មន្រ្តីជាន់ខ្ពស់គណបក្សក្រៅរដ្ឋាភិបាល និងអ្នកវិភាគសង្គម មើលឃើញថា ការដែលចោទប្រកាន់គណបក្សភ្លើងទៀន ដោយមានសកម្មភាពចូលរួមខ្លះពីអតីតអ្នកនយោបាយបក្សប្រឆាំងនៅក្រៅប្រទេស ជាសារបង្ហាញឱ្យឃើញពីរូបភាពក្នុងការប៉ុនប៉ងជាថ្មីទៀតចំពោះដៃគូនយោបាយដែលមានប្រៀបសម្រាប់ទីលានប្រកួតនាខែកក្កដា ឆ្នាំ២០២៣ ដែលអាចមានន័យថា ប្រសិនបើគណបក្សកាន់អំណាចមិនសប្បាយចិត្តចំពោះសន្ទុះនៃការគាំទ្របក្សរបស់ខ្លួន អាចនឹងឈានទៅដល់ការរំលាយនៅមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តមកដល់ក៏ថាបាន។
ការលើកឡើងដូច្នេះរបស់អ្នកវិភាគនយោបាយ និងមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀន ក្រោយពេលបណ្ដាញព័ត៌មានក្នុងស្រុកដែលគាំទ្ររដ្ឋាភិបាល បានផ្សព្វផ្សាយកាលពីថ្ងៃទី២៤ ខែធ្នូ អំពីវីដេអូឃ្លីបមួយ ដែលរៀបចំដោយគណបក្សភ្លើងទៀន នៅសហរដ្ឋអាមេរិក ក្នុងវត្តភ្នំសេរី។ តាមរយៈឃ្លីបវីដេអូជិត២០វិនាទី បង្ហាញថា អតីតមន្រ្តីនយោបាយបក្សសង្រ្គោះជាតិ រួមមាន លោក អេង ឆៃអ៊ាង លោក ឡុង រី ជាដើម បានទៅចូលរួមអង្គុយស្តាប់នៅក្នុងវេទិការបស់គណបក្សភ្លើងទៀន នៅទីនោះ។
លោក សេក សុជាតិ ស្ថាបនិកអង្គការអភិវឌ្ឍន៍ផ្នត់គំនិត ហៅទំនាក់ទំនងរវាងអតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ជាមួយនឹងគណបក្សភ្លើងទៀន ថា វាដូចជាគ្មានចំណុចណាមួយដែលត្រូវចាប់ថ្នាក់ថាមានកំហុសនោះទេ។ លោកបន្តថា ថ្វីដ្បិតកម្ពុជាមានច្បាប់ដាក់បម្រាម មិនឱ្យមានប្រាស្រ័យទាក់ទងជាមួយអ្នកនយោបាយមានទោស ក៏ប៉ុន្តែគេក៏ត្រូវគិតដែរថាតើទោសនោះសំដៅលើហេតុផលអ្វីឱ្យប្រាកដ។
ម្យ៉ាងវិញទៀត ការចូលរួមនៅក្នុងសកម្មភាពនយោបាយរបស់អតីតមន្រ្តីនយោបាយទាំងនោះ មិនច្បាស់ថាពួកគេចូលរួមដើម្បីកៀរគរ ឬមានឥទ្ធិពលណាមួយដែលនាំទៅដល់ការបង្កើតចលនាប្រឆាំងរដ្ឋាភិបាលនោះដែរទេ។
លោកបន្តថា៖ «យើងមើលសិនថា អ្នកទោស ឬអ្នកដែលជាប់បញ្ហាតុលាការហ្នឹង គាត់ជាអ្នកទោសរបៀបណា ជាអ្នកទោសព្រហ្មទណ្ឌ ជាអ្នកទោសក្បត់ជាតិ ឬជាអ្នកទោសស្អីអ៊ីចឹងទៅណា! យើងមើលពីកម្រិតសិន អាហ្នឹងទី១។ ប្រសិនបើទោសដែលគេមើលទៅ វាស្ថិតនៅក្នុងកម្រិតនយោបាយ វាមិនគួរយកបញ្ហាហ្នឹងធ្វើជាមូលហេតុក្នុងការរាំងខ្ទប់មិនឱ្យគេចូលរួមនៅក្នុងកិច្ចការនយោបាយទេ ពីព្រោះដូចយើងដឹងហើយ នៅក្នុងកិច្ចការនយោបាយ គេត្រូវការប្រមូលកម្លាំងដើម្បីតស៊ូមតិ និងដើម្បីទាមទារនូវយុត្តិធម៌មកវិញ។ ដូច្នេះហើយ រាល់សកម្មភាពទាំងឡាយណាដែលគេធ្វើនៅក្នុងការស្វែងរកយុត្តិធម៌ ខ្ញុំគិតថា វាជារឿងល្អ។ វាមិនមែនជាបញ្ហាដែលត្រូវហាមឃាត់គេនោះទេ»។
ចំណែកអនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ថ្លែងថា តាមពិតទៅ វត្តមានរបស់អតីតមន្រ្តីនយោបាយគណបក្សសង្រ្គោះជាតិទាំងនោះ មិនមែនចូលរួមក្នុងនាមជាអ្នកផ្តល់យុទ្ធសាស្រ្ត ឬលើកជាកម្មវិធីនយោបាយអ្វីទេ។ ផ្ទុយទៅវិញ ពួកគេចូលរួមក្នុងឋានៈជាភ្ញៀវដូចអ្នកផ្សេងទៀតតែប៉ុណ្ណោះ។
លោកបន្តថា៖ «ខ្ញុំក៏ឃើញដែរវីដេអូហ្នឹងគឺ ឡុង រី និង អេង ឆៃអ៊ាង គាត់ទៅអង្គុយនៅក្រោយណោះ។ ពួកគាត់ចូលទៅស្តាប់។ អាហ្នឹងវាមិនមែនជាការជជែករកយុទ្ធសាស្រ្តជាមួយក្រុមគាត់នោះទេ នេះទី១។ហើយទី២ វាជារឿងធម្មតារបស់សង្គមមនុស្សយើង ជាពិសេសខ្មែរយើង ទោះបីអ្នកនោះជាស្អីក៏ដោយ ជាមួយបុគ្គលណាផ្សេងក៏ដោយ ប៉ុន្តែការរាប់អានគ្នាជាមិត្តភក្តិ ជាបងប្អូន ពេលជួបគ្នាក៏សួរសុខទុក្ខ ចាប់ដៃចាប់ជើងអ៊ីចឹងដែរ។ ឬមួយគ្រាន់តែថាមានទំនាស់ជាមួយភាគីម្ខាងទៀត ហើយយើងទាក់ទងបងប្អូនយើងមិនបាន? ឬរហូតដល់គាត់ស្លាប់ ទៅបុណ្យមិនកើត ឬយ៉ាងម៉េច?»
លោកនាយករដ្ឋមន្រ្តីបានព្រមានគណបក្សនយោបាយជាញឹញាប់ ដោយមិនបញ្ចេញឈ្មោះ ដែលលោក ហ៊ុន សែន ចោទប្រកាន់ថា បក្សនយោបាយនោះកំពុងមានទំនាក់ទំនងដោយសម្ងាត់ជាមួយអតីតមន្រ្តីនយោបាយបក្សប្រឆាំងនៅក្រៅប្រទេស។
មិនបានប៉ុន្មានថ្ងៃផង លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ក៏បានព្រមានដោយចំហ និងចំឈ្មោះគណបក្សភ្លើងទៀនតែម្តង។ ពីខេត្តកំពង់ឆ្នាំង លោក ហ៊ុន សែន បានស្នើឱ្យមានការបកស្រាយឱ្យបានច្បាស់លាស់ពីទំនាក់ទំនងនេះ បើមិនដូច្នេះទេ បក្សក្រៅរដ្ឋាភិបាលមួយនេះ នឹងប្រឈមមុខផ្លូវច្បាប់។ ស្ថិតក្រោមសម្ពាធនយោបាយនេះហើយ បានបង្ខំចិត្តឱ្យគណបក្សភ្លើងទៀន ចេញសារនយោបាយភ្លាម បញ្ជាក់ជំហរស្អាតស្អំរបស់ខ្លួន។ ក៏ប៉ុន្តែលក្ខខណ្ឌនេះ គេសង្កេតឃើញថា ហាក់មិនបានធ្វើឱ្យកម្ដៅនយោបាយនេះស្ងប់ទេ។
កាលពីថ្ងៃទី២២ ខែធ្នូ លោកនាយករដ្ឋមន្រ្តីបានព្រមានជាថ្មីទៀតអំពីលទ្ធភាពក្នុងការឈានទៅរំលាយបក្សក្រៅរដ្ឋាភិបាលមួយនេះ ប្រសិនបើរដ្ឋាភិបាលរកឃើញពីតម្រុយដែលអតីតមន្រ្តីនយោបាយបក្សប្រឆាំង ជួយកៀរគររកថវិកាជួយបក្សភ្លើងទៀនធ្វើសកម្មភាពនយោបាយនៅកម្ពុជា។
បើទោះជាបែបណា រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល មាត្រា៣៥ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។ ក៏ប៉ុន្តែបើគេពិនិត្យទៅលើទិដ្ឋភាពច្បាប់ស្តីពីគណបក្សនយោបាយដែលទើបធ្វើវិសោធនកម្ម កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៧ បញ្ញត្តិមាត្រា៦ថ្មីវិញ ចែងថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចជា យល់ព្រមដោយចំហ ឬដោយតុណ្ហីភាព ឬគប់គិតជាមួយទណ្ឌិតជាប់ទោសពីបទឧក្រិដ្ឋ ឬមជ្ឈិម ឱ្យធ្វើសកម្មភាពណាមួយដើម្បីជាផលប្រយោជន៍នយោបាយសម្រាប់គណបក្សនយោបាយរបស់ខ្លួន ជាដើម។
យ៉ាងនេះក្តី លោក សេក សុជាតិ យល់ឃើញថា បើពិនិត្យអំពីខ្លឹមសារច្បាប់ស្តីពីគណបក្សនយោបាយនេះ ហើយមន្រ្តីនយោបាយរូបនោះត្រូវបានផ្តន្ទាទោសដោយតុលាការដែលគ្មានភាពឯករាជ្យ វាមិនបានឆ្លុះបញ្ចាំងពីអ្នកនយោបាយនោះមានទោសព្រោះតែរកឃើញពីកំហុសដែលមិនអាចជឿទុកចិត្តបាននោះឡើយ។
សម្រាប់លោក កន សាវាង្ស អ្នកសម្របសម្រួលជាន់ខ្ពស់ នៃអង្គការខុមហ្វ្រែល លើកឡើងថា ប្រសិនបើអ្នកនយោបាយដែលរងការចោទប្រកាន់ទាំងនោះរួចផុតពីបម្រាមនយោបាយហើយ វាគ្មានបញ្ហាដែលត្រូវចោទទេ។ បើទោះបែបណា សម្រាប់អ្នកជំនាញកិច្ចការបោះឆ្នោតរូបនេះ សារភាពថា វាពិតជាមានភាពស្មុគស្មាញចំពោះខ្លឹមសារច្បាប់នេះ បើក្នុងករណីពួកគេគ្រាន់តែទៅចូលរួមធម្មតា ថាតើគួរចាត់ទុកជាសកម្មភាពល្មើសច្បាប់ដែរឬយ៉ាងណា។
បើតាមលោក កន សាវាង្ស ដើម្បីកំណត់ថាមានទោសឬគ្មានទៅបាន វាលែងតែពិនិត្យទៅលើអង្គហេតុឱ្យបានដិតដល់និងហ្មត់ចត់ណាស់ ទើបអាចវិនិច្ឆយបានថាខុសឬត្រូវ។
លោកបន្តថា៖ «តាមពិតទៅ វាពិបាកនៅក្នុងការបកស្រាយផ្លូវច្បាប់ណាស់ ពីព្រោះចំណុចខ្លះដូចយើងលើកឡើងហើយ ថាវាអត់មានភាពច្បាស់លាស់។ អ៊ីចឹងវាអាស្រ័យទៅលើការបកស្រាយផ្នែកនយោបាយថាការដែលទៅចូលរួមដោយគ្រាន់តែអង្គុយ វាពាក់ព័ន្ធដែរទេ!»
គេសង្កេតឃើញថា សម្រាប់ភស្តុតាងដែលតុលាការយកមកធ្វើជាសំអាងហេតុ ក្នុងការដាក់បន្ទុកប្រឆាំងអ្នកនយោបាយ គឺមួយផ្នែកធំបានមកពីប្រព័ន្ធផ្សព្វផ្សាយដែលគាំទ្ររដ្ឋាភិបាល។ តម្រុយភស្តុតាងទាំងនោះ គឺត្រូវបានកសាងសំណុំរឿងតាំងពីក្នុងដំណាក់កាលចៅក្រមស៊ើបសួរ រហូតដល់ដីកាបញ្ជូនរឿងឱ្យជំនុំជម្រះ ព្រមទាំងនៅក្នុងដំណាក់កាលសវនាការលើអង្គសេចក្តីទៀត ក៏តុលាការពឹងផ្អែកលើរបាយការណ៍ផ្សព្វផ្សាយទាំងនោះដែរ៕