​ទីក្រុង​បូហ្កាឡេ (Bogale) ក្នុងតំបន់អៃយ៉ាវ៉ាឌី (Ayeyarwady) ភាគ​ខាងត្បូង​នៃ​ប្រទេស​មីយ៉ាន់ម៉ា បាន​ផ្តន្ទាទោស​ជនជាតិ​ភាគតិច​រ៉ូ​ហ៊ីងយ៉ាទាំង១១២នាក់ កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៣។

ប្រភពដដែលបន្តថា អ្នក​​ទាំងនេះត្រូវបានចាប់ខ្លួនកាលពីខែធ្នូ បន្ទាប់ពី​ពួកគេត្រូវ​បាន​ប្រទះឃើញ​នៅលើទូក «ដោយគ្មានឯកសារផ្លូវការ»។

សេចក្តីរាយការណ៍​បន្ថែម​ថា ក្នុង​ចំណោម​កុមារ​ទាំង ១២​នាក់ មាន​៥​នាក់ដែលមាន​អាយុ​ក្រោម​​១៣​​ឆ្នាំ ត្រូវ​បាន​ផ្តន្ទាទោស​ឱ្យ​ជាប់​ពន្ធនាគារ​២​ឆ្នាំ ហើយ​​កុមារ​ដែលមានអាយុលើសពីនេះ ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគារ​​៣​ឆ្នាំ។ ពួកគេត្រូវបានបញ្ជូនទៅកាន់ «សាលាបណ្តុះបណ្តាលយុវជន» កាលពីថ្ងៃចន្ទ។ ដោយ​ឡែក​ សម្រាប់​មនុស្ស​ពេញវ័យ​ទាំង​អស់​ត្រូវ​​បានតុលាការ​​ផ្តន្ទាទោសឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល៥ឆ្នាំ​។

ជនជាតិរ៉ូហ៊ីងយ៉ា ត្រូវបានបដិសេធផ្តល់សញ្ជាតិ និងសិ​ទ្ធិជា​មូលដ្ឋា​ន​ផ្សេងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលរដ្ឋាភិបាលមីយ៉ាន់ម៉ាអះអាងថា ពួកគេជា «ជនចំណាកស្រុកខុសច្បាប់» មកពីអាស៊ីខាងត្បូង។

មនុស្សរាប់សែននាក់បានភៀសខ្លួនចេញពីប្រទេសមីយ៉ាន់ម៉ា ទៅកាន់ប្រទេសបង់ក្លាដេស ក្នុង​ឆ្នាំ២​០១៧ បន្ទាប់ពីការបង្ក្រាបយ៉ាងឃោរឃៅដោយយោធា ដែលត្រូវបានសហគមន៍អន្តរជាតិ​ថ្កោលទោសពីបទប្រល័យពូជសាសន៍។

ជនជាតិរ៉ូហ៊ីងយ៉ា​​ជាច្រើននាក់ផ្សេង​ទៀតដែល​នៅសេ​សស​ល់​ក្នុងប្រទេសមីយ៉ាន់ម៉ា ត្រូវ​បានបង្ខាំង​នៅ​ក្នុង​ជំរំ ​ដែល​ត្រូវ​បាន​រឹតត្បិតយ៉ាងតឹងរ៉ឹងចំពោះការបន្លាស់ទី ហាមឃាត់មិនឱ្យធ្វើការ មិនឱ្យរៀនសូត្រ ឬទទួលបានជំនួយផ្នែកវេជ្ជសាស្រ្ត។

ដោយត្រូវបានចាត់ទុកថាជាជនជាតិភាគតិច ដែលត្រូវបានធ្វើទុក្ខបុកម្នេញបំផុត​លើពិភពលោក ជនជាតិរ៉ូហ៊ីងយ៉ា មកពីជំរំជនភៀសខ្លួនក្នុងប្រទេសបង់ក្លាដែស ក៏ដូចជានៅក្នុងប្រទេសមីយ៉ាន់ម៉ា នៅតែបន្តប្រថុយធ្វើដំណើរតាមសមុទ្រដ៏គ្រោះថ្នាក់ទៅកាន់ប្រទេសម៉ាឡេស៊ី និងឥណ្ឌូនេស៊ី ដែលពួកគេជឿថានឹងអាចរស់នៅបានប្រសើរជាងនេះ។

យ៉ាងហោចណាស់ មាន​ជន​ជាតិ​រ៉ូហ៊ីងយ៉ាចំ​នួន១៨៥​នាក់បាន​ចូល​ចត​នៅខេ​ត្ត​អាឆេ (Aceh) ភាគខាងជើងនៃប្រទេសឥណ្ឌូនេស៊ី កាលពីចុងខែមុន បន្ទាប់ពីទូករបស់ពួកគេបានរសាត់នៅសមុទ្រ​អស់ជាច្រើនសប្តាហ៍។

ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួន លើកឡើង​ថា ចំនួន​ជន​ជាតិ​រ៉ូហ៊ីង​យ៉ា​ដែលធ្វើដំណើរប្រកបដោយគ្រោះថ្នាក់បែបនេះ បានកើនឡើង៦ដងកាលពីឆ្នាំមុន បើធៀបនឹងឆ្នាំ២០២១។

ទូក​ចំនួន២ ​ដែល​ផ្ទុក​មនុស្ស​សរុប​ជាង២០០​នាក់ ​បាន​ចូល​ចត​នៅ​ខេត្ត​អាឆេ (Aceh) ភាគខាងជើង​ប្រទេស​ឥណ្ឌូនេស៊ី​ កាលពី​ខែ​មុន​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ